ពលរដ្ឋ​នៅ​ឃុំ​ថ្មដា ទទូច​ដល់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឱ្យ​​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ដែល​អូស​បន្លាយ​ជាង ១០ឆ្នាំ​មក​នេះ

ដោយ សុជីវី
2021.01.25
ពលរដ្ឋ​នៅ​ឃុំ​ថ្មដា ទទូច​ដល់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឱ្យ​​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ដែល​អូស​បន្លាយ​ជាង ១០ឆ្នាំ​មក​នេះ ប្រជាពលរដ្ឋ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) ជួប​ប្រឹក្សា​ផ្លូវ​ច្បាប់​ជា​មួយ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០១៤។
រូប៖ RFA

សហគមន៍​មាន​ជម្លោះ​ដីធ្លី​ ១៤​គ្រួសារ នៅ​​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ទទូច​ដល់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឱ្យ​ដោះ​ស្រាយ​​វិវាទ​ ដែល​អូស​បន្លាយ​ជាង ១០​ឆ្នាំ​​មក​នេះ​ឲ្យ​ចប់ និង​អាច​ទទួល​យក​បាន។ សង្គម​ស៊ីវិល​យល់​ថា ​អាជ្ញាធរ​គួរ​ពិនិត្យ​មើល​សំណើ​ពលរដ្ឋ និង​ផ្ដល់​ដំណោះស្រាយ​​នៅ​នឹង​កន្លែង និង​សមរម្យ​ដល់​​ពួក​គាត់។

ពលរដ្ឋ​ចំនួន ១៤គ្រួសារ អះអាង​ថា ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា នៅ​មុខ​សាលា​ខេត្ត​ពោធិ៍សាត់ ក្នុង​ពេល​ឆាប់ៗ នេះ ដើម្បី​ស្នើសុំ​អាជ្ញាធរ ឱ្យ​ផ្ដល់​ដី​សល់​ពលរដ្ឋ​វិញ ឬ​ផ្ដល់​ជា​ដំណោះស្រាយ​ល្អ​ជាង​ពេល​បច្ចុប្បន្ន។

ពលរដ្ឋ​ម្នាក់ រស់​នៅ​ភូមិ​សង្គម​ថ្មី លោកស្រី យ៉ុង រ៉ាន់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន ឈ្មោះ អឹមឌីអេស (MDS Import Export Co; Ltd) បាន​ទន្ទ្រាន​យក​ដី​លោកស្រី ចំនួន ៣​ហិកតារ និង​ដី​អ្នក​ភូមិ​ផ្សេង​ទៀត សរុប​អស់​រាប់​រយ​ហិកតារ ចាប់​តាំង​ពី​ឆ្នាំ២០១០ ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ។

លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​ពេល​នោះ ក្រុមហ៊ុន​នេះ បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា អគារ ខុនដូ (Condo) កាស៊ីណូ តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម លើ​ដី​មាន​ជម្លោះ​នោះ ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ឯកជន​បាន​ប្ដូរ​ពី​ដាំ​កៅស៊ូ ទៅ​ជា​ដាំ​ទុរេន​វិញ។ លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​បាន​លើក​គ្នា​តវ៉ា​ទាមទារ​ដំណោះស្រាយ​ក្នុង​រឿង​នេះ អស់​ជាង ១០ឆ្នាំ​មក​ហើយ។ ស្ត្រី​វ័យ​៣៥ឆ្នាំ​រូប​នេះ​អះអាង​ថា ស្ថាប័ន​​រដ្ឋ​នានា​នៅ​ភ្នំពេញ បាន​ទទួល​យក​ញត្តិ និង​សន្យា​ដោះ​ស្រាយ តែ​មិន​កើត​ការ​ជា​ដុំ​កំភួន​អ្វី​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ដំណោះស្រាយ​ចុង​ក្រោយ គឺ​អាជ្ញាធរ​បាន​សម្រេច​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​កន្លះ​ហិកតារ គឺ​ទំហំ ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ប៉ុន្តែ​លោក​ស្រី និង​ពលរដ្ឋ​ជាង ១០គ្រួសារ​ទៀត មិន​ទទួល​យក​ទេ ដោយ​សារ​ដី​មាន​ទំហំ​តូច មិន​អាច​ធ្វើ​ស្រែ​ចម្ការ​បាន៖ «ដី​ខ្ញុំ​មាន​ដំណាំ​គ្រប់គ្រាន់ ឈូស​បំផ្លាញ​របស់​ខ្ញុំ​ មិន​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ ហើយ​ដោះដូរ​ឲ្យ​ខ្ញុំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ស្នើ​នឹង​កន្លះ​ហិកតារ វា​អយុត្តិធម៌​ណាស់ សម្រាប់​ខ្ញុំ​រស់​នៅ​តាំង​ពី​សម័យ​ធ្វើ​សង្គ្រាម​មក។ ខ្ញុំ​រាន​ដី​ហ្នឹង​នឹង​កាំបិត ទម្រាំ​បាន​ដី​ហ្នឹង​មក។ វា​អយុត្តិធម៌​ខ្លាំង​មែន​ទែន។ ខ្ញុំ​ចង់​ទាមទារ​ឲ្យ​បាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់​ផង។ ឈូស​កម្ទេច​ដំណាំ​ខ្ញុំ​ចោល​ហើយ ដល់​ពេល​ទៅ​ដោះ​ស្រាយ ដល់​ដោះ​ស្រាយ​ឲ្យ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ វា​អយុត្តិធម៌​ណាស់»

