ជនជាតិ ដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី ជាង ១រយនាក់ បានលើកគ្នាទៅឃ្លាំមើលការចុះដោះស្រាយវិបត្តិដីធ្លីនៅតំបន់ភ្នំដោះក្រមុំ ដែលជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចនៅពេលអាជ្ញាធរខេត្តនេះចុះវាស់វែងបោះ បង្គោលនៅថ្ងៃទី១៩ មីនាដែលជាថ្ងៃកំណត់។ សហគមន៍ថា ពួកគេមិនទុកចិត្តលើយន្តការរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយដីធ្លីនៅតំបន់នោះទេ ព្រោះមិនផ្អែកតាមសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី និងអនុសាសន៍លោក ហ៊ុន សែន។ ចំណែកអាជ្ញាធរខេត្តបានរំសាយការចុះដោះស្រាយនោះ។
សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីអះអាងថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះគ្មានជំហរច្បាស់លាស់ដោះស្រាយវិបត្តិដីធ្លីនៅតំបន់ភ្នំដោះក្រមុំឲ្យរួចរាល់នៅឡើយទេ ដែលនាំឲ្យពួកគាត់ភ័យព្រួយ និងមិនទុកចិត្តដោយខ្លាចក្រែងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបែបបន្លំភ្នែកថ្នាក់ដឹកនាំរដ្ឋ និងលម្អៀង។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ផ្លឹក ភីរម្យ ឲ្យដឹងនៅថ្ងៃទី ១៩ មីនាថា ជំហររបស់ជនជាតិដើមភាគតិច ចង់ឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិបត្តិដីធ្លី នៅតំបន់ភ្នំដោះក្រមុំផ្អែកតាមបទបញ្ជា លោក ហ៊ុន សែន ដែលបញ្ជាឲ្យអាជ្ញាធរខេត្តរឹបអូសដីនៅតំបន់នោះមកវិញ។ ពួកគេអះអាងថា រដ្ឋបាលខេត្តនេះ និង សហគមន៍ជនជាតិដើមភាគតិចនៅមិនទាន់ឯកភាពលើចំណុចមួយចំនួនដែលឆ្លើយតបនិងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០០៤ (ស.ច.ណ)និងមិនស្របតាមបទបញ្ជា លោក ហ៊ុន សែន។ លើសពីនេះសហគមន៍នឹងបន្តដាក់ញត្តិទៅស្ថាប័នថ្នាក់ជាតិ ប្រសិនបើអាជ្ញាធរខេត្តមិនដោះស្រាយឲ្យបានត្រឹមត្រូវ និងយុត្តិធម៌៖ « គិតមើលយើងថ្ងៃនេះ និយាយគ្នាច្បាស់លាស់ហើយ សម្រាប់លិខិតអញ្ជើញរបស់គាត់ រួចពលរដ្ឋទាំង ៥ស្រុក គាត់មក។ អ្នករស់នៅឆ្ងាយៗ គាត់ចង់សួរ។ អ្នកខ្លះចោលគោ ក្របី ដើម្បីឲ្យស្ដាប់លើការបកស្រាយរបស់ខេត្ត តែផ្ទុយទៅវិញ ដល់ពេលជួបជាក់ស្ដែងពួកគេរំសាយបាត់ » ។
កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៩ លោក ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការទន្ទ្រានដីនៅតំបន់ភ្នំដោះក្រមុំ និងត្រូវរឹបអូសមកវិញ ហើយត្រូវផ្ដល់លទ្ធភាព ឲ្យអាជ្ញាធររដ្ឋប្រើប្រាស់ថវិកាធ្វើរបងហ៊ុមព័ទ្ធ។
លេខាធិការគណៈកម្មការ គ្រប់គ្រងភ្នំដោះក្រមុំ លោក ក្រើង តុលា អះអាងថា វិវាទដីធ្លីនេះកើតមានឡើងជាង ១០ ឆ្នាំមកហើយ មិនឃើញអាជ្ញាធរពាក់ព័ន្ធណា ដោះស្រាយឲ្យដាច់ស្រឡះទេ ផ្ទុយទៅវិញការរំលោភបំពានយកជាកម្មសិទ្ធិនៅតែកើតមាន។ លោកថា ពលរដ្ឋជាង ១រយនាក់បាននាំគ្នាពិនិត្យមើលយន្តការដោះស្រាយរបស់អាជ្ញាធរខេត្ត គឺគ្រាន់តែឃ្លាំមើល ពុំមែនតវ៉ានោះទេ៖ « ថ្នាក់ក្រោមជាតិ ដូចជា ឯកឧត្ដមអភិបាលខេត្តមុនៗ និងប្រធានមន្ទីរបន្លំសម្តេច។ មូលហេតុអី ស . ច . ណ របស់ទឹកស្អាតអត់បានបញ្ជាក់នៅតំបន់ភ្នំដោះក្រមុំទេ។ បើបញ្ជាក់ថា សុំកាត់ដីនៅភ្នំដោះក្រមុំ ប្រហែលជាសម្ដេចគាត់មិនស៊ីញេឲ្យទេ តាមខ្ញុំយល់ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា ការដោះស្រាយវិបត្តិដីធ្លីនៅតំបន់ភ្នំដោះក្រមុំអាជ្ញាធរបានឯកភាពគ្នា យកកំណត់ហេតុកាលពីឆ្នាំ ២០១៦ ជាមូលដ្ឋាន ដែលមានរដ្ឋលេខាធិការក្រសួងវប្បធម៌ តំណាងសហគមន៍ជនជាតិដើមភាគតិច និង គណៈកម្មការគ្រប់គ្រងភ្នំដោះក្រមុំ បានព្រមព្រាង។ លោកថា នៅព្រឹកថ្ងៃទី ១៩ មីនា អាជ្ញាធរគ្រោងបោះបង្គោលព្រំដី ដោយផ្អែកតាមកំណត់ហេតុនោះ ក៏ប៉ុន្តែខ្វះសមាសភាពចូលរួមទើបអាជ្ញាធរផ្អាកសិន ដោយត្រូវរង់ចាំស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងសហគមន៍ជនជាតិដើមភាគតិចចូលរួមដែរ៖ « យើងហៅទាំងអស់គ្នា យើងដាក់ថ្ងៃកំណត់ហើយ សូមឲ្យប្រមូលសមាសភាពទាំងអស់ចូលរួមទាំងអស់គ្នា ទាំងបងប្អូនជនជាតិយើងផង ទាំងគណៈកម្មការភ្នំផង ទាំងថ្នាក់ក្រសួងផង យើងដោះស្រាយទៅតាមគោលការណ៍ ដែលសម្ដេចលោកដាក់បទបញ្ជាមក និងទៅតាមសភាពការណ៍ជាក់ស្ដែង។ យើងសម្របសម្រួលគ្នានៅទីកន្លែង និងដើរមើលនៅទីកន្លែងទាំងអស់គ្នា » ។
កាលពីចុងឆ្នាំ២០១៦ សហគមន៍ជនជាតិដើមភាគតិច អាជ្ញាធរខេត្ត និងរដ្ឋលេខាធិការក្រសួងវប្បធម៌បានឯកភាពគ្នា កាត់ចេញដីប្រមាណ ៨០អា ប្រគល់ជូនមន្ទីរចំនួន៤ ប្រើប្រាស់ជាកម្មសិទ្ធិរដ្ឋ ថែមទាំងសម្រេចកាត់ចេញដីពលរដ្ឋ ១១គ្រួសារ និងដីមួយផ្នែករបស់នគរបាល ដែលធ្វើរបងចូលបរិវេណដីភ្នំដាក់បញ្ចូលជាតំបន់ភ្នំដោះក្រមុំវិញ។
អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យន់ ឡូរ៉ង់ សង្កេតឃើញថា ភាពមិនច្បាស់លាស់ក្នុងការដោះស្រាយដីធ្លីនៅតំបន់នោះ ដែលផ្អែកតាមកំណត់ហេតុ កាលពីឆ្នាំ២០១៦ របស់អាជ្ញាធរពាក់ព័ន្ធ នៅតែមិនអាចបញ្ចប់ជម្លោះដីធ្លីនៅទីនោះនៅឡើយទេ។ លោកថា ជំហរដើមរបស់ជនជាតិដើមភាគតិចចាត់ទុកថា ដីដែលត្រូវបានរំលោភដោយបុគ្គលឯកជន មន្ទីររដ្ឋចំនួន ៤ និងក្រុមហ៊ុនទឹកស្អាត គឺផ្ទុយពីសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី (ស.ច.ណ) ដែលគ្មានការបកស្រាយ និងពន្យល់ណាមួយច្បាស់លាស់នៅឡើយទេ៖ « ការទំនាក់ទំនងព័ត៌មានវាដាច់ អ៊ីចឹងវាពិបាកសម្រេចចិត្តឲ្យមានការចូលរួមពីសហគមន៍។ អ៊ីចឹងបានសហគមន៍ទាមទារឲ្យមានតំណាងពី ៥ស្រុក ដែលគាត់ទុកចិត្ត វាងាយឲ្យគាត់សម្រេចចិត្តដឹងឮទាំងអស់គ្នា » ។
តែទោះយ៉ាងណា សហគមន៍ជនជាតិដើមភាគតិច និង លេខាធិការគ្រប់គ្រងភ្នំដោះក្រមុំ បន្ថែមថា ពួកគេមិនឯកភាពឲ្យមានការដោះស្រាយជម្លោះដីធ្លីនៅតំបន់នោះ ផ្អែកតាមកំណត់ហេតុព្រមព្រៀងកាលពីឆ្នាំ ២០១៦នោះទេ ព្រោះកិច្ចព្រមព្រៀងនោះ គ្មានឥទ្ធិពលបញ្ចប់ជម្លោះឲ្យដាច់ស្រឡះនៅឡើយទេជាង ១០ឆ្នាំមកហើយ។
ភ្នំដោះក្រមុំ មានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចចាត់ទុកតំបន់ភ្នំនេះជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចមានទំហំដីជាង ១០២ហិកតារ រហូតបច្ចុប្បន្នផ្ទៃដីភ្នំដោះក្រមុំនៅសល់ប្រមាណតែ ៨៧ហិកតារប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។