ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឃុំ​ដូង​ខេត្ត​កំពង់ធំ​គេច​ពី​ភូមិ​ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ អះអាង​ថា គ្នីគ្នា​ពួកគាត់​ជាច្រើន​នាក់ កំពុង​រត់គេច​ចេញ​ពី​ភូមិ​ជា​បន្តបន្ទាប់ ដោយសារ​អាជ្ញាធរ​បង្ខំ​ឱ្យ​ផ្ដិតមេដៃ​ប្រគល់​ដីស្រែ​ជូន​រដ្ឋ ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច ចែក​ជូន​ពលរដ្ឋ​ក្រីក្រ។ អាជ្ញាធរ​ឃុំ​ដូង អះអាង​ថា គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ទេ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រលប់​ទៅ​រស់នៅ​ជា​ធម្មតា​វិញ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ឃុំ​ដូង​ម្នាក់ សុំ​លាក់​ឈ្មោះ អះអាង​ថា បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ភ្នំពេញ ខណៈ​តំណាង​ច្រើន​នាក់​ផ្សេងទៀត កំពុង​រត់​ភៀសខ្លួន ទៅ​ធ្វើ​កម្មករ​នៅ​តាម​ចម្ការ​នានា និង​ខ្លះ​រត់​ទៅ​ខេត្ត​សៀមរាប ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន បង្ខំ​ឱ្យ​ផ្ដិត​មេដៃ ប្រគល់​ដីស្រែ​ឱ្យ​រដ្ឋ៖ «ភាគរយ​ដែល​ផ្ដិតមេដៃ​ជូន​ហ្នឹង គឺ​តិច​បំផុត ប្រហែល​៥%​។ អ្នក​ដែល​ប្រឆាំង​(​ការ​ដាក់​ដីស្រែ​ពលរដ្ឋ​ជា​ដី​សម្បទាន​សង្គមកិច្ច) ហ្នឹង ៩៥%​។ ប៉ុន្តែ​គាត់ (អាជ្ញាធរ) ធ្វើទុក្ខ​។ និយាយ​ឱ្យ​ចំ អត់​មាន​ដំណោះស្រាយ សូម្បីតែ​ប្រធាន​ភូមិ មេឃុំ មេ​ប៉ុស្តិ៍ សុទ្ធ​តែ​គំរាម​ប្រជាពលរដ្ឋ​ខ្លួនឯង​ទាំងអស់ អ្នកណា​ដែល​មិន​ព្រម​ប្រឆាំង​នឹង​គម្រោង​រដ្ឋាភិបាល នឹង​ត្រូវ​ផ្ដន្ទាទោស។ សូម្បីតែ​ខ្ញុំ ដី​ខ្ញុំ​ហ្នឹង មាន​៥​ហិកតារ ហើយ​ខ្ញុំ​តំណាង​ប្រជាពលរដ្ឋ​មក​ដាក់​នៅ​រដ្ឋសភា​ហ្នឹង ចៅហ្វាយខេត្ត​គាត់​ចុច​ឈ្មោះ​ខ្ញុំ​រួចហើយ។ គាត់​ថា អា​ពីរ​នាក់​នៅ​ភ្នំពេញ​ហ្នឹង ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង។

ជម្លោះដីធ្លី​នៅ​ឃុំ​ដូង កើតឡើង​ក្នុង​កំឡុង​ឆ្នាំ​២០១៦។ មូលហេតុ​នៃ​ជម្លោះ​នេះ គឺ​ដោយសារ របប​ក្រុង​ភ្នំពេញ ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម ដាក់​ដីស្រែ​របស់​ពួកគេ ជូន​រដ្ឋ​យក​ទៅ​អភិវឌ្ឍ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្សារ ជាដើម ហើយ​បន្ទាប់មក រដ្ឋ​នឹង​ផ្ដល់​ឱ្យ​ពលរដ្ឋ​វិញ ប៉ុន្តែ មិនមែន​តាម​ទំហំ​ដី ពលរដ្ឋ​ទេ គឺ​តាម​ការ​ធ្វើ​សម្បទាន​សង្គម​កិច្ច ដល់​ពលរដ្ឋ​ក្រីក្រ។

