ប្រជាពលរដ្ឋខេត្តកោះកុង ជាង៣រយគ្រួសារដែលជាក្រុមទី២ មិនទាន់ទទួលបានដំណោះស្រាយពីរបបលោក ហ៊ុន សែន និងក្រុមហ៊ុនស្ករអំពៅនោះ សម្ដែងការខកចិត្តចំពោះក្រសួងដែនដីដែល ចេះតែពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀត ស្របពេលដែលពួកគេកំពុងជួបការលំបាកក្នុងជីវភាព។ សង្គមស៊ីវិល ថា យល់ថា ការពន្យារពេលដោះស្រាយនេះ នឹងផ្ដល់ប៉ះពាល់ដល់សេដ្ឋកិច្ច គ្រួសារ និងផ្លូវចិត្តប្រជាពលរដ្ឋធ្ងន់ធ្ងរ ដូច្នេះក្រសួងគួរតែពន្លឿនដំណោះស្រាយ។
ប្រជាពលរដ្ឋខេត្តកោះកុង ជាង ៣រយ(៣០២) គ្រួសារដែលជាក្រុមទី២ក្នុងជម្លោះដីធ្លីនៅតំបន់នោះ បានតវ៉ារួមគ្នានៅខាងមុខក្រសួងដែនដី នៅថ្ងៃទី២ ខែមេសា នេះ បន្ទាប់ពីជំនួបពួកគាត់ជាមួយមន្ត្រីក្រសួង មិនបានដំណោះស្រាយ និងបានលើកពេលទៅសប្ដាហ៍ក្រោយទៀត។
តំណាងពលរដ្ឋរងគ្រោះដីធ្លី គឺលោកស្រី គុជ សុគន្ធ រៀបរាប់ថា ប្រជាពលរដ្ឋ មានការសោកស្ដាយ ដែលក្រសួងដែនដី បានហៅពួកគាត់មកជួបនៅថ្ងៃទី២ ខែមេសា តែមិនបានផ្ដល់ដំណោះស្រាយ។
ផ្ទុយទៅវិញខាងក្រសួង បានអោយពួកគាត់ត្រឡប់ទៅលំនៅឋានវិញ និងរង់ចាំឡើងមកក្រសួងនៅថ្ងៃទី៨ ខែមេសា ម្ដងទៀត៖ «និយាយរួមទៅ គឺថ្ងៃនេះ ដូចអត់បានប្រយោជន៍អីទាំងអស់ ហើយពួកគាត់កំពុងតែយំស្រែកនៅទីនេះ ។ក្រសួងបានណាត់ជួបថ្ងៃទី៨ម្ដងទៀត ហើយពួកខ្ញុំអោយក្រសួងធ្វើជាលាយលក្ខណ៍អក្សរ។ ពួកខ្ញុំចង់បានដំណោះស្រាយមុនការបោះឆ្នោត តែខាងក្រសួងគេថា បើដោះស្រាយក៏ក្រោយបោះឆ្នោតដែរ»។
លោកស្រី គុជ សុគន្ធ រៀបរាប់បន្តថា ការពន្យារពេលនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ កាន់តែធ្ងន់ធ្ងរ ខណៈដែលពួកគាត់រងគ្រោះដីធ្លីជាង១០ឆ្នាំទៅហើយនោះ៖ «ពួកគាត់មិនសុខព្រមទេ ព្រោះវាប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់»។
ទំនាស់ដីធ្លីរ៉ាំរ៉ៃដែលបានអូសបន្លាយពេលជាង ១០ឆ្នាំមកនេះ ដំបូងឡើយ គឺបានប៉ះពាល់លើប្រជា ពលរដ្ឋចំនួន ៥៣៧គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៩ នៃឃុំចំនួន៤ គឺមានឃុំជីខក្រោម ឃុំជីខលើ និងឃុំដងពែង និងឃុំកណ្ដោល ស្ថិតក្នុងស្រុកចំនួន២ គឺស្រុកស្រែអំបិល និងបុទុមសាគរ ខេត្តកោះកុង។ ទំនាស់ដីធ្លីនេះ គឺមានវិវាទជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង និងក្រុមហ៊ុនឈ្មោះកោះកុង ស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Kohkong Plantation) របស់អ្នកវិនិយោគទុនថៃ ដែលបានទិញភាគហ៊ុនពីលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកនៅដើមឆ្នាំ២០១៦ ប្រជាពលរដ្ឋបានបែកគ្នាជាពីរក្រុម។ ក្រុមទី២នេះ គឺបានលង់ជឿនឹងសម្ដីលួងលោករបស់អាជ្ញាធរឃុំ-ស្រុក និងអាជ្ញាធរខេត្ត ថាកុំឲ្យពួកគាត់តវ៉ាសកម្មដូចក្រុមទី១ ពោលគឺ រង់ចាំអោយអាជ្ញាធរ ដោះស្រាយតាមសម្រួល ប៉ុន្តែទីបំផុតទៅវិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់ក្រុមទី២នេះ ត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុនស្ករអំពៅមើលរំលង មិនបានដោះស្រាយ ដូចក្រុមទី១ដែលតែងតែចេញតវ៉ានោះឡើយ។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីលោក ទេព ធន បានស្នើសុំកុំឲ្យអាស៊ីសេរីផ្សាយអំពីព័ត៌មាន នេះ ព្រោះថា មិនទាន់មានដំណោះស្រាយអ្វីឡើយ ដោយសារប្រជាពលរដ្ឋមកគ្នាច្រើនរញ៉េរញ៉ៃ និយាយពិបាកស្ដាប់គ្នា។ លោកបន្តថា ខាងក្រសួងគ្រាន់តែប្រាប់អោយពួកគាត់ត្រឡប់ទៅវិញហើយ ជ្រើសរើសតំណាង ដើម្បីមកជួបប្រជុំគ្នានៅថ្ងៃទី៨ ខែមេសា ខាងមុខម្ដងទៀត៖ «មិនមានលទ្ធផលអ្វីទេ មិនដឹងដោះម៉េចបើអ៊ីចឹង។ គ្រាន់តែថា ក្នុងក្រុមហ្នឹង ជាក្រុមដែលបានបំពេញសាលាកប័ត្ររួចហើយប៉ុន្តែយើងមិនទាន់បានពិនិត្យអោយបានល្អិតល្អន់ បានន័យថា ធ្វើស៊តលីស (Short list) ដែលយើងមិនទាន់បានធ្វើដោយសារតែពេលវេលាចេះតែរុញៗមកអ៊ីចឹងទៅ។ អត់អីទេ យើងចេះតែខិតខំពិនិត្យដោះអ៊ីចឹងទៅ ចាំមើលលទ្ធផលជាក់ស្ដែងវាយ៉ាងម៉េច។ យើងត្រូវតែជម្រះបញ្ជីអោយបានស្អាតសិន។ កុំផ្សាយ គ្រាន់តែជូនដំណឹងប៉ុណ្ណឹងទេ អត់មានលទ្ធផលអីទេ»។
កាលពីថ្ងៃទី២២ ខែមីនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុន និងប្រជាពលរដ្ឋក្រុមទី១ បានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារយល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ ៣ហិកតារ និងថវិកាចំនួន ២.៥០០ដុល្លារ ក្នុងមួយគ្រួសារ។ ប៉ុន្តែមិនដោះស្រាយចំពោះប្រជាពលរដ្ឋដែលបានដោះស្រាយរួចហើយនោះទេ ហើយក្រុមប្រជាពលរដ្ឋ២០០គ្រួសារផ្សេងទៀត យល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ១.៥ហិកតារ ក្នុងមួយគ្រួសារ»។ ទន្ទឹមគ្នានេះ ភាគីក្រុមហ៊ុនយល់ព្រមឲ្យរដ្ឋកាត់ដីទំហំ «៨២៥ហិកតារ» ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្ដល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ តាមសំណូមពរ។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួ អ៊ីន មានប្រសាសន៍ថា ក្រសួងរៀបចំដែនដីមិនគួរពន្យារច្រើនពេកនោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងផ្លូវចិត្ត ប្រជាពលរដ្ឋ។ លោកបន្តថា ដំណោះស្រាយដែលល្អ គឺក្រសួង គួរតែប្រើរូបមន្តដែលដោះស្រាយ ជោគជ័យឲ្យក្រុមទី១ សរុបជាង១៩៧គ្រួសារ ព្រោះថាកាលពីមុន ពួកគាត់គឺជាក្រុមតែមួយនោះទេ៖ «ជម្លោះដីធ្លីនេះ គឺពីមុនក្រសួង បានចុះបញ្ជីព័ត៌មានជាមួយគ្នាទេ ជាមួយក្រុមអ្នកស្រី ផាវ ញ៉ើង ដែលទើបទទួលបានដំណោះស្រាយដែរ។ កាលណាក្រសួងចេះតែពន្យារអ៊ីចឹង វាធ្វើអោយពួកគាត់កាន់តែរងទុក្ខលំបាកហើយ»។
ប្រជាពលរដ្ឋ អះអាងថា ពួកគាត់ នឹងចាត់តាំងតំណាងមកជួបក្រសួងនៅថ្ងៃទី៨ ខែមេសា ខាងមុខ ប៉ុន្តែប្រសិនបើនៅតែគ្មានដំណោះស្រាយសមរម្យ និងឆាប់រហ័សនោះទេ គឺពួកគាត់ គ្មានជម្រើសអ្វី តែពីការតវ៉ាឡើយ៕