សកម្មជន​ព្រៃឈើ​ស្នើ​ឱ្យ​អាជ្ញាធរ​កុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​​​ព្រៃ​ដែល​ត្រូវ​បាន​កាប់​រាន​នៅ​ស្រុក​អង្គរជុំ

0:00 / 0:00

សកម្មជន​ព្រៃឈើ​មូលដ្ឋាន​ស្នើ​ឱ្យ​អាជ្ញាធរ​កុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ចំពោះ​ដី​ដែល​ត្រូវ​បាន​កាប់​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ចំណុច​ភ្នំ​តា​ដែក ក្នុង​ភូមិ​ដូនអែម ឃុំ​គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​។ សកម្មជន​ថា ព្រៃភ្នំ​តា​ដែក​នេះ ជា​ព្រៃ​ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ស្រុក​អង្គរជុំ ដូចនេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ថែរក្សា​ព្រៃ​នេះ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​កាប់​រាន​ដី​ព្រៃ គឺជា​ប្រភេទ​បទល្មើស ហើយ​ជន​ប្រព្រឹត្ត​ត្រូវតែ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ទោះជា​ជន​នោះ​ជា​អ្នកណា​ក៏ដោយ។

សកម្មជន​ព្រៃឈើ​មូលដ្ឋាន លោក អ៊ុំ អឿង អះអាង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​ភ្នំ​តា​ដែក​នោះ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ហើយ ក្រោយពេល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ដល់​ទី​តាំង​ផ្ទាល់។ លោក​ប៉ាន់​ស្មានថា ដី​ដែល​ត្រូវ​បាន​កាប់​រាន​នោះ មាន​ប្រមាណ​ជា ៥០ហិកតារ ហើយ​អ្នក​កាប់​រាន​ខ្លះ​បាន​សាងសង់​សំណង់ លើ​ដី​ដែល​ពួកគេ​បាន​កាប់​រាន​នោះ​រួចហើយ​ដែរ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទប់ស្កាត់​ការសាងសង់​ទាំងនេះ និង​មិន​ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ចំពោះ​ដី​ព្រៃ​ដែល​រង​ការ​កាប់​រាន​ទាំង​នោះ​ឡើយ៖ «ចង់​ឱ្យ​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ឱ្យ​ជួយ​ថែរក្សា​ការពារ ហើយ​រអែង​ចុះ​ទៅ​ពិនិត្យ​មើល​កុំ​ឱ្យ​មាន​ប្រជាពលរដ្ឋ​កាប់​បន្ថែម និង​ដុត​បន្ថែម។ ឱ្យ​ជួយ​ថែរក្សា​ព្រៃ​នេះ​ឱ្យ​បាន​ល្អ ព្រោះ​ព្រៃភ្នំ​ពើង​តានន់​គេ​កាប់​អស់ហើយ នៅ​សល់តែ​ភ្នំ​តា​ដែក​មួយ ភ្នំ​ម្រេច​មួយ ហើយ​និង​ភ្នំ​ព្រៃ​បាំង​មួយទៀត​ទេ។ នៅ​ពីរ​ភ្នំ​ទៀត ប៉ុន្តែ​មាន​ម៉ាស៊ីន​ក្រុមហ៊ុន​កិន​ថ្ម​ទៅ​កាយ​ពីរ​កន្លែង​ទៀត»។

ក្រៅ​ពី​នេះ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​បាន​កាប់​រាន​ដី​ព្រៃ​ទាំង​នោះ ដើម្បី​ព្រមាន​អ្នក​ដទៃ​ទៀត​កុំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​បែបនេះ​តទៅ​ទៀត។ លោក​ថា នៅ​លើ​ទីតាំង​ដី​នោះ មាន​កូនឈើ​ជាច្រើន​ដើម​ដែល​ត្រូវ​បាន​ដាំ​ដុះ​កាល​ពី​ពេល​កន្លងទៅ ដូចនេះ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ពិន័យ​អ្នក​ទាំងនោះ​ឱ្យ​សង​ការខូចខាត​ទាំងឡាយ​បង្កឡើង​ដោយ​សកម្មភាព​កាប់​រាន​របស់​ពួកគេ៖ «ចិត្ត​ខ្ញុំ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ចាត់ការ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ដី​ដែល​ដាំ​កូនឈើ​ហើយ​។ សូម​ឱ្យ​អាជ្ញាធរ​គាត់​ដក​យក​ដី​មកវិញ​ទាំងអស់ មក​ដាំ​កូនឈើ​សា​ដើម​វិញ​។ កុំ​ឱ្យ​វា​ពាយ​ឈើ ពាយ​ព្រៃ ហើយ​គួរ​ណាស់​តែ​ដាក់​ពិន័យ​អ្នក​ឈូស​ព្រៃ អ្នក​កាប់​ព្រៃ​នោះ ឱ្យ​សង​កូនឈើ​វិញ»។