ទាក់ទង​រឿង​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​ទេ នៅ​ថ្ងៃ​ទី២៤ មករា ដោយសារ​លោក​ចុច​ផ្ដាច់ ក្រោយ​ពេល​ប្រាប់​ថា ជា​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី នគរោបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ដែរ។

អ្នក​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត ដែល​ជា​អតីត​យោធិន​សម័យ​រដ្ឋ​កម្ពុជា លោក ប៊ី ង៉ុយ ប្រាប់​ថា ខាង​ក្រសួង​ដែន​ដី​អះអាង​ប្រាប់​សហគមន៍​ពេល​ឡើង​ទៅ​តវ៉ា​ថា ខាង​ក្រសួង​បាន​ប្រគល់​ឲ្យ​ខេត្ត ដោះ​ស្រាយ​រឿង​នេះ។ មិន​ខុស​ពី​អតីត​យោធិន​ច្រើន​គ្រួសារ​ផ្សេង​ទៀត លោក ប៊ី ង៉ុយ បាត់​ដីធ្លី​ប្រមាណ​៣ហិកតារ គឺ​ជា​ដី​ដែល​លោក​ធ្លាប់​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​វិល​ជុំ តាំង​ពី​​ពេល​រំសាយ​ទាហាន ក្នុង​សម័យ​រដ្ឋ​កម្ពុជា​មក។

លោក​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ២០១០ ក្រុមហ៊ុន បាន​ឈូស​ឆាយ​ស្រូវ និង​ដំណាំ​វិល​ជុំ​របស់​លោក​​ចោល​ ហើយ​ក្រោយ​តវ៉ា​ច្រើន​ឆ្នាំ​មក អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ ឲ្យ​ដី​ទំហំ​កន្លះ​ហិកតារ​មក​វិញ។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្លះ លែង​មាន​លទ្ធភាព​តវ៉ា ក៏​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​កន្លះ​ហិកតារ។ ប៉ុន្តែ លោក​មិន​ព្រម​ទទួល​យក​ទេ ដោយ​សុខចិត្ត​ផ្ញើ​កូន​តូចៗ ឲ្យ​ស្នាក់​នៅ​ជាមួយ​សាច់​ញាតិ ដើម្បី​បាន​រៀន​សូត្រ ហើយ​នាំ​ប្រពន្ធ​ដើរ​លក់​នំប៉័ង និង​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ រយៈ​ពេល​១០ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រូប​នេះ ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី​ដំណោះស្រាយ​បន្ថែម ឲ្យ​សាក​សម ឬ​ប្រហាក់ប្រហែល នឹង​ទំហំ​ដី បាត់​បង់ ទើប​ព្រម​ទទួល​យក៖ «រក​ស៊ី​លក់​នំប៉័ង និយាយ​ទៅ​ដើរ​ស៊ី​រក​គ្រប់​កន្លែង​ទាំង​អស់។ បើ​យើង​នៅ​ក៏​មិន​ដឹង​មាន​ស្រែ មាន​ចម្ការ​អី អត់​មាន​កន្លែង​នៅ​ផង យើង​មិន​ដើរ​ស៊ីឈ្នួល​គេ។ ចាំ​មើល​គេ​ដោះ​ស្រាយ​ឲ្យ​គេ ៥០ម៉ែត្រ​ គុណ ១០០ម៉ែត្រ អ្នក​ណា​គេ​យក ចេះ​តែ​យក​ទៅ ខ្ញុំ​អត់​ទទួល​យក​ដល់​សព្វ​ថ្ងៃ។ ចេះ​តែ​ដើរ​ស៊ី​នេះ​បន្តិច​ នោះ​បន្តិច​ទៅ។ នៅ​ថ្មដា មិន​ដឹង​ជា​ធ្វើ​អី បើ​មាន​ចម្ការ​ យើង​ចេះ​តែ​ដាំដុះ​នេះ ដាំ​ដុះ​នោះ​ទៅ»

