ជនជាតិដើមភាគតិចព្នង ១៤គ្រួសារ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្អូញត្អែរថា អាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ ដោះស្រាយបណ្ដឹងរបស់ពួកគេនោះទេ និងតែងគេចវេះ មិនទទួលខុសត្រូវ។ អ្នកភូមិថា ថ្មីៗ នេះ អ្នកមានអំណាចបានយកគ្រឿងចក្រឈូសឆាយផលដំណាំរបស់ពួកគេអស់ទាំងស្រុង ដើម្បីយកដីប្រមាណ ១០ហិកតារធ្វើជាសម្បត្តិបុគ្គល។
តំណាងជនជាតិដើមភាគតិចព្នង ឲ្យដឹងនៅថ្ងៃទី២៤ មករាថា ដីចម្ការរបស់ពួកគេ ១០ហិកតារ មានដំណាំកាហ្វេជាង ១ពាន់ដើម ដើមប៊័រជាង ២០០ដើម ដំឡូងមីជាង ១ហិកតារ និងដំណាំផ្សេងៗ ទៀត ត្រូវបានឈ្មួញ ដែលពួកគេមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រឈូសឆាយកម្ទេចអស់ទាំងស្រុង កាលពីថ្ងៃពុធ ទី២៣ មករា។ អ្នកភូមិបានដាក់ពាក្យប្ដឹងករណីនេះ ទៅអាជ្ញាធរភូមិឃុំ រហូតដល់អាជ្ញាធរខេត្ត តែគ្មានប្រសិទ្ធភាព។
នៅពីថ្ងៃទី២៣ មករា ពលរដ្ឋជាង ២០នាក់ បាននាំគ្នាឃាត់គ្រឿងចក្រ ១គ្រឿង ដែលកំពុងឈូសឆាយផលដំណាំ ឋិតនៅចំណុច អូរត្រត ភូមិពូឆប ឃុំដាក់ដាំ។ អ្នកភូមិចាត់ទុកការឈូសឆាយនោះ គឺជាការរំលោភបំពានខុសច្បាប់ ព្រោះពួកគេបានកាន់កាប់ដីទាំងនោះ ជាទ្រព្យសមូហភាព ជនជាតិដើមភាគតិចជាង ៣០ឆ្នាំមកហើយ។
តំណាងជនជាតិដើមភាគតិចព្នង លោក ធ្យើង ព្យើក អះអាងថា ដីកសិកម្មរបស់ពលរដ្ឋ ១៤គ្រួសារ មានទំហំ ១០ហិកតារ ពួកគាត់តែងធ្វើចម្ការចិញ្ចឹមជីវិត លក្ខណៈប្រពៃណីជាង ៣០ ឆ្នាំមកហើយ និងបានស្នើសុំចុះបញ្ជីដីសមូហភាពជាយូរមកហើយដែរ តែគ្មានលទ្ធផល។ លោកថា ពួកគេសម្រេចចិត្តឃាត់គ្រឿងចក្រទុក ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយរឿងនេះ ដោយយុត្តិធម៌ និងជំរុញឲ្យមានការទទួលខុសត្រូវ រាល់ការបាត់បង់ផលដំណាំ។ លោកព្រមានថា សហគមន៍នឹងលើកគ្នាតវ៉ានៅរាជធានីភ្នំពេញ បើអាជ្ញាធរខេត្តមិនព្រមដោះស្រាយរឿងនេះឲ្យបានត្រឹមត្រូវទេ៖ «ការឈូសឆាយរបស់គេ អ្នកដាំបង្គោលដាំ អ្នកឈូសៗ និងអ្នកកាយៗ។ ពេលថ្ងៃក៏ឈូស យប់ក៏ឈូស ខ្ទេចខ្ទីអស់ហើយ។ អាជ្ញាធរដូចមិនអើពើដោះស្រាយ » ។
បុរសដដែលបន្ថែមថា អាជ្ញាធរឃុំមិនបានសិក្សាពីសាវតារដីទាំងនោះ ឲ្យច្បាស់លាស់នោះទេ បែរជានិយាយថា ដីដែលឈ្មួញឈូសឆាយទាំងនោះ មានពាក្យស្នើសុំកាន់កាប់ដីធ្លី ដែលចុះហត្ថលេខាដោយអាជ្ញាធរភូមិ-ឃុំ។ លោកថា បុរសម្នាក់ដែលជាមេការដឹកនាំឈូសឆាយ បានបង្ហាញពាក្យស្នើសុំកាន់កាប់ដីធ្លី ត្រួតស៊ីគ្នានឹងដីដែលពួកគាត់បានកាន់កាប់ជាសមូហភាពសហគមន៍ តាំងពីឆ្នាំ១៩៨៤៖ «សូមឲ្យអាជ្ញាធររកសាវតារថា ដីហ្នឹងឆ្នាំណា ? ពីណាអ្នកធ្វើ កុំឲ្យយកប្លង់ធ្វើអំណះអំណាង មកកាន់កាប់ចម្ការពួកខ្ញុំអត់ល្អទេ។ » ។
អាស៊ីសេរីនៅមិនទាន់ទាក់ទងសុំប្រតិកម្មរឿងនេះ ពីមេការគ្រប់គ្រងគ្រឿងចក្រ ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយទេនៅថ្ងៃទី២៤ ខែមករា។