តំបន់​ភ្នំ​តា​ដែក​ជា​ប្រភេទ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ដែល​អាជ្ញាធរ អង្គការ​បរិស្ថាន និង​ពលរដ្ឋ បាន​នាំគ្នា​ថែរក្សា និង​ដាំ​កូនឈើ​ជាង ៣​ពាន់​ដើម កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ ក៏ប៉ុន្តែ​ចាប់ពី​ចុង​ឆ្នាំ​ ២០១៧ មក ដី​ព្រៃ​ភ្នំ​នេះ​បាន​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ហើយ​អ្នក​រុករាន​បាន​កាប់​បំផ្លាញ​កូនឈើ​ទាំងនោះ​អស់​ជាង​ពាក់​កណ្ដាល​រួច​ទៅ​ហើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មេឃុំ​គោក​ដូង លោក កែម ហាំ ដើម្បី​សាកសួរ​ពី​វិធានការ​របស់​អាជ្ញាធរ​ចំពោះ​ជនល្មើស​កាប់​រាន​ដី​ព្រៃ​នោះ​បាន​ឡើយ​នៅ​ថ្ងៃទី៤ វិច្ឆិកា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ទោះជា​យ៉ាងណា មេឃុំ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​កន្ល​ង​ទៅ​ថា អ្នក​ដែល​កាប់​រាន​ដី​ព្រៃ​ភ្នំ​តាដែក គឺជា​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​តំបន់​នោះ​។ លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ករណី​នេះ ព្រោះ​តំបន់​ដែល​មាន​ការ​កាប់​រាន​នោះ គឺជា​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ និង​ត្រូវ​បាន​អាជ្ញាធរ និង​ពលរដ្ឋ​រួមគ្នា​ដាំ​កូនឈើ​ជាច្រើន​ដើម​ទៀត​ផង៖ «សម្រាប់​ខ្ញុំ គឺ​អត់​មាន​អនុញ្ញាត​ឱ្យ​កាប់​រាន​ហ្នឹង​ទេ គឺ​មានតែ​ការ​ហាមឃាត់ ហើយ​នៅ​ក្នុង​តំបន់​ហ្នឹង​ក៏​យើង​បាន​បោះ​ផ្លាក បោះ​សញ្ញា​ឱ្យ​គាត់​ដឹង​ថា ហាម​កាប់​ព្រៃឈើ ហាម​កាប់​ដើមឈើ នោះ​ក៏​យើង​បាន​បោះ នៅ​តាម​ដើមឈើ​ហ្នឹង​ដែរ»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម ​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ការ​កាប់​រាន​ដី​ព្រៃ​បែបនេះ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ទោះបី​អ្នក​ប្រព្រឹត្ត​នោះ​ពលរដ្ឋ​សាមញ្ញ អ្នកមាន​លុយ​មាន​អំណាច មន្ត្រីរាជការ ឬ​ជន​ណា​ក៏​ដោយ​។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវតែ​ចាត់ការ នេះ​ឱ្យ​មាន​ប្រសិទ្ធភាព មិន​អាច​បណ្ដែតបណ្ដោយ​ឱ្យ​ជនល្មើស​រួចខ្លួន​នោះ​ឡើយ បើ​ពុំ​ដូច្នេះ​ទេ អាជ្ញាធរ​ក៏​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ដូច​ជន​ប្រព្រឹត្ត​ដែរ។ លោក​កត់​សម្គាល់​ថា ករណី​កាប់​រាន​ដី​ព្រៃ និង​ករណី​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ ភាគច្រើន​ស្ថិត​ក្នុង​រូបភាព​ពលរដ្ឋ​សាមញ្ញ​ជា​អ្នក​ចូល​ទៅ​កាន់កាប់ ហើយ​បន្ទាប់មក​ក្រុម​ឈ្មួញ ឬ​អ្នកមាន​លុយ​មានអំណាច​នឹង​ទៅ​ទិញ ឬ​រំលោភ​យក​ដី​​ទាំងនោះ​ពី​ពលរដ្ឋ​វិញ។ លោក​បន្ថែម​ថា និន្នាការ​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ដី​ព្រៃ និង​ទ្រព្យសម្បត្តិ​ជាតិ​ជាច្រើន​ត្រូវ​បាត់បង់ និង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ក្រុម​ឈ្មួញ​ទៅវិញ៖ «ករណី​នេះ ក៏​វា​មិន​ខុស​ពី​ករណី​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ ដែល​គេ​តែងតែ​​យក​ប្រជាពលរដ្ឋ​ធម្មតា​ចេញមុខ​មុន។ កាលណា​អស់​ព្រៃ​ហើយ អត់​មាន​ការ​ចាត់​វិធានការ​អ្វី​ទេ នោះ​នឹង​លេច​មុខ​អ្នកមាន​លុយ​មានអំណាច​ទៅ​គ្រប់​គ្រង​លើ​ដី​ដែល​កាប់​រាន​ហ្នឹងហើយ។ នីតិរដ្ឋ​គឺ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ មិន​ថា​អ្នក​តូច អ្នក​ធំ ឬ​ប្រជាពលរដ្ឋ​នោះ​ទេ កាលណា​ប្រព្រឹត្ត​បទល្មើស គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ការដែល​អាជ្ញាធរ និង​យើង​គ្រប់គ្នា​គិត​ថា លើកលែង​ដោយសារ​ករណី​គាត់​ជា​ប្រជាពលរដ្ឋ​ទេ វា​ជា​ករណី​មួយ​ដែល​ធ្វើ​ឱ្យ​បទល្មើស​កាន់តែ​រីកធំ​ឡើងៗ និង​ឈាន​ដល់​អំពើ​អនាធិបតេយ្យ​ទូទាំង​ប្រទេស»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា ប្រសិនបើ​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន​មាន​ភាព​យឺតយ៉ាវ សហគមន៍​មូលដ្ឋាន​អាច​ដាក់​បណ្ដឹង​បរិហារ​ផ្លូវការ​ទៅ​ស្ថាប័ន​អយ្យការ​អម​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ពន្លឿ​ន​ករណី​នេះ និង​ដើម្បី​ស្នើសុំ​ដីកា​រក្សា​ការពារ​ពី​តុលាការ ចៀសវាង​ដី​ដែល​ត្រូវ​បាន​កាប់​រាន​នោះ​ក្លាយ​ជា​កម្មសិទ្ធិឯកជន៖ «តំបន់​ព្រៃ​ដែល​កាប់​ហើយ​ហ្នឹង បូក​ជាមួយ​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ហ្នឹង​ដែល​សហគមន៍​គាត់​យល់ថា វា​ជា​ដី​ដែល​ស្ថិត​ក្នុង​ភូមិ​ឃុំ​របស់​គាត់ ឧបមា​ថា ១០០ ឬ ២០០ ហិកតារ គេ​កាប់​អស់ ៥០ ហិកតារ អ៊ីចឹង​យើង​សុំ​រក្សា​ការពារ​ព្រៃ​ទាំង​អស់ហ្នឹង កុំ​ឱ្យ​មានការ​ចូល​ទៅ​កាប់​រាន​បន្ត​ទៀត និង​សុំ​កុំ​ឱ្យ​មានការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ដែល​កាប់​ហើយ​ហ្នឹង»។

ព្រៃភ្នំ​តាដែក​នេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ភ្នំ​ពើងតានន់ ដែល​ជា​កន្លែង​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជនសង្ស័យ​ថា​បាន​បាញ់សម្លាប់​បណ្ឌិត កែម ឡី ធ្លាប់​គង់នៅ កាល​បួស​ជា​សង្ឃ​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​២០១៥។ លោក អ៊ុំ អឿង ដែល​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​របស់ ជួប សម្លាប់ ផង​ដែរ​នោះ អះអាង​ថា ភ្នំ​ពើងតានន់ សព្វថ្ងៃ ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់លើ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ហើយ នៅ​សល់​តែ​ភ្នំ​តាដែក​ដែល​នៅ​ក្បែរ​គ្នា​នេះ​ប៉ុណ្ណោះ លោក​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង និង​ជាក់លាក់​ទេ​នោះ ការ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ នឹង​អាច​កម្រើក​ឡើងវិញ​សាជាថ្មី​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​ពុំ​ខាន ហើយ​វិនាសកម្ម​ព្រៃឈើ​នៅ​ទីនោះ​នឹង​មិន​អាច​ចៀស​ផុត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។