ក្រុមមន្ត្រីសង្គមស៊ីវិលអះអាងថា ការវិនិយោគរបស់ជនជាតិចិននៅខេត្តព្រះសីហនុបង្កើតវិបត្តិដីធ្លីដែលមានរូបភាពហិង្សា និងការបណ្ដេញចេញដោយបង្ខំ។ ពួកគេស្នើទៅរបបក្រុងភ្នំពេញរកដំណោះស្រាយដ៏សមរម្យដល់គ្រប់ភាគីមានជម្លោះដីធ្លី។
សកម្មជនសិទ្ធិមនុស្សសង្កេតឃើញថា វិបត្តិដីធ្លីមួយចំនួននៅក្នុងខេត្តព្រះសីហនុ បានអូសបន្លាយជាង ១០ឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៧មក ខណៈជនជាតិចិនសម្រុកមករកស៊ីនៅខេត្តនេះ ធ្វើឱ្យវិបត្តិដីធ្លីផ្ទុះកាន់តែខ្លាំងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គេឃើញមានវត្តមានកងកម្លាំងចម្រុះឈរនៅខាងឈ្មួញមានអំណាច និងប្រព្រឹត្តិអំពើហិង្សាបណ្ដេញពលរដ្ឋចេញទីលំនៅឋាន ទៀតផង។
អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុក (Adhoc) នៅក្រុងព្រះសីហនុលោកស្រី ជៀប សុធារី យល់ថា ជនជាតិចិនមានជាប់ពាក់ព័ន្ធករណីជម្លោះដីធ្លី។ លោកស្រី អះអាងបន្ថែមថា ទោះគ្មានវត្តមានជនជាតិចិននៅពេលប្រើអំពើហិង្សាបណ្ដេញពលរដ្ឋចេញពីដីក្ដី ក៏គេដឹងថា អ្នកដែលរកស៊ីលើដីមានជម្លោះនោះភាគច្រើនគឺជាជនជាតិចិន។ លោកស្រីសង្កេតឃើញទៀតថា ជម្លោះដីធ្លីចាប់ផ្ដើមផ្ទុះខ្លាំងគឺក្រោយការបោះឆ្នោត ២០១៨ រហូតមកដល់សព្វថ្ងៃ គឺក្នុងពេលជនជាតិសម្រុកមករកស៊ីលើវិស័យដីធ្លី និងសំណង់អាគារ៖ « ភាគច្រើនចិនវិនិយោគលើវិស័យដីធ្លីសង់អគារហ្នឹងទេតើ។ដោយឡែកកន្លែងខ្លះខ្មែរយើងកាន់កាប់ដីរួចហើយយកជួលឲ្យក្រុមហ៊ុនចិន»។
ស្រដៀងគ្នានេះដែរ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សង្កេតឃើញថា វិបត្តិដីធ្លីភាគច្រើននៅខេត្តព្រះសីហនុ អ្នករងគ្រោះជាពលរដ្ឋក្រីក្រ ហើយពួកគេត្រូវអាជ្ញាធរ និងក្រុមហ៊ុនបង្ខំឱ្យទទួលយកសំណងតិចតូចដែលមិនស័ក្ដិសមនឹងការបាត់បង់របស់ពួកគេ។ លោកសង្កេតឃើញថា ការរំលោភដីធ្លីភាគច្រើនកើតក្នុងរូបភាពការឃុបឃិតជាប្រប្រព័ន្ធដោយអាជ្ញាធរគ្រប់ជាន់ថ្នាក់បានចេញឯកសារទៅឱ្យឈ្មួញ ជាន់គ្នាលើដីរបស់ពលរដ្ឋ៖ « ប្រជាពលរដ្ឋគាត់មិនហ៊ានរំលោភធ្លីរបស់អ្នកមានអំណាច ឬឧកញ៉ាទេ ព្រោះគាត់ខ្លាចប្រឈមមុខផ្លូវច្បាប់។ប៉ុន្តែអ្នកមានអំណាច និងឧកញ៉ាមួយចំនួនគាត់អត់ខ្លាចផ្លូវច្បាប់ទេ គឺគាត់ប្រើប្រាស់អំណាចរបស់គាត់មករំលោភដីធ្លី » ។
ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការរំលោភដីធ្លីនៅខេត្តព្រះសីហនុ ពលរដ្ឋម្ចាស់ដីបានក្លាយទៅជាជនជាប់ចោទ និងកំពុងជាប់ឃុំនៅពន្ធនាគារ ហើយនៅពេលសំណុំរឿងនោះចូលដល់ដៃតុលាការ ពលរដ្ឋមិនដែលឈ្នះក្តីឈ្មួញម្ដងណាឡើយ។ នៅរយៈពេលចុងក្រោយនេះ ក្រៅពីមានការចោទប្រកាន់លើពលរដ្ឋ អាជ្ញាធរក៏បានចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលនៅក្នុងខេត្តនេះដែរ។
