មេធាវី​ការពារ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ១៤នាក់ ស្នើសុំ​តុលាការ​ខេត្ត​ព្រះ​វិហារ​ឲ្យ​ដោះ​លែង​ពួក​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

0:00 / 0:00

ក្រុម​មេធាវី​នៃ​អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ស្នើ​សុំ​នៅ​ក្រៅ​បណ្ដោះអាសន្ន ចំពោះ​ពលរដ្ឋ​ ១៤នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ​១ខែ​មក​ហើយ ក្នុង​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ មេត្រីភាព នៅ​​ស្រុក​​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។ ចំណែក​ខាង​ក្រុម​គ្រួសារ​ពួកគាត់ ក៏​ទទូច​ស្នើ​សុំ​តុលាការ​ ដោះ​លែង​អ្នក​ភូមិ​ទាំង​នោះ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​វិហារ លោក ឡោ ចាន់ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​មេធាវី​ម្នាក់​មក​ពី​សមាគម ​អាដហុក (ADHOC) និង​ម្នាក់​ទៀត​មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLAC) បាន​ដាក់​បណ្ដឹង​​ស្នើ​សុំ​​តុលាការ​ខេត្ត​ព្រះ​វិហារ ជាង​សប្ដាហ៍​មក​ហើយ នៅ​មិន​ទាន់​មាន​ការ​ពី​ឆ្លើយ​តប​ពី​មន្ត្រី​តុលាការ​នៅឡើយ រឿង​ស្នើសុំ​​ដោះ​លែង​ពលរដ្ឋ​១៤នាក់​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​មេ​គ្រួសារ ​ឃុំ​ខ្លួន​មក​ដល់​ពេល​នេះ បង្ក​ឲ្យ​ក្រុម​គ្រួសារ​ពួក​គាត់​ជួប​ការ​លំបាក​ជា​ខ្លាំង​។ លោក ឡោ ចាន់ យល់​ថា តុលាការ​ អាច​ដាក់​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ ស្ថិត​ក្រោម​ត្រួត​ពិនិត្យ​របស់​តុលាការ​បាន៖ «បើ​សិន​ជា​បន្ត​នៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ពួកគាត់​នុះ​ធ្វើ​ឲ្យ​ចំណូល ក៏​ដូចជា​ជីវភាព​ក្រុម​គ្រួសារ​គាត់​ដែល​កំពុង​រស់​នៅ ធ្វើ​ឲ្យ​បាត់​បង់​ចំណូល ហើយ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ហើយ​ជា​ពិសេស​មួយ​ទៀត ក៏​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ក្មេងៗ ផង​ដែរ ពី​ព្រោះ​នៅ​ពេល​ដែល​មេ​គ្រួសារ​នីមួយៗ ពុំ​មាន​លុយ​កាក់​ចាយ ឬ​ក៏​ចំណូល​ក្នុង​គ្រួសារ​ គឺ​គាត់​អាច​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​សិក្សា ក៏​ដូចជា​ជីវភាព​របស់​ពួកគាត់»។

លោកស្រី ឃុត រ៉ា ​ដែល​ត្រូវ​ជា​កូន​ប្រសា​ស្រី​របស់​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​បាត់​ខ្លួន ចាត់​ទុក​ថា សកម្មភាព​របស់​ក្រុមទាហាន​និង​មន្ត្រី​បរិស្ថាន ដែល​ចាប់​ប្ដី​លោកស្រី ឈ្មោះ ម៉ឺន មឿន វ័យ ២៦ឆ្នាំ យក​ទៅ​ឃុំ​ខ្លួន​ជាង​ ១ខែ​កន្លះ​មកនេះ ថា​ជា​រឿង​អយុត្តិធម៌​ និង​មិន​អាច​ទទួល​បាន។ លោកស្រី​ស្នើ​សុំ​តុលាការ​ខត្ត​ព្រះវិហារ ដោះ​លែង​ពលរដ្ឋ​ឲ្យ​មាន​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ជីវភាព​ពួក​គាត់​សព្វថ្ងៃ​នេះ កំពុង​ប្រឈម​និង​ការ​ខ្វះខាត​ជា​ខ្លាំង ខណៈ​ប្ដី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​ឪពុក​នៅតែ​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ៖ «បើ​សិន​ជា​គាត់​បំផ្លាញ​ព្រៃ​ឈើ​បរិស្ថាន កាប់​ឆ្ការ។ អា​ហ្នឹង​ ខ្ញុំ​អត់​ថា ទេ​បង។ តែ​នេះ​គាត់​បើក​គោយន្ត​បើក​ឥវ៉ាន់​ធម្មតា នៅ​លើ​ផ្លូវ​ហើយ​គាត់​ចាប់​ស្ទាក់​វាយ ចាប់​យក​ទៅ​ ហើយ​គាត់​ចោទ​ថា​បរិស្ថាន។ ខ្ញុំ​អត់​ដឹង​ថា ច្បាប់​ចែង​ធ្វើ​មិច។ សូម​សំណូម​ពរ​ ឲ្យ​គាត់​ហ្នឹង ដោះ​លែង​ប្ដី​ខ្ញុំ​មក ហើយ​នឹង​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្នុង​ហ្នឹង​ទៅ។ បើ​គាត់​ចេញ​ដីកា​មិន​ព្រម​ដោះលែង​អ៊ីចឹង ប្រុង​គិត​មិច។ គាត់​ចង់​គិត​យ៉ាង​តទៅ​ទៀត។ អ៊ីចឹង !​ យុត្តិធម៌​លើ​លោក​នេះ មាន​ឬ​អត់ សម្រាប់​ប្រជាជន​ដែល​គ្នា​អត់ គ្នា​ខ្សត់ខ្សោយ​នេះ។ ឬ​មួយ​ក៏​ចង់​ជាន់​ប្រជាជន​ឲ្យ​លិច​ស្លាប់​នៅ​ក្នុង​ដី​តែម្ដង»។

