ជនជាតិដើមភាគតិចកួយ ២គ្រួសារក្នុងចំណោមពលរដ្ឋ ៦៦គ្រួសារ រស់នៅឃុំរម្យទម ស្រុករវៀងខេត្តព្រះវិហារ ចោទក្រុមហ៊ុន ឌែល ខម កម្ពុជា (Del com Cambodia) ថា បានប្រើកម្លាំងទាហានគំរាមកំហែងអ្នកភូមិ មិនឲ្យអាស្រ័យផលលើដីរបស់ខ្លួន។
អ្នកភូមិថា ក្រុមហ៊ុននេះមិនបានអនុវត្តកិច្ចសន្យា ដែលអាជ្ញាធរខេត្តព្រះវិហារ សម្រេចកាត់ឆ្វៀលដីទំហំជិត ២០ហិកតារ ឲ្យពលរដ្ឋ ២គ្រួសារ អាស្រ័យផលនោះទេ។
ជនជាតិដើមភាគតិចកួយរស់នៅតំបន់រំដេង ឃុំរម្យទម នៅថ្ងៃទី១៣ មករា បានស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ឲ្យជួយការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដែលកំពុងទទួលរងការគំរាមកំហែង ពីក្រុមហ៊ុន ឌែល ខម កម្ពុជា។
អ្នកភូមិថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ដោះស្រាយ ក្តីកង្វល់របស់ពលរដ្ឋនោះទេ ហើយថែមទាំងលម្អៀងទៅខាងក្រុមហ៊ុនឯកជន។
ជនជាតិដើមភាគតិចម្នាក់ ក្នុងចំណោមជាច្រើនទៀត ដែលមានដីចម្ការនៅជិតតំបន់ភ្នំលុង ដែលជាកន្លែងរុករករ៉ែមាសនោះ គឺលោកស្រី យឹម ផាត អះអាងថា អាជ្ញាធរខេត្តព្រះវិហារសម្រេចកាត់ឆ្វៀលដីទំហំ ១៩ហិកតារ ឲ្យពលរដ្ឋ ២គ្រួសារ កាលពីឆ្នាំ២០១៧ តែមកទល់ពេលនេះ ក្រុមហ៊ុននៅតែប៉ុនប៉ងយកដីនោះ និងគំរាមកំហែងពួកគាត់មិនឲ្យអាស្រ័យផល។ លោកស្រីថា ក្រុមហ៊ុនតែងតែគំរាមគ្រួសារលោកស្រី មិនឲ្យរែងរ៉ែមាស លក្ខណៈគ្រួសារលើដីរបស់ខ្លួននោះទេ បើទោះបីជាលោកស្រី បានបង្ហាញឯកសារ និងកិច្ចសន្យាប្រាប់មន្ត្រីយោធាទាំងនោះក្ដី៖ «ស៊ីប្រាក់ខែក្រុមហ៊ុន និងហូបប្រាក់ខែរដ្ឋាភិបាល លោក ( ទាហាន ) ហេតុអីបានមកគំរាមពលរដ្ឋ។ ខ្ញុំថា វាមិនសមណាលោកធ្វើនេះដូចសម្លាប់ពលរដ្ឋ និងជនជាតិដើមភាគតិចកួយ។ ដី១២ហិកតារ ថ្នាក់លើកាត់ឲ្យខ្ញុំ មានក្រដាសស្នាម»។
ក្រុមប្រជាសហគមន៍រំដេង ភ្នំលុង ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានសម្រេចកាត់ឆ្វៀលដីពីក្រុមហ៊ុន ឌែលខម កម្ពុជា (Del com Cambodia) ចំនួន ១៩ហិកតារ ឲ្យទៅពលរដ្ឋឈ្មោះ យឹម សុផាត និង ឈ្មោះ ឈិក យី។ សេចក្ដីសម្រេចនោះ តំណាងក្រុមហ៊ុនបានឯកភាព ចុះហត្ថលេខាព្រមប្រគល់ដីទាំងនោះឲ្យទៅពលរដ្ឋ ២គ្រួសារ ដែលមានអាជ្ញាធរឃុំ និងអភិបាលស្រុកដឹងឮ។
ពលរដ្ឋដែលត្រូវជាជនបង្គោល លោក ពុយ ឆេង ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុន ឌែល ខម បានអនុវត្តផ្ទុយកិច្ចសន្យាដែលបានព្រមព្រៀងគ្នា តាំងពីឆ្នាំ២០១៧ និងបានយកទាហានធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលជាម្ចាស់ដី។ លោកថា មកទល់ពេលនេះ ពលរដ្ឋរស់នៅតំបន់ភ្នំលុង ៦៦គ្រួសារ មានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស និងក្រុមហ៊ុន ឌែល