ពលរដ្ឋមានបញ្ហាដីធ្លីម្នាក់គឺ លោក ហ៊ី រ៉ា ដែលម្ដាយរបស់លោកកំពុងជាប់ឃុំនៅពន្ធនាគារដោយរងការចោទប្រកាន់ពីក្រុមឈ្មួយដីធ្លីមានងារជាឧកញ៉ា ឱ្យអាស៊ីសេរីដឹងថា គ្រួសាររបស់លោកបានរស់នៅលើដីរបស់ខ្លួនតាំងពីអំឡុងឆ្នាំ១៩៩៣ ហើយអាជ្ញាធរមូលដ្ឋានទទួលស្គាល់ថែមទៀតផង ប៉ុន្តែម្ដាយរបស់លោកបែរជាត្រូវជាប់ពន្ធនាគារតាមបណ្ដឹងរបស់ឈ្មួញរកស៊ីដីធ្លីទៅវិញ។ លោកបន្តថា ចាប់តាំងពីជនជាតិចិនសម្រុកមករកស៊ីនៅខេត្តព្រះសីហនុ ធ្វើឱ្យពលរដ្ឋក្រីក្រដូចលោក ជួបទុក្ខលំបាក និងរងគ្រោះដោយបញ្ហាដីធ្លី ហើយអាជ្ញាធរខេត្ត និងកងកម្លាំងតែងតែការពារប្រយោជន៍ដល់ឈ្មួញទាំងនោះ៖ « នៅពេលដីឡើងថ្លៃអ៊ីចឹងទៅ ធ្វើឲ្យអ្នកមានអំណាចមានលុយ គេរៀបចំធ្វើស៊ីពលរដ្ឋជាប្រព័ន្ធ » ។
នៅខណៈតម្លៃដីនៅខេត្តព្រះសីហនុ កំពុងតែមានហាងឆេងខ្លាំង ដែលតំបន់ខ្លះតម្លៃហក់ឡើងដល់ប្រាំពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ វិបត្តិដីធ្លីក៏កើតឡើងស្ទើររាល់ថ្ងៃដែរ។ ឧទាហរណ៍ថ្មីៗនេះ ការប្រើហិង្សាបាញ់បង្ក្រាបពលរដ្ឋតវ៉ានៅស្រុកព្រៃនប់ ដែលអាជ្ញាធរបានប្រើកម្លាំងប៉ូលិសផង ប៉េអិមផង និងទាហានផង មិនក្រោម៣០០នាក់ក្នុងការអនុវត្តសាលក្រមតុលាការនោះ បណ្ដាលឱ្យពលរដ្ឋរងរបួស និងភ័យតក់ស្លុត៖
ទាក់ទងនឹងកំណើនជនជាតិចិននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជា និងចិន នឹងខិតខំជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខាងមុខ។ ទំហំទុនវិនិយោគសរុបរបស់ចិននៅឆ្នាំ២០១៨មានប្រមាណ ៣ពាន់ ៦រយលានដុល្លារ ឬស្មើនឹង ៥៣ភាគរយ នៃទំហំវិនិយោគសរុប ៦ពាន់ ៨រយលានដុល្លារ។
ស្របពេលដែលទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនមានចំនួនកាន់តែច្រើន បំណុលដែលកម្ពុជាជំពាក់ចិន ក៏បានកើនឡើងខ្លាំងដែរ។ គិតត្រឹមចុងឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារ ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។
ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចិនចំនួន២ វិនិយោគសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងព្រះសីហនុក្នុងទំហំទុនវិនិយោគជិត ៦០០លានដុល្លារអាមេរិក។
ក្រុមហ៊ុនចិនទាំងពីរនោះមានក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP គ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តផ្សេងទៀត ដែលទំហំទឹកប្រាក់វិនិយោគជាង ៨៨ (៨៨,៤) លានដុល្លារ មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅក្រុងព្រះសីហនុលោកស្រី ជៀប សុធារី ប្រាប់ថា វិបត្តិដីធ្លីនៅក្នុងឃុំរាមក៏មានច្រើនករណីដែរ។ លោកស្រីបន្តអះអាងថា ជម្លោះដីធ្លីនៅក្នុងតំបន់នោះ មានជាប់ទាក់ទាក់នឹងឈ្មួញរកស៊ីដីធ្លីដែលជាប់សែស្រឡាយមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ និងកងពលតូច ង៧០៖ « មានអ្នកខ្លះចុះទៅប្រមូលទិញពីពលរដ្ឋតែម្ដង។ បើសិនពលរដ្ឋមិនលក់ក៏គេប្រើកម្លាំងយោធាបង្ខំឲ្យគាត់ត្រូវចាកចេញ » ។
