អាជ្ញាធរ​មូលដ្ឋាន​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​បំផុស​​ពលរដ្ឋ​លក់​ដី​ឲ្យ​ក្រុមហ៊ុន

0:00 / 0:00

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ប្រធាន​សហគមន៍​និង​ប្រធាន​​​ភូមិ ថា​ឃុបឃិត​គ្នា ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុវណ្ណ រាជសី ហើយ​កាត់​យក​ដី​សហគមន៍ ២៥០​ហិកតារ ដើម្បី​ពង្រីក​ដី​សម្បទាន។ អ្នក​ភូមិ​ចាត់​ទុក​ថា នេះ​ជា​អំពើ​ពុករលួយ​រំលោភ​ច្បាប់។

តំណាង​សហគមន៍​ភូមិ​ស្រែ​អំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​ឧសភា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​ការពារ​ដីធ្លី​សហគមន៍​សម្រាប់​អភិរក្ស​ចុះ​បញ្ជី​ជា​ដី​ត្រៀម​បម្រុង។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​គ្រឿងចក្រ​ក្រុមហ៊ុន អម​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​បាញ់​ថ្នាំ​ពណ៌​ក្រហម​ពង្រីក​ព្រំ​ដី​សម្បទាន និង​បាន​ឈូស​ឆាយ​ចូល​ដី​ចម្ការ​វិល​ជុំ​ប្រជាពលរដ្ឋ បើ​ទោះ​បី​អ្នក​ភូមិ​នាំ​គ្នា​រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​យ៉ាង​ណា​ក្តី។

អនុ​ប្រធាន​សហគមន៍ លោក ក្រើត អ៊ាន អះអាង​ថា អតីត​ប្រធាន​សហគមន៍​ភូមិ​ស្រែអំពិល លោក ហួន សី និង​ប្រធាន​ភូមិ លោក ដួង តាឡុច គឺ​ជា​អ្នក​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ទទួល​ប្រាក់​ពី​​ក្រុមហ៊ុន ២​ម៉ឺន​ដុល្លារ ក្របី ១​ក្បាល និង​ស្រា​ស​មួយ​កាន ជា​ថ្នូរ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ប៉ុន្តែ​ប្រជាពលរដ្ឋ​​ប្រមាណ ២០​គ្រួសារ​មិន​យល់​ព្រម​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នោះ​ទេ។

លោក​បន្ត​ថា នេះ​គឺជា​អំពើពុករលួយ​​លក់​ដីធ្លី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ខុស​ច្បាប់៖ «ដួង តាឡុច ទាក់ទង​ជាមួយ​អាជ្ញាធរ ហួន សី ទាក់ទង​ជាមួយ​លុយ​ពីរ​ម៉ឺន​ដុល្លារ ពីរ​នាក់​ហ្នឹង​បាន​​សហគមន៍​ពួក​ខ្ញុំ​រលាយ។ ដំបូង​អត់​ដែល​មាន​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ ឥឡូវនេះ​គេ​ញុះញង់​លុយ​​ពីរ​ម៉ឺន​ដុល្លារ សហគមន៍​ពួក​ខ្ញុំ​ខ្លះ​ចង់​បាន​លុយ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា មិន​អាច​ទាក់ទង​ប្រធាន​សហគមន៍ និង​ប្រធាន​ភូមិ​សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ក៏ប៉ុន្តែ​មេ​ឃុំ​ស្រែខ្ទុំ លោក បុត្រ សំអែល បដិសេធ​ថា មិន​មាន​ការ​លក់​ដូរ​ដី​អ្វី​ទេ។ លោក​ជំរុញ​ឲ្យ​សួរ​ព័ត៌មាន​ទាក់ទិន​បញ្ហា​នេះ​ទៅ​មន្ត្រី​អាជ្ញាធរ​ស្រុក៖ «រឿង​នេះ​សហគមន៍​បាន​ឯកភាព​គ្នា​អស់​ហើយ បើ​លោក​ចង់​ដឹង​ទូរស័ព្ទ​ទៅ​អភិបាល​ស្រុក ដី​នេះ​គ្មាន​លក់​ដូរ​ស្អី​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុធ អះអាង​ដែរ​ថា ដី​ដែល​​ក្រុមហ៊ុន​ឈូស​ឆាយ គឺ​ជា​ដី​សម្បទាន​របស់​រដ្ឋ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ដោយសារ​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ទើប​ក្រុមហ៊ុន​បាន​សម្របសម្រួល​ជាមួយ​សហគមន៍​ផ្ដល់​ជា​គោល​​នយោបាយ​សំណង​ផល​ប៉ះពាល់។

លោក​ទទួល​ស្គាល់​ថា មាន​ប្រជាពលរដ្ឋ​តិចតួច​ជា​អ្នក​​ជំទាស់​បញ្ហា​នេះ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​បាន​យក​ការ​សម្របសម្រួល​ទទួល​ប្រាក់៖ «ក្រុមហ៊ុន​គាត់​មាន ស.ជ.ណ របស់​រាជរដ្ឋាភិបាល មាន​ទំនាស់​តិចតួច​ជាមួយ​ប្រជាពលរដ្ឋ អ៊ីចឹង​ទេ​យើង​ឲ្យ​មាន​ការ​សម្របសម្រួល​គ្នា បែងចែក​អ្វី​ដែល​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​​ក្រុមហ៊ុន​ចៀសវាង ហើយ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ»

​សហគមន៍​ជនជាតិ​ព្នង ភូមិ​ស្រែអំពិល មាន​សមាជិក​ជាង ៦០​គ្រួសារ បាន​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​ និង​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវ​ការ តាំង​ពី​​ឆ្នាំ​២០១២ ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។

អ្នក​ឃ្លាំមើល​បញ្ហា​ដីធ្លី​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សំគាល់​ថា ​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​អភិរក្ស ថែរក្សា និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​ព្រៃឈើ​របស់​​រដ្ឋ ប៉ុន្តែ​មិន​មាន​សិទ្ធិ​បែង​ចែក ឬ​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​បាន​ឡើយ។

លោក​ចាត់​ទុក​ការ​សម្របសម្រួល​​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន ហើយ​កាត់​យក​ដី​ត្រៀម​បម្រុង​សហគមន៍ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​​សមាជិក​សហគមន៍ និង​រំលោភ​ច្បាប់​ព្រៃឈើ រួម​ទាំង​ច្បាប់​ភូមិបាល​ទៀត​ផង៖ «អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ដោះស្រាយ​រឿង​ហ្នឹង​ទៅ​តាម​នីតិវិធី​ច្បាប់ ហើយ​ឲ្យ​មាន​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​ចេញ​មុខ​តវ៉ា​ដល់​សហគមន៍​គាត់​ទាំង​អស់»

ក្រុមហ៊ុន​សុវណ្ណ រាជសី ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៦.៥០០​ហិកតារ នៅ​ស្រុក​​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​កន្លង​ទៅ​នេះ​​ប្រជាពលរដ្ឋ​បាន​តវ៉ា​ជា​ច្រើន​ករណី​ទៅ​នឹង​ការ​ឈូស​ឆាយ​បង្ក​ផល​ប៉ះពាល់​ដីធ្លី តំបន់​ព្រៃ​​ឈើ​សហគមន៍​ជនជាតិ​ដើម​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។