ខម កម្ពុជា នៅមិនទាន់ដោះស្រាយចប់នៅឡើយ ធ្វើឲ្យពលរដ្ឋជួបការលំបាក ព្រោះក្រុមហ៊ុនមានអ្នកមានអំណាចនៅពីក្រោយខ្នង៖ «តាមការពិតដីហ្នឹង អាជ្ញាធរខេត្តឲ្យពលរដ្ឋ ២គ្រួសារ ហើយការរស់នៅរបស់លោក ឈិក យី និង យឹម សុផាត តាំងពីឆ្នាំ១៩៩៧មក ដូច្នេះក្រុមហ៊ុនបានយកដីនៅឆ្នាំ២០០៣ និង២០០៤ គឺក្រោយលោក ឈិក យី និង សុផាត បានកាន់កាប់។ អាជ្ញាធរខេត្តបានកាត់ដីឲ្យពលរដ្ឋ នៅតែក្រុមហ៊ុនរំលោភសិទ្ធិពលរដ្ឋដដែល ថ្មីៗហ្នឹង»។
អាស៊ីសេរីនៅមិនទាន់រកប្រភពទាក់ទង តំណាងក្រុមហ៊ុន ឌែល ខម កម្ពុជា ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី១៣ មករា។
មេឃុំរម្យទម លោក សោម មុត អះអាងថា ភារកិច្ចដោះស្រាយរឿងនេះ គឺហួសពីសមត្ថភាពអាជ្ញាធរឃុំ។ តែយ៉ាងណាលោកថា ក្រុមពលរដ្ឋបានទៅកាន់កាប់ដីទាំងនោះ ក្រោយពេលដែលក្រុមហ៊ុនមិនទាន់វិនិយោគនៅតំបន់នោះ។ លោកថា មានពេលខ្លះ ពលរដ្ឋចេះតែចង្អុលដីព្រៃសាធារណៈរបស់រដ្ឋថា ជាដីរបស់ខ្លួន៖ «ដីហ្នឹងគឺដីក្រុមហ៊ុន បង់ពន្ធយូរណាស់ហើយ តែពលរដ្ឋចូលក្រោយចាប់យក ដូច្នេះឲ្យខាងអាជ្ញាធរស្រុក និងខេត្តធ្វើលិខិតឲ្យស្រួលបួលហើយ ទាំងខ្ញុំក៏ស៊ីញេឲ្យដែរ តែមកដល់គេមិនដឹងគិតយ៉ាងម៉េច បានធ្វើរបង និងហាមឃាត់មិនឲ្យធ្វើទីលំនៅ តែខ្ញុំមិនសូវដឹងទេ។ បញ្ហាហ្នឹង ដល់សួរក្រុមហ៊ុនគេថា គេមកយូរណាស់ហើយ ហើយលោកស្រី យឹម ផាត ទើបមកក្រោយទេ»។
ទោះជាយ៉ាងណា អភិបាលស្រុករវៀង លោក ហោ ប៊ុនហ៊ួ បដិសេធមិនផ្ដល់បទសម្ភាសន៍ជុំវិញរឿងនេះ ដល់អាស៊ីសេរីទេនៅថ្ងៃអាទិត្យ ទី១៣ មករា។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ដែលធ្លាប់បានចុះអង្កេតរឿងនេះយល់ថា ការយកកម្លាំងទាហានគំរាមពលរដ្ឋ គឺជាការអនុវត្តផ្ទុយអនុសាសន៍ប្រមុខដឹកនាំរដ្ឋ ដែលធ្លាប់លើកឡើងថា ទាហានជាកម្លាំងការពារបូរណភាពទឹកដី មិនមែនការពារផលប្រយោជន៍ក្រុមហ៊ុននោះទេ។ លោកបារម្ភថា បញ្ហាដែលក្រុមហ៊ុនរ៉ែមាស រំលោភដីពលរដ្ឋកាន់តែកើនឡើងៗ ហើយដំណោះស្រាយនៅតែអូសបន្លាយពេល ដែលនាំឲ្យពលរដ្ឋជួបការលំបាកសព្វបែបយ៉ាង។ លោកស្នើឲ្យអាជ្ញាធរខេត្តពិនិត្យមើលរឿងនេះឡើងវិញ ថាតើក្រុមហ៊ុនយកកម្លាំងទាហានកាងការពារអាជីវកម្មឲ្យខ្លួន ឬយ៉ាងណា?៖ «រឿងដែលក្រុមហ៊ុនឯកជន ដែលមានខ្នងជាអ្នកមានអំណាចគ្រាក់ៗយក អង្គរក្ស និងទាហានការពារផលប្រយោជន៍ ក្រុមហ៊ុន គឺជាការផ្ទុយពីគោលការណ៍ច្បាប់ហើយ»។
លោក ប៊ុក សោភ័ណ សង្កេតឃើញថា កន្លងទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិបានបង្កើតគណៈកម្មការដោះស្រាយវិបត្តិដីធ្លីនៅតំបន់ភ្នំលុងដែរ តែមិនអាចរកយុត្តិធម៌ជូនពលរដ្ឋបាននោះទេ ព្រោះដំណោះស្រាយទាំងនោះភាគីក្រុមហ៊ុនតែងមានប្រៀបជាងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។