អ្នកភូមិ​ឡ​ពាង ៣នាក់ ចូល​បំភ្លឺ​នៅ​​តុលាការ​ក្រុង​ភ្នំពេញ​រឿង​វិវាទ​ដីធ្លី​ជាង ១៣​ឆ្នាំ ជាមួយ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល

0:00 / 0:00

ប្រជា​សហគមន៍​ឡ​ពាង​ប្រមាណ ៤៥នាក់ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦​ ឧសភា ខណៈ​អ្នក​ភូមិ​គ្នា​ឯង ៣នាក់ ត្រូវ​ចូល​ខ្លួន​បំភ្លឺ​ម្នាក់​ម្ដងៗ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី ប្ដឹង​សុំ​កាន់​កាប់​ដី​ពី​អ្នកស្រី ជា ខេង មក​វិញ។ អ្នក​ភូមិ​ឡ​ពាង​ជា​ស្ត្រី ៣នាក់​នោះ មាន​ឈ្មោះ កែវ សុខា អាយុ ៣៧ឆ្នាំ ​ស៊ុំ ថុន អាយុ ៥៨ឆ្នាំ និង​ឈ្មោះ យ៉ង់ ប៊ុត អាយុ ៦៤ឆ្នាំ។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ចៅ​ក្រម​លោក លាង សំណាត់ សម្រេច​ឲ្យ​អ្នក​ភូមិ ៣នាក់​ដាក់​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ ដោយសារ​ភាគី​ពលរដ្ឋ​មិន​ទាន់​មាន​មេធាវី​ការពារ​រឿង​ក្ដី​នៅ​ឡើយ។ ចំណែក​មេធាវី​តំណាង​ឲ្យ​អ្នក​ស្រី ជា ខេង គឺ​លោក ផាត់ ពៅ​សៀង មិន​មាន​វត្តមាន​នៅ​តុលាការ៖ «ចាស៎ ! សូម​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ផ្ដល់​មេធាវី​ផ្នែក​រដ្ឋប្បវេណី​ឲ្យ​ពួក​ខ្ញុំ​ឡ​ពាង​ផង។ ខ្ញុំ​អត់​មាន​មេធាវី​ការពារ​ទេ។ ពីមុន​ខ្ញុំ​តាម​ស៊ើបសួរ​អត់​មាន​មេធាវី​សម្រាប់​យើង​ត្រៀម​ទុក ពេល​មេធាវី​ខាង អាដហុក គាត់​ឈប់​ទៅ យើង​អាច​រក​មេធាវី​ផ្សង​បាន។ ប៉ុន្តែ​គេ​អត់​ទាន់​ឆ្លើយ​តប​មក​ពួក​យើង។ ហើយ​ឥឡូវ​ហ្នឹង​យើង​ដាក់​ពាក្យ​ពន្យារ​ពេល រក​មេធាវី​បន្ត​ទៀត​ ដោយ​សារ​តែ​យើង​គ្មាន​មេធាវី។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​មេធាវី​រដ្ឋប្បវេណី​ដល់​ពួក​ខ្ញុំ​ផង»។

កាល​ពី​ថ្ងៃ​ទី២៩ មេសា អ្នក​ឡ​ពាង​បាន​ទៅ​ជំនួយ​ផ្នែក​ពី​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) ក្នុង​កំឡុង​ពេល​អ្នក​ស្រី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ អ្នក​ស្រី រ៉ូណា ស្មីត ឆ្លើយ​តប​ថា នឹង​យក​សំណើ​ពលរដ្ឋ​ទៅ​ពិភាក្សា ថា​តើ​អាច​ផ្ដល់​មេធាវី​បាន ឬ​យ៉ាង​ណា។

គិត​មកដល់​ពេល ​មាន​អ្នក​ភូមិ​ឡ​ពាង ១៣នាក់​ហើយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ចុង​ខែ​មីនា ក្នុង​សំណុំ​រឿង​ប្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១៤ និង​រឿង​សុំ​សិទ្ធិ​គ្រប់គ្រង​ដី។ ក្រៅ​ពី​នេះ តុលាការ​ក្រុង​ភ្នំពេញ ក៏​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡ​ពាង​ជាង ៥០គ្រួសារ បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ក្នុង​មួយ​គ្រួសារ ៤០ម៉ឺន​រៀល ក្នុង​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ជាង ១៣ឆ្នាំ​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។