ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកថ្មពួកប្រមាណ ៨០នាក់តំណាងឲ្យ ១៧០គ្រួសារ នៅព្រឹកថ្ងៃទី១៧ កក្កដា បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យអាជ្ញាធរគោរពតាមពាក្យសន្យា ដែលអះអាងថា នឹងបែងចែកដីទំនាស់មួយចំនួនជូនពួកគាត់ ដើម្បីយកទៅដាំដុះនោះ។
ពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកថ្មពួក អះអាងថា អាជ្ញាធរខេត្តគិតតែពីរឿងឃោសនារកសំឡេងឆ្នោត ដើម្បីបានកាន់អំណាចទៅមុខទៀត ដោយមិនរវល់រឿងដោះស្រាយដីធ្លីជូនពួកគាត់នោះទេ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីនៅស្រុកថ្មពួក អ្នកស្រី ផល ធួក ឲ្យដឹងនៅក្រោយពេលបញ្ចប់ការតវ៉ានៅថ្ងៃទី១៧ កក្កដា ថា អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី កាលពីថ្ងៃទី១០ខែកក្កដា បានសន្យាជាមួយពួកគាត់ថា នឹងយកដីជម្លោះចំនួន ៩៣ហិកតារ ចែកជូនពួកគាត់ ដើម្បីយកទៅបង្កបង្កើនផលឲ្យទាន់នៅក្នុងរដូវវស្សានេះ ហើយពួកគាត់ក៏បានព្រមព្រៀងតាមការស្នើសុំរបស់អាជ្ញាធរនេះដែរ។ ប៉ុន្តែអ្នកស្រីថា ពួកគាត់បានទន្ទឹងចាំមើលការដោះស្រាយជាច្រើនថ្ងៃហើយ ប៉ុន្តែមិនឃើញមានអាជ្ញាធរណាចុះវាស់វែងដីចែកជូនពួកគាត់នោះទេ៖ «គាត់បាននិយាយប្រាប់ពួកខ្ញុំនៅថ្ងៃនេះថា បើសិនណាបោះឆ្នោតហើយ ខាងខេត្តនឹងដោះស្រាយឲ្យបាន ប៉ុន្តែពួកខ្ញុំកើតទុកមិនសុខចិត្ត ព្រោះដីនេះ ពួកខ្ញុំបានគ្រប់គ្រងមកជាច្រើនឆ្នាំហើយ។ ប្រជាពលរដ្ឋពឹងលើអាជ្ញាធរដោះស្រាយបើអាជ្ញាធរមិនដោះស្រាយអីចឹងតើឲ្យពួកខ្ញុំទៅពឹងអ្នកណា ?»។
អ្នកស្រី ផល ធួក បន្ថែមថា អាជ្ញាធរបាននិយាយតែមាត់ ប៉ុន្តែការអនុវត្តជាក់ស្ដែងគឺគ្មានឡើយ ដូច្នេះបានជាពួកគាត់នាំគ្នាទាមទារឲ្យអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីឲ្យពួកគាត់យកទៅដាំដុះមានទំនុកចិត្ត។
ឆ្លើយតបនឹងបញ្ហានេះអភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋរួចជាស្រេចហើយ។ លោកបន្ថែមទៀតថា សព្វថ្ងៃ អាជ្ញាធរកំពុងដំណើរការដោះស្រាយ ដោយលើកយកបញ្ហាចំនួន ៣ចំណុចដាក់ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា ដើម្បីដោះស្រាយក្នុងពេលឆាប់ៗ៖ «ទីមួយយើងនឹងសំណូមពរទៅភាគីដែលគេមានប័ណ្ណសុំគេ៩៣ហិកតារ ទី២ ឲ្យខាងខេត្តធ្វើលិខិតទៅតុលាការដើម្បីឲ្យជួយដោះស្រាយ ដើម្បីដាក់ទៅគណៈកម្មការខេត្តដោះស្រាយ ទី៣យើងអញ្ជើញគួរភាគីដែលមានបញ្ហានឹងមកជួបខេត្ត ដើម្បីជួបចរចាតាមសំណូមពររបស់ប្រជាពលរដ្ឋ»។
