សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​មេហ្គា​ហ្វើស​ថា​ឈូស​ឆាយ​ដី​បម្រុង​សហគមន៍

ដោយ រដ្ឋា វិសាល
2017-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្លែង​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First) ឈូស​ឆាយ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។ រូបថត​សហគមន៍
កន្លែង​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First) ឈូស​ឆាយ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។ រូបថត​សហគមន៍
រូបថត​សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេហ្គា ហ្វើស (Mega First) បន្ត​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​របស់​ខ្លួន​ប៉ះពាល់​ដី​ត្រៀម​បម្រុង និង​បង្ក​ផល​ប៉ះពាល់​ប្រភព​ទឹក​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា អះអាង​ថា នឹង​ធ្វើ​ការ​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​មិន​បញ្ឈប់​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​យក​ដី។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា អ្នក​ភូមិ​ជាង ៤០​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ ឃើញ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​ប្រមាណ ៤០​ហិកតារ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប្រមាណ​មួយ​ខែ​កន្លង​ទៅ។ លើស​ពី​នេះ ក្រុមហ៊ុន​កំពុង​សម្រុក​ដាំ​ដំណាំ​លើ​ដី​ដែល​បាន​ឈូស​ឆាយ​រួច​ហើយ។

តំណាង​ចាស់​ទុំ លោក ចាស់ ក្លើត បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា ក្រុមហ៊ុន​កំពុង​សម្រុក​ដាំ​ដំណាំ​ដូង​នៅ​លើ​ដី​ដែល​ឈូស​ឆាយ​រួច និង​ប្រើ​សារធាតុ​ពុល​សម្លាប់​ស្មៅ ធ្វើ​ឲ្យ​សារជាតិ​ពុល​ហូរ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​អូរ​ចំនួន​ពីរ​នៅ​តំបន់​នោះ ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់។ លោក​កត់​សម្គាល់​ថា ការ​ឈូស​ឆាយ​ពង្រីក​ដី​របស់​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ផ្អាក​ការ​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១៦ គ្រា​អ្នក​ភូមិ​តវ៉ា៖ «តាំង​ពី​ឆ្នាំ​២០១៥ តវ៉ា​បី​បួន​លើក​ហើយ ដាក់​ពាក្យ​បណ្ដឹង​ធ្វើ​ញត្តិ​ដាក់​ទៅ​លើ​រហូត ទាមទារ​រហូត។ បាត់បង់ ហើយ​ការ​គ្រប់គ្រង​ដីធ្លី​ធនធាន​ធម្មជាតិ»

ក្រុមហ៊ុន មេហ្គា ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង តាម​រយៈ​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី ៥០​ហិកតារ​ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ​កាល​ពី​ឆ្នាំ​២០១៦។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុំ​ការ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។

ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​កំណត់​ទីតាំង​ជាក់លាក់​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ដូច្នេះ​ប្រសិន​ក្រុមហ៊ុន​ឈូស​ឆាយ​លើស​ទីតាំង​កំណត់ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ឈូស​ឆាយ​ដី​ថ្មី​នៅ​ឡើយ៖ «និយាមកា​ដែល​បាន​ព្រមព្រៀង​គ្នា ហើយ​តែ​កាលណា​ប៉ះពាល់ យើង​ឲ្យ​ដក​ចេញ ហើយ​ជា​រឿង​គិតគូរ​របស់​អាជ្ញាធរ​មិន​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​ប៉ាតណាប៉ាតណី​ទេ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ សហគមន៍​ទាំង​ពីរ​ឃុំ​បាន​ផ្ដិត​មេដៃ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​លប់​ចោល​គម្រោង​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន មេហ្គា ហ្វើស បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​បំពាន​ទៅ​លើ​តំបន់​ព្រៃ​សក្ការៈ និង​ដី​ព្រៃ​ជម្រក​សត្វ និង​ធនធាន​ធម្មជាតិ​ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​អភិរក្ស​សម្រាប់​វិស័យ​ទេសចរណ៍។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​ដែល​ក្រសួង​បរិស្ថាន ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន មេហ្គា ហ្វើស គឺ​ជា​តំបន់​ព្រៃស្រោង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​មាន​តម្លៃ។ លោក​ថា កន្លង​ទៅ ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃឈើ​យក​ដី​ដោយ​មិន​បាន​សិក្សា​ផល​ប៉ះពាល់​សហគមន៍​ត្រឹមត្រូវ ជាពិសេស​ការ​ឈូស​ឆាយ​ដី​បន្ថែម​នា​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​ជា​លក្ខណៈ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច៖ «រដ្ឋ​កំពុង​រក​វិធីសាស្ត្រ​ទៅ​កំណត់​ភូមិសាស្ត្រ​ព្រំប្រទល់​របស់​សហគមន៍។ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​តែ​ផ្អាក​សិន។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​បាន​ប្រកាស​យូរ​ដែរ​ថា ក្រុមហ៊ុន​មាន​ផ្ទៃដី​ប៉ុនណា អភិវឌ្ឍ​ប៉ុណ្ណឹង»

របាយការណ៍​អង្កេត​របស់​មន្ត្រី​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បន្ថែម គឺ​ជា​ដី​សហគមន៍​រក្សា​ទុក​ចុះ​បញ្ជី​ជា​ដី​ត្រៀម​បម្រុង​សហគមន៍ រីឯ​មន្ទីរ​ជំនាញ​គ្រោង​ចុះ​វាស់វែង​បោះ​បង្គោល​កំណត់​ទីតាំង​ដី​ជូន​សហគមន៍​នៅ​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល