តំណាង​សហគមន៍​ឡ​ពាង​នឹង​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​លើ​បណ្ដឹង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី​ទទួល​ស្គាល់​ដី

ពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់​នៃ​សហគមន៍​ឡ​ពាង នឹង​ធ្វើ​ដំណើរ​មក​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៨ មករា ដើម្បី​លើកទឹកចិត្ត​តំណាង​របស់​ពួកគេ ៣​នាក់ ចូល​បំភ្លឺ​រឿង​ដីធ្លី ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជាង ១៨​ឆ្នាំ​មកនេះ។

តំណាង​ពលរដ្ឋ ២២​គ្រួសារ លោកស្រី កែវ វណ្ណៈ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មករា​ថា ពួកគាត់​នឹង​ចូល​តតាំង​ក្ដី​ជាមួយ​ភាគី​ក្រុមហ៊ុន​របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលស្គាល់​ដីធ្លី​ពួកគាត់។ លោកស្រី​បញ្ជាក់​ថា ទឹកប្រាក់​ដែល​ពលរដ្ឋ​ទទួល​បាន​ពី​ក្រុមហ៊ុន កាល​ខែ​មេសា ឆ្នាំ​២០១៤ នៅ​សាលាស្រុក​រលាប្អៀរ មិនមែន​ជា​ការ​ព្រមព្រៀង​គ្នា​ទិញ​លក់​ដី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ឡើយ គឺជា​ប្រាក់​ដែល​ក្រុមហ៊ុន​ឱ្យ​ពលរដ្ឋ​យក​មក​ធ្វើបុណ្យ៖ «ខ្ញុំ​ចង់​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ ពីព្រោះ​ថ្ងៃ​ដោះស្រាយ​វិវាទ​ដីធ្លី​និយាយ​ពី​រឿង​ដី ដល់ពេល​ទៅដល់​សាលាស្រុក បែរជា​និយាយ​ពី​រឿង​គោលនយោបាយ។ ជំទាវ​បាន​បញ្ជាក់​ទៀត​ថា ពួក​ខ្ញុំ​អត់​មាន​ដី​ទេ អ៊ីចឹង ខ្ញុំ​សុំ​ឱ្យ​តុលាការ​រក​ឱ្យ​ខ្ញុំ​ថា ខ្ញុំ​មាន​ដី។ ខ្ញុំ​សុំ​ឱ្យ​ជំទាវ​ហ្នឹង ទទួលស្គាល់​ដី​ខ្ញុំ ឱ្យ​ពិតប្រាកដ។ ហើយ​ដែល​គាត់​ឱ្យ​ពួក​ខ្ញុំ​ហ្នឹង ក៏​មិន​លុយ​ដី​ដែរ» ។

បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ប្ដឹង​ក្រុមហ៊ុន​ដែល​រំលោភ​យក​ដីធ្លី​ពួកគាត់ ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បង្វែរ​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។ ពលរដ្ឋ​នៅ​សហគមន៍​ឡពាង រំពឹង ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុងភ្នំពេញ នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​ពួកគាត់ លើ​សំណុំ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ។ ករណី​ជម្លោះដីធ្លី​នេះ បាន​កក្រើក​ឡើងវិញ នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ គឺ​នៅ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់ ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​អ្នកភូមិ​អះអាង​ថា កំពុង​មាន​ជម្លោះ​ជាមួយ​ពួកគាត់។ ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ភាគី​ក្រុមហ៊ុន​ដែល​ម្ចាស់​ជា​ភរិយា​របស់​លោក ស៊ុយ សែន រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នោះ បាន​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ មាន​ទាំង​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​ផង ដើម្បី​អោយ​បាន​ដី​ដែល​មាន​ទំនាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។