ពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង​ជាង​២០០​នាក់​តវ៉ា​​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ដី​ក្នុង​សហគមន៍

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កណ្ដាល​ប្រមាណ​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩​មេសា នាំគ្នា​តវ៉ា​នៅមុខ​សាលាស្រុក​កណ្ដាលស្ទឹង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បោះ​បង្គោល​លើ​ដី​សហគមន៍​របស់​ពួកគាត់។ ពលរដ្ឋ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ឃុបឃិត​គ្នា​ជាមួយ​ជនខិលខូច​លក់​ដី​សាធារណៈ​របស់​សហគមន៍​ដើម្បី​បំពេញ​ប្រយោជន៍​ផ្ទាល់ខ្លួន។

សហគមន៍​ដីធ្លី​នៅ​ស្រុក​កណ្ដាលស្ទឹង​លើកឡើង​ថា ផ្ទៃដី​ដែល​មាន​ទំនាស់​ប្រមាណ​៤០០​ហិកតារ នៅ​ឃុំ​អំពៅព្រៃ គឺជា​ដី​សាធារណៈ​សម្រាប់​ប្រើប្រាស់​រួមគ្នា​របស់​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​នៅ​ឃុំ​មួយ​នេះ ហើយ​អាជ្ញាធរ​បាន​យក​ដី​នេះ​ទៅ​លក់​ដោយ​ស្ងៀមស្ងាត់។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ លោក ភោគ ផាន់នី ឲ្យ​ដឹង​នៅ​ថ្ងៃទី​៩ មេសា ថា ពួកគាត់​នាំគ្នា​ផ្ដិត​ស្នាម​មេដៃ​បាន​ជាង ១​ពាន់ ២០០​នាក់ ដើម្បី​ដាក់​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​រក​អ្នក​ពាក់ព័ន្ធ​ដែល​បាន​លក់​ដី​រួម​របស់​ពួកគាត់។ លោក​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា​ដោយសារ​មាន​ក្រុមហ៊ុន​ចំនួន​៥ ប៉ុន្តែ​មិន​ស្គាល់​ឈ្មោះ​ទាំងអស់​ទេ គឺ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ប៊ូ ស្រី ហើយ​បាន​បោះ​បង្គោល​វាទី​លើ​ដី​រួម​របស់​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ ដោយ​ពុំបាន​ប្រាប់​ពួកគាត់​ឲ្យ​បាន​ដឹង​នោះ​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ ដែល​ពួក​ខ្ញុំ​បាន​ដាក់​ស្នាម​មេដៃ​រួចហើយ​នឹង ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ដោយមាន​សំណង​សមស្រប​តាម​តម្លៃ​ដី​លើ​ទីផ្សារ ទើប​ពួក​ខ្ញុំ​ស្ងប់ចិត្ត ហើយ​ខាង​ក្រុមហ៊ុន​ក៏​ទទួល​បាន​អភិវឌ្ឍន៍​ដោយ​សប្បាយរីករាយ​ដែរ»។

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ ម្នាក់ទៀត លោក យ៉េង យ៉ាន អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​បោះ បង្គោល​នោះ ទំនង​ដោយសារ​មាន​ជនខិលខូច និង​អ្នក​មានអំណាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​បាត់​ទៅ​ហើយ។ លោក​បន្ថែម​ទៀត​ថា ពួកគាត់​ជាង ២​ពាន់​គ្រួសារ​មិន​ឯកភាព​ឲ្យ​អាជ្ញាធរ​យក​ដី​សាធារណៈ​នោះ ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ឡើយ ព្រោះ​ជា​ដី​រួម​របស់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ ហើយ​អាជ្ញាធរ​ក៏​មិនបាន​បែងចែក​ផល​លាភ​ពី​ការ​លក់​ដី​ដល់​ពលរដ្ឋ​នោះ​ឡើយ៖ «ការ​ធ្វើ​នេះ​គឺ​ប្រជាពលរដ្ឋ​មិនបាន​ទទួល​ប្រាក់​សំណង​ទេ បាន​ជា​ពួក​ខ្ញុំ​តវ៉ា ហើយ​បើ​សិន​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​នោះ សូម​ឲ្យ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ»។

អភិបាលរង​ស្រុក​កណ្ដាលស្ទឹង លោក អ៊ូវ សាវឿន មានប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​ហៅ​តំណាង​ពលរដ្ឋ​ចំនួន​៦​នាក់ ដើម្បី​សាកសួរ​អំពី​មូលហេតុ​ដែល​នាំគ្នា​ផ្ដិត​ស្នាម​មេដៃ​នេះ ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​យោបល់​ជុំវិញ​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ទេ៖ «បាទ​ពលរដ្ឋ​អះអាង​ថា ដី​នោះ​ជា​ដី​រួម​ហើយ​ពួកគាត់​មក​សុំ​ឲ្យ​ដោះស្រាយ តែ​ខ្ញុំ​មិន​មាន​ដោះស្រាយ​អី ព្រោះ​អាជ្ញាធរ​បាន​អញ្ជើញ​ពួកគាត់​មក​ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​ដែល​ពួកគាត់​ផ្ដិត​ស្នាម​មេដៃ​ទេ»។

ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើកឡើង​ថា ជន​ណា​ដែល​យក​ដី​រួម​របស់​ពលរដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ គឺជា​ទង្វើ​ខុសច្បាប់។ លោក​អះអាង​ថា បញ្ហា​នេះ​ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ គឺ​អាច​នឹង​មាន​ការ​តវ៉ា​កាន់តែ​ធំ​រហូតដល់​ថ្នាក់​ជាតិ​ជា​ពុំ​ខាន៖ «អាជ្ញាធរ​គួរតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ និង​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​ត្រូវ​ដោះស្រាយ​ដោយ​ឈរ​លើ​ផល​ប្រយោជន៍​រួម ដោយ​ជៀសវាង​ការ​ឃុបឃិត​គ្នា​ចំពោះ​តែ​អ្នកមាន​លុយ និង​មានអំណាច»។

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ដែល​មាន​បញ្ហា​នោះ គឺ​ក្រុមហ៊ុន​ទិញ​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ធ្វើ​ព្រលាន​យន្តហោះ ប៉ុន្តែ​មិន​ដឹង​ថា​នឹង​ដំណើរ​នៅ​ពេល​ណា​នៅឡើយ​ទេ។ ក្រុម​អ្នក​តវ៉ា​អះអាង អាជ្ញាធរ​បាន​សន្យា​ជាមួយ​ពួកគាត់​ថា នឹង​ហៅ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បន្ត​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ។ ពលរដ្ឋ​បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ មិន​ដោះស្រាយ​ជូន​ពួកគាត់​ទេ ពួកគាត់​នឹង​តវ៉ា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។