ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបាត់ដំបងបង្គាប់ឲ្យតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា សង ថន ចំនួន៥រូប តំណាងឲ្យពលរដ្ឋជាង ២០០គ្រួសារ ដែលមានទំនាស់ដីនៅស្រុកគាស់ក្រឡ ចូលបំភ្លឺចំពោះមុខតុលាការ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា។ ដីកាបង្គាប់នេះ ដោយសារលោក សង ថន បានប្ដឹងអ្នកទាំង៥រូប ពីបទប៉ះពាល់កម្មសិទ្ធិឯកជននៅស្រុកគាស់ក្រឡ។ តំណាងពលរដ្ឋអះអាងថា ទោះបីប្រឈមការចាប់ខ្លួនក៏ដោយ ក៏ពួកគេនឹងចូលបំភ្លឺតុលាការតាមដីកាបង្គាប់នេះ ដោយសារគ្មានជម្រើស។
តំណាងពលរដ្ឋទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន នៅឃុំព្រះផុស ស្រុកគាស់ក្រឡ លោក យួម យឿប ឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា ថា ពួកគាត់ទាំងប្រាំនាក់ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនណាស់ ហើយមិនចង់ហ៊ានចូលទៅបំភ្លឺតុលាការទេ ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះកន្លងមកមិនបានបំភ្លឺតុលាការជាច្រើនលើកហើយ ដូច្នេះមិនហ៊ានអាក់ខានទៀតទេ ខ្លាចតុលាការចាប់ពួកគាត់ដាក់ពន្ធនាគារ ហើយមិនអាចរកយុត្តិធម៌ជូនពួកគាត់៖ «ខ្ញុំចូលទៅគឺប្ដូរជីវិតស៊ូស្លាប ទោះជាប់គុកក្ដីមិនជាប់គុកក្ដី ព្រោះដំណាក់កាលនេះហើយ ទោះពីតែខ្ញុំមិនចូលក៏ជាប់គុក ចូលក៏ជាប់ដែរ ដូច្នេះមានតែទៅតាមដំណើរហើយព្រោះមិនដឹងធ្វើមិចទេ ហើយមិនដឹងមានពាក្យអីដោះស្រាយជាមួយចៅក្រមនោះទេ»។
ចំណែកតំណាងពលរដ្ឋ ម្នាក់ទៀត លោក ឆាយ ឈឿប ថ្លែងឲ្យដឹងថា ពួកគាត់មិនចង់ដោះស្រាយតាមផ្លូវតុលាការទេ ហើយចង់ឲ្យមានការសម្របសម្រួលដោះស្រាយជាមួយអាជ្ញាធរមូលដ្ឋានវិញ ព្រោះលោក ឧកញ៉ា សង ថន ជាអ្នកមានទ្រព្យសម្បត្តិច្រើន តែពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ដូច្នេះបើសិនជាដោះស្រាយតាមផ្លូវតុលាការពួកគាត់មិនសង្ឃឹមឈ្នះក្ដីនោះទេ៖ «បាទ ! ពួកខ្ញុំចង់ឲ្យលោកសង ថន ថា ដីគាត់ត្រឹមណាហើយចូលទៅដោះស្រាយទាំងសង្ខាង ហើយដោះស្រាយស្រាយឲ្យពលរដ្ឋ៣ហិកតារ និង២ហិកតារឲ្យលោកសង ថន បើពិតជាដីគាត់ ហើយប្រជាពលរដ្ឋក៏មិនថាអីដែរ តែគាត់មិនចូលដោះស្រាយហើយឲ្យតែពួកខ្ញុំទៅដោះស្រាយតើដោះស្រាយយ៉ាងមិចចេញ»។
លោកបន្តទៀតថា ពលរដ្ឋចំនួន ២១៥គ្រួសារបានកាន់កាប់ដីទំនាស់ទំហំប្រហែល ១.២០០ហិកតារ នៅឃុំព្រះផុស ស្រុកគាស់ក្រឡ តាំងពីឆ្នាំ២០០៨មក។ លោកថា ដីនេះពួកគាត់នាំគ្នាគាស់កកាយដោយកម្លាំងមនុស្សបន្តិចម្ដងៗ រហូតដីស្រឡះអាចដាំដុះបាន ហើយក៏នាំបង្កបង្កើនផលនៅលើដីនោះដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពរហូតមកទល់សព្វថ្ងៃ។
លោកឧកញ៉ា សង ថន បានប្ដឹងពួកគាត់ទៅតុលាការនៅឆ្នាំ២០១៥ ប៉ុន្តែទើបតែតុលាការកោះហៅតំណាងពលរដ្ឋទាំង ៥នាក់ទៅបំភ្លឺនៅឆ្នាំ២០១៨នេះទេ។ កន្លងមកតុលាការបង្គាប់ឲ្យតំណាង ទាំង៥រូបចូលបំភ្លឺជាច្រើនលើករួចមកហើយ តែពួកគាត់មិនបានចូលបំភ្លឺនោះទេ ដោយសារខ្លាចតុលាការឃុំខ្លួន។
