សហគមន៍ជនជាតិដើមភាគតិចជាង១ពាន់៥រយគ្រួសារនៅខេត្តរតនគិរី និងក្រុមអង្គការសង្គមស៊ីវិលសាទរចំពោះការប្រកាសជំហរជាថ្មីទៀតទាក់ទិនគម្រោងកាត់ឆ្វៀលតំបន់មួយចំនួន ដែលក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) របស់វៀតណាមរំលោភយក ប្រគល់ជូនសហគមន៍វិញ។ សហគមន៍ ១២ភូមិ រស់នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ចោទក្រុមហ៊ុននេះថា បានរំលោភព្រៃអារក្ស និងឈូសឆាយព្រៃដែលជាកន្លែងជនជាតិដើមភាគតិចគោរពបូជាទ្រង់ទ្រាយធំ។
រហូតមកដល់ពេលនេះ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តជាប់ព្រំដែនវៀតណាមមួយនេះ នៅមិនទាន់ទទួលបានដីជាក់ស្ដែងពីក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ ដែលប្រកាសកាត់ឆ្វៀលប្រគល់ឱ្យពួកគេវិញនៅឡើយទេ។
សហគមន៍ជនជាតិដើមភាគតិចដែលមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនហ័ង អាញ់ យ៉ាឡាយ របស់វៀតណាមនៅតែបន្តទាមទារដីព្រៃអារក្សតំបន់ទឹកអូរធម្មជាតិព្រៃចម្ការវិលជុំ តំបន់ភ្នំ និងដីព្រៃកប់សព ដែលក្រុមហ៊ុននេះបានរំលោភយកជិត ១០ ឆ្នាំមកហើយ។ សហគមន៍ថា ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ទៀត បានបំពានសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ឈូសឆាយព្រៃអាស្រ័យផល និងលុបអូរធម្មជាតិធ្វើឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចជនជាតិដើមភាគតិចទាំងមូល។
តំណាងសហគមន៍រស់ភូមិកាក់ ឃុំតាឡាវ លោក សេវ ស៊ើន ឱ្យដឹងនៅថ្ងៃទី៤ មីនា ថា ក្រុមហ៊ុននេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច រួមមានបាត់បង់ព្រៃអាស្រ័យផល កន្លែងឃ្វាលគោក្របី ព្រៃអារក្ស និងព្រៃកប់សពជាដើម។ អ្នកភូមិបានស្រែកតវ៉ា ជិត១០ឆ្នាំមកហើយ ក្នុងបំណងឱ្យក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ ទទួលខុសត្រូវ និងស្ដារប្រភពទឹកអូរធម្មជាតិឡើងវិញ។ លោកថា មកទល់ពេលនេះអាជ្ញាធរនៅមិនទាន់បង្ហាញទីតាំងតំបន់ដែលត្រូវកាត់ឆ្វៀលចេញពីក្រុមហ៊ុននៅឡើយទេ ក្រោយពីអាជ្ញាធរខេត្ត បានបើកវេទិកាសម្របសម្រួលដោះស្រាយរវាងក្រុមហ៊ុនវៀតណាមជាមួយអ្នកភូមិ ទាក់ទិនគម្រោងកាត់ផ្ដាច់ ព្រៃអារក្សប្រគល់ជូនសហគមន៍វិញ កាលពីពេលថ្មីៗនេះ៖ «ដីភ្នំអារក្ស ទី២ ដីច្របទំនៀមទម្លាប់រកបន្លែស្រស់ ទី៣ តំបន់រកស៊ីដូចអូរលុបអស់ ហើយកិច្ចសន្យាដែលថា ធានាកាយអូរឡើងវិញ ក៏ប៉ុន្តែតាំងពីឆ្នាំ ២០១៥ មិនឃើញកាយ។ សហគមន៍តវ៉ារហូត តែក្រុមហ៊ុនមិនស្ដាប់ទេ»។
តំណាងសហគមន៍រស់នៅឃុំតាឡាវ ស្រុកអណ្តូងមាស លោក រមាម ប៉េវ សង្កេតឃើញថាកំហុសជាច្រើនដែលក្រុមហ៊ុនវៀតណាមធ្វើខុសកិច្ចសន្យាវិនិយោគ និងមិនបានកាត់ឆ្វៀលផលប៉ះពាល់ចេញជារូបមន្តស្បែកខ្លានោះទេ។ លោកថា សហគមន៍បានប្ដឹងក្រុមហ៊ុននេះទៅអាជ្ញាធរពាក់ព័ន្ធ តាំងពីឆ្នាំ២០១៤ ករណីក្រុមហ៊ុនឈូសឆាយបំផ្លាញព្រៃកប់សពព្រៃអារក្ស លុបអូរធម្មជាតិនិង បិទផ្លូវ តែគ្មានលទ្ធផល៖ «គេវាយតម្លៃគេថា គេថាប្រើរូបមន្តស្បែកខ្លា កន្លែងផ្នូរខ្មោចអី គេឆ្វៀលចោល ហើយភូមិចាស់គេឆ្វៀលចោល កន្លែងព្រៃអារក្សគេឆ្វៀលចោល តែគេចុះអនុវត្តពិតប្រាកដ គេអត់ធ្វើតាមហ្នឹងផង។ ឥឡូវមានស្អីអូរតូចៗ គេលុបចោលដដែលហ្នឹង»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ ដើម្បីសុំការបំភ្លឺជុំវិញការលើកឡើងនេះបាននៅឡើយទេនៅថ្ងៃទី៤ មេសា។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត ប្រាប់អាស៊ីសេរីថា មកទល់ពេលនេះនៅមិនទាន់កាត់ឆ្វៀលដីចេញពីក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ ប្រគល់ជូនសហគមន៍នៅឡើយទេ។ លើសពីនេះ តំណាងសហគមន៍ និងក្រុមហ៊ុនកំពុងសម្របសម្រួលគ្នាដោះស្រាយរឿងនេះ។ លោកថា ការសម្របសម្រួលដោះស្រាយបញ្ហានេះបានឯកភាពគ្នាចំណុចមួយចំនួន និងមានចំណុចខ្លះមិនស្របគ្នា ហើយអាជ្ញាធរខេត្តបានស្នើទៅក្រសួងពាក់ព័ន្ធ និងអាជ្ញាធរជាតិឱ្យដោះស្រាយបន្ត។ លោកបញ្ជាក់ថា តំណាងសហគមន៍ អាជ្ញាធរ និងក្រុមហ៊ុនបានចុះវាស់វែងកំណត់តំបន់ដែលមិនទាន់ឯកភាពគ្នារួចហើយ និងត្រៀមស្នើទៅក្រសួងពាក់ព័ន្ធដោះស្រាយ៖ «រដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រាន់តែជាអ្នកសម្របសម្រួល ដើម្បីឱ្យមានការយល់គ្នារវៀងក្រុមហ៊ុន និងសហគមន៍ ហើយកាលណាយល់គ្នាកម្រិតណាមួយហើយ គឺខេត្ត និងអាជ្ញាធរដែនដី នឹងធ្វើសំណើ យោងតាមឯកភាពគ្នាដើម្បីឱ្យក្រសួងពាក់ព័ន្ធគាត់ជ្រាបរឿងហ្នឹង ហើយក្រសួងពាក់ព័ន្ធហ្នឹង គាត់យល់ឃើញថា អាហ្នឹងជាការស្នើសុំសមស្រប គួរកាត់ឬមិនកាត់យ៉ាងណា ទាល់តែក្រុមជំនាញរបស់គាត់មកជាក់ស្ដែងមួយទៀត»។
ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ មានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួនបីទៀតរួមមានក្រុមហ៊ុន CRD ក្រុមហ៊ុនហេង ប្រាឌ័រ ( HENG BRODER) និង ក្រុមហ៊ុនហ័ងអាញ់ អូរយ៉ាដាវ។ ក្រុមហ៊ុននេះទទួលសិទ្ធិវិនិយោគលើផ្ទៃដីជាង ១ម៉ឺន ៨ពាន់ហិកតារ តាំងពីឆ្នាំ២០១០ រយៈពេល ៥០ ឆ្នាំឋិតនៅស្រុកអណ្តូងមាស និងអូរជុំ របស់ខេត្តរតនគិរី។
ប្រធានអង្គការខ្មែរលើ លោកស្រី ដាំ ចន្ធី សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធខេត្តរតនគិរីបានចុះប្រមូលព័ត៌មានរួមទាំងក្តីកង្វល់របស់សហគមន៍ និងបានបើកវេទិកាពិគ្រោះយោបល់ ដែលមានតំណាងសហគមន៍ និងក្រុមហ៊ុនចូលរួមពិភាក្សា ក្នុងបំណងសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ លោកស្រីថាអង្គការសង្គមស៊ីវិលចំនួន ៣ស្ថាប័ន កំពុងចាំអ៊ុតមើលការដោះស្រាយបហានេះ របស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិ៖ «ខ្ញុំឃើញអាជ្ញាធរកំពុងខ្នះខ្នែង ព្រោះអីគាត់បានប្រមូលព័ត៌មានហើយ គាត់ចាំមើលក្រសួងសម្រេចយ៉ាងម៉េចអីចឹង។ ព័ត៌មានពីផលប៉ះពាល់គាត់បានប្រមូលអស់រលីងហើយ ប៉ុន្តែនៅការសម្រេចចិត្ត របស់ក្រសួង ក្នុងនាមអង្គការសង្គមស៊ីវិល ដែលគាំទ្រអ្នកភូមិយើងក៏ចាំមើលដែរ»។
តំណាងសហគមន៍បន្ថែមថា អភិបាលខេត្តរតនគិរីបានស្នើទៅក្រសួងកសិកម្ម និងក្រសួងបរិស្ថានកាត់ឆ្វៀលតំបន់មានជម្លោះជាង៦០កន្លែង រួមមាន តំបន់ភ្នំដីចម្ការវិលជុំ ព្រៃអារក្សកន្លែងកប់សព កន្លែងឃ្វាលគោក្របី និង តំបន់ប្រភពទឹកអូរធម្មជាតិដែលជាកន្លែងដែលសហគមន៍អាស្រ័យផលប្រគល់ជូនពលរដ្ឋវិញ។ អ្នកភូមិថា ព្រៃស្រោង និងព្រៃអារក្សដែលពួកគេបានគោរពបូជាបានក្លាយជាចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមអស់ស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។