ពលរដ្ឋសហគមន៍ព្រែកខ្សាច់លើកគ្នាទៅសាលាខេត្តកោះកុងនៅថ្ងៃអង្គារ ទី ១៦ តុលានេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តកោះកុងជួយអន្តរាគមន៍ឱ្យមានការដោះលែងតំណាងរបស់ពួកគេមួយរូប ដែលកំពុងជាប់ឃុំ តាមអំណាចសាលក្រមតុលាការខេត្តនេះ ជុំវិញរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់។ មន្ត្រីសិទ្ធិមនុស្សដែលតាមដានរឿងនេះ យល់ថា អាជ្ញាធរគួរតែដោះលែងតំណាងពលរដ្ឋរូបនោះ ដ្បិតវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនបានដោះស្រាយបញ្ចប់រួចទៅហើយ។
តំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ លោកស្រី ថៃ គឹមធុច ថ្លែងប្រាប់អាស៊ីសេរីថា ពលរដ្ឋក្នុងសហគមន៍មិនពេញចិត្តនឹងចំណាត់ការរបស់អាជ្ញាធរទៅលើតំណាងរបស់ពួកគាត់ គឺលោក ហេង សុខ ឡើយ ដ្បិតទំនាស់ដីធ្លីត្រូវបានដោះស្រាយបញ្ចប់រួចទៅហើយ ដូច្នេះអាជ្ញាធរក៏ត្រូវដោះលែងតំណាងរបស់ពួកគាត់ឱ្យមានសេរីភាពវិញដែរ។ លោកស្រីបន្តថា ញត្តិរបស់ក្រុមពលរដ្ឋត្រូវបានមន្ត្រីសាលាខេត្តកោះកុងទទួលយក ប៉ុន្តែមិនមានការសន្យាណាមួយឡើយ៖ «រងភាពអយុត្តិធម៌ខ្លាំង ពីព្រោះគាត់អត់មានទៅធ្វើអ្វីខុសនោះទេ។ គាត់គ្រាន់តែទៅបោះបង្គោលនៅលើដីរបស់គាត់ហ្នឹង តែអាជ្ញាធរមូលដ្ឋានទៅចាប់គាត់បញ្ជូនទៅខេត្តដាក់គុក តាំងពីខែកុម្ភៈរហូតមកដល់ខែ១០ នេះ។ ដល់ពេលអ៊ីចឹងទៅ ប្រជាពលរដ្ឋក៏នាំគ្នាមកគាំទ្រឱ្យជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យជួយដោះលែងលោក ហេង សុខ ហើយនិងជួយពន្លឿនរឿងដីធ្លីនៅសហគមន៍តានី ភ្ញី មាស និងខាងកោះស្ដេច ដែលអាជ្ញាធរខេត្តសន្យាថា ភ្ជុំហើយ នឹងឡើងទៅវាស់វែងឱ្យ តែមកដល់ពេលឥឡូវមិនទាន់ឃើញមកវាស់វែងឱ្យសោះ»។
តំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ចំនួន ២២ គ្រួសារ លោក ហេង សុខ ត្រូវបានតុលាការខេត្តកោះកុង កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៦ខែ និងរងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទប្រព្រឹត្តអំពើហិង្សា។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីចុងខែកុម្ភៈ កន្លងទៅ បន្ទាប់ពីលោកបានទៅបោះបង្គោលកំណត់ព្រំដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន លី យ៉ុងផាត់។ លោកត្រូវបានតំណាងក្រុមហ៊ុនប្តឹងទៅតុលាការពីបទហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យដោយសុចរិត ហើយត្រូវជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ៦ ខែរួចទៅហើយ មុននឹងត្រូវបានផ្ដន្ទាទោស។
សាក្សីដែលជាពលរដ្ឋសហគមន៍ព្រែកខ្សាច់បានប្រាប់អាស៊ីសេរីថា លោក ហេង សុខ មិនបានប្រព្រឹត្តអំពើហិង្សាដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។ ពលរដ្ឋអះអាងថា តំណាងក្រុមហ៊ុនបានប្រាប់ពលរដ្ឋឱ្យទៅបោះបង្គោលលើដី ដែលបានឈូសឆាយរួច ដើម្បីងាយស្រួលដោះស្រាយសំណងតាមគោលនយោបាយដែលបានព្រមព្រៀងគ្នា ក៏ប៉ុន្តែនៅពេលលោក ហេង សុខ បានទៅបោះបង្គោលកំណត់ព្រំដីដែលគាត់ធ្លាប់បានកាន់កាប់នោះ ស្រាប់តែតំណាងក្រុមហ៊ុនបានប្ដឹងគាត់ពីបទហិង្សាទៅវិញ។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន លី យ៉ុងផាត់ បានទេនៅថ្ងៃទី១៦ តុលា ដើម្បីសុំការបកស្រាយអំពីរឿងនេះ។ ក៏ប៉ុន្តែម្ចាស់ LYP Group លោក លី យ៉ុងផាត់ ធ្លាប់បានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីដើមខែមិថុនាថា លោក ហេង សុខ គ្មានដីនៅទីតាំងទំនាស់នោះឡើយ ហើយការប្តឹងតំណាងពលរដ្ឋរូបនេះទៅតុលាការ គឺដើម្បីជាការព្រមានឱ្យរាងចាល និងយល់ពីច្បាប់ទម្លាប់ទៅថ្ងៃក្រោយ។
