មន្ត្រីសង្គមស៊ីវិល មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគបារម្ភថា ជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសកម្ពុជាខុសច្បាប់នឹងទទួលបានដីនៅតំបន់បឹងទន្លេសាប តាមរយៈផែនការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ដីឲ្យពលរដ្ឋនៅតំបន់បឹងទន្លេសាប។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាច ច្រានចោលការលើកឡើងនេះ និងអះអាងថា រដ្ឋាភិបាលមានផែនការច្បាស់លាស់ក្នុងការផ្ដល់ដីនេះ។
ក្រុមអ្នកឃ្លាំមើលបារម្ភថា ជនជាតិវៀតណាមអាចនឹងទទួលបានសិទ្ធិស្របច្បាប់ក្នុងគ្រប់គ្រងដីធ្លី ដែលពួកគេកំពុងរស់នៅនោះ ខណៈនិគមជនវៀតណាមទាំងនោះ បានរស់នៅលើទឹកដីកម្ពុជាខុសច្បាប់មិនតិចជាង ១០ឆ្នាំឡើយ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជាលើជនបរទេសជាពិសេសមកលើជនជាតិវៀតណាម មិនសូវមានប្រសិទ្ធភាពនោះទេ។ លោកព្រួយបារម្ភថា ភាពធូរលុងនេះ រួមទាំងអំពើពុករលួយផង នឹងធ្វើឲ្យនិគមជនវៀតណាម មានឱកាសទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីកម្ពុជានៅតាមតំបន់បឹងទន្លេសាប។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញទៅរដ្ឋាភិបាលគ្រប់គ្រងជនជាតិតាមច្បាប់ឲ្យបានច្បាស់លាស់ រួមពិនិត្យឡើងវិញលើការផ្ដល់ឯកសារពាក់ព័ន្ធនានាឲ្យជនជាតិវៀតណាមទាំងនោះ៖ «និយាយទៅពីនិគមវៀតណាម ទាក់ទងបញ្ហានយោបាយ អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា រដ្ឋាភិបាលលោក ដឹងហើយរឿងហ្នឹង ប៉ុន្តែលោកត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពទាក់ទងនឹងការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជាឲ្យម៉ឺងម៉ាត់ឲ្យមានប្រសិទ្ធភាព»។
រីឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ដួង ចន្ត្រា ដែលមានភូមិកំណើតនៅតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងខេត្តរបស់លោករស់នៅយ៉ាងហោចណាស់មានជនជាតិវៀតណាម ជាង ២ពាន់គ្រួសារ ហើយភាគច្រើនអ្នកទាំងនោះមានអត្តសញ្ញាណប័ណ្ណខ្មែរទៀតផង។ លោកបន្តថា អ្នកទាំងនោះបានមករស់នៅកម្ពុជា មិនតិចជាង ២០ឆ្នាំនោះទេ។ លោកឲ្យដឹងទៀតថា ទោះកន្លងទៅអាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំទីតាំងថ្មីនៅដីគោកឲ្យជនជាតិវៀតណាម ទាំងនោះក៏ដោយ ក៏និគមជនវៀតណាមភាគច្រើន មិនបានឡើងគោកតាមការរៀបចំរបស់អាជ្ញាធរនោះទេ។ លោកព្រួយបារម្ភថា យុទ្ធនាការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលគ្រោងផ្ដល់ដីឲ្យពលរដ្ឋរស់នៅតំបន់ទន្លេសាប នឹងធ្វើឲ្យនិគមជនវៀតណាម មានសិទ្ធិស្របច្បាប់កាន់កាប់ រហូតក្លាយជាម្ចាស់កម្មសិទ្ធិលើដីខ្មែរក្នុងតំបន់បឹងទន្លេសាប៖ «ជាភាពស្របច្បាប់មួយសម្រាប់ឲ្យពលរដ្ឋវៀតណាមនៅតំបន់ទន្លេសាបក្លាយជាពលរដ្ឋខ្មែរពិតប្រាកដស្របតាមផ្លូវច្បាប់ ហើយជារបងការពារទន្លេសាប មិនឲ្យខ្មែរចូលរកផលនេសាទបានតទៅទៀត»។
ការបញ្ចេញប្រតិកម្មទាំងនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីនៅថ្ងៃទី២៧ ឧសភា បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ អាជ្ញាធរខេត្ត និងមន្ត្រី ពាក់ព័ន្ធ ឲ្យចុះពិនិត្យតំបន់ដែលពលរដ្ឋរស់នៅជាក់ស្ដែង នៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលពួកគេបានរស់នៅយូរឆ្នាំឬប្រមាណ ១០ឆ្នាំឡើងទៅ។ មួយថ្ងៃក្រោយគឺនៅថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការកែសម្រួលផ្ទៃដីទំហំជាងបីពាន់បួនរយហិកតារ (៣.៤៤៨,៧៧ហិកតារ) ចេញពីតំបន់អភិរក្សឬតំបន់ហាមឃាត់ ក្នុងខេត្តពោធិ៍សាត់ដើម្បីពលរដ្ឋអាចប្រើប្រាស់ និងអាស្រ័យផល។
ទាក់ទងការលើកឡើងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ នៅថ្ងៃទី១ ខែមិថុនា។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការដោះស្រាយផ្ដល់ដីដល់ពលរដ្ឋនៅតំបន់បឹងទន្លេសាប គឺរដ្ឋាភិបាលមានផែនការច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាពលរដ្ឋខ្មែរដែលរស់នៅជាក់ស្ដែងមានសិទ្ធិគ្រប់គ្រងដីធ្លីរបស់ពួកគេ។ លោកបន្តថា រដ្ឋាភិបាលគ្មានចេតនាណាមួយដើម្បីធ្វើឲ្យនិគមជនវៀតណាមដែលរស់នៅខុសច្បាប់មានសិទ្ធិគ្រប់គ្រងដីខ្មែរនោះទេ៖ «ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅបឹងទន្លេសាបផង និងដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ផងបាទយើងមានគោលការណ៍ត្រឹមត្រូវដើម្បីនឹងដោះស្រាយ ដោះស្រាយបញ្ហាទន្លេសាបបានផង ហើយមិនឲ្យល្អក់កកររវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងផងបាទ»។
ទោះមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដី ក៏អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ មានប្រសាសន៍ថា លោកមិនទុកចិត្តការអនុវត្តច្បាប់របស់រដ្ឋាភិបាលឡើយ។ លោកបន្តថា កន្លងមករដ្ឋាភិបាល លាក់លៀមច្រើនក្នុងដោះការស្រាយបញ្ហាជនជាតិវៀតណាមរស់នៅខុសច្បាប់នៅកម្ពុជា។ លោកបន្តថា ប្រសិនរដ្ឋាភិបាល មានឆន្ទៈផ្ដល់ដីឲ្យពលរដ្ឋខ្មែរនៅតំបន់បឹងទន្លេសាប គួរអនុញ្ញាតឲ្យអង្គការសង្គមជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតចូលរួមក្នុងផែនការនេះ៖ «ខ្ញុំយល់ឃើញថា ក្នុងស្ថានភាពដែលរដ្ឋាភិបាលពុំមានការជឿទុកចិត្តពីពលរដ្ឋ និងសហគមន៍ជាតិ អន្តរជាតិ គួរណាស់មានការចូលរួមទាំងអាចសុំជំនួយហិរញ្ញវត្ថុពីអង្គការជាតិ អន្តរជាតិបានផង»។
មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួររៀបចំបញ្ជូនជនជាតិវៀតណាមដែលរស់នៅតំបន់បឹងទន្លេសាបទាំងអស់ ឲ្យឡើងគោកជាមុនសិន មុននឹងអនុវត្តផែនការផ្ដល់ដីធ្លីដល់ពលរដ្ឋខ្មែរដែលរស់នៅតំបន់បឹងទន្លេសាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។