ចំណែកប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ក៏បង្ហាញការព្រួយបារម្ភដែរចំពោះបញ្ហារំលោភដីធ្លី បញ្ហាសន្តិសុខសង្គម កំពុងកើតឡើងជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធជាមួយ ឈ្មួញចិននៅខេត្តព្រះសីហនុ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមដោះស្រាយបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ខ្ពស់ និងទាមទារឱ្យការអភិវឌ្ឍមួយដែលមានការគោរពសិទ្ធិមនុស្សទើបមិនធ្វើឱ្យពលរដ្ឋរងគ្រោះ៖ « ជាបញ្ហាមួយ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍផ្សារភ្ជាប់ជាមួយការគោរពសិទ្ធិមនុស្ស » ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខ ហួរ អះអាងថា គណបក្សសង្គ្រោះជាតិ បានដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សក្នុងរឿងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ទៅសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិទទួលផ្នែកសិទ្ធិមនុស្ស ដោយស្នើទៅស្ថាប័នអន្តរជាតិកំពូលៗទាំងពីរនេះដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបក្រុងភ្នំពេញដែលកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អាស៊ីសេរីបានព្យាយាមសុំប្រតិកម្មតបពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជាច្រើនថ្ងៃប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ថ្ងៃខ្លះលោកមិនលើកទូរស័ព្ទ ថ្ងៃខ្លះលោកលើកទូរសព្ទនិយាយប៉ុន្តែលោកថា លោកស្ដាប់មិនលឺ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាម ដោយចោទប្រកាន់ថា វិបត្តិដីធ្លីដែលកំពុងកើតឡើងសព្វថ្ងៃនេះព្រោះមានអ្នកនយោបាយទុច្ចរិតនៅពីក្រោយ។
ចំណែក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថ្មីៗ ចោទអ្នកវិនិយោគចិនថា បានឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីពុករលួយរឹបអូសដីធ្លីពីពលរដ្ឋខ្មែរ និងបានបើកបនល្បែងស៊ីសង (កាស៊ីណូ) យ៉ាងច្រើនព្រោងព្រាត ហើយថែមទាំងមានក្រុមចោរម៉ាហ្វីយ៉ា (Mafia) នៅលើទឹកដីកម្ពុជាទៀតផង។ លោក សម រង្សី ព្រមានអ្នកវិនិយោគចិនថា ឱ្យឈប់ព្រហើន ប្រយ័ត្នប្រឈមការផ្ទុះកំហឹងពីពលរដ្ឋខ្មែរម្ចាស់ស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។