ពលរដ្ឋ​ទំនាស់​ដី​ជាង ១០០​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​នៅ​មុខ​សាលាក្រុង

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​ ១០០​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ពួកគាត់។ ការ​តវ៉ា​នេះ​ដោយសារ​​ពួកគាត់​អះអាង​ថា ​អ្នក​មាន​អំណាច​បាន​ប្ដឹង​ជំទាស់​មិន​ឲ្យ​ពួកគាត់​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​កាន់កាប់​ស្រប​ច្បាប់។

ក្រុម​អ្នក​តវ៉ា​បាន​ជួប​គ្នា​នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់​នៅ​តំបន់​ដី​ទំនាស់ ដោយ​មាន​លើក​រូប​ថត​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន និង​ភរិយា គឺ​អ្នក​ស្រី​ ប៊ុនរ៉ានី ហើយ​ស្រែក​ឲ្យ​អ្នក​ទាំង ​២​ជួយ​ពួក​គាត់​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ឈរ​តវ៉ា​នៅ​មុខ​សាលាក្រុង។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់ លោក ម៉ៅ បូរ៉ា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៥ កុម្ភៈ​ថា ភាគី​ទំនាស់​ទំនាស់​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ពាក់ស័ក្ដិ​ផ្កាយ​៣ ចំនួន​២នាក់ គឺ​លោក យឹម សំណាង និង ឈ្មោះ ឈឹម ជួន បាន​ប្ដឹង​​ទៅ​តុលាការ​រំលោភ​យក​ដី​របស់​ពួកគាត់​ដែល​មាន​ទំហំ​ប្រហែល​៧ហិកតារ​នៅ​ក្បែរ​តំបន់​កាស៊ីណូ ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត។លោក​អះអាង​ថា ​ពួក​គាត់​ចំនួន​ជាង​ ១០០​គ្រួសារ​បាន​ធ្វើ​ផ្ទះ​ស្នាក់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​មក​ទល់​​សព្វ​ថ្ងៃ។ លោក​បន្ត​ថា​​​​ នៅ​ថ្ងៃ​ទី​៨​មករា​កន្លងទៅ​ មន្ត្រី​​រៀបចំ​ដែនដី​​នគរោបនីយកម្ម​និង​សំណង់​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​វាស់​វែង​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​តំបន់​ពួក​គាត់​រស់​នៅ​​ ស្រាប់​តែ​ភាគី​ទំនាស់​ទាំង ​២នាក់​បាន​ប្ដឹង​ថា ​ជា​ដី​របស់​ពួកគេ​ទៅ​វិញ៖ «ដី​នៅ​តំបន់​ពួក​ខ្ញុំ​ខិត​ខំ​កាន់​កាប់​កាត់​គ្រាប់​ដោះ​មីន​នៅ​ក្រលំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​រំលោភ​យក​ដី​ ដោយ​សារ​នៅ​ជិត​តំបន់​អភិវឌ្ឍន៍​ ដែល​មាន​ជនជាតិ​ចិន​រស់​នៅ​ច្រើន​។ខ្ញុំ​ចង់​ឲ្យ​មាន​ការ​អន្តរាគមន៍​ណា​មួយ​ដើម្បី​ឲ្យ​ខាង​មន្ត្រី​សុរិយោដី​អាច​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​ខ្ញុំ​បាន »

ក្រុម​អ្នក​តវ៉ា​បាន​ប្រតិកម្ម​នឹង​ការ​ប្ដឹង​ជំទាស់​នេះ ថា​ជា​រឿង​អយុត្តិធម៌​រំលោភ​យក​ដី​ពួកគាត់ ដោយ​សារ​ឃើញ​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង​ខ្ពស់។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ភាគី​ទំនាស់​ម្ខាងទៀត​គឺ លោក យឹម សំណាង និង​ លោក ឈឹម ជួន ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥​ កុម្ភៈ។

ចំណែក​អភិបាល​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ ក៏​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ប៉ុន្តែ​តំណាង​ក្រុម​អ្នក​តវ៉ា លោក ម៉ៅ បូរ៉ា អះអាង​ថា អាជ្ញាធរ​ក្រុង​បាន​ចេញ​មក​ជួប ហើយ​​បាន​សន្យា​ជា​មួយ​ពួកគាត់​ថា​ ២ថ្ងៃ​ទៀត​ អាជ្ញាធរ​ក្រុង​នឹង​ហៅ​ភាគី​ទំនាស់​មក​​ជួប​ដោះស្រាយ​ជូន​ពួក​គាត់​ តាម​ការ​ស្នើ​សុំ​នេះ។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​យល់​ព្រម​ឈប់​តវ៉ា​ ហើយ​នៃ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ព្រឹក​ថ្ងៃ​ដដែល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា​ លើក​ឡើង​ថា​ រឿង​ទំនាស់​នេះ​ជា​កំហុស​ដោយសារ​អាជ្ញាធរ​ក្រុង​​មិន​បាន​ស្រាវជ្រាវ​និង​វាស់វែង​ដី​ទំនាស់​ឲ្យ​បាន​​ច្បាស់​លាស់​ នៅ​មុន​ពេល​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ។ លោក​អះអាង​ថា ការ​មិន​បាន​ដោះស្រាយ​ជា​មុន​នេះ​ធ្វើ​ឲ្យ​ភាគី​ទំនាស់​ដែល​មាន​លុយ​មាន​អំណាច​យក​ឱកាស​នេះ ស្រប​ពេល​ដែល​ដី​ឡើង​ថ្លៃ​បាន​ប្ដឹង​ទៅ​តុលាការ​រំលោភ​យក​ដី​របស់​ពលរដ្ឋ ធ្វើ​ឲ្យ​​ទំនាស់​ដីធ្លី​ចេះ​តែ​កើត​ឡើង​ ហើយ​មិន​អាច​ដោះស្រាយ​បាន៖ «កន្លង​មក​ទាល់​តែ​នាយក​រដ្ឋ​មន្ត្រី​ចេញ​មក​ហ៊ាន​និយាយ​ប្រគល់​ដី​ទៅ​ឲ្យ​ខាង​ណា​មួយ​ទើប​បាន​ទៅ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ទោះ​បី​មាន​ការ​ប្ដឹង​ផ្ដល់​មាន​ពលរដ្ឋ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​ពលរដ្ឋ​ជា​អ្នក​ចាញ់​ក្ដី​ដែរ ដូច្នេះ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ គឺ​ពិបាក​រក​យុត្តិធម៌​បំផុត​ បើ​សិន​ជា​នាយករដ្ឋមន្ត្រី​មិន​និយាយ​អារ​កាត់​ទេ គឺ​អាជ្ញាធរ​ក្រុង​ និង​អាជ្ញាធរ​ខេត្ត​ គឺ​អ្នក​ក្រ​មិន​ដែល​បាន​ជោគជ័យ​ឡើយ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ ៩៥​ភាគ​រយ​ក្នុង​ចំណោម​ទំនាស់​សរុប​ជាង ​៣០០​ករណី កើត​ឡើង​រវាង​អ្នក​មាន​លុយ​មាន​អំណាច​ជា​មួយ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ក្នុង​នោះ​ទំនាស់​ខ្លះ​មាន​រយៈ​ពេល​ជាង ១០​ឆ្នាំ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ក្រុង​មិន​អាច​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទេ គឺ​ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​នៅ​ស្ថាប័ន​ផ្សេងៗ ទៀត​នៅ​ថ្នាក់​ខេត្ត​និង ថ្នាក់​ជាតិ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។