ជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសាររស់នៅខេត្តមណ្ឌលគិរី កំពុងខ្វល់ខ្វាយខ្លាចក្រែងបាត់បង់ទីកន្លែងដាំដុះបង្កបង្កើនផលចិញ្ចឹមជីវិត ដោយសារក្រុមអ្នកមានអំណាចកំពុងយកគ្រឿងចក្រ ឈូសឆាយរំលោភយកដីសមូហភាពរបស់ពួកគាត់ ដើម្បីគ្រប់គ្រងជាទ្រព្យឯកជន។ ពួកគាត់អន់ចិត្តចំពោះភាពព្រងើយកន្តើយរបស់អាជ្ញាធរ ដែលបណ្តោយឱ្យអ្នកមានអំណាចឈូសឆាយ ដីសមូហភាពអស់ជាង១០ហិកតា នៅរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។
ជនជាតិដើមភាគតិចព្នង ១៣ គ្រួសារ រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង កំពុងស្វែងរកកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរមូលដ្ឋាន និង អភិបាលស្រុកអូររាំង ដើម្បីរកយុត្តិធម៌ ករណីដីសមូហភាពទំហំជាង៧០ ហិកតារ ដែលពួកគាត់អាស្រ័យផលបែបប្រពៃណីជាយូរមកហើយ កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់។
អ្នកភូមិបានកំណត់អត្តសញ្ញាណ អ្នកមានអំណាចពីរនាក់ជាមេខ្លោងច្បាមយកដីនេះ គឺឈ្មោះ អ៊ំ ណាគ្រី និងឈ្មោះ ពៅ សុរិយា។
តំណាងជនជាតិដើមភាគតិចព្នងលោក ថូរ សិលា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកក្កដាថា ដីសមូហភាពទាំងនេះ អ្នកភូមិ១៣គ្រួសារ បានអាស្រ័យផលជាង ៣០ឆ្នាំមកហើយ ដោយមានដីខ្លះ មានការទទួលស្គាល់ដោយអាជ្ញាធរភូមិ/ឃុំ។ លោកថា ដីនៅតំបន់នោះ គឺជាអាយុជីវិតរបស់អ្នកភូមិ ប្រសិនបើអាជ្ញាធរមិនដោះស្រាយទេ ពួកគាត់នឹងគ្មានដីដាំដុះបង្កបង្កើនផល ចិញ្ចឹមជីវិតទៀតទេ។
លោកបន្ថែមថា បុរសឈ្មោះ ពៅ សុរិយា រស់នៅរាជធានីភ្នំពេញ ពួកលោកមិនដឹងថា ធ្វើការនៅស្ថាប័នណាទេ មានមហិច្ឆតាកាន់កាប់ដីតំបន់នោះទាំងមូល។ លើសពីនេះ បុគ្គលម្នាក់នេះ មានពាក់ព័ន្ធ មន្ត្រីយោធាផ្កាយពីរម្នាក់ឈ្មោះ អ៊ំ ណាគ្រី បានឃុបឃិតគ្នារំលោភយកដីសមូហភាពរបស់ពួកគាត់ជាង៧០ហិកតាដើម្បីគ្រប់គ្រងជាទ្រព្យបុគ្គល៖ «គាត់មានដីស្រែចម្ការប៉ុណ្ណឹងបើឈូសឆាយរបស់គាត់អស់ មានតែគាត់ដេកហូរទឹកភ្នែកដោយសារ រាល់ថ្ងៃហ្នឹងគាត់មានការលំបាកច្រើន អ្នកខ្លះយំស្រែក អត់មាននរណាដោះស្រាយឱ្យទេ។ បើគ្មានលុយកាក់ឱ្យគេទេ គេមិនមែនដោះស្រាយឱ្យទេ»។
បុរសដដែលបន្ថែមថា មកទល់ពេលនេះ សកម្មភាពឈូសឆាយបានផ្អាកហើយ ដោយសារអ្នកភូមិបានលើកគ្នាតវ៉ា ៣ថ្ងៃជាប់ៗគ្នា ប៉ុន្តែពួកគាត់បារម្ភថា ក្រុមឈ្មួញទាំងនេះ នឹងបន្តលួចឈូសឆាយនៅថ្ងៃខាងមុខ ប្រសិនបើគ្មានការដោះស្រាយឱ្យច្បាស់លាស់ទេ។ លោកថា ដីសមូហភាពទំហំសរុបជាង ៧០ ហិកតា ឋិតនៅចំណុចអូរទក មានព្រៃរេចរឹល ព្រៃពនេចរ ដីកប់សព និងដីចម្ការវិលជុំ។ ប្រសិនបើបាត់បង់អ្នកភូមិនឹងជួបការលំបាកខ្លាំងផ្នែកជីវភាព។ ចំណែកអាជ្ញាធរភូមិ/ ឃុំ និង អភិបាលស្រុកអូររាំងលោក សៀក មុន្នី មិនអើពើដោះស្រាយក្តីកង្វល់របស់ពលរដ្ឋនោះទេ បើទោះបីជា ពួកគាត់បានដាក់ពាក្យប្តឹងជាច្រើនដងមកហើយក្តី។
