ជនជាតិ​ដើម​នៅ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​រ៉ែ​មាស​មួយ​ថា បាន​ឈូស​ឆាយ​ដំណាំ​ពួកគាត់

ជនជាតិ​ដើម​ភាគតិច​កួយ ២​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៥៦ គ្រួសារ រស់នៅ​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជាតិ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង។ ការ​អំពាវនាវ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ឌែល ខម កម្ពុជា (Delcom Cambodia) បាន​យក​គ្រឿងចក្រ​កាយ​ក្រវាត់​ព្រំដី ប៉ះចំ​ដំណាំ​ពួកគាត់​ជា​ថ្មី​ទៀត ដោយ​យក​ទាហាន​គំរាមកំហែង​អ្នកភូមិ។

អ្នកភូមិ ២​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ ៥៦​គ្រួសារ​រស់នៅ​តំបន់​រំដេង ភ្នំ​លង់ ឃុំ​រម្យទម ស្រុក​រវៀង កំពុង​រក​កិច្ច​អន្តរាគមន៍ ពី​អង្គការ​សង្គម​ស៊ីវិល និង អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់ និង បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន ឌែ​ល ខម កម្ពុជា ដែល​បាន​យក​គ្រឿងចក្រ​កាយ​ក្រវ៉ាត់​ព្រំដី រំលោភ​ដីចម្ការ​ពួកគាត់​។​

​តំណាង​ពលរដ្ឋ លោក ពុ​យ ឆេង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៣ មិថុនា​ថា អ្នកភូមិ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះ​ស្រាយ​​រឿង​​នេះ តែ​​បែរជា​គាំទ្រ​ខាង​ក្រុមហ៊ុន​ទៅវិញ​។ លោក​ថា ក្រុមហ៊ុន​នៅតែ​យក​ទាហាន មក​កាង​ការពារ​អាជីវកម្ម​ឱ្យ​ខ្លួន រំលោភ​​ដី​ធ្លី​​ពលរដ្ឋ ៥៦​គ្រួសារ យ៉ាង​អយុត្តិធម៌​តាំងពី​ឆ្នាំ ២០១៦ រហូត​មក​ទល់​ពេលនេះ ក្រុម​ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី និង​ស្ថាប័ន​កំពូល ជាច្រើន​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ​៖ «អត់​មាន​យក​អំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ​​យក​មក​ប្រើ​​ទេ យក​អំណាច​ទាហាន​មក​ប្រើ ហើយ​អាង ខ្លួន​មានអំណាច មានបុណ្យ​ស័ក្ដិ​អីចឹង។ ធ្វើ​នេះ​វា​ខុសច្បាប់ មក​ពីលើ​មិនបាន​រៀបចំ​ឱ្យ​កូនចៅ​ត្រឹមត្រូវ វា​ទៅជា​ទាហាន​ការពារ​ក្រុមហ៊ុន​ទៅវិញ ពុំ​មែន​ទាហាន​ការពារ​ជាតិ​។ ដាក់​ញត្តិ​អស់ហើយ តែ​​គេ​​មិន​​រវល់​​ទេ ​ទល់​រាល់ថ្ងៃ​នេះ»។

លោក ទុយ ឆេង សង្កេត​ឃើញ​ថា កន្លងទៅ អាជ្ញាធរ​ខេត្ត​ព្រះវិហារ សម្រេច​កាត់​ឆ្វៀល​ដី ទំហំ​ជិត ២០​ហិកតារ ផ្តល់​ជូន​ពលរដ្ឋ ២​គ្រួសារ អាស្រ័យ​ផល ក៏ប៉ុន្តែ​ក្រុមហ៊ុន ឌែល ខម កម្ពុជា មិន​បាន​អនុវត្ត​តាម​។ រីឯ​ក្រុមហ៊ុន​នៅតែ​ប៉ុនប៉ង​យក​ដី​ទាំងនោះ និង​ប្រើ​ទាហាន​គំរាម​ពលរដ្ឋ​មិន​ឱ្យ​អាស្រ័យ​ផល។

កាលពីដើម​ខែ​មករា ឆ្នាំ​២០១៩ តំណាង​ពលរដ្ឋ ៥៦​គ្រួសារ ដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ស្នើ​ឱ្យ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន ឌែល ខម (Del com Cambodia)​។ ក្រុម​ពលរដ្ឋ​អះអាង​​ថា ពួកគេ​បាន​រស់នៅ​តំបន់​នោះ​ជាង ២០​ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ឆ្នាំ​១៩៩៧ ដោយមាន​ឯកសារ​កាន់កាប់​ដីធ្លី​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក ក្រុមហ៊ុន ឌែល ខម បាន​ព័ទ្ធ​របង ស្ថាបនា​ការដ្ឋាន​រ៉ែ​មាស​នៅ​តំបន់​នោះ បំពាន​​ដី​ចម្ការ​​របស់​ពួកគាត់​អស់​ជាង ១រយ ២០​ហិកតារ (១២៧)​។ អ្នកភូមិ​ថា​ដី ដែល​ក្រុមហ៊ុន រំលោភ​យក​នោះ សុទ្ធ​សឹង​មាន​រ៉ែ​មាស​ដែល​ពួកគេ​អាស្រ័យ​ផល​។ ករណី​នេះ បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ មក​ទល់​ពេល​នេះ​នៅតែ​គ្មាន​ដំណោះ​ស្រាយ។

អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហ៊ួរ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី​ទេ នៅ​ថ្ងៃទី១៣ មិថុនា​ដោយ​លោក​ផ្ដាច់​ទូរស័ព្ទ។

ចំណែក​មេឃុំ​រម្យទម លោក សោម មុត ក៏​មិន​បំភ្លឺ​រឿង​នេះ​ដែរ​ដោយ​លោក​អះអាង​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ​៖ «ខ្ញុំ​ជាប់រវល់​ប្រជុំ»។

អាស៊ីសេរី​បាន​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​វិវាទ​ដីធ្លី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ដដែល​នេះ។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​រ៉ាំ​រៃ​ជាមួយ​ក្រុមហ៊ុន ឌែល ខម លោកស្រី យឹម ផាត ចោទ​ថា ក្រុមហ៊ុន​នេះ​ប្រើ​កម្លាំង​ទាហាន ប្រដាប់​អាវុធ​ប៉ុនប៉ង​ឈូស​ឆាយ និង​កាយ​ក្រវាត់​ព្រំដី យក​ដីចម្ការ​ពួកគាត់​ជា​ថ្មី​ទៀត កាលពីដើម​សប្ដាហ៍​នេះ។ លោកស្រី​ថា ក្រុមហ៊ុន​​បាន​ឈូស​ឆាយ ផលដំណាំ​ពួកគាត់​អស់​ជាច្រើន​ដើម ហើយ​គាត់​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ រហូតដល់ អាជ្ញាធរ​ខេត្ត ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​ទេ​៖ «ដាក់​បណ្ដឹង​ទៅ​ឃុំ ឃុំ​រុញ​ទៅ​ស្រុក ដាក់​ទៅ​ស្រុក ស្រុក​រុញ​ទៅ​ឃុំ ទី​ចុងក្រោយ​គេ​​ឈូស​​របស់ខ្ញុំ​ចោល​មួយ​កំណាត់​ថ្ងៃ​ទៀត គេ​ឈូស​បន្តបន្ទាប់​មក​រហូត ធ្វើបាប​ខ្ញុំ​រហូត។ មក​ទល់​ម្សិលម្ង៉ៃ​ទី១១ ចាប់​ផ្តើម​ទៀត ថ្ម​កកាយ​ពេញ​ទឹកដី តែមួយ​មាត់​វា​មិន​និយាយ​ផង គេ​ថា​តែ​ដី​ក្រុមហ៊ុនៗ​តែ​រហូត»។

មន្ត្រី​សម្របសម្រួល​សមាគម​​ អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា កន្លងទៅ​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ដោះស្រាយ ហើយ​សម្រេច​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន ប្រគល់​ជូន​ពលរដ្ឋ ២​គ្រួសារ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​។ លោក​ថា ពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​នេះ​ខ្លាចរអា​មិន​ហ៊ាន​ងើប​តវ៉ា ទាមទារ​ដីធ្លី​របស់​ខ្លួន​ទេ ដោយ​ខ្លាចក្រែង​ក្រុមហ៊ុន​ប្រើ​ទាហាន​ប្រដាប់​អាវុធ​ធ្វើទុក្ខបុកម្នេញ៖ «យើង​ឃើញ​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ទៅ គាត់​ទទួលយក​ដំណោះស្រាយ ក្រោយៗ​មក​ក្រុមហ៊ុន គាត់​ចេះតែ​ធ្វើ​ការរំលោភ ដីធ្លី​របស់​ពលរដ្ឋ​ដដែលៗ ហាក់បីដូចជា​ផ្គើន​ការ​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កន្លងមក​អីចឹង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ការ​យក​កម្លាំង​ទាហាន​គំរាម​ពលរដ្ឋ ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន គឺជា​ទង្វើ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ល្មើសច្បាប់​។ លោក​បារម្ភ​ថា ដំណោះស្រាយ​វិវាទ​ដីធ្លី​នេះ នៅតែ​អូស​បន្លាយពេល នឹង​នាំ​ឱ្យ​ពលរដ្ឋ​ជួប​ការ​​លំបាក​ផ្នែក​ជីវភាព​ដោយសារ​ទទួលរង​ភាព​អយុត្តិធម៌។

សហគមន៍​អះអាង​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន បាន​ចេញ​មុខ​កាង​អាជីវកម្ម​រ៉ែ មាស​ឱ្យ​ក្រុមហ៊ុន ឌែលខម កម្ពុជា ទើប​នាំ​ឱ្យ​ពលរដ្ឋ​ភាគច្រើន ខ្លាចរអា​មិន​ហ៊ាន​ងើប​តវ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។