ដី​មាន​ជម្លោះ​នៅ​ឃុំ​ដូង មាន​ទំហំ សរុប ប្រមាណ ២​ពាន់ ៧​រយ (២.៧០០) ហិកតារ ជា​ប្រភេទ​ដីស្រែ លាតសន្ធឹង​លើ​ភូមិ​ចំនួន​៥ នៃ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ គឺ​ភូមិ​គ្រួស ភូមិ​ដង​ផ្ដៀក ភូមិ​ក្របៅ ភូមិ​តា​មុំ និង​ភូមិ​ដង​តាឯ​។ ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន ជម្លោះ​នេះ បាន​បន្ត​រីក​រាលដាល​ដល់​ភូមិ​មួយទៀត នៅ​ជាប់​ភូមិ​ដង​តាឯក គឺ​ភូមិ​គ្រោ ដោយសារ​អាជ្ញាធរ​បាន​ប្រកាស​ថា ដី​ខ្លះ នៅ​ក្នុង​ភូមិ​គ្រោ​ក៏​ស្ថិត​ក្នុង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច របស់​រដ្ឋាភិបាល​ដែរ។

ពលរដ្ឋ​អះអាង​ថា មក​ដល់​ពេលនេះ អាជ្ញាធរ​នៅតែ​បន្ត​គំរាមកំហែង​ពលរដ្ឋ ដែល​មិន​ទៅ​ផ្ដិត​ក្រយៅដៃ​ឱ្យ ហើយ​ព្យាយាម​តាម​ចាប់ខ្លួន​ពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា។ ពលរដ្ឋ​ថា ពួកគេ​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ គឺ​រត់​ទៅ​នៅ តាម​ព្រៃ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​យក​ក្រយៅដៃ​ដោយ​បង្ខំ។ ករណី​មួយទៀត គឺ​នៅ​ពេល​អាជ្ញាធរ​ដកហូត​ដី​នោះ​រួចហើយ ពលរដ្ឋ​ណា ដែល​មិន​ទៅ​យក​ដី ដែល​អាជ្ញាធរ​កំណត់ និង​ចែក​ឱ្យ​វិញ ត្រូវ​គំរាម​ចាប់ខ្លួន ហើយ​បើ​បាត់​ខ្លួន មិន​ព្រមទៅ​ទទួលយក​ដី​ទេ ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន (១ ០០០ ០០០) រៀល ក្នុង​មួយ​គ្រួសារ​។ ពលរដ្ឋ ថា ជីវភាព​ពួកគេ​នៅ​តំបន់​នោះ រស់​បាន ដោយសារតែ​ដីស្រែ ហើយ​បើ​អស់​ដី ពួកគាត់ មានតែ​វេច​បង្វេច ទៅ​បម្រើ​ជនជាតិ​ថៃ​ជាមិន​ខាន។

មេឃុំ​ដូង នៃ​ស្រុក​ប្រាសាទបល្ល័ង្គ លោក ជុត ចេន ប្រាប់​អាស៊ីសេរី​ថា គ្មាន​អាជ្ញាធរ​ណា រករឿង ឬ បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្ដិតមេដៃ​ប្រគល់​ដី​ទេ។ លោក​ថា ពលរដ្ឋ​ខ្លាច និង​រត់ ដោយ​ខ្លួនឯង។ មេឃុំ​រូប​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រលប់​មក​រស់នៅ​ក្នុង​ភូមិ​ឋាន​វិញ ជា​ធម្មតា និង​ធានា​ថា គ្មាន​អាជ្ញាធរ​ណា ចាប់​បង្ខំ​ពលរដ្ឋ បែប​នេះ​ឡើយ៖ «ខាងយើង​វា​អត់​មាន​ពី​ណា ធ្វើ​អ្វី​គាត់​ទេ។ សូម​អញ្ជើញ​គាត់​មក​ផ្ទះ​វិញ​មក​។ ខាងយើង​នេះ អត់​មាន​ធ្វើទុក្ខបុកម្នេញ​អ្វី គាត់​ទេ​។ … អត់​មាន​ទេ គ្រាន់តែ​យើង​ចង់​ដឹង​ថា គាត់​មាន​ដី​នៅ​ទីនោះ ពិតប្រាកដ​អត់​ ? បើ​សិន​គាត់​មាន សូម​ដាក់ពាក្យ​ប្ដឹង​មក​សាលាឃុំ​មក។ យើង​ដោះស្រាយ​ជូន​គាត់ តាម​នីតិវិធី អ៊ីចឹង​ណា​បង​។ បាទ​ ! មិនមែន​ទៅ​ចាប់ ទៅ​គំរាមកំហែង​គាត់​ឯណា​។ គាត់​ចេះតែ​ខ្លាច​ខ្លួនឯង រត់​ទៅ​ណា ទៅ​ណី​។ អាជ្ញាធរ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ​ណា​បង​ ...»។

កាលពី​ថ្ងៃ​ទី​២៩ មករា កងកម្លាំងប្រដាប់អាវុធ បាន​ចូល​ចាប់​ពលរដ្ឋ​២​នាក់ ទាំង​កំរោល​ដល់​ក្នុង​ផ្ទះ និង​ប្រើ​ហិង្សា ចាប់​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​កំពង់ធំ និង​បង្គាប់​ឱ្យ​ផ្ដិតមេដៃ​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដីស្រែ ទើប​ព្រម​ដោះលែង​វិញ។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​៣១ មករា អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​ដឹកនាំ​ធ្វើ​ពិធី​ចាប់ឆ្នោត​ជ្រើសរើស​ឡូត៍​ដី​សម្បទាន​សង្គមកិច្ច​លើ​ដី​កំពុង​មាន​ជម្លោះ ឱ្យ​ពលរដ្ឋ​៧២៩​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ទទឹង ៣០​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ។

អភិបាល​ខេត្ត លោក សុខ លូ ប្រកាស​អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ដូង​នេះ ជា​គម្រោង​សម្បទាន​សង្គមកិច្ច ជំហាន​ទី​២ របស់​រដ្ឋាភិបាល ហើយ​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក ប៉ុន្តែ​លោក​មិនបាន​លើកឡើង​ពី​វិវាទ​ដីធ្លី និង​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ទេ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា យល់​ថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅ​ខេត្ត​កំពង់ធំ ពិសេស​អភិបាលខេត្ត ត្រូវ​ដោះស្រាយ​ដោយ​ធានា​សុវត្ថិភាព និង​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់ ពី​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​នោះ។ លោក ថា ប្រសិន​បើ​ពលរដ្ឋ​ខ្លះ​នៅតែ​មិន​ទទួល​យក ហើយ​បន្ត​ករណី​តវ៉ា​បែបនេះ គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អភិបាល​ខេត្ត​កំពង់ធំ បើ​ទោះ​ជា​ទទួល​បាន​ជោគជ័យ ក៏​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ទាំងស្រុង​ពី​ពលរដ្ឋ​ដែរ៖ «គួរតែ​មាន​ការ​ពន្យល់​ពួកគាត់​ឱ្យ​ច្បាស់​។ មិន​គួរណា ធ្វើការ​បង្ខិតបង្ខំ ឬក៏​ធ្វើការ​គំរាមកំហែង​តាម​រូបភាព​ណាមួយ​ទេ​។ សូម្បីតែ​រូបភាព​នៃ​ការ​លួងលោម ឱ្យ​ពួកគាត់​ (​ ពលរដ្ឋ​ )​ ឯកភាព​ធ្វើតាម ហើយ​នៅ​ពេល​គាត់​មិន​ធ្វើតាម លួងលោម បង្ខិតបង្ខំ ឬក៏​គំរាមកំហែង អី​ហ្នឹង វា​សុទ្ធតែ​ជា​អំពើ​មិន​គួរ​គប្បី ដែល​អាជ្ញាធរ​រដ្ឋ​ធ្វើ​ទេ ព្រោះ​វា​គំរាមកំហែង​ដល់​សិទ្ធិ»។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី នៅ​ឃុំ​ដូង ដែល​កំពុង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ស្នើសុំ​អាជ្ញាធរ​ខេត្ត​កំពង់ធំ បញ្ឈប់​ការ​លាប​ពណ៌ ថា ជា​ក្រុម​ប្រឆាំង ឬ​ជា​អ្នក​ញុះញង់ ឱ្យ​ពលរដ្ឋ​ប្រឆាំង នឹង​អាជ្ញាធរ​។ បើ​ទោះ​បែប​ណា តំណាង​ពលរដ្ឋ ប្ដេជ្ញា​ថា ពួកគេ​នឹង​តស៊ូ ទាមទារ​ដីស្រែ របស់​ពួកគេ ឱ្យ​ទាល់តែ​បាន​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។