ជនជាតិដើមភាគតិចព្នងរាប់រយគ្រួសារនៅខេត្តមណ្ឌលគិរី កំពុងកើតទុក្ខមិនខុសចិត្តចំពោះទង្វើរបស់អាជ្ញាធរខេត្ត ជុំវិញការចុះហត្ថលេខាទទួលស្គាល់កម្មសិទ្ធិដីធ្លី ឬប្លង់ទន់ ឱ្យបុគ្គលមានអំណាចបំពានដីបម្រុងទុក និងដីសមូហភាពរបស់សហគមន៍។ អ្នកភូមិចោទថា ស្នងការរាជធានីភ្នំពេញលោក ស ថេត និង អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីលោក គឹម រស្មី មានជាប់ពាក់ព័ន្ធការរំលោភដីសាធារណៈរបស់រដ្ឋទាំងនេះដោយខុសច្បាប់។
ជនជាតិដើមភាគតិចព្នងជិត ២រយគ្រួសារ (១៨០) រស់នៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ អំពាវនាវឱ្យអាជ្ញាធរជាតិស៊ើបអង្កេតពីភាពមិនប្រក្រតី នៃការទិញលក់ដីសាធារណៈរបស់រដ្ឋ ឬដីសមូហភាពរបស់សហគមន៍ ដែលពួកគាត់ថា មានជាប់ពាក់ព័ន្ធនឹងស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត និង អតីតមេប៉េអឹមខេត្តរតនគិរីលោក គឹម រស្មី។ អ្នកភូមិថា ការបាត់បង់ដីធ្លីសមូហភាពនេះ បានធ្វើឲ្យប៉ះពាល់ប្រពៃណីវប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិដើមទៀតផង។
តំណាងជនជាតិដើមភាគតិចលោក ចែន វណ្ណា ឱ្យដឹងនៅថ្ងៃទី១៨ ខែមីនាថា មានពលរដ្ឋ ៣នាក់ បានឃុបឃិតគ្នាលក់ដីសមូហភាពរបស់អ្នកភូមិជិត ២០ហិកតារ (១៨) ទៅឱ្យលោក ស ថេត និងលោក គឹម រស្មី។ លោកបញ្ជាក់ថា អ្នកភូមិបានស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុង រហូតដល់អាជ្ញាធរខេត្ត តែមកទល់ពេលនេះ គ្មានដំណោះស្រាយទេ៖ «បើនិយាយពីអាស្រ័យផលឃ្វាលគោក្របីហ្នឹង និយាយរួមមួយភូមិហ្មងដីហ្នឹង ពេលឥលូវហ្នឹងពួកខ្ញុំហ្នឹង ចង់អាស្រ័យផលដដែល។ អាជ្ញាធរខេត្តគេថា នរណាចងគឺអ្នកហ្នឹងស្រាយទៅ ពួកខ្ញុំអត់ដឹងទេ គេឆ្លើយតែប៉ុណ្ណឹង »។
តំណាងពលរដ្ឋរូបនេះបន្ថែមថា ដីមានជម្លោះនោះ ឋិតនៅចំណុចភ្នំង្ងីង ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ លោកបញ្ជាក់ថា កាលចុងឆ្នាំ ២០២០ អភិបាលក្រុងសែនមនោរម្យ និងចៅសង្កាត់រមនាលោក ភី ងូក បានចុះហត្ថលេខាទទួលស្គាល់ដីនៅតំបន់នោះទំហំជិត ១២ហិកតារ (១១.៨) ជាកម្មសិទ្ធិឯកជនរបស់លោក ស ថេត និងទំហំ ៦ហិកតារទៀតជាកម្មសិទ្ធិរបស់លោក គឹម រស្មី។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះពីអតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីលោក គឹម រស្មី និងស្នងការរាជធានីភ្នំពេញលោក ស ថេត បាននៅឡើយទេ នៅថ្ងៃទី១៨ ខែមិនា។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា វិញ លោកនិយាយថា លោកមិនដឹងរឿងរាវទាំងនេះទេ។
កាលពីចុងឆ្នាំ២០២០ ជនជាតិដើមភាគតិចព្នងជិត ៣រយគ្រួសារ (២៧០) បានផ្តិតមេដៃរួមគ្នាស្នើឱ្យអភិបាលក្រុងសែនមនោរម្យទប់ស្កាត់ការទិញលក់ដីភ្នំដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋខុសច្បាប់។ សំណើនេះធ្វើឡើងក្រោយពីពួកគេរកឃើញថា មានភ្នំចំនួន ៣ និងអូរមួយ ឋិតក្នុងភូមិពូលូង ត្រូវបុគ្គលមានអំណាចរំលោភបំពានទាំងស្រុង។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលក្រុងសែនមនោរម្យលោក ហៀក សុផាន តែអ្នកលើកទូរសព្ទនិយាយថា ច្រឡំលេខ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ការទិញលក់ដីព្រៃសាធារណៈរបស់រដ្ឋ ជាទង្វើល្មើសច្បាប់។ លោកទាមទារឱ្យអាជ្ញាធរជាតិនិងអភិបាលខេត្តមណ្ឌលគិរី ត្រូវមោឃភាពឬដកហូតដីទាំងនោះជាសម្បត្តិរដ្ឋវិញ ហើយអ្នកពាក់ព័ន្ធដែលឃុបឃិតគ្នាទិញលក់ និងធ្វើប្លង់ផ្ទេរសិទ្ធិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «ម្ចាស់ដីហ្នឹងនៅពេលដែលដឹងខ្លួនឯងហ្នឹងទិញដីខុសហើយ ត្រូវរាយការណ៍ប្រាប់អាជ្ញាធរថា ខ្លួនឯងហ្នឹងបានទិញដីហ្នឹងខុសហើយ កុំឱ្យអាជ្ញាធរហ្នឹងចោទប្រកាន់ រដ្ឋនឹងយកដីហ្នឹងមកដាក់ជាសម្បត្តិរបស់រដ្ឋវិញ ក៏ប៉ុន្តែមិនមែនមានន័យថា ម្ចាស់ដីដែលទិញខុសហ្នឹងត្រូវបានដីហ្នឹងមកវិញទេ។ ច្បាប់ចែងអ៊ីចឹងហ្មង បើនៅរឹងទទឹងទៀត ត្រូវមានទោសជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ១៥ឆ្នាំ ពីព្រោះដីសហគមន៍ជនជាតិដើមភាគតិច ភាគច្រើនជាដីសាធារណៈរបស់រដ្ឋហ្នឹងហើយ ព្រោះប្រពៃណីជនជាតិដើមភាគតិច គាត់រស់នៅជាក្រុម និងរស់នៅតាមព្រៃឈើអ៊ីចឹង »។
ច្បាប់ភូមិបាលចែងថា ជនណាលួចលក់ដីធ្លី ដែលពុំមែនជាកម្មសិទ្ធិរបស់ខ្លួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ។ ជនណាធ្វើឱ្យប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ( ៥.០០០.០០០ ) រៀល ដល់ ៥០លានរៀល (៥០.០០០.០០០) រៀល និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ឆ្នាំ។
កាលពីឆ្នាំ២០២០ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានត្អូញត្អែរថា លោករងកម្មក្នុងការដោះស្រាយវិបត្តិដីធ្លីក្នុងខេត្តមណ្ឌលគិរី ដោយសារតែមន្ត្រីធំៗបានប្រជែងគ្នាទៅចាប់ដីនៅទីនោះ និងមានជម្លោះដីធ្លីជាច្រើនទៀត មិនទាន់ដោះស្រាយរួច។ លោកថា ភាពស្មុគស្មាញក្នុងការដោះស្រាយនោះគឺដោយសារតែមិនមានប្លង់មេ ឬប្លង់គោលឲ្យបានច្បាស់លាស់ និងមានការជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីគ្រាក់ៗ របស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។