ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​OCIC ស្នើសុំ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់

0:00 / 0:00

ក្រុម​ពលរដ្ឋ​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​១០០​គ្រួសារ ប្រមូល​ផ្ដុំគ្នា​ធ្វើ​សន្និសីទ​កាសែត លើ​ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​OCIC ដោយ​ស្នើសុំ​ឲ្យ​​មួយ ជួប​ប្រជុំ​គ្នា​រក​ដំណោះស្រាយ។

តំណាង​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ លោក ជា សុផាត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៨ ធ្នូ ថា អស់​ពេល​ជាង ៦​ឆ្នាំ​មក​ហើយ ដំណោះស្រាយ​សម្រាប់​អ្នក​ជ្រោយចង្វារ នៅ​មិនទាន់​ទទួល​បាន​នៅឡើយ ទោះបី​ជា​មាន​ចំណារ​ពី​ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ និង​រដ្ឋសភា ជាច្រើន​ដង តម្រូវ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ដោះស្រាយ​ជូន​ពលរដ្ឋ​ក៏ដោយ។ ទំនាស់​ដីធ្លី​នេះ កើត​ឡើងលើ​ផ្ទៃដី​ទំហំ​ជាង​១០០​ហិកតារ ស្ថិត​ក្នុង​សង្កាត់​បី​នៃ​ខណ្ឌ​ជ្រោយចង្វារ គឺ​សង្កាត់​ព្រែក​តាសេក សង្កាត់​ព្រែក​លាភ និង​សង្កាត់​ជ្រោយចង្វារ។

លោក ជា សុផាត លើកឡើង​ថា ពេល​លោក ប៉ា សុជាតិវង្ស កាន់​តំណែង​ជា​អភិបាលក្រុង​ភ្នំពេញ អតីត​អភិបាលក្រុង​រូប​នេះ ព្យាយាម​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​សំណង ១០​ភាគរយ​នៃ​ផ្ទៃ​ដៃ​ទាំងមូល​ដែល​ពួកគាត់​កាន់កាប់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​ជម្លោះ ថា​មិន​អាច​ទទួលយក​សំណង​បែបនេះ​បានទេ។ ចំណែក​លោក ឃួង ស្រេង ដែល​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ភ្នំពេញ​សព្វ​នេះ ក៏​នៅ​មិនទាន់​អាច​ផ្ដល់​ដំណោះស្រាយ​ជូន​ពួកគាត់​បាន​ដែរ។

លោក ជា សុផាត បញ្ជាក់​ថា ដំណោះស្រាយ​ដែល​ពលរដ្ឋ​ចង់បាន​នៅ​ពេល​នេះ គឺ​ស្នើ​ឲ្យ​សាលាក្រុង​ភ្នំពេញ ឆ្វៀល​ដី​ជា​លក្ខណៈ​ស្បែក​ខ្លា បើ​ប៉ះចំ​ដី​ផ្ទះ​របស់​ពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ​កាត់​តំបន់​ដែល​ក្រុមហ៊ុន​កំណត់​ចាប់ពី​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ជ្រោយចង្វារ តាម​ដង​ទន្លេសាប ដល់​សង្កាត់​ព្រែកតាសេក ចេញពី​គម្រោង​អភិវឌ្ឍន៍ ហើយ​សុំ​ឲ្យ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​ត្រូវ​ទិញ​ដី​ពី​ពលរដ្ឋ ទៅតាម​តម្លៃ​ទីផ្សារ បើ​សិន​ក្រុមហ៊ុន​ចង់បាន​ដី​នោះ​បញ្ចូល​ក្នុង​គម្រោង៖ «ខ្ញុំ​ជឿជាក់​ថា បើសិនជា​ខាង អាជ្ញាធរ​ដែនដី ឬក៏​ខាង​ក្រុមហ៊ុន មាន​គោលការណ៍​ឬក៏​ចង់​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ហ្នឹង ត្រូវ​យក​បញ្ហា​មក​ដាក់​លើ​តុ ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​មួយ​ថា​តើ អាច​ឲ្យ​ពួក​ខ្ញុំ​ប៉ុន្មាន ពួក​ខ្ញុំ​អាច​ទទួល​យក​បាន​ប៉ុន្មាន និយាយ​គ្នា​ដោយ​សន្តិវិធី​ទៅ រក​ចំណុចកណ្ដាល​មួយ​ថា​តើ​ពួក​ខ្ញុំ​ទទួលយក​បាន​ដែរ​ឬ​អត់។ ប៉ុន្តែ​ប្រសិនបើ​យក​តែ​របៀប​ចំណាត់​ការ​ដូច​សព្វថ្ងៃ អាង​តែ​អំណាច អាង​តែ​ខ្លួន​ជា​អ្នកធំ អាជ្ញាធរ​មិនមែន​ជា​អាជ្ញាកណ្ដាល ជា​ឈ្មួញ​កណ្ដាល អាហ្នឹង​គឺថា​អត់​ចប់​បញ្ហា​ពួក​ខ្ញុំ។ ខ្ញុំ​នៅតែ​ធ្វើការ​តស៊ូ​មតិ​រហូត»។