លោកឧកញ៉ា សង ថន មានប្រសាសន៍ថា រឿងនេះលោកមិនអាចសម្របសម្រួលក្រៅផ្លូវច្បាប់បានទេ ព្រោះភាគីទំនាស់បានរំលោភលើដីកម្មសិទ្ធិរបស់ខ្លួន ហើយម្យ៉ាងទៀតលោកបានប្ដឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌រួចហើយ៖ «មិនមានប្រជាជនណាដល់ទៅ២គ្រួសារទេ រឿងនេះពលរដ្ឋនិយាយភូតទេ ហើយរឿងនេះតំណាងក្រសួងមហាផ្ទៃបានចុះមកមើលម្ដងហើយ គឺគ្មានប្រជាជនណានៅច្រើនដូច្នោះទេ គឺមានតែជាង១០គ្រួសារទេ ដែលចូលទៅដាំដុះនៅទីនោះ»។
ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបាត់ដំបងលោក ញូង ចន្ធី បង្គាប់ឲ្យតំណាងពលរដ្ឋមានទំនាស់ជាមួយលោក ឧកញ៉ា សង ថន ចំនួន៥រូប ចូលបំភ្លឺនៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៧វិច្ឆិកា ដើម្បីសាកសួរពីបទចោទប្រកាន់ធ្វើឲ្យប៉ះពាល់កម្មសិទ្ធិឯកជន ប្រព្រឹត្តទៅនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។ ចៅក្រមរូបនេះបានព្រមាន អ្នកទាំង៥រូប ប្រសិនបើមិនបានចូលតាមការកំណត់ទេតុលាការនឹងចេញដីកានាំខ្លួន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលបានចុះទៅអង្កេតផ្ទាល់នៅតំបន់ដីមានទំនាស់ អះអាងថា ដីទំនាស់នេះសព្វពលរដ្ឋបានទៅរស់នៅហើយដាំដំឡូងមី ពោត និងស្វាយចន្ទីស្ទើរតែរកដីទំនេរមិនបាន។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា ប្រជាពលរដ្ឋដែលមានទំនាស់ដីនេះមានជាង ២០០គ្រួសារឯណោះ មិនមែន ១០គ្រួសារដូចការលើកឡើងរបស់លោកឧកញ៉ានោះទេ៖ «ព្រោះភាគីទាំង២អត់ទាន់បានជួបគ្នាអត់ទាន់បាននិយាយគ្នាទេ ហើយអាជ្ញាធរមានបណ្ដឹងមួយទៀតរបស់ឧកញ៉ា ដាក់ទៅអភិបាលខេត្ត ខ្ញុំគិតថា នេះជាចំណុចល្អ ខ្ញុំគិតអភិបាលស្រុកគួរតែពន្លឿន ឬសុំគោលការណ៍ពីអភិបាលខេត្តរកវិធានការដោះស្រាយបញ្ហានេះ ហៅភាគីពាក់ព័ន្ធមកអង្គុយទល់មុខគ្នារកវិធីការដោះស្រាយទាំងអស់គ្នា។ ខ្ញុំចង់ឲ្យតុលាការផ្អាករឿងនេះសិន ព្រោះបើដោះស្រាយនៅតុលាការនឹងមានអ្នកឈ្នះនិងអ្នកចាញ់»។
លោក យិន ម៉េងលី បន្ថែមទៀតថា រឿងនេះខាងលោកឧកញ៉ា គួរតែប្រើយន្តការជាមួយអាជ្ញាធរដោះស្រាយប្រសើរជាងការប្រើប្រព័ន្ធតុលាការ ព្រោះដីទំនាស់មិនទាន់មានប័ណ្ណកាន់កាប់ស្របច្បាប់នៅឡើយទេ។
តំណាងពលរដ្ឋព្រួយបារម្ភខ្លាចបាត់បង់ដីរបស់ខ្លួនទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សង ថន ដោយសារការប្រើប្រាស់ប្រព័ន្ធតុលាការរំលោភយកដីពួកគាត់ ដូច្នេះបើសិនជាពួកគាត់ចាញ់ក្ដីច្បាស់ជាដាច់ពោះស្លាប់ ឬមួយក៏ត្រូវធ្វើចំណាកស្រុកទៅប្រទេសថៃ បែកប្រពន្ធកូនជាមិនខានទេ ព្រោះសព្វថ្ងៃគ្មានដីផ្សេងសម្រាប់ដាំដុះក្រៅពីដីទំនាស់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។