ប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន៣ស្រុកនៅខេត្តកោះកុង រួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃទី៦ ខែធ្នូ ដើម្បីទាមទារសិទ្ធិសេរីភាព និងស្វែងរកដំណោះស្រាយដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនស្ករអំពៅកោះកុង។ អាជ្ញាធរខេត្តកោះកុង សន្យាជាថ្មីទៀតថា នឹងពិនិត្យដោះស្រាយជូន ប្រជាពលរដ្ឋទៅតាមលទ្ធភាព។ រីឯសង្គមស៊ីវិលថា អាជ្ញាធរគួរតែពន្លឿនដំណោះស្រាយឲ្យចេញជាលទ្ធផល ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិ និងជីវភាពពលរដ្ឋបន្តទៀត។
ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ មកពីស្រុកស្រែអំបិល ស្រុកគិរីសាគរ និងបទុមសាគរ បានជួបជុំគ្នា នៅតារាងបាល់ទាត់ខេត្តកោះកុង ដោយលើកបដា និងស្រែកតវ៉ា សុំឲ្យអាជ្ញាធរ នៃរបបលោក ហ៊ុន សែន គោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងពន្លឿនដំណោះស្រាយដីធ្លីដែលនៅសេស សល់ ព្រោះសព្វថ្ងៃនេះ ពួកគាត់ជួបការលំបាកខ្លាំងក្នុងជីវភាព។ ពលរដ្ឋនាំស្រែកថា គ្មានដី គ្មាន ជីវិត។
ទោះយ៉ាងណាក្តី ការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧០ ដែលនឹងមកដល់នៅថ្ងៃទី ១០ ធ្នូ ខាងមុខនេះ ត្រូវបានអាជ្ញាធរ ខេត្តកោះកុង ហាមឃាត់ និងរារាំងមិនឲ្យធ្វើពិធីដង្ហែតាមទីសាធារណៈក្នុងខេត្តកោះកុងនោះទេ ក្រោមហេតុផលថា ប៉ះពាល់សណ្ដាប់ធ្នាប់ ដោយសារខេត្តកោះកុង ត្រៀមប្រារព្ធធ្វើបុណ្យសមុទ្រចាប់ពីថ្ងៃ ទី១៤ ខែធ្នូ។ អាជ្ញាធរ បានហៅប្រជាពលរដ្ឋទៅជួបជុំនៅក្នុងសាលមហោស្រពខេត្តមួយភ្លែត និងបញ្ជាឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រជាពលរដ្ឋ អះអាងថា ពួកគាត់ មានទំនាស់ដីធ្លីជាង១០ឆ្នាំមកហើយ ជាមួយក្រុមហ៊ុនធំៗ ចំនួន៤ គឺមានដូចជាក្រុមហ៊ុនកោះកុង ភ្លែនថេសិន (Koh Kong Platantion) និងក្រុមហ៊ុន កោះកុងស៊ូហ្គ័រ (Koh kong Sugar Industry) របស់លោក លី យ៉ុងផាត់ ជាសេដ្ឋីបនល្បែង ឈ្មួញដី និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមហ៊ុនដាំអំពៅ របស់លោកឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG)។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិនគ្រុប លោកស្រី សាំង ពុយ រៀបរាប់ថា ការហាមមិនឱ្យពួកគាត់ដង្ហែក្បូនតាមទីសាធារណៈក្នុងខេត្តកោះកុង ព្រោះអាជ្ញាធរខ្លាច បាក់មុខ និងមិនចង់ឱ្យមានគេដឹងលឺច្រើន។ លោកស្រី ថា ពួកគាត់ ទាមទារឱ្យអាជ្ញាធរជួយពន្លឿន ដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ។ «»
ចំណែកតំណាងពលរដ្ឋនៅឃុំកណ្ដោលជាង ៨រយគ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក ឧកញ៉ា លី យ៉ុង ផាត់ វិញ គឺលោក ឈឹម សាផាន ស្នើសុំឲ្យអាជ្ញាធរនៃរបបលោក ហ៊ុន សែន មានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ និងកុំលាបពណ៌ ឬចោទប្រកាន់ប្រជាពលរដ្ឋម្ចាស់ដី ដើម្បីគេចវេះពីការដោះស្រាយ ព្រមទាំងជួយដោះស្រាយអោយបានឆាប់។ «»
ក្រុមពលរដ្ឋមួយចំនួនទៀតដែលធ្លាប់ទទួលបានដំណោះស្រាយខ្លះ និងត្រូវបានផ្លាស់ប្ដូរឲ្យទៅនៅ ទីតាំងថ្មីនោះ បានស្នើសុំឲ្យអាជ្ញាធរនិងក្រុមហ៊ុន ផ្ដល់សំណងជាលុយបន្ថែមជូនពួកគាត់តាមការសន្យា និងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមាន ដូចជាផ្លូវថ្នល់ មន្ទីរ ពេទ្យ សាលារៀន ទឹក ភ្លើង ជាដើម។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋថា អាជ្ញាធរខេត្ត កោះកុងនឹងពិនិត្យដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋតាមលទ្ធភាព និងធ្វើរបាយការណ៍បញ្ជូនទៅ អាជ្ញាធរថ្នាក់ជាតិដើម្បីជួយដោះស្រាយបន្តតាមនីតិវិធី។ «»
ចំណែកអ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) លោក មាន ព្រហ្មមុនី លើកឡើងថា អាជ្ញាធរខេត្តគួរតែខិតខំ ដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋទាំងបីស្រុកតាមការសន្យារបស់ខ្លួន បើពុំនោះទេ ពលរដ្ឋ នៅតែបន្តតវ៉ាទាមទារជាបន្តបន្ទាប់ ព្រោះដីធ្លី គឺជាជីវិតរបស់ប្រជាពលរដ្ឋ។ លោក បន្តថា ការបន្តអូសបន្លាយនេះ នាំឲ្យប៉ះពាល់ដល់ជីវភាព និងសិទ្ធិរស់រាន របស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរក៏រងការស្ដីបន្ទោសផងដែរ។ «»
ប្រជាពលរដ្ឋ តែងតែលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនខ្នាតធំទាំង៤ បានធ្វើអោយប៉ះពាល់យ៉ាងច្រើនដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដូចជាការបាត់បង់សិទ្ធិប្រើប្រាស់ និងគ្រប់គ្រងដីធ្លី បាត់បង់មុខរបរចិញ្ចឹមជីវិត ជំពាក់បំណុលធនាគារ កូនៗបាត់បង់ឱកាសសិក្សា បង្កើតឱ្យមានការធ្វើចំណាកស្រុក និងបាត់បង់ធនធានធម្មជាតិ នាំមកនូវក្តីអន្តរាយដល់បរិស្ថាន និងប្រព័ន្ធជីវចម្រុះ ព្រមទាំងការរងការរំលោភបំពានលើរូបរាងកាយ និងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។ កន្លងមកមានការដោះស្រាយខ្លះដែរករណីមួយចំនួន ប៉ុន្តែបានត្រឹមតែចេញកម្មសិទ្ធិដីធ្លី និងចែកដីសម្បទានសង្គមតិចតួច ខណៈអ្នកខ្លះត្រូវបានគេទន្ទ្រានយកដីស្រស់ៗដោយឲ្យតម្លៃថោកៗក្រោមហេតុផលយកដីអភិវឌ្ឍន៍។
ប្រជាពលរដ្ឋទាំងនេះ ព្រមានថា បើពុំមានដំណោះស្រាយបញ្ចប់តាមការសន្យា ឲ្យបានឆាប់ៗនេះទេ គឺពួកគាត់នឹងលើកគ្នាទៅតវ៉ានៅមុខភូមិគ្រឹះលោក ហ៊ុន សែន និងមុខក្រសួងស្ថាប័នពាក់ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។