សហគមន៍ឡពាងដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ជួបជុំគ្នា រំលឹកខួប១៣ឆ្នាំ នៃការបណ្ដេញពលរដ្ឋចេញលំនៅឋាន។ ពួកគាត់ធ្វើពិធីបួងសួង និងដាក់បណ្ដាសាចំពោះជនណា ដែលមករំលោភយក ដីស្រែចម្ការរបស់ពួកគាត់ ដោយមិនផ្ដល់សំណងសមរម្យ។ អង្គការសង្គមស៊ីវិលដែលតាមដានករណីជម្លោះដីធ្លីនៅភូមិឡពាង យល់ថាការអូសបន្លាយពេលវេលាមិនដោះស្រាយ ឬផ្ដល់សំណងដល់ពលរដ្ឋនេះ ដោយសារអាជ្ញាធរមិនមានជំហរច្បាស់លាស់ក្នុងការបញ្ចប់ជម្លោះ ហើយសម្របសម្រួលទៅតាមការចង់បានរបស់ក្រុមហ៊ុន។
ប្រជាពលរដ្ឋ ៥២គ្រួសារ ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នាំគ្នាធ្វើពិធីដាក់បណ្ដាសា ដោយមានដុតរូបទីមោង នៅមុខប្រសាទទួលក្រសាំង ស្ថិតក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អ្នកភូមិឡពាង តែងធ្វើពិធីនេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីដីស្រែចម្ការ ផ្ទះសម្បែងរបស់ពួកគេ ត្រូវបានក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រំលោភយកកាលពីឆ្នាំ២០០៨។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ប្រាប់អាស៊ីសេរីថា ការជួបជុំគ្នាធ្វើពិធីដាក់បណ្ដាសា នៅថ្ងៃពុធ ទី ៩ មករា មានការសួរនាំច្រើន ពីមេភូមិឡពាង ថាតើមានបានជូនដំណឹង ឬសុំច្បាប់ពីសាលាឃុំហើយឬនៅ។ ទោះបីជាជួបបញ្ហាយ៉ាងនេះក្ដី អ្នកភូមិឡពាង នៅតែបន្តធ្វើពិធីនេះរហូតដល់ចប់។ លោកស្រី អ៊ុំ សុភី លើកឡើងថា ជាង១៣ឆ្នាំមកនេះ ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនិងភាគីក្រុមហ៊ុននៅឡើយ។ ដំណោះស្រាយដែលអ្នកភូមិឡពាង ចង់បាន គឺការប្រគល់សងដីធ្លីស្រែចម្ការមកឲ្យពួកគាត់វិញ បើមិនប្រគល់សងវិញទេ ភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី ត្រូវផ្ដល់ជាទឹកប្រាក់ឲ្យពលរដ្ឋ ទៅតាមតម្លៃទីផ្សារនៃការលក់ដូរដីធ្លី៖ «សភាពគ្រួសាររបស់ពួកខ្ញុំអត់មានអីរីកចម្រើន ហើយសំខាន់រាល់ថ្ងៃនេះ បុរសៗ ទៅរកស៊ីនៅថៃអស់ហើយ នៅតែស្រីៗ នៅចាំផ្ទះ ដោយសារតែដីរបស់យើង បាត់បង់អស់អាលីងហើយ ហើយក្រុមហ៊ុនធ្វើរបងព័ទ្ធជិតគ្នា ពួកខ្ញុំចូលអត់កើតទេ ចូលធ្វើស្រែអត់កើតទេ។ អញ្ចឹងខ្ញុំសូមបញ្ជូនសារទៅដល់រដ្ឋាភិបាលក្ដី អាជ្ញាធរក្ដី ដល់អ្នកពាក់ព័ន្ធទាំងអស់ មកដោះស្រាយឲ្យពួកខ្ញុំមក។ ពួកខ្ញុំចង់បានដំណោះស្រាយសម្រាប់ពួកខ្ញុំ។ បើតម្លៃទីផ្សារមិនបានទេ ប្រគល់ដីមកឲ្យពួកខ្ញុំវិញ បើថាដីរបស់ពួកខ្ញុំថោក ខ្ញុំត្រូវការដីរបស់ពួកខ្ញុំត្រលប់មកវិញ ដើម្បីធ្វើស្រែ»។
