ការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរដោយបង្ខំ ក្រោមរូបភាពស្ម័គ្រចិត្តរបស់រដ្ឋាភិបាលបានក្លាយជាប្រធានបទរសើបមួយ ឆ្លុះបញ្ចាំងពីភាពកម្សោយ របស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាបដែលមិនបានយកចិត្តទុកដាក់ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវតាំងពីដំបូងឡើយ។ ពលរដ្ឋមួយចំនួន ដែលទើបតែរុះរើលំនៅឋានពីតំបន់អង្គរទៅតាំងទីលំនៅថ្មី ក្នុងតំបន់រុនតាឯក កំពុងប្រឈមជីវភាពខ្វះខាត និងបាត់បង់មុខរបររកប្រាក់ចំណូលប្រចាំថ្ងៃ។
ពលរដ្ឋជាច្រើនពាន់គ្រួសាររស់នៅតំបន់អប្សរា ក្នុងក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងពលរដ្ឋមួយចំនួន រស់នៅស្រុកប្រាសាទបាគងបានបង្ខំចិត្តរុះរើផ្ទះសម្បែងចេញពីតំបន់ឧទ្យានអង្គរជាបន្តបន្ទាប់ហើយ ចាប់តាំងពីចុងឆ្នាំ២០២២ រហូតមក។ ការផ្លាស់ប្ដូរទីលំនៅនេះ ដោយសារពួកគាត់គ្មានជម្រើសនិងភ័យខ្លាចរដ្ឋាភិបាលបណ្តេញចេញដោយបង្ខំ ដោយគ្មានសំណងអ្វីទាំងអស់។
រីឯពលរដ្ឋជិត ១០០គ្រួសារទៀត ដែលអាជ្ញាធរជាតិអប្សរា រំលោភយកដីស្រែចម្ការរបស់ពួកគាត់ ដើម្បីចែកជូន ពលរដ្ឋនៅតំបន់អង្គរ ក៏កំពុងរង់ចាំដំណោះស្រាយ ពីអាជ្ញាធរខេត្តសៀមរាបជិត ២០ ឆ្នាំមកហើយដែរ។
ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង លោកស្រី លួន វ៉ាន់ វ័យ ៦០ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសារលោកស្រី មានដី ៤ហិកតារកន្លះជាដីកេរឪពុកម្ដាយ កាន់កាប់ច្រើនជំនាន់មកហើយ មុនឆ្នាំ១៩៧៩ ប៉ុន្តែត្រូវបានអាជ្ញាធរអប្សរាហាមឃាត់មិនឱ្យដាំដុះបង្កបង្កើនផលតាំងពីឆ្នាំ២០០៥។
លោកស្រីថា ពេលនេះជិត ២០ឆ្នាំមកហើយ ដែលអាជ្ញាធរពន្យារពេលមិនដោះស្រាយបញ្ហានេះ ជូនគ្រួសារលោកស្រី ធ្វើឱ្យលោកស្រីលំបាកវេទនា ខ្វះខាតដីធ្វើកសិកម្ម កូនៗបោះបង់ការសិក្សា និង ចំណាកស្រុក។ លោកស្រីបន្ថែមថា ពេលនេះអាជ្ញាធរបានយកដីស្រែចម្ការ កេរដូនតា របស់លោកស្រី ពុះជាដីឡូត៍ ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនពលរដ្ឋនៅតំបន់អង្គរដោយគ្មានសំណងអ្វីទាំងអស់។
លោកស្រី លួន វ៉ាន់៖ «ខ្ញុំដើរតវ៉ារាល់ថ្ងៃហ្នឹងឱ្យគេមានដំណោះស្រាយ បានដីធ្លី ហូបចុកគ្រប់គ្រាន់វិញ។ ខ្ញុំពិបាកវេទនា ណាមួយអត់លុយ គេមិនមានដីឱ្យពលរដ្ឋទេ បើដីគេហ៊ុមព័ទ្ធអស់ហើយ»។
