ពលរដ្ឋមានជម្លោះដីធ្លី ជាមួយអតីតអភិបាលស្រុកឱរ៉ាល់ និងអតីតនាយរងសេនាធិការភូមិភាគ៣ នៅខេត្តកំពង់ស្ពឺ បានលើកគ្នាមកតវ៉ានៅក្រសួងរៀបចំដែនដីជាថ្មី ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីដីជម្លោះរ៉ាំរ៉ៃរបស់ពួកគាត់។ សង្គមស៊ីវិល ផ្ដល់យោបល់ថា អាជ្ញាធរគួរសហការគ្នាជាមួយពលរដ្ឋ សិក្សារួមគ្នា ដើម្បីបញ្ចប់ដំណោះស្រាយអូសបន្លាយជាង ១០ឆ្នាំមកនេះ។
ពលរដ្ឋជាច្រើនគ្រួសារ នៅឃុំសង្កែសាប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ មិថុនា បានប្រមូលផ្ដុំគ្នា លើកបដារូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឈរតម្រៀបគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំរដ្ឋមន្ត្រី លោក ជា សុផារ៉ា ឲ្យពន្លឿនស្វែងរកដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់។
តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅឃុំសង្កែសាទប លោក ម៉ម សុវណ្ណ រៀបរាប់ថា ជាង១០ឆ្នាំមកនេះ ពលរដ្ឋបានឡើងមកដាក់ញត្តិ នៅក្រសួងរៀបចំដែនដី ជាង១០ដងហើយ ខណៈដែលញត្តិ ជាច្រើនទៀត ត្រូវបានពលរដ្ឋយកទៅនៅតាមក្រសួង ស្ថាប័នរដ្ឋ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ នៅមិនទាន់មានដំណោះស្រាយទេ។ ពលរដ្ឋរូបនេះ ឲ្យដឹងថា ដីដែលមានជម្លោះ មានទំហំ ៣.៧៥៩ហិកតារ ត្រូវបានអតីតអភិបាលស្រុកឱរ៉ាល់ ឈ្មោះ ចែម សារីម និងអតីតនាយរងសេនាធិការភូមិភាគ៣ ឈ្មោះ ប៉ូ សាគីន សហការគ្នាលួចលក់ឲ្យក្រុមហ៊ុនស្ករអំពៅរបស់ឧកញ្ញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភារបបក្រុងភ្នំពេញ តាំងពីអំឡុងឆ្នាំ២០០៥។
លោក ម៉ម សុវណ្ណ អះអាងថា ច្រើនឆ្នាំមកនេះ អ្នកភូមិជាច្រើននាក់រួមទាំងរូបលោក បានក្លាយជាជនរងគ្រោះ ដោយសារតែសកម្មភាពចេញតវ៉ាដីនេះ។ លោករំលឹកថា កាលពីឆ្នាំ២០០៥ អាជ្ញាធរបានចោទប្រកាន់គាត់ គឺជាមេទ័ពស្រមោល មានផែនការផ្ដួលរំលំរដ្ឋាភិបាល ចំណែកថ្មីៗនេះ អាជ្ញាធរ បានចោទប្រកាន់ គាត់ថា ជាសកម្មជនរបស់គណបក្សប្រឆាំង ដើរញុះញង់ ធ្វើសកម្មភាពបដិវត្តពណ៌ ចង់ផ្ដួលរំលំរបបក្រុងភ្នំពេញ៖ «ថាខ្ញុំនេះអាយួន រហូតសព្វថ្ងៃនេះ ចោទខ្ញុំថា ជាគណបក្សសង្គ្រោះជាតិ ដើរបំផុស ចលនានិងបង្កើតអបគមន៍រួមក្នុងការផ្ដួលរលំ រាជរដ្ឋាភិបាល មនុស្សខ្ញុំជាជនជាតិខ្មែរដែរតែខ្ញុំមានស្រុកកំណើតនៅទឹកដីកម្ពុជាក្រោម»។
ពលរដ្ឋអះអាងថា អាជ្ញាធរខេត្តកំពង់ស្ពឺ ធ្លាប់បានធ្វើសកម្មភាពដុតផ្ទះ អាររំលំផ្ទះ រុះយកឈើល្អៗពីផ្ទះរបស់ពលរដ្ឋ រឹបអូសយកគ្រឿងសង្ហារិម ត្បាល់កិនម្សៅធ្វើនំលក់របស់អ្នកភូមិ ជាដើម ដើម្បីបង្ខំឲ្យពលរដ្ឋចាកចេញពីលំនៅឋាន។ ពលរដ្ឋហៅសកម្មភាពទាំងនោះ ជាសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកភូមិ។
អាស៊ីសេរី មិនអាចរកប្រភព ដើម្បីសុំការបំភ្លឺ ពីអតីតអភិបាលស្រុកឱរ៉ាល់ ឈ្មោះ ចែម សារីម និងអតីតនាយរងសេនាធិការភូមិភាគ៣ ឈ្មោះ ប៉ូ សាគីន ជុំវិញការចោទរបស់ពលរដ្ឋបានទេ នៅថ្ងៃទី១៣ មិថុនា។ តែយ៉ាងណា ពលរដ្ឋប្រាប់ថា មន្ត្រីក្រសួងរៀបចំដែនដី បានមកទទួលយកញត្តិរបស់ពលរដ្ឋ និងបានសន្យាដោះស្រាយឲ្យ តែមិនបានកំណត់រយៈពេលដោះស្រាយនៅថ្ងៃណាទេ។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc)ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី សង្កេតឃើញថា មូលហេតុដែលបណ្ដាលឲ្យជម្លោះដីធ្លីពលរដ្ឋនៅឃុំសង្កែសាទប អូសបន្លាយរាប់ឆ្នាំមកនេះ ដោយសារតែ ពលរដ្ឋខ្វះខាតឯកសារកាន់កាប់ដីផ្លូវច្បាប់ ក្រោយពេលដែលរបបក្រុងភ្នំពេញ បានធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគដាំដំណាំអំពៅ៖ «យើងមើលទៅបន្ទាប់ ពីមានការចុះបំពេញបែបបទ សាលាកប័ត្រដីជូនឲ្យក្រសួងដែនដីរួចមក ឃើញថា វិវាទដីមានការកើនឡើងច្រើនជាមុន អ៊ីចឹងយើង ប្រហែលអាច សន្និដ្ឋានបានថា មន្ត្រីទាំងនោះកំពុងគិតគូររកដំណោះស្រាយហើយកំពុងគិតថាដោះ ដោយរបៀបណា»។
សង្គមស៊ីវិល ផ្ដល់អនុសាសន៍ថា ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃរបស់ពលរដ្ឋនៅឃុំសង្កែសាទប ជាមួយក្រុមហ៊ុនស្ករអំពៅ មន្ត្រីក្រសួងរៀបចំដែនដី និងអាជ្ញាធរ គួរសហការគ្នាជាមួយពលរដ្ឋ ដើម្បីសិក្សាពីផលប៉ះពាល់រួម រកតួលេខម្ចាស់ដីពិតប្រាកដ ហើយគួរផ្ដល់សំណងជូនពួកគាត់ ជាការផ្ដល់ដីនៅកន្លែងផ្សេង ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ឬគួរផ្ដល់កញ្ចប់ថវិកាណាមួយ ដែលពលរដ្ឋអាចទទួលយកបាន ជៀសវាងការទុកជម្លោះនេះ អូសបន្លាយតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។