ឆ្លើយតប​នឹង​ការ​ទាមទារ​ពី​ពលរដ្ឋ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​នៅ​តំបន់​ជ្រោយចង្វារ ដាក់​ញត្តិ​នៅ​សាលាក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​លោក​រក​ពេលវេលា​សមស្រប​ណាមួយ ជួប​ប្រជុំគ្នា និង​ផ្ដល់​ជា​ដំណោះស្រាយ​ជូន​ពលរដ្ឋ៖ «ខ្ញុំ​អត់​អាច​និយាយ​តាម​ហ្នឹង​បានទេ តែ​អ្វី​ដែល​គាត់​ចង់បាន​វា​មិន​អាច​បំពេញ​ឲ្យ​គាត់​គ្រប់​បំណង​ពួកគាត់​បានទេ ព្រោះថា​រឿង​ដោះស្រាយ​ផល​ប៉ះពាល់។ ខ្ញុំ​នឹង​ដោះស្រាយ​កិច្ចការ​ហ្នឹង បាទ​ ! ទាល់តែ​ឲ្យ​សហគមន៍​ហ្នឹង​ដាក់​ញត្តិ​ដាក់​លិខិត​អី​ត្រឹមត្រូវ​មក ចាំ​ខ្ញុំ​អញ្ជើញ​គាត់​ហៅ​ដោះស្រាយ»។

ចំពោះ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​អ្នក​ជ្រោយចង្វារ និង​ក្រុមហ៊ុន​OCIC របស់​លោក​ឧកញ៉ា ពុង ខៀវសែ ​អូស​បន្លាយ​ជាង ៦​ឆ្នាំនេះ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ដំណោះស្រាយ​ពិតជា​មាន ប្រសិនបើ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នោះ៖ «បើសិនជា​ខាង​សាលាក្រុង​លោក​មាន​ឆន្ទៈ ស្មោះត្រង់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ពិតមែន​នោះ គួរតែ​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ជាមួយ​ប្រជាពលរដ្ឋ​ផង​ទៅ ជៀសវាង​យើង​ទទួល​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ហើយ​ចេះតែ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេះ ធ្វើ​នោះ ហើយ​បញ្ហា​របស់​គាត់​នៅតែ​ដដែល ហើយ​ដោះស្រាយ​មិនបាន»។

កាលពី​ឆ្នាំ​២០១២ ក្រុមហ៊ុន OCIC របស់​លោក​ឧកញ៉ា ពុង ខៀវសែ ចាប់​ដំណើរការ​សាងសង់​ក្រុង​រណប​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ក្រោយពី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍ ពី​សាលាក្រុង​ភ្នំពេញ​លើ​ផ្ទៃដី​សរុប​ប្រមាណ ៣៨៧​ហិកតារ។ គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​ភ្នំពេញ ជាប់​ច្រាំងទន្លេ​ខាងកើត​ឈៀង​ខាងឆ្វេង ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន។

បច្ចុប្បន្ន​នេះ តំណាង​សហគមន៍​ជ្រោយចង្វារ លោក ជា សុផាត ឲ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ឈូសឆាយ​ដី​ធ្លី​ពលរដ្ឋ​រហូតមកដល់​ពេលនេះ ដោយ​គ្មាន​ការ​ផ្អាក​មួយថ្ងៃ​ណា​ឡើយ ហើយ​ដីធ្លី​របស់​គាត់​ជាង ៤​ពាន់​ម៉ែត្រការ៉េ ត្រូវ​បាន​ក្រុមហ៊ុន យក​ទៅ​សាងសង់​ធ្វើជា​ភោជនីយដ្ឋាន ហើយ​នឹង​ផ្ទះ​ពលរដ្ឋ​៨​ខ្នង ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​កម្ទេច​ចោល។ តំណាង​ពលរដ្ឋ​រស់នៅ​តំបន់​ជ្រោយ​ចង្វារ លោក ជា សុជាត ស្នើសុំ​ប្រមុខ​ដឹកនាំ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ជូន​ពួកគាត់ ដែល​ភាគច្រើន​ជា​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា មាន​ប៉ូលីស ទាហាន និង​គ្រូបង្រៀន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។