ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៤​ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​ដីធ្លី

ដោយ រាជ វិញ្ញូ
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ កោះកុង និង​ខេត្ត​កំពង់ស្ពឺ ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ កោះកុង និង​ខេត្ត​កំពង់ស្ពឺ ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ពលរដ្ឋ​ប្រមាណ ២០០​នាក់​មក​ពី​ខេត្ត​ចំនួន​៤ ដូចជា​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ កោះកុង និង​ខេត្ត​កំពង់ស្ពឺ ដែល​រង​ផល​ប៉ះពាល់​បាត់​ដីធ្លី​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​ចំនួន បាន​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ឲ្យ​បាន​ឆាប់​លើ​លិខិត​ក្របខ័ណ្ឌ​ការងារ​មួយ ដែល​ជា​ក្រុម​ការងារ​ចម្រុះ​ទើប​បង្កើត​ឡើង​ដោយ​អន្តរ​ក្រសួង និង​សហភាព​អឺរ៉ុប។

ការ​ដាក់​ញត្តិ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​អន្តរ​ក្រសួង និង​ក្រុម​ការងារ​សហគមន៍​អឺរ៉ុប កំពុង​រង់ចាំ​ការ​ចុះ​ហត្ថលេខា​សម្រេច​ពី​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដែល​ពុំ​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

ពលរដ្ឋ​ដែល​នាំ​គ្នា​ហែ​ញត្តិ​ឡើង​ពី​ខេត្ត​ទាំង​៤ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣១ មករា គឺ​បន្ទាប់​ពី​ពួក​គាត់​មិន​ទាន់​ទទួល​បាន​សំណង​អ្វី​ទាំងអស់ និង​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​រឹត​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ពួក​គាត់​រំពឹង​ថា លោក ហ៊ុន សែន នឹង​ចុះ​ហត្ថលេខា​លើ​លិខិត​ក្របខ័ណ្ឌ​ការងារ​មួយ​ដែល​ទើប​បង្កើត​ឡើង​ដោយ​អន្តរ​ក្រសួង និង​សហភាព​អឺរ៉ុប (EU) ដើម្បី​ឲ្យ​ក្រុម​ការងារ​ចម្រុះ​នោះ​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ ក្ដី​ប្រាថ្នា​ថ្មី​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំងនោះ​លែង​មាន​ក្ដី​សង្ឃឹម​លើ​ខាង​ភាគី​ក្រុមហ៊ុន​ជាច្រើន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ដាំ​ដំឡូងមី និង​ភាគច្រើន​ដាំ​ស្ករ​អំពៅ​នៅ​ខេត្ត​កំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​កោះកុង ថា​មិន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ឡើយ។

តំណាង​ពលរដ្ឋ​ជាង ៧០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោក សឹង សុខុម ថ្លែង​ថា រយៈពេល​កន្លង​មក​មាន​ពលរដ្ឋ​ក្នុង​ឃុំ​លោក​តែ ៦១​គ្រួសារ​ប៉ុណ្ណោះ ដែល​ព្រម​ទទួល​យក​សំណង និង​ឈប់​តវ៉ា ហើយ​ពលរដ្ឋ​ជាង ៧០០​គ្រួសារ​ដែល​មិន​ព្រម​យក​សំណង ដោយសារ​ខាង​ភាគី​ក្រុមហ៊ុន​ផ្ដល់​សំណង​មិន​ស្មើ​នឹង​អ្វី​ដែល​ពួក​គាត់​បាត់បង់៖ «កាល​ពី​មុន ពលរដ្ឋ​គាត់​មិន​សូវ​ហ៊ាន​ចេញ​មុខ​តវ៉ា ព្រោះ​ខ្លាច​អាជ្ញាធរ​គេ​រឹតត្បិត។ កាល​ពី​មុន​មាន​ជាង ៣០០ តែ​ក្រោយ​មក​ពួក​គាត់​លែង​ខ្លាច ដឹង​សព្វ​ដឹង​គ្រប់​មក គាត់​មក​ចូលរួម។ អ៊ីចឹង​ឡើង​ដល់​ជាង ៧០០​គ្រួសារ។ គេ​ដោះស្រាយ ប៉ុន្តែ​យក​អត់​យក​សំណង ព្រោះ​គាត់​គិត​តែ​មួយ​គ្រួសារ ៥០០ ហើយ​គាត់​អត់​គិត​ថា ចំនួន​ហិកតារ​ប៉ុន្មាន​ទេ។ អ៊ីចឹង​ពួក​យើង​អត់​ទាន់​ទទួល​យក​សំណង​អយុត្តិធម៌​ទេ»

