ពលរដ្ឋនៅសហគមន៍​អូរ​ខ្សាច់​ប្រកាស​​​មិន​រុះរើ​លំនៅឋាន តាម​ដីកា​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​​ទេ

0:00 / 0:00

ពលរដ្ឋនៅសហគមន៍​អូរ​ខ្សាច់​ចំនួន ៤គ្រួសារ ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ​ចេញ​ដីកា​ឲ្យ​ពួក​គេ​មិន​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ដែល​កំពុង​រស់នៅ ប្រកាស​ថា ពួក​គេ​មិន​ចាក​ចេញ​ទៅ​ណា​នោះ​ទេ។ ការ​ប្រកាស​ជំហរ​របស់​ក្រុម​ពលរដ្ឋ​ដូច្នេះ ខណៈ​ដីកា​របស់​តុលាការ នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា គឺ​បង្គាប់​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ ព្រោះ​តុលាការ​បាន​កាត់​ក្តី​ឲ្យ​ភាគី​ម្ខាង​ទៀត​ជា​អ្នក​មាន​អំណាច​ឈ្នះ​ក្តី​លើ​ដី​មាន​ជម្លោះ។

ក្រុម​ពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា ពួក​គេ​រស់នៅ​លើ​ដី​ស្រប​ច្បាប់​របស់​ខ្លួន​ជាង ២៥ឆ្នាំ​មក​ហើយ​នេះ គឺ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត​ផង។

ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ លោកស្រី អេង វ៉ាន់ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​បួន​គ្រួសារ ដែល​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ អះអាង​ថា លោកស្រី​នឹង​យក​ជីវិត​របស់​លោកស្រី និង​ក្រុម​គ្រួសារ​មក​ការពារ​ដី​ផ្ទះ​ដោយ​មិន​ចាក​ចេញ​ទៅ​ណា​ឡើយ។ ពលរដ្ឋ​រូប​នេះ ចោទ​សួរ​ថា តើ​ការ​សម្រេច​របស់​តុលាការ​ដែល​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈ្នះ​ក្តី តើ​សំអាង​លើ​អ្វី? បើ​ដី​ដែល​ក្រុម​គ្រួសារ​លោកស្រី​កំពុង​រស់នៅ​ជាង ២៥​ឆ្នាំ​មក​នេះ មាន​ដើម​ដូង ដើម​ស្វាយ​ធំៗ ពេញ​ដី​ដូច្នេះ៖ «»

អាស៊ីសេរីមិនអាចសុំ​ប្រតិកម្ម​ពី​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បាន​ទេ​នៅ​ថ្ងៃ​អង្គារ ទី២៦ មិថុនា ដោយ​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មិន​លើក​ទូរសព័្ទ។

ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​បួន​គ្រួសារ ដែល​ប្រឈម​ការ​បណ្តេញ​ចេញ​នេះ ពួក​គេ​ចាញ់​ក្តី ឈ្មួញ​រកស៊ី​ដីធ្លី​មាន​លុយ និង​មាន​អំណាច ឈ្មោះ ប៉ុន សារឿន អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ឈ្មោះ សុខ ងួន មាន​នាម​ជា​ឧកញ៉ា។

ចៅក្រមអនុវត្តនៃសាលាដំបូង​ខេត្ត​ព្រះសីហនុ លោក តាក់ គឹមសៀ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ដោយ​ទុក​ពេល​រយៈ​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា​ដល់​ថ្ងៃ​ទី២៩ ខែ​មិថុនា។ ចៅក្រម​សម្រេច​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់ ចុះ​ឆ្នាំ១៩៩៤ ស្ថិត​នៅ​ភូមិ៤ ឃុំអូរ​ត្រេះ ស្រុក​ស្ទឹងហាវ ដោយ​សំអាង​ថា ក្រុម​ពលរដ្ឋ​បាន​ចាញ់​ក្តី​ភាគី​ម្ខាង​ទៀត តាំង​ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។ អ្នក​សម្រប​សម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាម​ដាន​ដំណើរ​រឿង​នេះ យល់​ថា ការ​សម្រេច​របស់​តុលាការ គឺ​មិន​បាន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ។ ដូច្នេះ​លោក​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ស្រាវជ្រាវ​ករណី​នេះ​ឡើង​វិញ។ លោក ញិល ភាព យល់​ថា ដីកា​របស់​តុលាការ គឺ​មិន​អាច​អនុវត្ត​ដីកា​របស់​ខ្លួន​នៅ​ពេល​នេះ​បាន​ទេ បើ​មិន​ដូច្នេះ​ទេ នឹង​ដុត​ឲ្យ​ជម្លោះ​នេះ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង៖ «»

ពលរដ្ឋចោទប្រកាន់​ថា ភាគី​ឈ្នះ​ក្តី ដែល​មាន​ទាំង​លុយ និង​អំណាច ប្រើ​ឥទ្ធិពល​រដ្ឋ​របស់​ខ្លួន​ជិះ​ជាន់​ពលរដ្ឋ​ក្រីក្រ។ ពួក​គេ​លើក​ឡើង​ថា ភាគី​ឈ្នះ​ក្តី ឈ្មោះ ប៉ុន សារឿន អតីត​អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ឈ្មោះ សុខ ងួន មាន​នាម​ជា​ឧកញ៉ា​មិន​ដែល​ទៅ​រស់នៅ​ដី​ជម្លោះ​ទេ ប៉ុន្តែ​ហេតុ​អី​ពួក​គេ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធ។ ជាង​នេះ​ទៅ​ទៀត ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ គឺ​ចេញ​ក្រោយ​ពេល​ពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ។ តើ​ការ​ចេញ​ប័ណ្ណ​នេះ​ស្រប​ទៅ​តាម​ច្បាប់​ភូមិបាល​ដែរ ឬ​ទេ ព្រោះ​ដី​នៅ​តំបន់​មាន​ជម្លោះ​នោះ គឺ​ស្ថិត​ក្នុង​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ២០០២ ដែល​រាជរដ្ឋាភិបាល​បម្រុង​ទុក​នា​ពេល​កន្លង​មក។

ពលរដ្ឋ​អះអាង​ថា ពួគេ​បាន​ចូល​ទៅ​រស់​នៅ​តំបន់​សហគមន៍​អូរ​ខ្សាច់​តាំង​ពី​ឆ្នាំ១៩៩២ ដែល​កាល​នោះ​វា​ជា​កន្លែង​ប្រឈម​មុខ​គ្នា​រវាង​កងទ័ព​រដ្ឋកម្ពុជា និង​ក្រុម​ខ្មែរក្រហម ហើយ​ថែម​ទាំង​ពលរដ្ឋ​មាន​ប័ណ្ឌ​សម្គាល់​សិទ្ធិ​ប្រើប្រាស់ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត ប៉ុន្តែ ពលរដ្ឋ​គ្មាន​លទ្ធភាព​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដូច​ភាគី​ឈ្នះ​ក្តី​នោះ​ទេ។ ពលរដ្ឋ​ចោទ​ថា ឈ្មួញ​មាន​អំណាច​ ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹប​យក​ដី​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។