អ្នកភូមិឡពាងប្រមាណ ៥០នាក់ ភាគច្រើនជាស្ត្រីឈរប្រមូលផ្ដុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៥ មិថុនា ដើម្បីគាំទ្រតំណាងពួកគាត់ ៨នាក់ ចូលខ្លួនបំភ្លឺលើកទី៣ ក្នុងបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនខេឌីស៊ី (KDC) គឺអ្នកស្រី ជា ខេង ដែលត្រូវជាភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
តំណាងពលរដ្ឋ លោក ផេង រុំ ប្រាប់អាស៊ីសេរីថា ពួកគាត់ទាំងអស់គ្នា នៅតែស្នើសុំតុលាការលុបចោលកិច្ចព្រមព្រៀងដែលភាគីក្រុមហ៊ុនបានឱ្យប្រជាពលរដ្ឋផ្ដិតស្នាមមេដៃ កាលពីឆ្នាំ២០១៤ ព្រោះកិច្ចព្រមព្រៀងនោះមានភាពមិនប្រក្រតីជាច្រើន។ លោកបន្តថា ខាងក្រុមហ៊ុនប្រើល្បិចកលបោកពលរដ្ឋ ដោយផ្ដល់ប្រាក់ ៦លានរៀល ក្នុង១គ្រួសារកាលពីដើមខែមេសា ឆ្នាំ២០១៤ ថា ជាប្រាក់ឱ្យពលរដ្ឋទុកធ្វើបុណ្យចូលឆ្នាំ ហើយបន្លំយកស្នាមមេដៃទៅធ្វើប្លង់កម្មសិទ្ធិដីធ្លី ជាន់ដីស្រែពលរដ្ឋ។

លោកឱ្យដឹងថា ចៅក្រមលោក សំ ប៊ុនពៅ នឹងប្រកាសសាលក្រមក្នុងរឿងរដ្ឋប្បវេណីនេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីបញ្ចប់ការសាកសួរតំណាងពលរដ្ឋទាំង ៨នាក់។
កិច្ចព្រមព្រៀង ឬសំណងគោលនយោបាយ ដែលចុះផ្សាយក្នុងកាសែតកោះសន្តិភាព សរសេរថា ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) បានផ្ដល់ថវិកាឱ្យតំណាងពលរដ្ឋម្នាក់ឈ្មោះ រាជ សីម៉ា ៧ពាន់ដុល្លារសម្រាប់សំណងការឈូសឆាយផ្ទះសម្បែងនិងផលដំណាំ ហើយថវិកា ១ម៉ឺនដុល្លារផ្សេងទៀត ជាថ្នូរនឹងការបញ្ឈប់សកម្មភាពចេញដើរតវ៉ារឿងដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។ ប៉ុន្តែប្រជាពលរដ្ឋ ថាពួកគាត់មិនដែលទទួលបានប្រាក់ដូចការចុះផ្សាយនោះទេ។
សហគមន៍ឡពាង ស្នើសុំចៅក្រមតុលាការក្រុងភ្នំពេញ ពិចារណាលើសំដីរបស់អ្នកភូមិ ត្បិតគ្មានឯកសារដូចខាងក្រុមហ៊ុនដោយឈរលើឯករាជ្យភាព ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដ ដល់ពលរដ្ឋក្រីក្រ៤៩គ្រួសារ ដែលបានបាត់បង់ដីស្រែជាង ១៣ឆ្នាំកន្លងមកនេះ ។ បន្ទាប់ពីឈរតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រុមអ្នកភូមិឡពាងក៏បាននាំគ្នាទៅដាក់ញត្តិជូនស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្នើសុំជួយអន្តរាគមន៍រកដំណោះស្រាយក្នុងរឿងដីធ្លីរបស់ពួកគេនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។