សាលារាជធានីភ្នំពេញ ប្រើកម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស កងរាជអាវុធហត្ថ និងសន្តិសុខខណ្ឌដូនពេញ ជាច្រើននាក់ ចុះរុះរើផ្ទះសម្បែងពលរដ្ឋក្រីក្រមួយគ្រួសារ ដែលក្រាញននៀលរស់នៅកណ្ដាលវាលខ្សាច់ ក្នុងតំបន់បឹងកក់ រង់ចាំដំណោះស្រាយជាង ១០ឆ្នាំមកនេះ។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សថា ទង្វើរបស់អាជ្ញាធរ គឺផ្ទុយទៅនឹងច្បាប់ដែលគាំពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការតាំងទីជម្រកឲ្យបានសមរម្យ ហើយគឺជារឿងដែលមិនអាចទទួលបាន។
លោក ឃិន ចន្ថា ឲ្យដឹងថា អាជ្ញាធរបានប្រើគ្រឿងចក្រឈូសបំផ្លាញផ្ទះគាត់ កប់ចូលទៅក្នុងដីខ្សាច់ដើម្បីបំបាត់ភស្តុតាង កាលពីថ្ងៃទី៤ ខែកក្កដា នៅពេលដែលលោក ទៅជួបអភិបាលខណ្ឌដូនពេញ ពិភាក្សាគ្នាអំពីរឿងសំណង តាមការអញ្ជើញរបស់សាលាខណ្ឌ។ ចំណែក ប្រពន្ធ និងកូនគាត់៤នាក់ទៀត ត្រូវអាជ្ញាធរ នាំខ្លួនយកទៅដាក់ចោលក្នុងដីឡូតិ៍មួយកន្លែង ក្បែរប៉ុស្តិ៍កងរាជអាវុធហត្ថប្រចាំការនៅតំបន់បឹងកក់។ ផ្ទះរបស់បុរសវ័យ៥៥ឆ្នាំរូបនេះ ដែលនៅសល់ត្រឹមតែសសរធ្នឹមឈរភ្ជាប់នឹងដំបូលស័ង្កសី គឺស្ថិតនៅប៉ែកខាងត្បូងជាប់របងវិហារឥស្លាមបឹងកក់។
លោក ឃិន ចន្ថា ហៅទង្វើរបស់អាជ្ញាធរខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ថាជាការឃុបឃិតគ្នា ប្រើល្បិចកល ប្លន់យកដីធ្លីរបស់គាត់ យកទៅប្រគល់ឲ្យក្រុមហ៊ុន ស៊ូកាគូ របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ខណៈដែលគ្រួសារគាត់ នៅមិនទាន់ទទួលបានដំណោះស្រាយសមរម្យណាមួយ ពីខាងសាលាក្រុង ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ៖ «ខ្ញុំយល់ថា សាលាក្រុងប្រើអំពើព្រៃផ្សៃ យង់ឃ្នង ល្មើសនឹងបទបញ្ជាសម្ដេច។ សម្ដេចមិនឲ្យដើរឆក់ប្លន់ដីប្រជាពលរដ្ឋអ៊ីចឹងទេ ឲ្យដោះស្រាយដោយថ្លៃថ្នូរ។ តែសាលាក្រុង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ចេះតែឆក់ប្លន់អ៊ីចឹង យកទៅធ្វើមានធ្វើបាន» ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ សាលារាជធានីភ្នំពេញ សម្រេចផ្ដល់ដីមួយកន្លែង ដែលមានទទឹង ១០ម៉ែត្រ និងបណ្ដោយ ១៨ម៉ែត្រ ជូនគ្រួសារលោក ឃិន ចន្ថា នៅតំបន់បឹងកក់ ប៉ុន្តែលោកបដិសេធមិនទទួលយក។
ចំពោះសំណងដែលគ្រួសារលោក ឃិន ចន្ថា ចង់បានពីសាលារាជធានីភ្នំពេញ គឺស្របទៅតាមចំណារលិខិតរបស់អគ្គនាយករដ្ឋបាលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដែលបានសុំកិច្ចអន្តរាគមន៍ទៅអភិបាលក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨។ នៅក្នុងលិខិតនោះ គឺសុំផ្ដល់សំណងសមរម្យ និងផ្ដល់ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ពួកគាត់ ដែលមានដីកម្មសិទ្ធិចំនួន ៣ប្លង់នៅក្បែរលោកស្រី គឹម វន្នី ដែលត្រូវបានក្រុមហ៊ុន ស៊ូកាគូ បូមខ្សាច់ពន្លិចដី និងផ្ទះកាលពី ១០ឆ្នាំមុន។
លោក ឃិន ចន្ថា នៅតែប្រកាន់ជំហរទាមទារសំណងដដែលនេះ ពីសាលារាជធានីភ្នំពេញ៖ «ខ្ញុំនៅតែទាមទារដដែលវិញ គឺក្បាលដី ១០ម៉ែត្រ ដីពីរឡូត៍ហ្នឹង ហើយនឹងលុយ ១៥ម៉ឺន។ ហើយជំងឺចិត្ត ខ្ញុំមិនទាន់គិតទេ។ ខ្ញុំចង់ទារ៥ម៉ឺន ព្រោះអីផ្ទះគ្រប់គ្នា ចេះដោះស្រាយឲ្យ ទទួលយកបាន។ តែខ្ញុំមួយក៏ធ្វើបាបគ្នាម្ល៉េះ ឃើញខ្ញុំក្រដើររើសអេតចាយ ក៏មកជាន់ខ្ញុំមាំម្ល៉េះ សាលាក្រុងហ្នឹង ខ្ញុំឆ្ងល់ណាស់»។
ជុំវិញដំណោះស្រាយសម្រាប់ពលរដ្ឋមួយគ្រួសារចុងក្រោយគេនៅតំបន់បឹងកក់នេះ អាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយសារតែពុំមានអ្នកទទួលទូរស័ព្ទ។ សាលារាជធានីភ្នំពេញបញ្ជាក់នៅក្នុងកំណត់ហេតុរបស់ខ្លួន ថា បើសិនជាលោក ឃិន ចន្ថា មិនទទួលយកទេ សាលារាជធានីភ្នំពេញមិនទទួលខុសត្រូវក្នុងការខាតបង់ផលប្រយោជន៍របស់លោក ទៅថ្ងៃក្រោយឡើយ។
អ្នកនាំពាក្យនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថាផ្ទះសម្បែង គឺជាទីជម្រកដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋទូទៅ សូម្បីតែសត្វក៏ត្រូវការសំបុកដែរ។ លោក ស៊ឹង សែនករុណា យល់ថា សាលារាជធានីភ្នំពេញ គួរពិចារណាឡើងវិញ អំពីដំណោះស្រាយសមរម្យណាមួយជូនលោក ឃិន ចន្ថា ព្រោះគាត់រងផលពីប៉ះពាល់ពីការបូមខ្សាច់ដើម្បីអភិវឌ្ឍន៍តំបន់បឹងកក់ អស់ជាច្រើនឆ្នាំមកហើយ៖ «គាត់លំបាកនៅក្នុងទីតាំងចាស់រួចទៅហើយ អ៊ីចឹងយើងគួរតែបង្កលក្ខណៈយ៉ាងណា ដើម្បីឲ្យគេមើលឃើញថា យើងក្នុងនាមជាអាជ្ញាធរ បម្រើប្រជាពលរដ្ឋហ្នឹង ត្រូវតែយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ព្រោះគាត់ត្រូវការទីជម្រកជាទីកក់ក្ដៅ ដើម្បីគ្រួសារគាត់បានរស់នៅក្នុងសង្គមហ្នឹងគេផង ហើយយើងបញ្ឈប់នៅកាយវិការ រកដំណោះស្រាយមិនបានហើយ យើងប្រើកាយវិការបោកបញ្ឆោតទៅប្រជាពលរដ្ឋខ្លួនឯងនេះ វាជាធ្វើឲ្យប៉ះពាល់លើពលរដ្ឋផង ហើយខ្លួនជាមន្ត្រីហ្នឹង ក៏ធ្វើឲ្យប៉ះពាល់ដល់មន្ត្រីផ្សេងៗ ទៀត ដែលគេធ្វើការបានត្រឹមត្រូវដែរ» ។
ជម្លោះដីធ្លីដ៏ចម្រូងចម្រាសនៅតំបន់បឹងកក់នេះ លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈ បញ្ជាទៅសាលាក្រុងភ្នំពេញ ដោះស្រាយបញ្ចប់ជម្លោះឲ្យពលរដ្ឋ តាមរយៈនយោបាយស្បែកខ្លាដែលត្រូវឆ្វៀលដីឲ្យពលរដ្ឋនៅតំបន់បឹងកក់ដែលចង់រស់នៅ និងអភិវឌ្ឍនៅហ្នឹងកន្លែង តាមអនុក្រឹត្យលេខ១៨៣ ផ្ដល់ដីទំហំ ១២,៤៤ហិកតារ កាលពីឆ្នាំ២០១១។
ប៉ុន្តែចំណាក់ការដោយមានដាក់ចេញជាអនុក្រឹត្យផងនោះ ហាក់គ្មានប្រសិទ្ធភាព ដើម្បីបញ្ចប់ជម្លោះបានទាំងស្រុងឡើយ ខណៈតំណែងអភិបាលក្រុងភ្នំពេញ ត្រូវបាន លោក ហ៊ុន សែន ដោះដូរដល់ទៅបីលើក ចាប់តាំងពីលោក កែប ជុតិមា មកដល់លោក ប៉ា សុជាតិវង្ស រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺលោក ឃួង ស្រេង។
បើទោះបីជាត្រូវរស់នៅក្នុងស្ថានភាពលំបាកតទៅមុខទៀតក៏ដោយ លោក ឃឹម ចន្ថា និងគ្រួសារ បញ្ជាក់ថា ពួកគាត់នៅតែបន្តតវ៉ាការទាមទារ លុះត្រាតែទទួលបានសំណងជាដី និងថវិកាមួយចំនួន។ អ្នកបឹងកក់មួយគ្រួសារនេះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយដោះស្រាយបញ្ចប់ជម្លោះឲ្យគាត់ ដើម្បីឲ្យកូនគាត់មានឱកាសរៀនសូត្រ និងរស់នៅក្នុងភាពថ្លៃថ្នូរ ដូចអ្នកបឹងកក់ផ្សេងទៀត ដែលទទួលបានដីនិងប្លង់ហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។