ចំណែកមេឃុំដាក់ដាំ លោក ចាស់ ណា ទទួលស្គាល់ថា មានការឈូសឆាយផលដំណាំអ្នកភូមិពិតមែន ហើយលោកបានចាត់ឲ្យមេប៉ុស្តិ៍នគរបាលឃាត់ និងផ្អាកសកម្មភាពឈូសឆាយទាំងនោះដែរ ក៏ប៉ុន្តែឈ្មួញតែងតែលួចឈូសឆាយនៅពេលយប់។ លោកបន្ថែមថា បុរសដែលជាមេការ ឈូសឆាយ មានឯកសារ ឬពាក្យស្នើសុំកាន់កាប់ដីធ្លី តាំងពីឆ្នាំ២០០៦។ លើសពីនេះ ថ្មីៗ នេះ អាជ្ញាធរស្រុកបានចុះពិនិត្យវិវាទដីធ្លីទាំងនោះដែរ និងកំពុងសម្របសម្រួលដោះស្រាយ៖ «មេប៉ុស្តិ៍រដ្ឋបាលគេចុះហាមដែរ។ ខ្ញុំក៏ហាមតាមទូរស័ព្ទច្រើនដងដែរ ការឈូសឆាយហ្នឹង ដោយសារយើងជាប់រវល់ការងារផ្សេងៗ » ។
រីឯអភិបាលស្រុកអូររាំង លោក នង ទុនណ្ណារី ប្រាប់អាស៊ីសេរីថា អាជ្ញាធរស្រុក និងឃុំ កំពុងចុះទៅមើលទិដ្ឋភាពជាក់ស្ដែង ដើម្បីដោះស្រាយរឿងនេះ និងបានកោះហៅ ភាគីពាក់ព័ន្ធមកសម្របសម្រួល។ តែទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត ពីលទ្ធផលនៃការដោះស្រាយយ៉ាងណានោះទេ? ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ការឈូសឆាយនោះ ជាការច្រឡំព្រំប្រទល់ដី៖ «យើងកំពុងចុះទៅមើលថា តើការច្រឡំព្រំប្រទល់យ៉ាងម៉េច ? យើងបានហៅភាគីពាក់ព័ន្ធសម្របសម្រួល។ គ្មានដំណាំអីច្រើនទេ យើងនៅឆ្ងាយពិបាកប្រាប់ដែរទាល់ទៅមើលជាក់ស្ដែង » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តមណ្ឌលគិរី ដែលចុះអង្កេតរឿងនេះ លោក អ៊ាង ម៉េងលី រកឃើញថា ដំណាំ ស្វាយ ខ្នុរ កាហ្វេ ដំឡូងមី និងផ្លែប៊័រ ជាដើម ត្រូវបានគេឈូសឆាយកម្ទេចចោលរួចកាយដីលប់ចោល ដើម្បីបំបាត់ភស្តុតាង ហើយមកទល់ពេលនេះ ដីមានជម្លោះទាំងនោះបានក្លាយជាវាល។ លោកចាត់ទុកសកម្មភាពឈូសឆាយ អំឡុងពេលដែលភាគីម្ខាងដាក់ពាក្យបណ្ដឹង គឺជាទង្វើល្មើសច្បាប់ ដែលលោកចាត់ទុកថា ជាការរំលោភបំពានទាំងស្រុងលើទ្រព្យសម្បត្តិ និងផលដំណាំសហគមន៍។ លោកស្នើសុំឲ្យអាជ្ញាធរខេត្តត្រូវពិនិត្យ និងដោះស្រាយរឿងនេះជូនពលរដ្ឋដោយយុត្តិធម៌៖ «ខ្ញុំយល់ថា ករណីវិវាទនេះ អាជ្ញាធរគួរតែទប់ស្កាត់ភាគីអ្នកមានគ្រឿងចក្រ រង់ចាំដោះស្រាយរវាងភាគីអ្នករងគ្រោះសិន។ បើរកឃើញថា បុគ្គលណាខុសច្បាប់ ត្រូវអនុវត្តតាមច្បាប់ ប្រសើរជាងមិនទាន់មានដំណោះស្រាយផង យកគ្រឿងចក្រឈូសឆាយដំណាំ មានន័យថា ជាការរំលោភបំពានដំណាំ និងដីសហគមន៍ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ពន្យល់ថា ខ្លឹមសារច្បាប់ភូមិបាល មិនអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី លើដីសមូហភាពសហគមន៍ ឲ្យទៅបុគ្គលណាមួយនោះទេ។
ច្បាប់ភូមិបាលមាត្រា ២៦ ចែងថា សហគមន៍គ្មានសិទ្ធិចាត់ចែង ដីសមូហភាពជាទ្រព្យសាធារណៈរបស់រដ្ឋ ទៅឲ្យបុគ្គលណាមួយឡើយ ហើយការប្រើប្រាស់ដីសមូហភាព គឺឋិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរ និងយន្តការនៃការសម្រេចចិត្តរបស់សហគមន៍ស្របតាមទំនៀមទម្លាប់សហគមន៍ជនជាតិដើមភាគតិច៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។