ប្រជាពលរដ្ឋប្រមាណជា ៦០នាក់ មកពីភូមិចំនួន៤ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំឡោមព័ទ្ធគ្រឿងចក្រ២គ្រឿងរបស់ក្រុមហ៊ុន ខេ ឌី ស៊ី(KDC) ដែលកំពុងឈូសឆាយព្រំដីគ្រោងនឹងធ្វើរបង នៅថ្ងៃទី២ ខែមិថុនា។ ក្រុមអ្នកភូមិព្រមានប្រើអំពើហិង្សា ឬអាចឈានដល់ដុតកម្ទេចគ្រឿងទៀតផង ប្រសិនបើអាជ្ញាធរ និងមេការគ្រឿងចក្រនៅតែជម្នះបញ្ជាឲ្យគ្រឿងចក្របន្តសកម្មភាពឈូសឆាយ ខណៈដែលមិនទាន់មានការសម្រេចជាស្ថាពរណាមួយពីតុលាការ ទៅលើទីតាំងដីដែលកំពុងមានទំនាស់នេះ។
ក្រុមអ្នកភូមិ បានចាប់ផ្តើមតវ៉ា និងប្រឈមមុខជាថ្មីទៀតជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង បន្ទាប់សកម្មភាពឈូសឆាយផ្ទះសម្បែង និងចាប់មនុស្សដាក់គុកជាបន្តបន្ទាប់នៅអំឡុងឆ្នាំ២០០៧។ មកដល់បច្ចុប្បន្ននៅមានប្រជាពលរដ្ឋចំនួន ៥៧គ្រួសារទៀតដែលអះអាងថា ខ្លួន គឺជាជនរងគ្រោះក្នុងរឿងដីធ្លីជាមួយក្រុមហ៊ុន និងកំពុងប្ដឹងទាមទារដីទំហំជាង ១០០ហិកតារ។
តំណាងអ្នកភូមិឡពាងលោក រាជ សីម៉ា មានប្រសាសន៍ថា សកម្មភាពដាក់គ្រឿងចក្រមកឈូសឆាយព្រំដីរបស់ក្រុមហ៊ុននាពេលនេះ គឺធ្វើឡើងទាំងបំពានច្បាប់ដោយសារតែបណ្ដឹងនៅតុលាការទាក់ទងរឿងដីធ្លីនេះមិនទាន់ដោះស្រាយចប់។
លោកថាប្រសិនបើអភិបាលខេត្តមានចំណារ ឬឯកភាពលើសកម្មភាពនេះ គឺមានន័យថាអាជ្ញាធរជ្រៀតជ្រែកកិច្ចការតុលាការ៖ «បើគេនៅជម្នះខ្ញុំថាប្រហែលជាមានរឿងហិង្សាកើតឡើង ប្រហែលជាមានឈានចូលទៅដុតអាអ៊ិចអីផងក៏មិនដឹង ព្រោះខ្ញុំវាឈឺចាប់ណាស់ព្រោះរកផ្លូវណាក៏អត់បានដែរ ផ្លូវច្បាប់បងឃើញហើយថាយើងប្ដឹងចូលក្នុងប្រព័ន្ធតុលាការវាមាន៥៣បណ្ដឹង ហើយតុលាការអត់មានចាត់ការបណ្ដឹងពួកយើងណាសូម្បីតែប្ដឹងរឿងឈូសឆាយផ្ទះសម្បែងសូម្បីប្ដឹងរឿងគំរាមសម្លាប់ខ្ញុំ សូម្បីប្ដឹងរឿងរដ្ឋប្បវេណីគឺអត់ទាំងអស់»។
ចំណែកពលរដ្ឋភូមិបឹងកក់ អ្នកស្រី ពេជ្រ រ៉ន ពោលទាំងអួលដើមក និងស្រក់ទឹកភ្នែកថា អ្នកស្រី និងពលរដ្ឋជាច្រើនគ្រួសារទៀតស៊ូស្លាប់ក្នុងការទាមទារដីរបស់ខ្លួនមកវិញ។ ចំពោះគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបានដាក់មកឈូសឆាយនៅថ្ងៃនេះ គឺក្រុមអ្នកភូមិនឹងចែកវេនគ្នាឃ្លាំមើលដោយសុខចិត្ដធ្វើរោង និងដាំបាយហូបនៅនឹងកន្លែងឈូសឆាយរហូតដល់ ក្រុមហ៊ុនព្រមដកគ្រឿងចក្រចេញ ឬមានដំណោះស្រាយអ្វីមួយ៖ «យកដីខ្ញុំលក់ខ្លួនឯងហើយសម្លុតខ្ញុំទាល់តែខ្ញុំងាប់បាត់ថាខ្ញុំលួចដីវាលក់ទៀតគាត់ភ័យដែលគេសម្លុតហ្នឹងយកគាត់ទៅតុលាការបីដង។ កូនខ្ញុំចៅខ្ញុំបានអីស៊ីបើយកដីខ្ញុំអស់ហើយនោះ»។