ម្តាយក្មេករបស់លោក ហេង សុខ លោកស្រី ទិត្យ តេន ថ្លែងថា ការកាត់ទោសកូនរបស់លោកស្រីឱ្យជាប់ពន្ធនាគារនេះ គឺជារឿងអយុត្តិធម៌ ខណៈកូនរបស់លោកស្រីមិនទទួលបានសំណងហើយ បែរជាត្រូវជាប់ពន្ធនាគារទៀត។ លោកស្រីសំណូមពរឱ្យអាជ្ញាធរដោះលែងកូនលោកស្រីឱ្យមានសេរីភាពវិញ៖ «វាមិនយុត្តិធម៌ទេ ពីព្រោះគ្នាផ្ទះសំបែងក៏អត់មាន ដីធ្លីក៏បាត់បង់ ហើយលុយកាក់ក៏អត់បានទទួលជាសំណង ហើយខ្លួនក៏ជាប់ពន្ធនាគារ។ ខ្ញុំថាអយុត្តិធម៌ពេកហើយ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់លោកឧកញ៉ា ឬអភិបាលខេត្ត ឬមេការក្រុមហ៊ុនហ្នឹង សុំជួយរកដំណោះស្រាយ ជួយធ្វើអន្តរាគមន៍រកវិធីដោះស្រាយឱ្យហេង សុខ បានចេញពីពន្ធនាគារ ឱ្យបាននៅក្រៅឃុំ។ ក្រុមគ្រួសាររបស់ខ្ញុំនេះពិបាក ហើយកូនចៅរបស់ លោក ហេង សុខ ពួកគាត់នៅជាមួយខ្ញុំហ្នឹងឯង»។
អ្នកសម្របសម្រួលស្ដីទីអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ថា អាជ្ញាធរគួរតែដោះលែងលោក ហេង សុខ ឱ្យមានសេរីភាពវិញ ដើម្បីកុំឱ្យតំណាងពលរដ្ឋរូបនេះ ត្រូវរងភាពអយុត្តិធម៌ផ្ទួនៗគ្នាបែបនេះ៖ «មានការសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះ ( ស្រាយ ) ជាកញ្ចប់។ កាលណាដោះ ២២ ហ្នឹងចប់ហើយ លោក ហេង សុខ ក៏ត្រូវតែបានអន្តរាគមន៍ឱ្យមានការដោះលែងពីពន្ធនាគារដែរ។ យើងឃើញថាឲ ប្រជាពលរដ្ឋទាំង ២២ គ្រួសារហ្នឹង គឺទទួលបានសំណងគ្រប់គ្នាហើយ អ៊ីចឹងហេតុអ្វីបានជាត្រូវទុកឱ្យលោក ហេង សុខ ដែលជាតំណាង នៅបន្តជាប់ពន្ធនាគារតទៅទៀត ? ដូច្នេះអភិបាលខេត្តគួរតែអន្តរាគមន៍ឱ្យមានការដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ កុំឱ្យមានភាពអយុត្តិធម៌ខ្លាំងពេក។ គាត់ជាតំណាង ដល់ពេល សមាជិករបស់ខ្លួនទទួលបានសំណងគ្រប់គ្នាអស់ហើយ គាត់មិនទទួលបានសំណងហើយ បែរជាត្រូវជាប់ពន្ធនាគារបន្តទៅទៀត»។
ពលរដ្ឋសហគមន៍ព្រែកខ្សាច់អះអាងថា ប្រសិនបើអាជ្ញាធរខេត្តមិនជួយអន្តរាគមន៍ឱ្យមានការដោះលែងលោក ហេង សុខ ទេ នោះពួកគាត់នឹងលើកគ្នាទៅតវ៉ាដល់ទីក្រុងភ្នំពេញបន្តទៀត ដើម្បីកុំឱ្យតំណាងរបស់ពួកគាត់ត្រូវជាប់ឃុំដោយអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនលី យ៉ុងផាត់នេះ។
កាលពីពេលកន្លងទៅ អង្គការឃ្លាំមើលពិភពលោកGlobal Witness បានស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ឧកញ៉ាចំនួន ៤ រូប ដែលល្បីខាងរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិខ្មែរ និងអំពើរត់ពន្ធ ចូលទៅក្នុងបញ្ជីខ្មៅដើម្បីដាក់ទណ្ឌកម្ម។ ក្នុងចំណោម ឧកញ៉ាទាំង ៤ រូបនោះ មាន ៣ នាក់ គឺជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា រួមមាន លោក ម៉ុង ឫទ្ធី លោក ឡៅ ម៉េងឃីន និងលោក លី យ៉ុងផាត់។ ចំណែកឧកញ៉ាម្នាក់ទៀតនោះ គឺលោក ទ្រី ភាព ដែលល្បីខាងកាប់ឈើពេញស្រុកខ្មែរ។
លោក លី យ៉ុងផាត់ គឺជាម្ចាស់ទូរទស្សន៍ PNN ម្ចាស់ក្រុមហ៊ុន LYP Group ម្ចាស់កាស៊ីណូជាច្រើនកន្លែង ជាអ្នករកស៊ីនាំចេញខ្សាច់ពីខេត្តកោះកុងទៅក្រៅប្រទេស និងជាម្ចាស់មុខជំនួញជាច្រើនទៀតនៅស្រុកខ្មែរ។ លោកត្រូវបានដាក់បញ្ជូលក្នុងបញ្ជីខ្មៅ ដោយសារតែក្រុមហ៊ុនស្ករអំពៅ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរបស់លោក ធ្វើឲ្យពលរដ្ឋរាប់ពាន់គ្រួសារបាត់បង់ដីធ្លី និងផ្ទះសម្បែង តាមរយៈការបណ្តេញចេញដោយបង្ខំ ដើម្បីយកដីឲ្យលោកកាន់កាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។