ប្រជាពលរដ្ឋ២៦គ្រួសារមកពីខេត្តកោះកុង នៅថ្ងៃទី២៦ មីនា សម្រេចដាក់ញត្តិជាថ្មីនៅក្រសួងរៀបចំដែនដី ដើម្បីស្នើឱ្យស្ថាប័នរដ្ឋមួយនេះ ជួយពន្លឿនដំណោះស្រាយឱ្យពួកគាត់ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប ( Union Development Group Co.,Ltd)។ អង្គការសង្គមស៊ីវិល ស្នើឱ្យក្រសួងរៀបចំដែនដី គួរដោះស្រាយបញ្ចប់ជម្លោះឱ្យពលរដ្ឋទាំងអស់៧៧គ្រួសារ មិនគួរដោះស្រាយឱ្យពលរដ្ឋមួយចំនួន ហើយទុកចោលពលរដ្ឋមួយចំនួនទៀតនោះឡើយ។
តំណាងសហគមន៍កោះស្ដេច ខេត្តកោះកុង លោកស្រី សាំង ពុយ ថ្លែងឱ្យដឹងថា មន្ត្រីក្រសួងរៀបចំដែនដី ដែលទទួលញត្តិពីពួកគាត់២៦គ្រួសារ តម្រូវឱ្យពលរដ្ឋត្រូវដាក់ញត្តិជាថ្មី ដោយបញ្ជាក់ឱ្យច្បាស់លាស់អំពីទីកន្លែងរស់នៅ និងទំហំដីដែលកាន់កាប់។
លោកស្រី សាំង ពុយ បន្តថា ពលរដ្ឋដែលឡើងមករកដំណោះស្រាយពីស្ថាប័នរដ្ឋនៅពេលនេះ មាន២៦គ្រួសារ គិតជាផ្ទៃដីរួមមានជាង ៤៣០ហិកតារ ចំណែកពលរដ្ឋ៥១គ្រួសារទៀត នឹងឡើងមកដាក់ញត្តិជាថ្មីនៅពេលខាងមុខ។ តំណាងពលរដ្ឋរូបនេះ រំពឹងថា ការដាក់ញត្តិលើកទី១១នេះ ក្រសួងរៀបចំដែនដីនឹងផ្ដល់ដំណោះស្រាយឱ្យពួកគាត់ ក្នុងពេលឆាប់ៗខាងមុខនេះ ៖ «យើងសង្ឃឹម ... បាន» ។
អាស៊ីសេរី បានព្យាយាមសុំការឆ្លើយបំភ្លឺអំពីដំណោះស្រាយសម្រាប់ពលរដ្ឋនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ឱ្យដឹងថា ពលរដ្ឋ២៦គ្រួសារដែលតែងតែចេញមុខតវ៉ានេះ គឺជាតំណាងពលរដ្ឋទាំងអស់៧៧គ្រួសារ។ លោក ហ៊ួ អ៊ីន យល់ថា ប្រសិនបើក្រសួងដែនដី ដោះស្រាយឱ្យពលរដ្ឋណាដែលឡើងទៅដាក់ញត្តិនៅក្រសួង ចំណែកពលរដ្ឋផ្សេងទៀតដែលគ្មានលទ្ធភាពធ្វើដំណើរទៅភ្នំពេញ មិនដោះស្រាយឱ្យ នោះមិនអាចបញ្ចប់ជម្លោះបានទាំងស្រុងទេ ៖ «ជាដំណោះស្រាយ ... ជា សុផារ៉ា» ។
ក្រុមប្រជាពលរដ្ឋដែលមកពីខេត្តកោះកុង បានទៅស្វែងរកដំណោះស្រាយពីក្រសួងបរិស្ថាន កាលពីម្សិលមិញ ថ្ងៃទី២៥ មីនា ប៉ុន្តែមិនទទួលការសន្យាជាក់លាក់ណាមួយ ពីមន្ត្រីក្រសួងនេះ ថានឹងចុះដោះស្រាយឱ្យពួកគាត់នៅពេលណានោះទេ។
ដើម្បីឱ្យមានភាពយុត្តិធម៌និងតម្លាភាពក្នុងការបញ្ចប់ជម្លោះដីធ្លីនេះ អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើដល់ក្រសួងរៀបចំដែនដី គួរចុះសិក្សាស្រាវជ្រាវ ដោយផ្ទាល់ពីទីតាំងប្រជាពលរដ្ឋរស់នៅ និងផលប៉ះពាល់ដីធ្លីរបស់ពួកគាត់ ដែលកើតចេញពីការសម្បទានដីជាង៤ម៉ឺន៥ពាន់ហិកតារ ឱ្យទៅក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ជាង១០ឆ្នាំមកនេះ។ សង្គមស៊ីវិលយល់ថា ប្រសិនបើភាគីក្រុមហ៊ុនមិនអាចផ្ដល់សំណងឱ្យពលរដ្ឋទៅតាមតម្លៃទីផ្សារ ក្នុងការទិញលក់ដីបានទេ អន្តរក្រសួងដែលមានក្រសួងបរិស្ថាន និងក្រសួងដែនដី គួរកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួនជាង៤ម៉ឺន៥ពាន់ហិកតារ (៤៥.១០០) ពីរបបក្រុងភ្នំពេញ កាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់ជិត ៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។ គម្រោងទីក្រុងទេសចរណ៍ធំសម្បើមមួយនេះ កំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង ដោយអាចប្រើពេល ២៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។
គម្រោងអភិវឌ្ឍនេះ បានបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរជាង ១ពាន់គ្រួសារ រងការបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ គិតមកដល់ពេលនេះ អង្គការសង្គមស៊ីវិលអង្កេតឃើញថា ក្រុមហ៊ុន ចិន យូញៀន មានការអភិវឌ្ឍន៍តិចតួច លើផ្ទៃជាង៤ម៉ឺនហិកតារដែលរដ្ឋសម្បទានផ្ដល់ឱ្យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។