ឆ្លើយតបបញ្ហានេះអភិបាលរងស្រុកកំពង់ត្រឡាច លោក តាំ សារឿន ដែលជាអ្នកដឹកនាំកម្លាំងចុះការពារសកម្មភាពឈូសឆាយនេះថ្លែងបញ្ជាក់យ៉ាងខ្លីថា ការឈូសឆាយដើម្បីធ្វើរបងព័ទ្ធដីក្រុមហ៊ុននេះ គឺមានលិខិតអនុញ្ញាតចេញពីលោកអភិបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកបដិសេធមិនបង្ហាញលិខិតនោះដល់មន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានឡើយ៖ «លិខិតអនុញ្ញាតគឺធ្វើទៅតាមប្រឡាយតាមលើទំនប់ដែលយើងមានស្រាប់។ គ្រាន់ដល់ប្រជាពលរដ្ឋយើងមកឃើញជាក់ស្ដែងអីចឹងហើយចំណែកយើងឈប់ត្រឹមហ្នឹងទៅចាំមើលដំណោះស្រាយយ៉ាងម៉េចស្ដាប់បទបញ្ជាពីខាងលើ។ អានេះខ្ញុំអត់មានអត្ថាធិប្បាយអីច្រើនដែរព្រោះខ្ញុំគ្រាន់តែដឹកនាំកម្លាំងមក។ កម្លាំងខ្ញុំមាន១៦នាក់»។
ទាក់ទងបញ្ហានេះដែរតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយដោយលោកប្រាប់ថាកំពុងជាប់រវល់។ ចំណែកអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ទាមទារឲ្យវិទ្យុអាស៊ីសេរីធ្វើលិខិតស្នើសុំចូលសាលាខេត្ត មុននឹងធ្វើការសម្ភាសន៍ ប៉ុន្តែលិខិតដែលវិទ្យុអាស៊ីសេរីបានដាក់ចូលតាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ មកដល់ពេលនេះមិនទាន់មានការឆ្លើយតបនោះទេ។
នៅក្នុងលិខិតជូនដំណឹងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថា អ្នកភូមិឡពាង បឹងកក់ និងភូមិសំរោង នៃឃុំតាជេស ចំនួន ៤០គ្រួសារ ដែលបានដាក់ពាក្យបណ្ដឹងឲ្យខាងមន្ទីរជួយដោះស្រាយថ្មីនោះ គឺខាងមន្ទីរពុំមានលទ្ធភាពដោះស្រាយនោះទេ ដោយសារតែទីតាំងដីដែលប្រជាពលរដ្ឋប្ដឹងទាមទារនោះ គឺស្ថិតនៅក្នុងដីរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែលបានចុះបញ្ជីសុរិយោដីរួចរាល់។ នៅក្នុងលិខិតចុះអត្ថលេខាដោយប្រធានមន្ទីរលោក កែង សឿងសោភ័ណ នេះបញ្ជាក់ថា ប្រជាពលរដ្ឋអាចប្ដឹងករណីនេះទៅតុលាការបាន។
ប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក(Adhoc) លោក ឡាត់ គី មានប្រសាសន៍ថាក្រុមហ៊ុន ខេ.ឌី.ស៊ី គឺជាក្រុមហ៊ុនដែលមានឥទ្ធិពល និងតែងតែឆក់ឱកាសរំលោភបំពានលើប្រជាពលរដ្ឋ នៅគ្រាដែលអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងតុលាការហាក់មានភាពលម្អៀងទៅរកភាគីក្រុមហ៊ុន។
លោកបន្តថាក្នុងករណីដែលអភិបាលខេត្តចេញលិខិត ឬចំណារណាមួយ ដើម្បីអនុញ្ញាតឲ្យមានការហ៊ុមព័ទ្ធ ឬឈូសឆាយនៅលើដីកំពុងមានទំនាស់នោះ គឺជារឿងខុសច្បាប់៖ «អាជ្ញាធរដែនដីមានសមត្ថកិច្ចក្នុងទឹកដីហ្នឹង គឺមេត្ដាពិចារណាហើយជាពិសេសស្នើសុំឲ្យពួកគាត់ស្ដាប់នូវអនុសាសន៍ដែលសម្ដេចនាយករដ្ឋមន្ដ្រីតែងតែលើកឡើងថា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ជាប់គុកដោយសាររឿងរ៉ាវដីធ្លី»។
ក្រុមអ្នកភូមិបានផ្អាកសកម្មភាពតវ៉ារបស់ខ្លួននៅម៉ោងប្រមាណជា២រសៀល បន្ទាប់ពីគ្រឿងចក្របរទៅចតទុកក្បែររោងចាំដីរបស់ក្រុមហ៊ុន។ ក្រោយពីផ្អាកសកម្មភាពតវ៉ាក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណផ្ទះពលរដ្ឋភូមិឡពាង នៃឃុំតាជេស ម្នាក់ដើម្បីពិភាក្សារកវិធីសាស្ត្រដោះស្រាយរឿងដីធ្លីរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។