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត រក​ឃើញ​ថា អ្នក​ឃុំ​ថ្ម​ដា ដែល​បាត់​បង់​ដី មាន​ចាប់​ពី​មួយ​គ្រួសារ ៣ហិកតារ ដល់ ៤០ហិកតារ។ លោក​បន្ត​ថា ដី​របស់​អ្នក​ឃុំ​ថ្មដា​ច្រើន​ហិកតារ ត្រូវ​បាន​អភិវឌ្ឍន៍ ជា​អគារ និង​កាស៊ីណូ នៅ​ចំ​កណ្ដាល​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​ឯកជន ក្នុង​ស្រុក​វាលវែង។ លោក យល់​ថា ការ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ដី​សំណង​ពលរដ្ឋ​វិញ ក្នុង​ទំហំ​កន្លះ​ហិកតារ ជា​ទំហំ​តូច ដែល​មិន​សម​រម្យ។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​បញ្ហា​ដីធ្លី​រូប​នេះ លើក​ឡើង​ថា អាជ្ញាធរ​គួរ​ផ្ដល់​សំណង​នៅ​នឹង​កន្លែង គឺ​តាម​រយៈ​រូប​មន្ត កាត់​ឆ្វៀល​ដី នៅ​សេស​សល់​ ពី​ការ​អភិវឌ្ឍន៍​ឲ្យ​ពលរដ្ឋ​វិញ។ ចំណែក​ពលរដ្ឋ​ផ្សេង​ទៀត អាជ្ញាធរ​ខេត្ត​ត្រូវ​ផ្ដល់​ដី​នៅ​ទីតាំង​ផ្សេង​ ឬ​ដំណោះ​ ស្រាយ ឲ្យ​​​ស៊ីគ្នា នឹង​តម្លៃ​ដី ​បច្ចុប្បន្ន​របស់​ពលរដ្ឋ៖ «ដំណោះស្រាយ​ហ្នឹង​គឺ​អត់​បាន​សមរម្យ​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ ឬ​ក្រុមហ៊ុន​ដែល​បាន​សន្យា​ជាមួយ​គាត់​តាំង​ពី​ដើម​មក​ទេ។ ហើយ​ដី​កន្លែង​ហ្នឹង​ ដោះស្រាយ​មិន​មា​លក្ខណៈ​ជា​ប្រព័ន្ធ​ទេ មាន​អ្នក​ខ្លះ​ហ្នឹង កាល​ពី​គោលនយោបាយ​ស្បែក​ខ្លា​ហ្នឹង ឲ្យ​ដី​គាត់​ប៉ុន្មាន​ ឲ្យ​ទំហំ​ប៉ុន​ហ្នឹង​វិញ តែ​ដោយ​ឡែក​មាន​តែ​មួយ​ចំនួន​ឲ្យ​ទៅ​ជា​ដីសម្បទាន​សង្គម​កិច្ច​ ដី​កន្លះ​ហិកតារ​ហ្នឹង។ ក្រោយ​មក​ថា​ជា​ដី​ដោះដូរ​ទៅ​វិញ។ អ៊ីចឹង! ធ្វើ​ឲ្យ​ពួកគាត់​ច្របូក​ច្របល់។ មិន​អាន​ទទួល​យក​បាន»

រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ជាង​បួន​ពាន់​ហិកតារ (.៤០២) នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង កាល​ពី​ខែ វិច្ឆិកា ឆ្នាំ២០១០ ប្រគល់​ឲ្យ​ក្រុម​ហ៊ុន (MDS Import Export Co; Ltd) របស់​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដាំ​ដំណាំ​កសិឧស្សាហកម្ម ឬ​ដំណាំ​កៅស៊ូ។ ពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ភាគ​ច្រើន​ស្ថិត​នៅ​ភូមិ​កណ្ដាល ភូមិ​ឯកភាព និង​ភូមិ​សង្គម​ថ្មី។

អ្នក​ភូមិ​សង្គម​ថ្មី ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន គឺ​ជា​គ្រួសារ​អតីត​យោធិន និង​កសិករ មាន​ស្រុក​កំណើត​ នៅ​ទី​នោះ។ ពលរដ្ឋ​អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​ប៉ះពាល់​ដី​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ។ នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​ខ្លះ នៅ​ឃុំ​ថ្ម​ដា បាន​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​តាម​គោល​នយោបាយ​ស្បែក​ខ្លា ដោយ​កាត់​ឆ្វៀល​ដី​ជម្លោះ​ទំហំ​ជាង ១៧១ហិកតារ (១៧១.៦២១) ឲ្យ​ពលរដ្ឋ​វិញ។ ប៉ុន្តែ​អាជ្ញាធរ​មិន​ផ្ដល់​ដំណោះស្រាយ​តាម​ការ​ទាមទារ​នោះ​ទេ។ ប្រជា​សហគមន៍​ថា​ពួក​គាត់ នឹង​លើក​គ្នា​ទៅ​តវ៉ា​ដល់​មុខ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ពេល​ឆាប់ៗ នេះ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។