ប៉ុន្តែអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត ដែលបានចុះអង្កេតផ្ទាល់លើរឿងនេះ យល់ថា មូលហេតុដែលពលរដ្ឋចង់ធ្វើលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរនេះ ដោយសារតែការដោះស្រាយកន្លងមកគ្រាន់តែការសម្របសម្រួលត្រូវរ៉ូវគ្នា ដោយមិនបានដោះស្រាយនៅលើបញ្ហាពិតប្រាកដជូនពួកគាត់នោះទេ។ លោកបន្ថែមទៀតថា ប្រជាពលរដ្ឋបានលះបង់ផ្ទៃដីជាច្រើនហិកតារ ដែលពួកគាត់ធ្លាប់កាន់កាប់ពីមុនមកដើម្បីសម្បទានទៅឲ្យអាជ្ញាធរយកទៅសម្របសម្រួល លោកថាដូច្នេះអាជ្ញាធរខេត្តគួរតែដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ដើម្បីបញ្ចប់លើបញ្ហានេះ៖ «ហើយពួកគាត់ចង់បានដំណោះស្រាយឆាប់ៗដែលជាលទ្ធផលនៃការសម្របសម្រួលដោះស្រាយនឹង ដោយសារពេលវេលានៃរដូវវស្សាបានមកដូច្នេះពួកគាត់ត្រូវការបង្កបង្កើនផលឲ្យតាមរដូវកាល ហើយបើទុកដល់រួចបោះឆ្នោតវាសឹងតែផុតពេលពួកគាត់ដាំដុះបាត់ទៅហើយ។ ដូច្នេះអាជ្ញាធរខេត្តគួរតែយល់ពីបំណងរបស់ពួកគាត់ហើយគួរតែប្រឹងប្រែងដោះស្រាយបញ្ចប់មុនការបោះឆ្នោតជាការល្អ»។
ផ្ទៃដីជម្លោះមានជាង ២៩០ហិកតារ ដីនេះប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ រស់នៅភូមិកាប់ចោរ ភូមិគោកស្វាយ ឃុំ ភូមិថ្មី និងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានជម្លោះជាមួយក្រុមហ៊ុន លី សំអាន ។
តំណាងអ្នកតវ៉ា អ្នកស្រី ផល ធួក អះអាងថា ក្រុមហ៊ុនមួយនេះ ធ្វើប័ណ្ណកម្មសិទ្ធិលើដីទំនាស់ ដែលជារបស់ពួកគាត់ ហើយពួកគាត់បានតវ៉ាទៅអាជ្ញាធរពាក់ព័ន្ធតាំងពីឆ្នាំ២០១៦ ប៉ុន្តែមិនមានអាជ្ញាធរណាដោះស្រាយជូនពួកគាត់បាននៅឡើយទ។ អ្នកស្រី ផល ធួក បន្ថែមទៀតថា ក្រោយមកក្រុមហ៊ុន លី សំអាន ក៏បានបង្វែរដីនេះឲ្យទៅប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមិនធ្លាប់កាន់កាប់លើដីពីមុនមក ធ្វើជាអ្នកតតាំងជាមួយពួកគាត់ម្ដងវិញ។ ក្រោយពីតវ៉ារបស់ពលរដ្ឋអស់ជាច្រើនម៉ោង នៅព្រឹកថ្ងៃដដែល មានលោកឧកញ៉ាម្នាក់ បានចេញទៅជួបក្រុមអ្នកតវ៉ា ហើយក៏បានសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះស្រាយជូនពួកគាត់ក្នុងពេលឆាប់ៗ។ ចំណែកក្រុមអ្នកតវ៉ាក៏សម្រេចចិត្តវិលត្រឡប់ទៅផ្ទះវិញបណ្ដោះអាសន្ន ដោយពួកគាត់អះអាងថា ប្រសិនបើក្នុងពេលឆាប់ៗនេះ មិនមានការដោះស្រាយទេ គឺពួកគាត់នឹងនាំគ្នាតវ៉ាសាជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។