ពលរដ្ឋមួយរូបទៀតរស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក លោក វេត សាវុត ឱ្យដឹងថា គ្រួសារលោកបានរុះរើផ្ទះសម្បែង នៅតំបន់អង្គរអស់ហើយនិងត្រៀមសង់ផ្ទះនៅទីតាំងដីឡូត៍ ដែលអាជ្ញាធរគ្រោងផ្តល់ឱ្យទំហំក្បាល ២០ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ។ លោកថា ពេលនេះពួកលោកមិនទាន់មានលទ្ធភាពសង់ផ្ទះនៅតំបន់រុនតាឯកឡើយ ព្រោះជីវភាពខ្វះខាត និងបាត់បង់មុខរបរ រកប្រាក់ចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លោក វេត សាវុត បញ្ជាក់ថា កាលពីមិនទាន់រុះរើផ្ទះនៅតំបន់អង្គរ គ្រួសារលោកលក់ដូរម្ហូបអាហារ ជូនភ្ញៀវទេសចរអាចរកប្រាក់ចំណូលសមរម្យ។
លោក វេត សាវុត៖ «ខ្ញុំបានរុះរើមុនតាមបងប្អូន ខាងសុរិយោដី គេប្រាប់ថា មិនអីទេ យើងបានប័ណ្ណហើយ រុះរើមុនចុះ»។
ពលរដ្ឋម្នាក់ទៀត ដែលរុះរើផ្ទះពីតំបន់អង្គរ នៅតាំងទីលំនៅថ្មី ក្នុងតំបន់រុនតាឯក គឺលោកស្រី ហួន ចិន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសារលោកស្រីបានសង់ផ្ទះថ្ម នៅតំបន់រុនតាឯករួចហើយ។ លោកស្រីថា ជីវភាពរស់នៅតំបន់នេះ ស្ងប់ស្ងាត់ ងាយស្រួលរស់នៅ ទេសភាពស្អាតមានប្រព័ន្ធទឹកភ្លើងត្រឹមត្រូវ និងសាលារៀន ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺនៅឆ្ងាយពីទីរួមខេត្តបន្តិច។ លោកស្រីបញ្ជាក់ថា ពេលនេះមានពលរដ្ឋដែលរស់នៅតំបន់អង្គរបានមកតាំងទីលំនៅតំបន់រុនតាឯក រាប់ពាន់គ្រួសារហើយ។
លោកស្រី ហួន ចិន្ថា៖ «ងាយស្រួលសាងសង់ដែរ សាងសង់នៅនេះ តយ៉ាកវាលំបាក ពេលរស់នៅនេះ សាងសង់អ្វីក៏បានដែរ។ សាងសង់នៅតំបន់អង្គរលំបាក តែគ្រាន់ឆ្ងាយពីខេត្ត ភូមិ/ឃុំសុវត្ថិភាពល្អមានសន្តិសុខត្រឹមត្រូវ»។
សេចក្ដីសម្រេចរបស់រដ្ឋាភិបាលលេខ៧០ ស្ដីពីការកំណត់បទដ្ឋានការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានសៀមរាប-អង្គរ ប្រការ២ ចែងថា ពលរដ្ឋដែលមានលំនៅឋានរស់នៅយូរលង់មកហើយ ឬមុនឆ្នាំ១៩៩៣ មុនប្រាសាទអង្គរចុះបញ្ជីបេតិកភណ្ឌពិភពលោក អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីលំនៅឋានឡើយ។
ក៏ប៉ុន្តែពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់អង្គរ យូរយារមកហើយ មុនឆ្នាំ ១៩៩៣ ឬមុនប្រាសាទអង្គរចុះបញ្ជីបេតិកភណ្ឌពិភពលោក បានត្អូញត្អែរថា អាជ្ញាធរអប្សរាតែងតែចុះមកដល់ផ្ទះរបស់ពួកគាត់ជាញឹកញាប់ ហើយប្រាប់ថា តើព្រមរុះរើចេញ ឬមិនព្រម?
ពលរដ្ឋរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក លោក សំ សាយ ថ្លែងថា អាជ្ញាធរបាននិយាយលួងលោមពលរដ្ឋ ដោយសន្យាផ្តល់ដីក្បាល ២០ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ និងថវិកាជាង ១លាន ៤សែនរៀល រួមទាំងប័ណ្ណក្រីក្រ។
លោកឆ្ងល់ថា ពលរដ្ឋរស់នៅមុនឆ្នាំ ១៩៩៣ អាជ្ញាធរអប្សរាអនុញ្ញាតឱ្យរស់នៅ ក៏ប៉ុន្តែហេតុអ្វីបែរជា មកដាក់សម្ពាធឱ្យពួកលោកឯកភាពជម្លៀសចេញពីតំបន់នោះ ខណៈដែលគ្រួសាររបស់លោកបានមកតាំងទីលំនៅ ក្នុងតំបន់អង្គរ តាំងពីដូនតាជាច្រើនជំនាន់មកហើយ។
លោក សំ សាយ៖ «ខ្ញុំពីដូនតា គឺថា រស់នៅនេះសឹងតែសម័យអង្គរហើយដូនតា។ គេឱ្យចុះបញ្ជី គេឱ្យផ្តិតមេដៃឱ្យគេបង្ខំចិត្តទទួលយកទេ ខ្ញុំនេះ»។
កាលពីចុងខែមីនា ឆ្នាំ២០២៣ កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិ(Amnesty International ) បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថា មនុស្សជាច្រើនដែលរស់នៅជុំវិញតំបន់អង្គរត្រូវបានបង្ខិតបង្ខំឱ្យផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាត។
ស្ថាប័នអន្តរជាតិមួយនេះរកឃើញថា គ្រួសារដែលត្រូវបានផ្លាស់ប្ដូរទីលំនៅមិនត្រូវបានផ្តល់ការពិគ្រោះយោបល់ពិតប្រាកដឡើយ ជាពិសេស ការទទួលបានការការពារផ្លូវច្បាប់។ អង្គការអន្តរជាតិមួយនេះចាត់ទុកការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
នាយករងនៃយុទ្ធនាការប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ លោក មីង យូហា (Ming Yu Hah) បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទង្វើទាំងនេះគឺជាការបណ្តេញពលរដ្ឋចេញទ្រង់ទ្រាយធំដោយបន្លំជាជាងការស្ម័គ្រចិត្ត។ លោកថា មនុស្សជាច្រើនត្រូវបានបង្ខំឱ្យចាកចេញដោយការស្ម័គ្រចិត្ត ដែលនឹងធ្វើឱ្យអារម្មណ៍របស់ពួកគាត់ភ័យខ្លាច ប្រសិនបើពួកគេជំទាស់មិនព្រមចាកចេញ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរកំពុងធ្វើកិច្ចការងារនេះច្បាស់លាស់ដោយផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់រុនតាឯក កសាងហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមន្ទីរពេទ្យជាដើមដើម្បីឱ្យពលរដ្ឋរស់នៅមានភាពងាយស្រួល ហើយពលរដ្ឋក៏អាចមានសិទ្ធិសាងសង់លំនៅឋានដោយសេរី។
លោក ឡុង កុសល៖ «បងប្អូនយើងបណ្តើរៗ ស្ម័គ្រចិត្តចាកចេញ គាត់រុះរើអនុញ្ញាតឱ្យក្រុមការងាររុះរើ ជាប្រចាំថ្ងៃ នៅតែបន្តជាហូរហែ។ បងប្អូនពលរដ្ឋអញ្ជើញស្ម័គ្រចិត្ត របស់ពួកគាត់ ហើយយើងក៏ត្រូវធ្វើការ ដោយគោរពតាមសេចក្តីសម្រេចចិត្ត របស់ពួកគាត់ដែរ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមពលរដ្ឋរស់នៅតំបន់អង្គរថា ប្រសិនបើពលរដ្ឋមិនព្រមទទួលយកសំណងដីឡូត៍នៅតំបន់រុនតាឯក អាជ្ញាធរនឹងបណ្ដេញពួកគាត់ចេញដោយមិនផ្តល់សំណងអ្វីទាំងអស់។
លោក ហ៊ុន សែន៖ «ប៉ុន្តែដល់ពេលវេលាមួយមកហើយ មិនមែនសុខចិត្តឱ្យប្រាសាទអង្គរវត្តត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ ច្បាស់ជាអាចដកគ្រួសារហ្នឹងចេញហើយ។ កុំឃើញនាយករដ្ឋមន្ត្រីនិយាយហើយគិតថា ថ្ងៃក្រោយនឹងអាចតថ្លៃអាចបានច្រើនជាងហ្នឹង ដីធំជាងហ្នឹង ដីអ្នកទាំងអស់គ្នាអត់មានកម្មសិទ្ធិ»។
ដោយសារការគំរាមកំហែងរបស់លោក ហ៊ុន សែន ពលរដ្ឋខ្លះបានផ្តិតមេដៃ ឯកភាពទទួលគោលនយោបាយរបស់អាជ្ញាធរអប្សរា ដោយបង្ខំចិត្តនិងខ្លះទៀតនៅស្ទាក់ស្ទើរ ដោយសារពួកគាត់បានខ្ចីបុលធនាគារជាច្រើនម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះ ហើយប្រសិនបើពួកគាត់រុះរើលំនៅឋាន ពួកគាត់នឹងខាតបង់ថវិកាជាច្រើន។
ចំណែក អាជ្ញាធរជាតិអប្សរា ពលរដ្ឋរិះគន់ថា តែងតែទទួលផលប្រយោជន៍ពីអ្នកមានលុយមានអំណាច សង់អគារ ក្នុងបរិវេណអង្គរ ជាបន្តបន្ទាប់។ អ្នកភូមិខ្លះត្រូវបង់លុយឱ្យអាជ្ញាធរជាតិអប្សរា ទើបពួកគាត់អាចសង់ផ្ទះនៅតំបន់អង្គរបាន។
រដ្ឋាភិបាលបានឈូសឆាយ កសាងហេដ្ឋារចនាសម្ព័ន្ធ លើផ្ទៃដីជាង ១ពាន់ ២រយហិកតារ (១.១១២) ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនពលរដ្ឋដែលត្រូវបានបណ្ដេញចេញ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅនៅតំបន់នោះ។
ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ផ្តល់ដីសម្បទានសង្គមកិច្ចនេះ ពលរដ្ឋរាប់រយគ្រួសារ រស់នៅស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ដែលរងផលប៉ះពាល់ បានកើតទុក្ខមិនសុខចិត្តចំពោះយន្តការដោះស្រាយរបស់អាជ្ញាធរជាតិអប្សរា ដោយពួកគាត់ថា អយុត្តិធម៌ និងខ្វះតម្លាភាព។
កន្លងទៅ ពលរដ្ឋជិត១០០នាក់ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង បន្តលើកគ្នាតវ៉ាជាច្រើនដង ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីជូនពួកគាត់ ដែលអូសបន្លាយពេលជិត ២០ឆ្នាំមកហើយ។
ក្នុងចំណោមពលរដ្ឋ ២១០គ្រួសារ មានពលរដ្ឋ ៧៣គ្រួសារបន្តតស៊ូក្រាញននៀល ទាមទារដំណោះស្រាយ ដោយសារពួកគាត់មិនទាន់ទទួលបានសំណងអ្វីទាំងអស់។ ពលរដ្ឋទាំងនោះ បាត់បង់ដីស្រែកេរដូនតា ចន្លោះ ១ហិកតារ ដល់ ជាង ១០ហិកតារ ដែលអាជ្ញាធរបានយកដីពួកគាត់នៅតំបន់រុនតាឯក ដើម្បីពុះឡូត៍ ធ្វើជាសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋ ដែកត្រូវបានបណ្ដេញចេញពីតំបន់អង្គរ។
រីឯពលរដ្ឋខ្លះទៀត ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយពីអាជ្ញាធរអប្សរាទាំងបង្ខំចិត្ត ព្រោះតែគ្មានជម្រើស និងធុញទ្រាន់ ក្នុងការស្វែងរកយុត្តិធម៌ជិត ២០ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។