ឆ្លើយតបការចោទប្រកាន់នេះ បុរសដែលអ្នកភូមិចោទថា រំលោភយកដីសមូហភាពពួកគាត់ គឺលោក ពៅ សូរិយា បកស្រាយថា លោកបានទិញដីពីពលរដ្ឋជាច្រើនហិកតានៅតំបន់នោះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ប្រសិនបើចង់ដឹងរឿងនេះច្បាស់លាស់ ពលរដ្ឋត្រូវចង្អុលដីនៅទីណាឱ្យច្បាស់លាស់។ លោកបដិសេធមិនឆ្លើយសំណួរផ្សេង ដោយលោកលើកហេតុផលថា មិនដឹងថា ដីមានជម្លោះនោះ ឋិតនៅត្រង់ចំណុចណានោះទេ៖ «ខ្ញុំមានដីនៅចំណុចហ្នឹងដែរ តែពាក់ព័ន្ធនៅចំណុចណា ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំទិញនៅត្រង់នោះច្រើនម្ចាស់ ពាក់ព័ន្ធម្ចាស់មួយណា អត់បានដឹង។ ទាល់តែគាត់បង្ហាញព្រំត្រឹមត្រូវ បានខ្ញុំអាចឆ្លើយបាន ព្រោះខ្ញុំទិញនៅហ្នឹង ចូល ២០ម្ចាស់»។
វិទ្យុអាស៊ីសេរីមិនទាន់សុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកអូររាំងលោក សៀក មុន្នី និងមេឃុំដាក់ដាំលោក ចាស់ ណា បាននៅឡើយទេ នៅថ្ងៃទី៣ កក្កដា ដោយទូរសព្ទហៅចូលតែគ្មានអ្នកលើក។ រីឯមន្ត្រីយោធាផ្កាយពីរដែលអ្នកភូមិចោទថា មានជាប់ពាក់ព័ន្ធរំលោភយកដីនៅតំបន់នោះ គឺលោក អ៊ំ ណាគ្រី ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ទីប្រឹក្សាបណ្តាញជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា សង្កេតឃើញថា ពលរដ្ឋធ្លាប់អាស្រ័យផលដីនៅតំបន់នោះជាយូរយាមកហើយ ដោយមានចម្ការវិលជុំ បែបប្រពៃណី ជនជាតិដើមភាគតិច។ រីឯក្រុមឈ្មួញ កំពុងឃុបឃិតជាមួយក្រុមហ៊ុនឯកជន បន្តរំលោភបំពានយកដីសមូហភាពរបស់ពួកគាត់យ៉ាងអយុត្តិធម៌។ លោកចាត់ទុក ទង្វើនេះ ថាជាការរំលោភសិទ្ធិពលរដ្ឋមូលដ្ឋាន និងសិទ្ធិអាស្រ័យផល បែបប្រៃពៃណីជនជាតិដើមភាគតិចព្នង។
លោកអំពាវនាវឱ្យក្រសួងកសិកម្មគួរតែចុះស្រាវជ្រាវ និងបោះបង្គោលកំណត់ព្រំដីដែលអ្នកភូមិអាស្រ័យផល និងដីរបស់ក្រុមហ៊ុនឯកជនឱ្យច្បាស់លាស់ ដើម្បីទប់ស្កាត់ការរំលោភបំពាន៖ «រឿងបញ្ហាដីធ្លី ព្រៃឈើរាល់ថ្ងៃ ជាបញ្ហាក្តៅ រដ្ឋាភិបាលគួរចាប់ផ្តើមបង្កើតគណៈកម្មការស្រាវជ្រាវច្បាស់លាស់ ដើម្បីបែងចែកឱ្យច្បាស់លាស់ ដើម្បីឃ្លាំមើល ស្រួលក្នុងការថែរក្សា»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ដីសមូហភាពជាទ្រព្យសាធារណៈរបស់រដ្ឋ ប្រសិនបើមានការទិញលក់ គឺជាទង្វើល្មើសច្បាប់។ លោកថា អាជ្ញាធរពាក់ព័ន្ធដែលចុះហត្ថលេខាផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ប៉ះចំដីសាធារណៈរបស់រដ្ឋ ក៏ជាទង្វើល្មើសច្បាប់ដែរ។ លោកទាមទារឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី គួរចុះដោះស្រាយរឿងនេះ និងរកមធ្យោបាយការពារសុវត្ថិភាពដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព៖ «តាមផ្លូវច្បាប់គាត់ត្រូវមានទោសទៀត។ វិធីដោះស្រាយមានអីពិបាកគ្រាន់តែមោឃភាពលិខិតលក់ទិញ ថ្នាក់ៗការពារទំនាស់មិនឱ្យកើតមានពិបាកដោះស្រាយ»។
របាយការណ៍ របស់បណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នង សង្កេតឃើញថា ដីសមូហភាព ឬដីចម្ការវិល ដែលជនជាតិដើមភាគតិចអាស្រ័យផល បែបប្រពៃណី កំពុងឋិតក្នុងភាពផុយស្រួយ ឬរំលោភបំពានជាបន្តបន្ទាប់ពីសំណាក់បុគ្គលមានលុយមានអំណាច។ រីឯអាជ្ញាធរពាក់ព័ន្ធខេត្តនេះ មិនបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់នោះទេ។
ច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ មាត្រា ៨១ ចែងថា «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យឯកជនខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ដល់ ១០ លានរៀល»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។