តំណាង​ពលរដ្ឋ​ម្នាក់​នេះ​បន្ត​ថា ក្រៅ​ពី​ពលរដ្ឋ​ជាង ៧០០​គ្រួសារ​នៅ​ឃុំ​ត្រពាំងជោរ គឺ​មាន​ពលរដ្ឋ​ជាង ៥០០​គ្រួសារ​ផ្សេង​ទៀត​ស្ថិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ដែល​រង​ផល​ប៉ះពាល់​បាត់​ដីធ្លី​ពី​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ​ស៊ូហ្គើ របស់​លោក លី យ៉ុងផាត់ ដូច​គ្នា ក៏​ពុំ​ទាន់​ទទួល​បាន​សំណង​ដែរ។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន គឺ​មាន​ឈ្មោះ​ក្រុមហ៊ុន​ជាច្រើន​ដែល​ពលរដ្ឋ​ចោទ​ថា បាន​ឈូស​ឆាយ​ដី និង​មិន​ព្រម​ផ្ដល់​សំណង​ឲ្យ​ពួក​គាត់ ក្រៅ​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន មីតផល (តាម​រយៈ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គើ ក្រុមហ៊ុន​ទន្លេ​ស៊ូហ្គើ និង​ក្រុមហ៊ុន វ៉ាឡេយ៍ ស៊ូហ្គើ) នៅ​ខេត្ត​ឧត្តរមានជ័យ ក្រុមហ៊ុន ឡាន​ហ្វេង ក្រុមហ៊ុន រួយ​ហ្វេង ក្រុមហ៊ុន ហេង​ណុង ក្រុមហ៊ុន ហេង​យូ ក្រុមហ៊ុន ហេង​រួយ នៅ​ខេត្ត​ព្រះវិហារ និង​ក្រុមហ៊ុន កោះកុង​ស៊ូហ្គើ និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Koh Kong Plantation) នៅ​ខេត្ត​កោះកុង។

តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ លោក ស៊ិន សត្ថា អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដែល​ថា​រង​ផល​ប៉ះពាល់​នៅ​ឃុំ​ត្រពាំងជោរ មាន​ជាង ៧០០​គ្រួសារ និង​ឃុំ​អមលាំង មាន​ជាង ៥​គ្រួសារ មិន​ទាន់​ទទួល​បាន​សំណង​ឡើយ។ ប៉ុន្តែ​លោក​ថា ជា​ផ្លូវ​ការ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន មាន​តែ​ពីរ​ឃុំ​ប៉ុណ្ណោះ គឺ​ឃុំ​ត្រពាំងជោរ ខាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​បាន​ជាង ៣០០​គ្រួសារ​ក្នុង​ចំណោម​គ្រួសារ​ទាំងអស់ ៣៤០​គ្រួសារ និង​ឃុំ​អមលាំង មាន​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​សំណង​ជាង ១០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទាំងអស់ និង​ទទួល​បាន​សំណង​ចំនួន ៤៩៨​គ្រួសារ«បាត់​តិច​ឲ្យ​ច្រើន បាត់​ច្រើន​ឲ្យ​តិច គឺ​អត់​មាន​ទេ។ តម្លៃ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង សំខាន់​លើ​ការ​ចរចា​គ្នា​តើ! ចរចា​បើ​សិន​គាត់​ទារ ៥​ពាន់ (ដុល្លារ) អ៊ីចឹង​ខ្ញុំ​ចរចា​ថា​ឲ្យ ៣​ពាន់ បើ​គាត់​យក​បាន យក​ទៅ បើ​គាត់​ថា​យក​មិន​បាន​ទេ អ៊ីចឹង​ខ្ញុំ​ចរចា​ឲ្យ​បាន ៣ ពាន់ ៥ – ៤​ពាន់ ទៅ​តាម​ការ​ជាក់ស្ដែង។ អ៊ីចឹង​អត់​មាន​មួយ​គ្រួសារ ៥០០​ទេ»

