ពលរដ្ឋជាង ៥០០នាក់ នៅស្រុកឯកភ្នំ បន្តទាមទារឱ្យអាជ្ញាធរកាត់ដីអាស្រ័យផលពួកគាត់ ចូលទៅក្នុងតំបន់១
2024.08.10
ប្រជាពលរដ្ឋជាង៥០០នាក់ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបន្តការតវ៉ា ឱ្យអាជ្ញាធរកាត់ដី ដែលពួកគាត់អាស្រ័យផលជាង ៣០ឆ្នាំមកហើយនោះ ដាក់បញ្ចូលទៅតំបន់១ ដើម្បីប្រែក្លាយឱ្យទៅជាដីសម្បទានស្របច្បាប់។ ការតវ៉ានេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរ កាត់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ទៅក្នុងតំបន់២ ដែលជាតំបន់អភិរក្សក្បែរព្រៃលិចទឹក ធ្វើឱ្យពួកគាត់ បាត់បង់សិទ្ធិកាន់កាប់ និងធ្វើប្លង់រឹង ដើម្បីយកទៅដាក់ធនាគារ។
ប្រជាពលរដ្ឋ មកពីភូមិចំនួន១០ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ចំនួនជាង៥០០នាក់ នៅថ្ងៃទី០៨ ខែសីហា បន្តនាំគ្នាតវ៉ានៅមុខសាលាឃុំសាជាថ្មី បន្ទាប់ពីមិនបានជួបមេឃុំ និងអភិបាលស្រុក ក្នុងពេលតវ៉ាកាលពីលើកទី១ ដើម្បីទាមទារឱ្យអាជ្ញាធរ ពិនិត្យលើការកាត់ឆ្វៀលដីនៅតំបន់២ ដែលធ្វើឱ្យប៉ះពាល់ដល់ដីអាស្រ័យផលរបស់ពួកគាត់។
ពលរដ្ឋនៅភូមិដួងមា ឃុំព្រែកនរិន្ទ លោក ចក់ ចិត្រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែសីហា ថា ការតវ៉ាលើកទី២ នេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានចេញមកជួបប្រជាពលរដ្ឋហើយ ដោយលោកបានឱ្យអាជ្ញាធរ ចុះស្រង់ចំនួនប្រជាពលរដ្ឋ ដើម្បីស្នើទៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ឱ្យជួយដោះស្រាយ។ ទោះយ៉ាងណា លោក ចក់ ចិត្រ លើកឡើងថា ការកាត់ដីអាស្រ័យផលរបស់ពួកគាត់ ទៅក្នុងតំបន់២ គឺមិនយុត្តិធម៌នោះទេ ព្រោះពួកគាត់បានអាស្រ័យផលលើដីនេះជាង៣០ឆ្នាំមកហើយ ដោយរដ្ឋាភិបាលសម្បទានឱ្យ គឺមិនមែនពួកគាត់ទើបតែកាប់ឆ្ការរានព្រៃ យកដីដោយខុសច្បាប់ឡើយ។
លោក ចក់ ចិត្រ៖ «គាត់មិនទាន់សម្រេច ១០០ភាគរយទេ គ្រាន់តែសុំ ការស្នើសុំរបស់យើងហ្នឹងទៅនាយករដ្ឋមន្ត្រី សុំសេចក្ដីសម្រេចមក។ ហើយគាត់លើកឡើងពីបញ្ហាដែលយើងមានគ្រួសារ ត្រូវមានកូនមានចៅអ៊ីចឹង ត្រូវទៅធ្វើគេហដ្ឋាននៅ ហើយត្រូវខ្ចីអង្គការ ដើម្បីបង្វិលរកលុយទទួលទាន។ អ៊ីចឹងយើងអាចដោះអង្គការបាន ហើយដីហ្នឹងគេឱ្យជាកម្មសិទ្ធិរបស់យើង ដែលគេកាត់មកឱ្យហ្នឹង»។
កាលពីថ្ងៃទី៧ ខែសីហា ពលរដ្ឋបានលើកគ្នាមកតវ៉ាម្ដងរួចមកហើយ ដោយមានអ្នកចូលរួមជាង៤០០នាក់ មកពីភូមិចំនួន៦ នៃឃុំព្រែកនរិន្ទ តែគ្មានលទ្ធផល ព្រោះមិនបានជួបអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល។ ប៉ុន្តែ នៅពេលតវ៉ាលើកទី២ នេះ លោក ម៉ិល សុផល បានចេញមកជួបប្រជាពលរដ្ឋ។
អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានចេញមកបកស្រាយនៅចំពោះមុខប្រជាពលរដ្ឋ ថា អាជ្ញាធរធ្លាប់ដាក់សំណើទៅរដ្ឋាភិបាលម្ដងរួចមកហើយ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីតំបន់២ ដែលមានប្រជាពលរដ្ឋសាងសង់ផ្ទះរស់នៅ ទៅក្នុងតំបន់១ ដោយឡែកចំពោះដីអាស្រ័យផល ត្រូវរក្សាទុកក្នុងតំបន់២ដដែល។
លោក ម៉ិល សុផល៖ «ប៉ុន្តែ តាមរយៈអនុក្រឹត្យលេខ៩១ បានកាត់ឆ្វៀលដីនេះ មកជាតំបន់១ វិញ ដែលគេហៅថាភូមិម្ករ។ ពាក្យថាភូមិម្ករ គឺជាទីកន្លែង ដែលបងប្អូនតាំងទីលំនៅ។ ប៉ុន្តែដីស្រែ គឺនៅជាតំបន់២ ដដែល»។
រដ្ឋាភិបាលកម្ពុជាបានបែងចែកដីបឹងទន្លេសាបជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ ចំណែកតំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។
ទោះជាបែបនេះក្ដី កាលពីខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន បានលើកឡើងថា ចំពោះដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងទៅនេះ ជាកម្មវត្ថុត្រួតពិនិត្យ ដោយកាត់ចេញពីតំបន់៣ ចូលមកតំបន់២ ហើយឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់២ ត្រូវកាត់ចេញពីតំបន់២ ដាក់ចូលមកជាតំបន់១ និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ទាក់ទិនរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ជំរុញឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយ ដោយចុះទៅពិនិត្យផ្ទាល់ជាក់ស្ដែង ចៀសវាងការបន្លំណាមួយ។ លោកបន្តថា បន្ទាប់ពីដោះស្រាយបញ្ហានេះរួច រដ្ឋាភិបាលក៏ត្រូវលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមក្នុងការការពារព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ផងដែរ តាមរយៈការបង្កើតសហគមន៍ ការពារធនធានធម្មជាតិនៅទីនោះ។
លោក យិន ម៉េងលី៖ «ដែលសំខាន់នោះ គឺយើងរក្សាអ្វីដែលយើងនៅសល់ រក្សាឱ្យបាន គឺកុំឱ្យបាត់បង់ទៀត។ ពេលខ្លះយើងយកប្រជាពលរដ្ឋ ជាអ្នកការពារដីហ្នឹងទៅវិញ។ បង្កើតសហគមន៍ ការពារដីព្រៃសហគមន៍។ បង្កើតសហគមន៍នេសាទដើម្បីឱ្យគាត់ការពារតំបន់ហ្នឹងដែរ តែកុំឱ្យមានអ្នកទៅពីតំបន់ឆ្ងាយៗ ឱ្យគាត់ទៅបន្លំខ្លួនចូលដែរ។ អ៊ីចឹងយើងកាត់ឆ្វៀលឱ្យពួកគាត់ទៅ ដើម្បីជីវភាពពួកគាត់»។
ពលរដ្ឋថា ពួកគាត់មានសង្ឃឹម៥០ ទៅ៦០ភាគរយ ថាអាចទទួលបានដីត្រឡប់មកវិញ ក្រោយការសន្ទនាជាមួយមន្ត្រីរដ្ឋបាលស្រុករួចមក។ ទោះជាយ៉ាងណា ពួកគាត់ស្នើឱ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាត់ដីចេញពីតំបន់២ មកជាតំបន់១ ដើម្បីឱ្យពួកគាត់ធ្វើស្រែចម្ការ និងកាន់កាប់ដីនោះដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។