ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣ភូមិ មានគ្នាប្រមាណពី ៥០ ទៅ ៦០នាក់ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា បានបន្តប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តកោះកុង និងមានលើកបដាដើរហែក្បួនតាមផ្លូវសាធារណៈផង ដើម្បីទាមទារឲ្យដោះលែងតំណាងពួកគាត់ម្នាក់ឈ្មោះ លោក ផន ណុល ដែលតុលាការចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២៧ ខែតុលា។
ករណីនេះ មន្ត្រីសមាគមអាដហុក (Adhoc) ខេត្តកោះកុង បានរិះគន់ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុង ចំពោះការសម្រេចឃុំខ្លួនតំណាងពលរដ្ឋមានទំនាស់ដីធ្លីនោះ គឺមានភាពអយុត្តិធម៌។ ការចាប់តំណាងពលរដ្ឋនេះ តុលាការអនុវត្តទៅតាមបណ្ដឹងក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។
តំណាងប្រជាពលរដ្ឋ ១៣៥គ្រួសារ ស្ថិតនៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានអះអាងថា នឹងស្នាក់នៅទាំងយប់ទាំងថ្ងៃនៅមុខតុលាការខេត្តកោះកុង ជាបន្តទៀត រហូតតំណាងពួកគាត់ត្រូវដោះលែងពីពន្ធនាគារ។
តំណាងពលរដ្ឋម្នាក់ លោក រួត សុផល បានប្រាប់វិទ្យុអាស៊ីសេរី ថា ពលរដ្ឋនឹងមិនលះបង់ការប្រមូលផ្តុំទេ ល្គឹកណាតុលាការខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធ មិនដោះលែង លោក ផន ណុល ពីពន្ធនាគារឲ្យមានសេរីភាពវិញ៖ «សំឡេង»។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា ទំនាស់ដីធ្លីរវាងពលរដ្ឋទាំង ៣ភូមិ ជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់ គឺបានកើតមានតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ ហើយទំនាស់នេះ បានរីករាលដាលខ្លាំងចាប់ពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៤ នេះ។
បញ្ហានេះដែរ លោក ប៊ុន លើត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា សាលាខេត្តមិនអាចលូកដៃចូលក្នុងកិច្ចការរបស់តុលាការបានទេ គឺទុកឲ្យតុលាការពិចារណាលើសំណើពលរដ្ឋ ដែលមកប្រមូលផ្តុំតវ៉ាដល់មុខតុលាការពីរថ្ងៃកន្លងមកនេះ។ ទោះយ៉ាងណា លោកបានបញ្ជូនមន្ត្រីចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ឲ្យរំសាយការប្រមូលផ្តុំ និងវិលទៅលំនៅឋានវិញ ហើយរង់ចាំរកដំណោះស្រាយពេលក្រោយ ប៉ុន្តែពលរដ្ឋមិនស្តាប់ទេ៖ «សំឡេង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់ ដើម្បីបំភ្លឺលើករណីប្ដឹងតំណាងពលរដ្ឋបានទេ នៅថ្ងៃទី៣១ ខែតុលា។ ប៉ុន្តែកាលពីថ្ងៃទី២៧ ខែតុលា លោក ខាំ សុផារី ចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង បានសម្រេចឃុំខ្លួន លោក ផន ណុល ជាជនពិការដៃម្ខាង ក្រោយពេលកោះឲ្យមកបំភ្លឺលើបណ្ដឹងពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន អែស.អ៊ី.ហ្សិត។
ទាក់ទិនបញ្ហានេះ លោក ឡុង លន់ មេធាវីការពារក្តី លោក ផន ណុល ដែលកំពុងជាប់ពន្ធនាគារ បានប្រាប់វិទ្យុអាស៊ីសេរី ថា កាលពីថ្ងៃទី២៨ ខែតុលា លោកបានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ស្នើឲ្យកូនក្តីបាននៅក្រៅឃុំ ប៉ុន្តែមកដល់ថ្ងៃទី៣១ ខែតុលា មិនទាន់មានចម្លើយនៅឡើយ៖ «សំឡេង»។
លោកមេធាវី ឡុង លន់ ចាត់ទុកការសម្រេចឃុំខ្លួន លោក ផន ណុល របស់តុលាការដោយចោទពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន ថាជាការបំបាក់ស្មារតីពលរដ្ឋមិនឲ្យចេញមុខតវ៉ាលើទំនាស់ដីធ្លីរបស់ខ្លួននាថ្ងៃអនាគត។ លោកថា ការឃុំខ្លួននេះ មានភាពអយុត្តិធម៌សម្រាប់ពលរដ្ឋ ព្រោះដីធ្លីបង្កបង្កើនផល កំពុងមានទំនាស់ជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៥ មកនោះ មិនទាន់មានផ្នែកពាក់ព័ន្ធណាមួយចេញមុខជួយដោះស្រាយជូនពួកគាត់នៅឡើយ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា តុលាការត្រូវតែដោះលែងតំណាងពលរដ្ឋ លោក ផន ណុល ឲ្យមានសេរីភាពវិញ។ លោកចាត់ទុកថា ការឃុំខ្លួនតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ជារឿងអយុត្តិធម៌បំផុត៖ «សំឡេង»។
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង បញ្ជាក់ថា ការតវ៉ាលើទំនាស់ដីធ្លីរវាងពលរដ្ឋ ៣ភូមិ មានចំនួន ១៣៥គ្រួសារ នៅស្រុកគីរីសាគរ ខេត្តកោះកុង គឺពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹង និងស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់រដ្ឋាភិបាល មានខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្រសួងពាក់ព័ន្ធដទៃទៀត ប៉ុន្តែគ្មានមន្ត្រីពីស្ថាប័នណាមួយចេញមុខជួយដោះស្រាយទេ។ បន្ថែមលើនេះ ក្រុមហ៊ុន អែស.អ៊ី.ហ្សិត បានបន្តប្រើគ្រឿងចក្រ និងធ្វើរបងហ៊ុមព័ទ្ធដីបង្កបង្កើនផលរបស់ពលរដ្ឋរហូតមកដល់ឆ្នាំ២០១៤ នេះ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរទេ ទោះពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់បែបណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។