មេធាវីការពារក្តីឲ្យពលរដ្ឋសហគមន៍អូរខ្សាច់បួននាក់ ដែលកំពុងជាប់ឃុំព្រោះបញ្ហាដីធ្លីបានដាក់ពាក្យប្តឹងទៅតុលាការកំពូលស្នើសុំឲ្យកូនក្តីរបស់ខ្លួន នៅក្រៅឃុំបណ្ដោះអាសន្ន។ សង្គមស៊ីវិលតាមសំណុំរឿងនេះ និយាយថា ករណីនេះ ជា ការឃុបឃិតរំលោភដីធ្លីរបស់ពលរដ្ឋជាប្រព័ន្ធ ដូច្នេះបើគ្មានការអន្តរាគមន៍មេដឹកនាំពីរបបក្រុងភ្នំពេញនោះទេ ពលរដ្ឋមិនងាយនឹងទទួលបានយុត្តិធម៌ពីតុលាការនោះទេ។
មេធាវីការពារក្តីឲ្យពលរដ្ឋសហគមន៍អូរខ្សាច់ទាំងបួននាក់ រំពឹងថា តុលាការកំពូល នឹងអនុញ្ញាតឲ្យពលរដ្ឋដែលកំពុងជាប់ឃុំអាចនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះពលរដ្ឋមានលក្ខណគ្រប់គ្រាន់អាចនៅក្រៅឃុំបាន។ មេធាវីសម្រេចប្តឹងទៅតុលាការកំពូលនៅពេលនេះបន្ទាប់តុលាការខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងនៅក្រៅឃុំ របស់ពលរដ្ឋទាំងបួនរូបដោយហេតុផលថា កំពុងជាប់បណ្ដឹង និងគ្មានមុខរបរ និងទីកន្លែងរស់នៅពិតប្រាកដ។ កាលពីដើមខែឧសភា មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី បានបញ្ជាឲ្យកម្លាំងចុះចាប់ពលរដ្ឋទាំងនោះ ខណៈពួកគេកំពុងត្រួសត្រាយសំអាតស្មៅ និងកាប់ព្រៃនៅលើដីមានជម្លោះ។ ក្រោយមកតុលាការខេត្តព្រះសីហនុ បានចោទប្រកាន់ពលរដ្ឋពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមដើមបណ្តឹងឈ្មោះ តាន់ តាត់ មានងារជាឧកញ៉ា និងឈ្មួញរកស៊ីដីធ្លី ម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ។ គិតមកដល់ពេលនេះ តុលាការខេត្តព្រះសីហនុមិនទាន់បើកសវនាការជំនុំជម្រះលើសំណុំរឿងនេះនៅឡើយទេ។
មេធាវីម្នាក់ដែលការពារក្តីឲ្យពលរដ្ឋសហគមន៍អូរខ្សាច់ លោក កែ ប៊ុនធឿន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១ សីហា ថា នៅពេលនេះលោកបានបញ្ជូនពាក្យបណ្ដឹងនេះ ទៅតុលាការកំពូលរួចរាល់ហើយ នៅរង់ចាំតែតុលាការកោះហៅដើម្បីបើកសវនាការប៉ុណ្ណោះ។ លោកមេធាវីបន្តថា មូលហេតុដែលតុលាការខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍បដិសេធបណ្ដឹងសំណើនៅក្រៅឃុំមិនអាចធ្វើការទទួលយកបានឡើយ។ «»
ចំណែកកូនប្រុសរបស់លោកស្រី ឡុច ទូច ដែលជាសកម្មជនដីធ្លីម្នាក់ និងកំពុងជាប់ឃុំ លោក ហ៊ី រ៉ា យល់ថា តុលាការកំពូលគួរតែផ្ដល់យុត្តិធម៌ដល់ម្ដាយរបស់លោក និងពលរដ្ឋផ្សេងទៀតឲ្យអាចនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកយល់ថា បើម្ដាយរបស់អាចនៅក្រៅឃុំបានគឺគាត់អាចមានងាយស្រួលការតតាំងក្តីជាមួយភាគីម្ខាងទៀត។ «»
អ្នកសម្របសម្រួលនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាក្នុងខេត្តព្រះសីហនុ លោក ញិល ភាព ដែលតាមដានដំណើររឿងនេះយល់ថា ករណីជម្លោះដីធ្លីនេះទាល់តែមានការអន្តរាគមន៍ពីលោក ហ៊ុន សែន ទើបអាចផ្ដល់យុត្តិធម៌ដល់ពលរដ្ឋបាន។ លោកអះអាងថា ករណីជម្លោះដីធ្លីនេះគឺជាការរំលោភដីធ្លីមកលើក្រុមពលរដ្ឋជាប្រព័ន្ធ ពីសំណាក់ឈ្មួញមានលុយ និងមន្ត្រីមានអំណាច។ «»
ក្រុមពលរដ្ឋ អះអាងថា ពួកគេ បានចូលទៅរស់នៅក្នុងតំបន់នេះតាំងពីឆ្នាំ១៩៩២ ដែលកាលនោះវាជាកន្លែងប្រឈមមុខដាក់គ្នា រវាងកងទ័ពរដ្ឋកម្ពុជា និងក្រុមខ្មែរក្រហម។ កាលពីឆ្នាំ២០០៧ ទើបក្រុមឈ្មួញអ្នកមានលុយ និងអំណាចចោទប្រកាន់ក្រុមពលរដ្ឋថា ចូលរស់នៅលើដីកម្មសិទ្ធិរបស់ពួកគេដោយសំអាងថា ពួកគេមានប្លង់កម្មសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។