អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា សាទរចំណាត់ការរបស់របបក្រុងភ្នំពេញ ដែលដាក់ចេញជាថ្មី ក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លី នៅទូទាំងប្រទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ។
ទោះបីជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល នឹងបន្តតាមដានអំពីប្រសិទ្ធិភាព នៃដំណើរការដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋ ពីសំណាក់របបក្រុងភ្នំពេញ។
របបក្រុងភ្នំពេញថា នឹងដោះស្រាយបញ្ហាដីធ្លី ឲ្យចប់សព្វគ្រប់ ដើម្បីធានាសិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ តាមរយៈសេចក្ដីថ្លែងការណ៍មួយស្ដីអំពីវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ធ្នូ មានចំណុច១ក្នុងចំណោម ៤ចំណុចផ្សេងទៀត ផ្ដោតលើការដោះស្រាយជម្លោះដីធ្លី រួមមានករណីដីសម្បទានស្ករអំពៅដែលបង្កជាជម្លោះរវាងពលរដ្ឋ និងភាគីក្រុមហ៊ុន ករណីជម្លោះដីធ្លីនៅខេត្តកោះកុង និងខេត្តព្រះវិហារ តាមរយៈការបង្កើតក្រុមការងារមួយចេញពីក្រសួងដែនដី ដោយមានការចូលរួមពីតំណាងសហភាពអឺរ៉ុប អង្គការសង្គមស៊ីវិល និងសហគមន៍ក្នុងមូលដ្ឋាន។ ចំណែកបញ្ហាដីធ្លីនៅកន្លែងផ្សេងទៀត របបក្រុងភ្នំពេញ ថានឹងបន្តដោះស្រាយ ដោយជំរុញ និងពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសម្រាប់សហគមន៍ជនជាតិភាគតិច។
អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស យល់ថា ការដាក់ចេញចំណាត់ការដោះស្រាយបញ្ហាដីធ្លីពីរបបក្រុងភ្នំពេញនៅពេលនេះ មិនមែនជារឿងថ្មីឡើយ ព្រោះថា ពេលកន្លងមក មានការសន្យាពីថ្នាក់ដឹកនាំខេត្ត ក្រុង និងក្រសួងដែនដី និងមានបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន ក្ដី ប៉ុន្តែដំណោះស្រាយដីធ្លីសម្រាប់ពលរដ្ឋ នៅតែមិនអាចដោះស្រាយបញ្ចប់បានទាំងស្រុង។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថា នៅក្នុងដំណាក់កាល ដែលសហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍រំលោភដីធ្លី និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា របបក្រុងភ្នំពេញ គួរដាក់ចេញយន្តការដោះស្រាយឲ្យបានជាក់ និងប្រកបដោយប្រសិទ្ធភាព ក្នុងបញ្ចប់បញ្ហាដីធ្លី ជាជាងការសន្យាហើយ។
ចំពោះដំណោះស្រាយដែលលោក ថេង សាវឿន យល់ថា មានប្រសិទ្ធិភាពនោះ មានបីចំណុចសំខាន់ៗ។ ទី១ អាជ្ញាធរ ត្រូវតែហ៊ានកាត់សេចក្ដីដោយផ្ដល់ដំណោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ។ ទី២ ត្រូវកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋដោយមិនត្រូវខ្លាចអំណាចបុគ្គល ឬក្រុមណាមួយនោះទេ ហើយនឹងទី៣ គឹលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ៊ានលើកឡើងដោយមិនមានការភ័យខ្លាច អំពីបញ្ហាប្រឈមទាក់ទងនឹងការរំលោភយកដីធ្លីពួកគាត់។ ចំពោះតម្រូវការចាំបាច់ដែលពលរដ្ឋចង់បានអាជ្ញាធរ លោក ថេង សាវឿន លើកឡើងបីចំណុចសំខាន់ៗ៖ « អ្វីដែលប្រជាពលរដ្ឋចង់បានអំពីបញ្ហាដីធ្លីខ្លាំង គឺការវាស់វែងនិងសងដីត្រលប់ឲ្យពួកគាត់វិញ គាត់មិនអាចទទួលបាននៅសំណងតិចតួច ឬក៏សំណងដែលមិនសំណងទៅតាមតម្លៃទីផ្សារ ហើយមិនអាចចិញ្ចឹមជីវិតតកូនចៅគាត់បាននោះទេ។ ទី២ អ្វីដែលគាត់ចង់បាន គឺចង់ឲ្យអាជ្ញាធរទាំងអស់ហ្នឹងផ្ដល់ប្លង់រឹង ដែលចេញដោយក្រសួងដែនដីនគរូបនីយកម្ម ដើម្បីឲ្យគាត់ មានសុវត្ថិភាពថាដីធ្លីរបស់គាត់ ធានាដោយប្លង់។ ហើយទី៣ គាត់ចង់បានជាទុនក្នុងការ ជួយដល់ ពួកគាត់ ជាពិសេស ថវិកាតាមរូបភាពហិរញ្ញប្បទានផ្សេងៗ ដើម្បីឲ្យ ពួកគាត់ បង្កបង្កើនផល ឬក៏ធ្វើកសិកម្មទៅដីធ្លីរបស់គាត់ផងដែរ »។
