ស្វាមីប្រធានសហគមន៍ដីធ្លីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ស្នើឲ្យសាលាកំពូលទម្លាក់ចោលការចោទប្រកាន់លើសំណុំរឿងភរិយារបស់ លោក និងដោះលែងអ្នកស្រីឲ្យបានឆាប់។ ការស្នើសុំនេះ ដោយសារមេធាវីការពារក្ដីឲ្យជនត្រូវចោទបានប្ដឹងសាទុក្ខនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានផ្ដន្ទាទោសឲ្យអ្នកស្រីជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយសាលាកំពូលគ្រោងជម្រះក្ដីលើសំណុំរឿងនេះក្នុងពេលឆាប់ៗ។
ស្វាមីប្រធានសហគមន៍ដីធ្លីស្រុកអូរជ្រៅ លោក នង នី លើកឡើងថា សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី ដោយអយុត្តិធម៌បំផុត។សហគមន៍ដីធ្លីនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២៦ មីនា ដោយចោទប្រកាន់ពីបទប៉ះពាល់លើកម្មសិទ្ធិឯកជន និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លាក្រាម ស្រុកស្វាយចេក។ ប៉ុន្តែអ្នកស្រី ឡុង សុគន្ធី ធ្លាប់មានប្រសាសន៍មុនពេលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនថា អ្នកស្រីពុំបានរំលោភដីធ្លីដូចការចោទប្រកាន់នោះទេ ហើយអ្នកស្រី ក៏បានចាត់ទុកការចោទប្រកាន់នេះថា ជាការបិទសិទ្ធសេរីភាព ដើម្បីកុំឲ្យអ្នកស្រីតវ៉ាឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីក្នុងសហគមន៍បន្តទៀត។
កន្លងមកសាលាឧទ្ធរណ៍បានតម្កល់សំណុំរឿងសហគមន៍ដីធ្លីអ្នកស្រី ឡុង សុគន្ធី តាមសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យទុកជាបាន។ មេធាវីការពារក្ដីឲ្យជនជាប់ចោទបានប្ដឹងសាទុក្ខទៅសាលាកំពូលបន្តទៀតកាលពីថ្ងៃទី១៩ តុលា ដើម្បីស្នើសុំឲ្យអ្នកស្រី ឡុង សុគន្ធី នៅក្រៅឃុំបណ្ដោះអាសន្ន និងដោះលែងឲ្យមានសេរីភាព។
លោក នង នី ឲ្យដឹងនៅថ្ងៃទី០១ វិច្ឆិកាថា អ្នកស្រីឡុង សុគន្ធី គ្រាន់តែជាតំណាងសហគមន៍ដីធ្លីក្នុងស្រុកអូរជ្រៅ ដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់យុត្តិធម៌រឿងទំនាស់ដីរបស់ពួកគាត់ប៉ុណ្ណោះ ដោយមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ៖ «ចោទប្រកាន់រឿងដីធ្លីដដែលនឹងថាយើងទៅកាប់ទៅឆ្ការទៅដកហើយរស់នៅលើប័ណ្ណកម្មសិទ្ធិរបស់គេ ប៉ុន្តែជាក់ស្ដែងវាមិនមែនទេ យើងមិនបានទៅធ្វើដូច្នេះណាគេចេះតែចោទទៅ ខ្ញុំមិនព្រមបានជាខ្ញុំប្ដឹងជំទាស់ទៀត ព្រោះខ្ញុំតាំងពីប្រពន្ធជាប់ពន្ធនាគារមកខ្ញុំមិនបានទៅធ្វើការងារទេ ដោយសារតែរវល់ឡើងតុលាការញឹកញាប់ ហើយគ្មានប្រពន្ធដែលជាអ្នករកចំណូលសំខាន់ក្នុងគ្រួសារ»។
មេធាវីការពារក្ដីឲ្យជនជាប់ចោទ លោក សំ ទិត្យសីហា មានប្រសាសន៍ថា សាលាកំពូលនឹងជម្រះក្ដីលើសំណុំរឿងនេះក្នុងពេលឆាប់ៗ ហើយលោកក៏សង្ឃឹមថាសាលាកំពូលនឹងទម្លាក់ចោលការចោទប្រកាន់នេះ។ លោកអះអាងទៀតថា ថ្មីៗនេះសាលាខេត្តបន្ទាយមានជ័យបានចេញសេចក្ដីថ្លែងការណ៍មួយទទួលស្គាល់ថា រឿងរ៉ាវដែលកើតមាននៅស្រុកអូរជ្រៅនោះ គឺជារឿងទំនាស់ដីធ្លី ហើយក៏បានសុំឲ្យតុលាការផ្អាកការចោទប្រកាន់ទៅលើពលរដ្ឋ ដើម្បីទុកពេលឲ្យអាជ្ញាធរថ្នាក់ជាតិដោះស្រាយទំនាស់នេះរួចរាល់សិន៖ «គាត់ថាដីនឹងទី១ជាន់ទៅលើគ្នា ហើយទី២ដោយសារការបែងចែករដ្ឋបាលរវាងភូមិថ្នល់បត់ និងភូមិបឹងស្នោ ហើយធ្វើឲ្យការបែងចែករដ្ឋបាលមិនច្បាស់លាស់ទើបធ្វើឲ្យការគ្រប់គ្រងដីរវាងពលរដ្ឋដែលមានដីអត់ប្លង់នឹងត្រួតស៊ីគ្នា។ ដូច្នោះហើយខ្ញុំគិតថា វាអយុត្តិធម៌ចំពោះគាត់ណាស់ ព្រោះមិនទាន់រកឃើញថា ដីណាជាដីពិតប្រាកដរបស់ពលរដ្ឋ ឬដីភាគីម្ខាងទៀត ដូច្នោះហើយបានខ្ញុំថាអយុត្តិធម៌ ពីព្រោះគួរទុកករណីនេះឲ្យអាជ្ញាធរគាត់ដោះស្រាយសិន»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា អះអាងថា តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនសកម្មជនដីធ្លីរូបនេះទាំងអយុត្តិធម៌ ដោយសារតែអ្នកស្រីជាឆ្អឹងទទឹងករបស់ភាគីទំនាស់ ដែលភាគច្រើនជាអ្នកមានលុយនិងមានអំណាចនៅក្នុងខេត្តបន្ទាយមានជ័យ ព្រោះអ្នកស្រីតែងដឹកនាំប្រជាពលរដ្ឋតវ៉ាឲ្យរដ្ឋអំណាចដោះស្រាយទំនាស់ដីញឹកញាប់។មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមទៀតថា សព្វថ្ងៃអ្នកស្រី ឡុង សុគន្ធី មានជាប់បណ្ដឹងក្នុងតុលាការរហូតដល់ទៅ ៩បណ្ដឹងឯណោះ ហើយសុទ្ធតែជាបណ្ដឹងរឿងដីធ្លី៖ «ទំនាស់របស់គាត់ដោយភាគីម្ខាងចេះតែធ្វើប្លង់ទៅ ហើយគ្មានយន្តការដោះស្រាយណាមួយជាក់លាក់បែរទៅជាទៅចោទប្រកាន់មកលើប្រជាពលរដ្ឋ ដាក់ឈ្មោះថា ក្រុមអនាធិបតេយ្យទៅ តាមពិតមិនមែនគាត់ជាមនុស្សមួយដែលប្រឆាំងដើម្បីលក់ដីធ្វើអ្នកមានទេ។ រឿងនេះគ្រាន់តែវិមតិសង្ស័យហើយធ្វើការចោទប្រកាន់ វាជារឿងអយុត្តិធម៌ពេក»។
អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាកំពូល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០១តុលា ដោយទូរស័ព្ទពុំមានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។