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ មេភូមិឡពាង លោក ឌុច ប៊ុនហេង ប្រាប់អាស៊ីសេរីថា លោកមិនបានហាមឃាត់អ្នកភូមិ មិនឲ្យធ្វើពិធីនោះទេ ប៉ុន្តែការសួរនាំនោះ លោកគ្រាន់តែចង់ដឹងពីគោលបំណងពិតនៃការធ្វើពិធីតែប៉ុណ្ណោះ៖ «ខ្ទង់៣០នាក់បាទ។ ទី១ខ្ញុំមើលតួលេខរបស់គាត់ ការចូលរួមរបស់គាត់មានគ្នាប៉ុន្មាននាក់ អ៊ីចឹង។ ណាមួយការប្រារព្ធរបស់គាត់អត់មានសុំច្បាប់ទេ ប៉ុន្តែបើខ្ញុំឃាត់ក៏បានដែរ។ ខ្ញុំមិនឃាត់ទេ ណាមួយគាត់ធ្វើហើយ ឲ្យគាត់ធ្វើទៅចុះ អ្នកភូមិ។ អត់ទៅឃាត់ឃាំងគាត់ទេ។ បើឃាត់មិចកម្មវិធីគាត់ធ្វើបាន ខ្ញុំដឹងតែបិទបាត់ហើយ។ គាត់ធ្វើកម្មវិធីគាត់ដុតទីងមោងអីចឹង ទី១ ខ្ញុំចង់ដឹងថា អ្វីពិតប្រាកដដែលគាត់ចង់បាន បានគាត់ធ្វើអ៊ីចឹងណា៎»។
មន្ត្រីសិទ្ធិការពារសិទ្ធិមនុស្សនៃសមាគម អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ុំ ច័ន្ទគា មើលឃើញថា បច្ចុប្បន្នអាជ្ញាធរថ្នាក់ក្រោមជាតិពុំមានលទ្ធភាពដោះស្រាយរឿងនេះឡើយ។ លោកស្នើឲ្យភាគីទាំងសងខាង ជួបគ្នាពិភាក្សា ហើយស្វែងរកដំណោះស្រាយរួមមួយ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ៖ « បញ្ហាដែលអាចទទួលយកបានទាល់តែភាគីទាំងពីរថយម្នាក់មួយជំហានមក។ ហើយបើភាគីទាំងពីរចង់ឈ្នះចង់ចាញ់រៀងៗ ខ្លួន នោះវាមិនអាចដោះស្រាយបានទេ។ ជម្លោះនេះ វានឹងខូចប្រយោជន៍គូភាគីទាំងពីរ។ បើអូសបន្លាយទៅមុខកាន់តែវែង ខាត់ប្រយោជន៍ទាំងសងខាងហើយ ភាគីក្រុមហ៊ុន ក៏មិនលក់ចេញ អ្នកដែលទិញហើយ ក៏មិនអាចអភិវឌ្ឍអ្វីកើត ហើយភាគីប្រជាជន ក៏ខាតពេលវេលា ក្នុងការក្ដីក្ដាំគ្នានេះដែរ។»
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំមកហើយ។ ភាគីក្រុមហ៊ុន បានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា គឺប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងពេលខ្លះមានប្រើអំពើហិង្សាផងក៏មាន។ កាលពីឆ្នាំ២០១៣ របបលោក ហ៊ុន សែន បានផ្តល់ដីសម្បទានឲ្យទៅក្រុមហ៊ុនចិនថែមទៀត ខណៈអ្នកភូមិនៃឃុំតាជេស នៅមិនទាន់ទទួលបានដោះស្រាយពីទំនាស់ដីនេះនៅឡើយ។
លោកស្រី អ៊ុំ សុភី ថ្លែងថា ករណីជម្លោះដីធ្លី នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុក និងខេត្ត លែងចេញមុខដោះស្រាយឲ្យពលរដ្ឋហើយ បន្ទាប់ពីមានការរំលាយគណៈកម្មការដោះស្រាយវិវាទដីធ្លីរយៈពេលខ្លីកាលពីឆ្នាំ២០១៤។ មកពេលនេះ សំណុំរឿងអ្នកភូមិនៃឃុំតាជេសជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ស្ថិតក្នុងដៃតុលាការ ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង បង្វែរសំណុំរឿងពលរដ្ឋមកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។
ករណីនេះ ធ្វើឲ្យពួកគាត់ជួបការពិបាកកាន់តែច្រើន ដោយត្រូវចំណាយថវិកា និងចោលផ្ទះសម្បែង ពេលធ្វើដំណើរទៅតតាំងក្ដីជាមួយក្រុមហ៊ុននៅតុលាការក្រុងភ្នំពេញម្ដងៗ។ អ្នកភូមិនៃឃុំតាជេស នឹងនាំគ្នា មកតតាំងក្ដីរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី នៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមករា។ សហគមន៍ឡពាង ស្នើសុំមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ នូវដំណោះស្រាយ ឬសំណង ដែលអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។