ក្រៅ​ពី​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ អ្នក​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ លោក គឿន វង្ស បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​របស់​លោក​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ រួយ​ហ្វេង និង ហេង​យូ ជាដើម គឺ​មាន​ចំនួន​បី​ស្រុក ដូចជា​ស្រុក​ឆែក ស្រុក​ជ័យសែន និង​ស្រុក​ត្បែង។ តំណាង​រូប​នេះ​អះអាង​ថា បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ទៅ​វិនិយោគ​ដាំ​ស្ករ​អំពៅ មិន​ត្រឹម​មិន​ទាន់​ទទួល​បាន​សំណង​ទេ សូម្បី​ធនធាន​ធម្មជាតិ​នានា​ដែល​ធ្លាប់​អាស្រ័យ​ផល ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បំផ្លាញ​ចោល​ដែរ៖ «ទាំង​បី​ស្រុក ខ្ញុំ​មិន​អាច​គណនា​បាន​ទេ ថា​មាន​ប៉ុន្មាន​ហិកតារ ប៉ុន្តែ​តំបន់​នោះ មាន​ការ​ពាក់ព័ន្ធ​ជាច្រើន (ឃុំ) តំបន់​ទាំងនេះ​កំពុង​ប្រឈម​បញ្ហា​លំបាក។ កន្លង​មក​ខាង​ខ្ញុំ​មាន​កន្លែង​រក​ស៊ី​ដោយ​សុខ​ស្រួល មាន​ឈើ​យក​មក​អាស្រ័យ​ផល ធ្វើ​ផ្ទះ ធ្វើ​សម្បែង​ហ្នឹង ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១២ មក ពួក​យើង​បាត់បង់​ឈើ​យក​មក​ធ្វើ​ឲ្យ​សមរម្យ និង​ទាំង​ដីធ្លី»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​តំណាង​ក្រុមហ៊ុន​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ក្រុមហ៊ុន​ស្ថិត​ក្នុង​ខេត្ត​ចំនួន​ពីរ​ផ្សេង​ទៀត​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។

ពលរដ្ឋ​ខ្លះ​ទៀត​ដែល​ឡើង​មក​ដាក់​ញត្តិ បាន​ត្អូញត្អែរ​ថា ក្រោយ​ពី​ដី​ស្រែ​ចម្ការ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក បាន​បណ្ដាល​ឲ្យ​ពួក​គាត់​ខាតបង់​ប្រាក់ ពេលវេលា សិទ្ធិ​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ និង​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ។

ប្រធាន​គណៈកម្មការ​ចម្រុះ​ចាំ​ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​នៅ​ភូមិ​គ្រឹះ​លោក ហ៊ុន សែន ដែល​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ លោក ប៉ាល់ ចាន់តារា បាន​ថ្លែង​ថា លោក​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដោះស្រាយ​បន្ត«បន្ទាប់​ពី​ទទួល​ញត្តិ​នេះ​ទៅ ខ្ញុំ​នឹង​រៀបចំ​បញ្ជូន​ទៅ​ក្រសួង​ដែនដី​ភ្លាម ព្រោះ​ក្រសួង​គាត់​មាន​រៀបចំ​ជា​ក្រុម​ការងារ​តាម​ខេត្ត។ អ៊ីចឹង​យន្តការ​នេះ​លឿន​ណាស់»

ក្រៅ​ពី​ដាក់​ញត្តិ​ទៅ​លោក ហ៊ុន សែន អ្នក​តំណាង​ពលរដ្ឋ​ទាំង ៤​ខេត្ត​ដែល​មាន​គ្នា​ចំនួន ១០​នាក់ បន្ត​ដំណើរ​ទៅ​ដាក់​ញត្តិ​នេះ​បន្ត​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​លើ​លិខិត​ក្របខ័ណ្ឌ​ការងារ​ឲ្យ​បាន​ឆាប់​ដែរ។

ក្រុម​ពលរដ្ឋ​ទាំង​ប្រមាណ ២០០​នាក់​ដែល​ឡើង​មក​ដាក់​ញត្តិ បាន​ប្ដេជ្ញា​ថា ប្រសិន​បើ​លោក ហ៊ុន សែន បន្ត​អូស​បន្លាយ​មិន​ព្រម​ចុះ​ហត្ថលេខា ពួក​គាត់​នឹង​លើក​គ្នា​មក​កាន់​ទីក្រុង​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ទាមទារ​រហូត​លោក ហ៊ុន សែន សម្រេច​ចុះ​ហត្ថលេខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល