ភរិយាពលរដ្ឋម្នាក់ដែលបាត់ខ្លួនបាន ដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តព្រះវិហារ និងអ្នកតំណាងរាស្ត្របក្សកាន់អំណាចប្រចាំខេត្ត ឱ្យជួយស្វែងរកប្ដីរបស់គាត់ ក្រោយពីមានក្រុមទាហានចាប់យកទៅឃុំខ្លួននៅការិយាល័យបរិស្ថាន កាលពី២ខែមុន។ ក្រោយពីធ្វើការចុះស៊ើបសួរ អង្គការផ្នែកសិទ្ធិមនុស្ស យល់ថា ក្រុមទាហាននិងមន្ត្រីបរិស្ថានខេត្តព្រះវិហារ គឺជាអ្នកទទួលខុសត្រូវរឿងបាត់ខ្លួនពលរដ្ឋម្នាក់នេះ
លោកស្រី ភឹម ម៉ៅ ត្រូវជាភរិយារបស់ជនបាត់ខ្លួន ប្រាប់អាស៊ីសេរីថា ជាង២ខែមកនេះ លោកស្រី និងកូនប្រសាស្រី បានដើររកលោក ស៊ុំ ម៉ឺន គ្រប់កន្លែងអស់ហើយ ប៉ុន្តែនៅតែរកមិនឃើញ។ ស្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ ក៏សម្រេចដាក់ពាក្យបណ្ដឹងទៅអភិបាលខេត្តព្រះវិហារ និងអ្នកតំណាងរាស្ត្រប្រចាំខេត្តព្រះវិហារ លោក សួស យ៉ារ៉ា ស្នើសុំជួយស្វែងរកប្ដីគាត់ដែលបាត់ខ្លួន ព្រមទាំងជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព។
នៅក្នុងពាក្យបណ្ដឹងដែលដាក់ចូលរដ្ឋបាលខេត្តព្រះវិហារ និងទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ មីនា លោកស្រី ភឹម ម៉ៅ សរសេរថា លោក លុយ សម្បត្តិ (ហៅ រឹម ខេន) ខាងកងពលលេខ៦ វារៈអន្តរាគមន៍តូច២៦១ បានចាប់ខ្លួនប្ដីគាត់ ឈ្មោះ ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំ កាលពីថ្ងៃទី២០ ខែមករា ហើយបណ្ដាលឱ្យបាត់ខ្លួនមកដល់ពេលនេះ។ លោកស្រី ភឹម ម៉ៅ បញ្ជាក់ថា នៅពេលចាប់ខ្លួននោះ ក្រុមទាហានបានប្រើហិង្សាទៅលើប្ដី និងកូនគាត់ ខណៈអ្នកទាំងពីរ បើកគោយន្តដឹកឥវ៉ាន់ចាប់ហួយ មកដល់ត្រង់ស្ពានទី២ ក្នុងភូមិស្រែក្រសាំង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ៖ «ខ្ញុំអត់ដឹងដែរលោកគ្រូ ត្រង់ហ្នឹងខ្ញំ អត់ដឹងថា រឿងស្លាប់ឬក៏រស់ គឺគេយកទៅវាបាត់ឈឹង ខ្ញុំអត់ដឹងលោកគ្រូ។ អ៊ីចឹង ! បានខ្ញុំចង់ឱ្យខាងតុលាការ និងខាងចៅហ្វាយខត្ត ដោះស្រាយឱ្យខ្ញុំផង។ ខ្ញុំដើររកមនុស្សឡើងអស់ខ្យល់ហើយ ឡើងអស់អាលីងពីខ្លួនហើយ ខ្ញុំអត់មានអីសោះ។ ម្សិលមិញ ខ្ញុំចងការគេ មកហ្នឹងបាន៣០ម៉ឺន ដើម្បីឱ្យលោកគ្រូ និងខាងខេត្តជួយដោះស្រាយឱ្យខ្ញុំនិងប្រជាជនពួកខ្ញុំផង ព្រោះខ្ញុំវាក្រ វាអត់អីសោះ»។
ទាក់ទងនឹងការចោទប្រកាន់នេះ លោក លុយ សម្បត្តិ ប្រាប់អាស៊ីសេរីថា ខាងក្រុមទាហានរបស់លោក មិនដែលចុះចាប់ពលរដ្ឋពាក់ព័ន្ធនឹងរឿងដីធ្លីនោះឡើយ។ មន្ត្រីយោធារូបនេះ បញ្ជាក់ថាមានតែខាងមន្ត្រីបរិស្ថាន ដែលចាប់ខ្លួនពលរដ្ឋ ព្រោះថាពលរដ្ឋទាំងនោះ ចូលរុករានកាប់ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ៖ «មិនពិតទេ ! រឿងពាក់ព័ន្ធជម្លោះដីធ្លីគឺគ្មានទេ។ មានតែដីគាត់ទៅរុករានដីគូលែនព្រហ្មទេព គ្រប់គ្រងដោយបរិស្ថាន។ អ៊ីចឹង ! ខាងបរិស្ថានគេចាប់ចងទេ អត់មានពាក់ព័ន្ធនឹងកងទ័ពទេ។ កងទ័ពគ្មានសិទ្ធិអីទៅចាប់ប្រជាពលរដ្ឋ ទន្ទ្រានដៃព្រៃបរិស្ថាន បើខាងកងកម្លាំងទាហាននេះ គឺគ្មានទេបង។ អ៊ីចឹង ! បងអាចទំនាក់ទំនងឡើងមក បើបងចង់ដឹងអី មកជួបខាងអាជ្ញាធរមូលដ្ឋាន ដូចជាខាងស្រុកខេត្ត ដូចជាមន្ត្រីណាដែលពាក់ព័ន្ធ។ អ៊ីចឹងខាងខ្ញុំ អត់មានពាក់ព័ន្ធទេបង»។
ចំណែក អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក សោម សុផាត វិញ អាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្ត្រីបរិស្ថានរូបនេះបាននៅឡើយ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ទោះបីជាមានការលើកឡើងយ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំព្រះវិហារ លោក ឡោ ចាន់ យល់ថា ទាំងខាងក្រុមទាហានកងពលលេខ៦ និងខាងមន្ត្រីបរិស្ថាន គឺជាអ្នកទទួលខុសរឿងនេះ។ ការសំអាងរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះ ដោយសារតែលោកបានសាកសួរទៅ កូនប្រុសលោក ស៊ុំ មឺន ដែលស្ថិតនៅក្នុងហេតុការណ៍នៃការចាប់ខ្លួនពីសំណាក់ក្រុមទាហាន ហើយនឹងមន្ត្រីបរិស្ថានខេត្តព្រះវិហារ៖ «មានភស្តុតាងសាក្សីជាច្រើនបញ្ជាក់ថា ខាងកងពលលេខ៦ វារៈអន្តរាគមន៍តូច២៦១ ជាអ្នកចាប់។ ជាពិសេស កូនគាត់ដែលកំពុងជាប់ពន្ធនាគារសព្វថ្ងៃនេះ ជាសាក្សីមួយដ៏សំខាន់ដែរ នៅក្នុងការដឹងថា នរណាជាអ្នកចាប់។ ហើយបើមិនមែនក្រុមយោធា មិនមែនក្រុមទាហានកងពលលេខ៦ជាអ្នកចាប់ទេ កូនគាត់ជាប់ពន្ធនាគារសព្វថ្ងៃនេះបញ្ជាក់ថា គឺខាងកងពលជាអ្នកចាប់ទៅវិញ។ អ៊ីចឹងហើយ ខ្ញុំបានសួរបរិស្ថានច្បាស់ណាស់ គឺគាត់បានទទួលពីកងពលលេខ៦ហ្នឹងឯង»។
គិតដល់ពេលនេះ លោក ម៉ឺន មៀន វ័យ ២៣ឆ្នាំ ដែលត្រូវជាកូនប្រុសលោកស្រី ភឹម ម៉ៅ និងពលរដ្ឋ១៣ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារព្រះវិហារនៅឡើយ ខណៈលោក ស៊ុំ ម៉ឺន នៅតែបាត់ខ្លួនរកមិនទាន់ឃើញ។ លោកស្រី ភឹម ម៉ៅ ក៏ស្នើដល់អាជ្ញាធរខេត្ត ជួយពន្លឿនដំណោះស្រាយរឿងដីធ្លីឱ្យពលរដ្ឋជាង ៣៣០គ្រួសារ ព្រោះថាចាប់តាំងពីអាជ្ញាធរដាក់ចេញវិធានការណ៍ ៥ចំណុចរួចមក ពួកគាត់នៅមិនទាន់ឃើញមានដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយទេ ៖«ចាស ! ចង់ឱ្យដោះស្រាយរឿងដីធ្លីប្រជាពលរដ្ឋ ធ្វើមិចដោះស្រាយឱ្យប្រជាពលរដ្ឋហ្នឹង ឱ្យរួចផង ឱ្យបានវាស់វែងផង ឱ្យកូនចៅបានប៉ុណ្ណា ឱ្យដឹងទៅ។ ដីហ្នឹងប្រហែលជាមានចំនួន ៣ . ៥០០ហិកតារ ដីដែលប្រជាពលរដ្ឋធ្វើរាល់ថ្ងៃនេះ។ ចំនួនប្រជាពលរដ្ឋដែល៣៣៩គ្រួសារទេ។ ហ្នឹងជួយវាស់វែងត្រង់ណាឱ្យក្រុមហ៊ុន ជួយវិនិច្ឆ័យឱ្យប្រជាពលរដ្ឋផង ខ្ញុំចង់បានតែប៉ុណ្ណឹងទេ អត់ចង់បានអីទេ»។
ជុំវិញសំណើរបស់ពលរដ្ឋនេះ អភិបាលខត្តព្រះវិហារ លោក អ៊ុន ចាន់ដា បដិសេធផ្ដល់សម្ភាសន៍ដល់អាស៊ីសេរីតាមទូរស័ព្ទ ដោយលោកតម្រូវឱ្យអាស៊ីសេរីចុះទៅជួបសម្ភាសន៍ផ្ទាល់វិញ។
ក្រុមហ៊ុនមេត្រីភាព របស់ឧកញ៉ា អាន ម៉ារ៉ាឌី ទទួលសិទ្ធិវិនិយោគ ពីរបបក្រុងភ្នំពេញលើផ្ទៃដីចំនួនជាង ៨ ពាន់ហិកតារ (៨.៥២៥) កាលពីឆ្នាំ២០១២ ដោយវិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូ ឋិតនៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ។ ពលរដ្ឋរស់នៅតំបន់នោះចោទថា ក្រុមហ៊ុននេះបានធ្វើអាជីវកម្មឈើខ្នាតធំ តាំងពីឆ្នាំ២០១១ ដោយកាប់ឈើមូលធំៗធ្វើអាជីវកម្មគ្រប់ប្រភេទ ក្នុងនោះមានដើមឈើផលិតជ័រទឹករបស់អ្នកស្រុក រាប់ពាន់ដើម។ ពួកគេថា មកទល់ពេលនេះព្រៃនៅតំបន់នោះ នៅសល់តែដើមឈើតូចៗ គ្មានតម្លៃលើទីផ្សារអាចប្រើប្រាស់បាន។ រីឯក្រុមហ៊ុននៅមិនទាន់បានដាំកៅស៊ូនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុននេះ បានជួលក្រុមទាហានវារៈ ២៦១ នៅខេត្តឧត្តរមានជ័យ ឱ្យការពារអាជីវកម្មឱ្យខ្លួន ហើយក្រុមប្រដាប់អាវុធនេះតែងតែធ្វើទុក្ខបុកម្នេញពលរដ្ឋ ដោយប្រើគ្រឿងចក្រឈូសបំផ្លាញចម្ការ ហើយដុតខ្ទមនិងផ្ទះពួកគាត់ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។