ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​មិន​​រក្សា​ព្រៃ​អារក្ស​និង​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ជ្រៃធំ​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ រស់នៅ​ភូមិ​ចំនួន​៣ នៃ​ឃុំ​ដាក់ដាំ​ត្អូញ​ថា អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ ដែល​ចង់​ឱ្យ​អាជ្ញាធរ​រួមគ្នា​ថែរក្សា​ព្រៃ​កប់ខ្មោច ព្រៃ​អារក្ស និង​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រៃ​ធំ​ឱ្យ​គង់វង្ស​នោះ​ទេ បើ​ទោះ​បី​ជា​អ្នកភូមិ​ជាង ១​រយ​នាក់ បាន​ផ្ដិត​មេដៃ​ប្ដឹង​ទាមទារ​ដី​ទាំងនោះ ជា​សម្បត្តិ​រដ្ឋ​វិញ​កាល​ពី​អំឡុង ឆ្នាំ ២០១៧។

កាលពី​ថ្ងៃទី១៧ ឧសភា ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូឡេះ ភូមិ​ពូត្រែង និង​ភូមិ​ពូឆប នៃ​ឃុំ​ដាក់ដាំ ជិត ១​រយ​នាក់ បាន​លើកគ្នា​តវ៉ា​នៅ​ចំណុច ទឹកធ្លាក់​ជ្រៃ​ធំ បំណង​ទាមទារ​ដី ដែល​ឈ្មួញ​មាន​អំណាច ៤​នាក់ ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ព្រៃ​កប់ខ្មោច និង​ដី​តំបន់​ទឹកធ្លាក់​ជ្រៃ​ធំ​អស់​ជាច្រើន​ហិកតារ​មក​វិញ។

តំណាង​សហគមន៍ លោក ច្រូត ខ្លើត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ ឧសភា ថា ឈ្មួញ​បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​តំបន់​ព្រៃ​កប់​សព និង​គ្រប់គ្រង​តំបន់​ទឹកធ្លាក់​ជ្រៃ​ធំ​អស់​មួយ​ផ្នែក​ធំ ធ្វើ​ឱ្យ​អ្នកភូមិ​កើត​ទុក​មិន​សុខចិត្ត។ លោក​ថា សូម្បីតែ​ដើមឈើ​ធំៗ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្នុង​តំបន់​ទឹកធ្លាក់​ជ្រៃ​ធំ ក៏​ត្រូវ​គេ​កាប់​ដួល អស់​ស្ទើរ​ទាំងស្រុង​ដែរ។ លោក​បន្ថែម​ថា ពលរដ្ឋ​ជាង ១​រយ​នាក់ ធ្លាប់​បាន​ផ្តិត​មេដៃ ប្ដឹង​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​បញ្ហា​នេះ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រុញ​ដាក់គ្នា​ទៅវិញ​មក។ «»

ដី​ព្រៃ​កប់​សព ដែល​ជនជាតិ​ដើម​ភាគតិច​ចោទ​ថា មាន​ឈ្មួញ​ឈូស​ឆាយ​បំពាន​យក នៅ​ក្នុង​ភូមិ​ពួឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។
ដី​ព្រៃ​កប់​សព ដែល​ជនជាតិ​ដើម​ភាគតិច​ចោទ​ថា មាន​ឈ្មួញ​ឈូស​ឆាយ​បំពាន​យក នៅ​ក្នុង​ភូមិ​ពួឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ (រូបភាព៖ សហគមន៍)

​អាស៊ីសេរី​បាន​ទាក់ទង​មេឃុំ​ដាក់ដាំ លោក ចាស់ ណា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​១៨ ឧសភា​។ ប៉ុន្តែ​អភិបាលស្រុក​អូររាំង លោក នង ទុនណ្ណារី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា កិច្ច​ការងារ​នេះ​អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​ជាច្រើនលើក​ហើយ តែ​ភាគ​គី​ទាំងសងខាង ពុំ​ទាន់​ឯកភាព​គ្នា ដោយសារ​មាន​ឯកសារ​រៀងៗ​ខ្លួន​។ លោក​ថា ពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​នេះ មាន​លិខិត​ទទួលស្គាល់​តាំងពី​អតីត​អភិបាលស្រុក​មុនៗ និង​មាន​បោះត្រា មេឃុំ​តាំងពី​ឆ្នាំ​២០០៦​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ករណី​នេះ ដើម្បី​រក​ចំណុច​វិជ្ជមាន​ទាំងសងខាង។ «»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេត​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ វិបត្តិ​ដីធ្លី​នេះ​ទេ និង​បាន​រុញ​ដាក់គ្នា​ទៅវិញទៅមក​។ លោក​ថា អាជ្ញាធរ​ហាក់​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​រឿង​នេះ ខណៈ​ដែល​ពលរដ្ឋ​បាន​ប្ដឹង​ទាមទារ​ដី​ទាំងនោះ ជាច្រើន​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​ហាក់​បើកដៃ​ឱ្យ​ភាគី​ម្ខាង យក​គ្រឿងចក្រ​ឈូស​ឆាយ​បំពាន​យក​ដី​មាន​ជម្លោះ​នោះ។ «»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​បន្ថែម​ថា ពួកគេ​មាន​ទិសដៅ ចង់​ថែរក្សា​ព្រៃ​កប់​សព ព្រៃ​អារក្ស និង​ដើមឈើ​ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រៃ​ធំ​ឱ្យ​គង់វង្ស ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​លើកទឹកចិត្ត និង​ជួយ​ពន្លឿន​ចុះបញ្ជី​ដី​សមូហភាព​នោះ​ទេ បែរជា​ទុក​ឱកាស​ឱ្យ​ឈ្មួញ​លួច​ឈូស​ឆាយ​រំលោភ​យក​ជា​សម្បត្តិ​ឯកជន​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។