ចំណែក មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម អាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការចេញសេចក្ដីថ្លែងការណ៍បែបអាចជាការផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋដែលមានបញ្ហាដីធ្លីជាច្រើនមកហើយ តែនៅមិនទាន់ទទួលដំណោះស្រាយសមស្រប។ ទោះបីជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លី ជូនពលរដ្ឋដោយឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព ជៀសវាងការរិះគន់នានា ពីមតិជាតិនិងអន្តរជាតិ៖ «ខ្ញុំយល់ថា បើលទ្ធផល ដែលសេចក្ដីប្រកាសនេះ ពិតជាមានឆន្ទះយ៉ាងពិតប្រាកមែននោះ វាប្រាកដជាល្អ ជាវិជ្ជមានដល់ពលរដ្ឋដែលគាត់ កន្លងមកកំពុងទន្ទឹងរងចាំ ហ្នឹង»។
ចំពោះនីតិវិធី និងយន្តការដែលនឹងត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋ ក្រោយពីមានចេញសេចក្ដីថ្លែងការណ៍នេះ អាស៊ីសេរីព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ និងជាអគ្គនាយករងរដ្ឋបាលនៃក្រសួងដែនដី លោក សេង ឡូត មិនទាន់បាននៅឡើយ ដោយហៅទូរស័ព្ទ ចូលតែមិនមានអ្នកទទួល។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា មូលហេតុដែលនាំឲ្យមានការជម្លោះដីធ្លីនៅកម្ពុជា កើតចេញពីភាពខ្វះចន្លោះក្នុងការចុះបញ្ជីដីធ្លី និងដំណើរការផ្ដល់ប័ណ្ណកម្មសិទ្ធិ ដែលបង្កឲ្យមានអសន្តិសុខជុំវិញ កម្មសិទ្ធិដីធ្លី ការដណ្ដើមកាន់កាប់ដីធ្លីដោយខុសច្បាប់ និងអយុត្តិធម៌ ការផ្ដល់សម្បទានដីទៅឲ្យក្រុមហ៊ុនឯកជននានា និងការបណ្ដេញចេញដោយបង្ខំសម្រាប់ការការអភិវឌ្ឍ ដែលធ្វើបង្កឲ្យគ្មានដីធ្លីសម្រាប់ប្រជាពលរដ្ឋ ការគំរាមកំហែង ការបំភិតបំភ័យពីសំណាក់អាជ្ញាធរ និងបុគ្គលិករបស់ក្រុមហ៊ុន នៅក្នុងវប្បធម៌និទ្ទណ្ឌភាព។
ក្រៅពីនេះ វិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ក្នុងដណ្ដើមយកដីធ្លីពីប្រជាពលរដ្ឋ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា មានដូចជា ការគំរាមកំហែង ធ្វើឡើងដោយបុគ្គល ឬក្រុមហ៊ុន ដែលទទួលបានដីសម្បទាន អំពើហិង្សា ដែលត្រូវបានប្រើដោយកម្លាំងប្រដាប់អាវុធឬកងសន្តិសុខ ការអនុញ្ញាតជាផ្លូវការ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន តុលាការខេត្ត និងស្ថាប័នជំនាញ ការឃុំខ្លួនតាមអំពើចិត្ត ដែលធ្វើឡើងដោយមាន ឬគ្មានដីកាជាផ្លូវការ ហើយពេលខ្លះធ្វើឡើងដោយមានទារុណកម្ម ការដាក់ពន្ធនាគារ តាមរយៈការជំនុះជម្រះក្ដីដោយអយុត្តិធម៌ ដោយផ្អែកលើបទចោទនានា ដូចជាបទញុះញង់ បទបរិហារកេរ្តិ៍ បទបង្កើតអបគមន៍ ឬការផ្ដាច់ខ្លួន ហើយនឹងការបណ្ដេញដោយបង្ខំ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ ឬកងសន្តិសុខជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។