តុលាការក្រុងភ្នំពេញចេញដីបង្គាប់ឱ្យពលរដ្ឋនៅសហគមន៍ឡពាងជាង៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) ជាង១៣ឆ្នាំមកនេះ បង់ប្រាក់ប្រដាប់ក្ដីក្រៅពន្ធចូលតុលាការ ៤០ម៉ឺនរៀលក្នុងមួយគ្រួសារ។ ប៉ុន្តែអ្នកឡពាង ថា ពួកគាត់គ្មានលទ្ធភាពបង់ប្រាក់ដ៏ច្រើនបែបនេះ ទៅតាមការកំណត់របស់តុលាការបានទេ។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បង្គាប់ឱ្យអ្នកភូមិឡពាង ដែលជាដើមចោទ ក្នុងបណ្ដឹងសុំសិទ្ធិគ្រប់គ្រងដីកាលពីឆ្នាំ២០១១ បង់ប្រាក់សម្រាប់បញ្ជូនឯកសារ ចំនួន៤០ម៉ឺនរៀល នៅតុលាការក្រុងភ្នំពេញ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានដីកានេះ ជាកំណត់ ដើម្បីតុលាការតុលាការចាត់រឿងក្ដីនេះតាមច្បាប់។
ក្នុងដីកានោះបញ្ជាក់ថា ដើមចោទដែលជាពលរដ្ឋ មិនទាន់បង់ប្រាក់ប្រដាប់ក្ដីតុលាការក្រៅពីពន្ធសម្រាប់បញ្ជូនឯកសារ នឹងធ្វើឱ្យតុលាការមិនអាចចាត់ការតាមនីតិវិធីបានក្នុងបណ្ដឹងជាមួយចុងចម្លើយ គឺ អ្នកស្រី ជា ខេង ប្រធានក្រុមហ៊ុន ខេឌីស៊ី។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០០៦។ នៅឆ្នាំ២០១១ ពលរដ្ឋនៅភូមិឡពាង៥២គ្រួសារ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ប្ដឹងទាមទារកាន់កាប់ដីធ្លីរបស់ពួកគាត់ពីក្រុមហ៊ុនខេ.ស៊ី.ឌី។ ក្រោយមក តុលាការខេត្តកំពង់ឆ្នាំង សម្រេចឱ្យពលរដ្ឋមួយគ្រួសារឈ្មោះ «ចាត បាត់» ដែលមានដី៣០អា ចាញ់ក្ដីក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ចំណែកសំណុំរឿងរបស់ពលរដ្ឋ៥១គ្រួសារទៀត តំណាងពលរដ្ឋឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចបង្វិលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យកាត់ក្ដីជំនួសវិញ ដោយគ្មានជូនដំណឹងឱ្យពួកគាត់បានដឹងនោះទេ។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ប្រាប់អាស៊ីសេរីថា មានពលរដ្ឋ៩នាក់ទើបទទួលបានដីកាឱ្យបង់ប្រាក់ដើម្បីដំណើរការក្ដីកាលពីម្សិលមិញ ពីមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង។ លោកស្រី អ៊ុំ សុភី ថាពួកគាត់ដែលជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាពបង់ប្រាក់ជូនតុលាការតាមការកំណត់បានទេ ដោយសារតែជីវភាពសព្វថ្ងៃនេះ មានការខ្វះខាតជាខ្លាំង ៖ «អស់លោកដែលជាអ្នកធំជាអ្នកមាន អស់លោកគិតថាប្រាក់៤០ម៉ឺនរៀល គឺតិចតួចសម្រាប់អស់លោក តែសម្រាប់ពួកខ្ញុំដែលជាជនក្រីក្រ គឺ៤០ម៉ឺនច្រើនបំផុតសម្រាប់ពួកខ្ញុំ។ ព្រោះពួកខ្ញុំសព្វថ្ងៃនេះ រកស៊ីព្រឹកខ្វះល្ងាច រហូតដល់ប្ដីត្រូវចំណាកស្រុកទៅរកស៊ីនៅប្រទេសថៃ ដើម្បីចិញ្ចឹមប្រពន្ធកូន។ ហើយឥឡូវថែមបន្ទុកមួយទៀត តុលាការឱ្យពួកខ្ញុំបង់ដល់៤០ម៉ឺន។ ខ្ញុំយល់ឃើញថារឿងនេះ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះ។ តុលាការមិនព្រមបើកសវនាការ ឱ្យពួកខ្ញុំហើយ ថែមទាំងបង្ខំឱ្យពួកខ្ញុំបង់លុយដល់៤០ម៉ឺនរៀលទៀត» ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បាននៅឡើយ ពាក់ព័ន្ធនឹងការកំណត់ថ្លៃបង់ប្រាក់ប្រដាប់ក្ដីក្រៅពន្ធជូនតុលាការនេះ។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ដែលតាមជាប់ករណីដីធ្លីនៅភូមិឡពាង សម្ដែងការភ្ញាក់ផ្អើល ការដែលតុលាការក្រុងភ្នំពេញតម្រូវឱ្យពលរដ្ឋបង់ប្រាក់ប្រដាក់ក្ដីដល់ទៅ៤០ម៉ឺនរៀល ព្រោះថាកន្លងមក តុលាការខេត្តកំពង់ឆ្នាំងកំណត់ឱ្យពលរដ្ឋបង់អស់ត្រឹម ១០ម៉ឺនរៀល។ លោក សំ ច័ន្ទគា យល់ថា តុលាការគួរមានការអនុគ្រោះដល់ដើមបណ្ដឹង ដែលជាពលរដ្ឋក្រីក្ររងគ្រោះដោយសារបញ្ហាដីធ្លី ៖ «បើដើមបណ្ដឹងបង់លុយហួសហេតុអ៊ីចឹង គឺធ្វើឱ្យដើមបណ្ដឹងរដ្ឋប្បវេណីហ្នឹងគាត់គ្មានលទ្ធភាពក្នុងការតតាំង ហើយជាលេសក្នុងការដែលតុលាការរុញច្រានបណ្ដឹងហ្នឹងទៅ។ អ៊ីចឹង ! គ្នាអត់មានលទ្ធភាពក្នុងការរកយុត្តិធម៌ទេ។ ហើយអ្វីដែលជាចំណុចនេះ ត្រង់ថាអ្នកតាក់តែងច្បាប់អត់មានមើលឃើញពីភាពខ្វះខាតខ្វះចន្លោះនៃអ្នកក្រនៅក្នុងប្រទេសកម្ពុជាយើងទេ» ។
លោក សំ ច័ន្ទគា ថាការបង្វិលសំណុំរឿងពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញនោះ ទំនងជាធ្វើឡើងតាមការចង់បានរបស់ក្រុមហ៊ុនខេ.ឌី.ស៊ី ព្រោះថា ចៅក្រមខត្តកំពង់ឆ្នាំង ពិបាកក្នុងការកាត់សេចក្ដីក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើសុំក្រសួងយុត្តិធម៌គួរចេញអនុក្រឹត្យ ឬសារាចរណាមួយ ដោយដាក់ចេញជាវិធានការណ៍ជាក់លាក់មួយដល់ស្ថាប័នតុលាការ ដើម្បីអនុគ្រោះចំពោះពលរដ្ឋក្រីក្រ អាចតតាំងក្ដីដោយស្នើភាព ក្នុងសំណុំរឿងរដ្ឋប្បវេណីនៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។