ប្រជាពលរដ្ឋមានបញ្ហាដីធ្លីមកពីឃុំ២ធ្នូ ក្នុងខេត្តក្រចេះចំនួន៣០០នាក់ បានត្រឡប់ទៅខេត្តវិញនៅល្ងាចថ្ងៃទី២៣ ខែ សីហា នេះ បន្ទាប់ពីបានការសន្យាពីអាជ្ញាធរពាក់ព័ន្ធថានឹងជួបប្រជុំដោះស្រាយបញ្ហាជាមួយពលរដ្ឋ។
ពលរដ្ឋ៣០០នាក់តំណាងអោយ៣០០គ្រួសារនៅព្រឹកថ្ងៃដដែលនេះ បាននាំគ្នាតវ៉ារកដំណោះស្រាយជាថ្មីទៀតនៅខាងមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អស់ជាច្រើនម៉ោងរហូតដល់ម៉ោង២រសៀលទើបអាជ្ញាធរចេញមកជួប និងសន្យាថា នឹងប្រឹងប្រែងរកដំណោះស្រាយអោយពលរដ្ឋ។
តំណាងពលរដ្ឋមួយរូប លោក ញ៉ែម សុភឿន បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទក្នុងពេលកំពុងធ្វើដំណើរទៅខេត្តក្រចេះថា ពួកគាត់នឹងសម្រេចត្រឡប់ទៅវិញព្រោះរំពឹងថា នឹងបានដំណោះស្រាយទៅតាមការធានាអះអាងរបស់អាជ្ញាធរពាក់ព័ន្ធ។ លោកថា អាជ្ញាធរប្រាប់ពលរដ្ឋអោយទៅចូលរួមកិច្ចប្រជុំជាមួយក្រុមការងារ ដែលមានទាំងភាគីក្រុមហ៊ុនចម្ការកៅស៊ូមេមត់ចូលរួមផង។ បើទោះជាយ៉ាងណាលោក មិនដឹងថា ដំណោះស្រាយពិតប្រាកដនោះនឹងមានកម្រិតណានៅឡើយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ៖ «ដំណោះស្រាយមានការសំណូមពរថា ដោះស្រាយ ( ផ្ដល់ដីអោយពលរដ្ឋ ) នៅក្រុមហ៊ុនមេមត់នៅឃុំ២ធ្នូ ស្រុកស្នួលដដែល បើផ្សេងពីនោះគឺពួកខ្ញុំបាទមិនយកទេ ព្រោះពួកខ្ញុំបាទមានដីធ្លីរស់នៅទីនោះតែប៉ុណ្ណោះ បើដូរទៅដល់ស្រុកចិត្របូរីគឺអត់ព្រមអត់យក។ អភិបាលខេត្តថា លោកក៏មិនហ៊ានសម្រេចយ៉ាងណាទេគឺអាស្រ័យទៅលើក្រសួងដែនដី និងក្រសួងពាណិជ្ជកម្ម»។
ជាច្រើនលើកហើយដែលពលរដ្ឋទាំង៣០០នាក់ តំណាងអោយ៣០០គ្រួសារបាននាំគ្នាតវ៉ារកដំណោះស្រាយ រួមទាំងការដាក់ញត្តិទៅខុទ្ទកាល័យលោក ហ៊ុន សែន ផង បន្ទាប់ពីកងកម្លាំងចម្រុះប្រដាប់ដោយអាវុធបានបង្ខំបណ្ដេញពួកគាត់ចេញពីដី បានដុតបំផ្លាញផ្ទះ និងផលដំណាំរបស់ពួកគាត់កាលពីខែមីនា ដើម្បីរក្សាដីទុកអោយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ ក្រុមហ៊ុននេះបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីខែមីនា ថាក្រុមហ៊ុនមិនដែលបានរំលោភយកដីរបស់ពលរដ្ឋទេ គឺក្រុមហ៊ុនទៅវិញទេ ជាអ្នករងគ្រោះពីការំលោភយកដីដោយពលរដ្ឋ។
កាលពីខែមីនានោះដែរ កម្លាំងសមត្ថកិច្ចចម្រុះ បានប្រើប្រាស់អាវុធបំបែកក្រុមពលរដ្ឋតវ៉ាបិទផ្លូវរារាំងការបំផ្លាញផ្ទះ និងផលដំណាំបណ្ដាលឲ្យពលរដ្ឋរបួស៣នាក់ ដោយគ្រាប់កាំភ្លើង មួយចំនួនទៀតរបួស ដោយការវាយដំ និង៨នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែត្រូវដោះលែងមកវិញ។
ពលរដ្ឋអះអាងថា ភាគច្រើនពួកគាត់បានចូលទៅរានដីព្រៃដាំដំណាំ និងសង់ផ្ទះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនឃើញមានការហាមឃាត់ពីអាជ្ញាធរ និងភាគីក្រុមហ៊ុនទេ។ ទំហំដីដែលពួកគាត់រានព្រៃបានតូចបំផុតគឺជាង២ហិកតារ។ ពលរដ្ឋអះអាងដែរថាពួកគាត់ប្រាថ្នាទៅរស់នៅ និងដាំដំណាំលើដីរបស់គាត់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។