ទោះបី​ជា​យ៉ាងណា ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ បដិសេធ​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី រឿង​ឃុំ​ខ្លួន​ពលរដ្ឋ ១៥​នាក់ ដែល​មាន​ម្នាក់​បាត់​ខ្លួន​នោះ​ទេ៖ «ប៉ុន​ហ្នឹង​ចុះ ខ្ញុំ​ជាប់​កិច្ច​ការងារ​អី ​មាន​រឿង​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ច្បាប់ មក​តុលាការ​មក។ អា​ហ្នឹង​បាន​ត​ទល់​គ្នា​ចំពោះ​មុខ​ច្បាប់»។

ប៉ុន្តែ មន្ត្រី​តុលាការ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​នោះ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឡើយ ព្រោះ​ថា​ករណី​នេះ តុលាការ​សម្រេច​ឃុំ​ខ្លួន​ពួកគេ ​ពាក់ព័ន្ធ​បទ​ល្មើស​បរិស្ថាន មិន​មែន​ពាក់​ព័ន្ធ​ជម្លោះ​ដីធ្លី​នោះ​ទេ។ លោក ទី សុវិនថាល់ ក៏​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​ជន​ណា​ ដែល​លោក​យល់​ថា បាន​ផ្ដល់​យោបល់​ឲ្យ​ពលរដ្ឋ​ម្នាក់​រត់​គេច​ខ្លួន ដើម្បី​ទម្លាក់​កំហុស​លើ​អាជ្ញាធរ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក លោក ឡោ ចាន់​ឲ្យដឹង​ថា ក្រុម​មេធាវី​ការ​ពារ​ឲ្យ​ពលរដ្ឋ​នឹង​បន្ត​នីតិវិធី​ ដោយ​ដាក់ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ទៅ​តាម​នីតិវិធី។

កាល​ពី​ខែ​មករា ក្រុម​ទាហាន​នៅ​កងពលតូច​លេខ ៦ ដែល​ឈរ​ជើង​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន ​មេត្រី​ភាព បាន​ចាប់​ខ្លួន​ពលរដ្ឋ​ ១៥​នាក់ ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ពលរដ្ឋ​ទាំង​នោះ​បាន​ដឹក​នាំ​អ្នក​ភូមិ​តវ៉ា​រឿង​វិវាទ​ដី​ជាមួយ​ក្រុមហ៊ុន នៅ​ក្នុង​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។ ក្នុង​ចំណោម​ពលរដ្ឋ​១៥ នាក់ ដែល​ក្រុម​ទាហាន​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នោះ មាន​ម្នាក់​បាត់​ខ្លួន​ម្នាក់​ នៅ​មិន​ទាន់​រក​ឃើញ​រហូត​មក​ដល់​ពេល​នេះ ឈ្មោះ សំ ម៉ឺន វ័យ ៥៤ឆ្នាំ។ ក្រុម​ហ៊ុន​ មេត្រី​ភាព បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​វិនិយោគ​ទៅ​លើ​វិស័យ​កសិ-ឧស្សាហកម្ម និង​ចិញ្ចឹម​សត្វ លើ​ផ្ទៃ ៨.៥០០​ហិកតារ។ មក​ដល់​ពេល​នេះ​ ពលរដ្ឋ​អះអាង​ថា ពួក​គាត់​នៅ​មិន​ទាន់​ឃើញ ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍន៍​ដី​ធ្លី​ដែល​រដ្ឋ​សម្បទាន​ឲ្យ​នៅ​ឡើយ បែរ​ជា​បន្ត​ឈូស​ឆាយ​ដីចម្ការ ផល​ដំណាំ​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ និង​បន្ត​ចុះ​ដុត​ខ្ទម​នឹង​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។