តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ នៅខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយសារការបោះបង្គោលអគ្គិសនីលើដីស្រែ និងដីលំនៅឋាន របស់ពួកគាត់ សម្ដែងការខកចិត្តចំពោះក្រសួងដែនដី និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលរុញការទទួលខុសត្រូវដាក់គ្នា មិនជួយដោះស្រាយទំនាស់ដីធ្លីរបស់ ពួកគាត់។ រីឯមន្ត្រីសិទ្ធិមនុស្ស យល់ថា ស្ថាប័នមានសមត្ថកិច្ច គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយ បញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋ ដោយមិនគួរទុកឲ្យពួកគាត់តវ៉ារហូត នាំឲ្យប៉ះពាល់ជីវភាពពួកគាត់ នោះទេ។
ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ដែលមានទំនាស់ដីជាមួយអគ្គិសនីកម្ពុជា បានឡើងទៅសុំអន្តរាគមន៍ដោះស្រាយដីធ្លីពីខាងក្រសួងដែនដី និងអាជ្ញាធរអគ្គិសនីជាថ្មីម្តងទៀតនៅថ្ងៃទី១១ ខែមិថុនា ប៉ុន្តែត្រូវស្ថាប័នទាំងពីរ រុញដាក់គ្នាទៅវិញទៅមក មិនជួយដោះស្រាយនោះទេ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី និងជាមេក្រុមគណបក្សប្រជាជនកម្ពុជានៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម អ្នកស្រី មិត្ត គីមថា រៀបរាប់ថា នៅពេលពួកគាត់មកដល់ក្រសួងដែនដី គឺស្ថាប័នមួយនេះ ប្រាប់ថា មិនមានសមត្ថកិច្ចដោះស្រាយនោះទេ ដោយគ្រាន់តែចេញលិខិតមួយច្បាប់អោយពួកគាត់យកទៅដោះស្រាយជាមួយអាជ្ញាធរអគ្គិសនីផ្ទាល់។ អ្នកស្រីបន្តថា នៅពេលពួកគាត់យក លិខិតនោះទៅសុំការដោះស្រាយពីអាជ្ញាធរអគ្គិសនីកម្ពុជា បែរជាអាជ្ញាធរអគ្គិសនី បដិសេធមិនជួយដោះស្រាយដែរ ដោយប្រាប់ពួកគាត់ឲ្យទៅការដោះស្រាយនៅក្រសួងដែនដីវិញ។ ពួកគាត់ខកចិត្ត យ៉ាងខ្លាំងនៅពេលស្ថាប័នទាំងពីរ ខ្វះការទទួលខុសត្រូវហើយចេះរុញដាក់គ្នាបែបនេះ។ «»
បន្ទាប់ពីរួមគ្នាដើរកដំណោះស្រាយមិនបានជោគជ័យនោះ ពួកគាត់បានត្រឡប់ទៅលំនៅឋានវិញ ដើម្បីប្រមូលខោអាវ ចានឆ្នាំង និងភួយ កន្ទេល ឡើងមកដេកតវ៉ាយូរថ្ងៃនៅខាងមុខស្ថាប័នក្រសួង ដែនដី និងស្ថាប័នអគ្គិសនីកម្ពុជា។ «»
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអាជ្ញាធរអគ្គិសនីនោះទេ ព្រោះអាជ្ញាធរតែងតែប្រាប់អ្នករាយការណ៍អាស៊ីសេរីវិញថា ច្រឡំលេខហើយចុចបិទគ្រប់ពេល។
ទំនាស់ដីធ្លីរវាងពលរដ្ឋ ៣០គ្រួសារជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជានេះ គឺបានកើតឡើងតាំងពីឆ្នាំ ២០១៥ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីអគ្គិសនីកម្ពុជា បោះបង្គោលធំៗខ្លះចំដីស្រែ និងខ្លះចំដីលំផ្ទះតែម្ដង។ ប្រជាពលរដ្ឋនាំគ្នាសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្តតាំងពីឆ្នាំ២០១៦ ប៉ុន្តែបានត្រឹមសន្យាខ្យល់ និងផ្ដល់សំណងផលប៉ះពាល់ជូនពួកគាត់ក្នុងកម្រិតដែលមិនអាចរស់បាន គឺ១ម៉ែត្រការ៉េ តម្លៃជិត ២ដុល្លារប៉ុណ្ណោះ។
ពួកគាត់ទាមទារការដោះស្រាយដី ឱ្យបានសមស្របតាមតម្លៃទីផ្សារដីគឺ១ម៉ែត្រការ៉េ តម្លៃ៤៥ដុល្លារ ។ អ្នកស្រី មិត្ត គីមថា ឲ្យដឹងថា កន្លងមកអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែបង្ខិតបង្ខំឲ្យពួកគាត់ទទួលយកសំណងដី ជិត២ដុល្លារក្នុង ១ម៉ែត្រការ៉េនោះ ហើយគំរាមថា បើមិនទទួលយកទេ ទោះបីប្ដឹងដល់ណា ក៏មិនបានលទ្ធផលដែរ ព្រោះអគ្គិសនីកម្ពុជានេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី១០ ខែមិថុនា អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះ កើតឡើងយូរណាស់មកហើយ ហើយគ្រួសារដែលប៉ះពាល់ដោយសារកន្លងមកខាងអគ្គិសនីកម្ពុជា បានព្យាយាម ដោះស្រាយជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារហើយ ពោលគឺនៅសល់តែប្រជាពលរដ្ឋ១១គ្រួសារទៀតប៉ុណ្ណោះ ដែលមិនព្រមទទួលដំណោះស្រាយ តាមគោលនយោបាយ ដែលកំណត់ដោយអគ្គិសនីកម្ពុជា។ លោក គួច ចំរើន បន្ថែមថា ដំណោះស្រាយគោលនយោបាយរបស់អគ្គិសនីកម្ពុជានេះ គឺមានការចូលរួមវាយតម្លៃ ត្រឹមត្រូវពីស្ថាប័នឯករាជ្យ ហើយការដោះស្រាយនេះ គឺមិនអាចដោះស្រាយជូនប្រជាពលរដ្ឋខុសៗ គ្នានោះទេ។
ទន្ទឹមគ្នានេះ លោក គួច ចំរើន ក៏មិនសន្យាថា នឹងដោះស្រាយបញ្ចប់ពេលណានោះទេ។ ផ្ទុយពីការលើកឡើងរបស់អភិបាលខេត្តកំពង់ចាមនេះ តំណាងពលរដ្ឋរងគ្រោះដីធ្លី លើកឡើងថា ប្រជាពលរដ្ឋដែលទទួលយកដំណោះស្រាយកន្លងមក គឺដោយសារតែមានការគំរាមកំហែងនិងបង្ខិតបង្ខំ។ អ្នកស្រី មិត្ត គីមថា បន្តថា លោក គួច ចំរើន កំពុងតែនិយាយបោកប្រាស់ និងកាន់ជើងអគ្គិសនីកម្ពុជា។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បញ្ហា ដីធ្លីនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែសហការគ្នាដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនគួរណារុញច្រានរឿងនេះដាក់គ្នាទៅវិញទៅមកនោះទេ។ លោកបន្ថែមថា ការពន្យារពេលនិងការខ្វះការទទួលខុសត្រូវបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋខាត់ពេលវេលា ប៉ះពាល់ដល់ជីវភាព។ចំណែកស្ថាប័នរដ្ឋាភិបាល នឹងទទួលរងនៅការរិះគន់កាន់តែខ្លាំងថែមទៀត។ «»
ក្រុមប្រជាពលរដ្ឋ ៣០គ្រួសារនៅខេត្តកំពង់ចាម អះអាងថា ប្រសិនបើអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនចេញមុខជួយដោះស្រាយបញ្ចប់នៅមុនការបោះឆ្នោតមកដល់ គឺពួកគាត់ជាមួយសាច់ញាតិទាំងអស់មិនចេញទៅបោះឆ្នោតតាមការអំពាវនាវរបស់គណបក្សកាន់អំណាចឡើយ។ ពួកគាត់លើកហេតុផលថា ទោះបីទៅបោះឆ្នោត ក៏មិនទទួលបានលទ្ធផលគាប់ប្រសើរអ្វីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។