សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញអះអាងថារដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននៅតែមិនយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាលំបាករបស់ពួកគាត់ដូចជាការមិនចេញប្លង់ដីស្របច្បាប់ និងកង្វះសេវាសង្គមជាដើម។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគួរយកចិត្តទុកដាក់ និងដោះស្រាយបញ្ហារបស់ពលរដ្ឋឱ្យទាន់ពេល។
ពលរដ្ឋជាច្រើនគ្រួសារនៅសហគមន៍ក្រីក្របឹងត្របែកខ្លះប្រកបមុខរបរលក់លៀសហាល និងខ្លះដើររើសសំរាម នៅតាមទីកន្លែងនានាក្នុងទីក្រុងភ្នំពេញ កំពុងព្រួយបារម្ភពីអនាគតរបស់ខ្លួនដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននិងរដ្ឋាភិបាល។
ប្រធានសហគមន៍បឹងត្របែក លោកស្រី ហួរ សៀកលន ឱ្យដឹកថាសហគមន៍បឹងត្របែកមានពលរដ្ឋជាង១រយគ្រួសារកំពុងជួបប្រទះបញ្ហាសំខាន់ៗ រួមមានក្លិនស្អុយនិងសំរាមដែលចេញពីប្រឡាយ កង្វះការជួលជុលផ្លូវ និងស្ពាននៅក្នុងសហគមន៍ជាដើម។
លោកស្រី ហួរ សៀកលន៖«ដូចថាគាត់អត់សូវរវល់យកចិត្តទុកដាក់កូនចៅនៅក្នុងស្រុកភូមិ ពេលខ្លះខ្ញុំខឹងចង់និយាយថានៅពេលដែលគាត់មានធុរៈ[បោះឆ្នោត] ចង់ឱ្យយើងជួយ គាត់ចុះយកចិត្តយកថ្លើមយើងញឹកញាប់តែពេលរួចរាល់ហើយគឺគាត់អត់រវល់ អត់ខ្វល់តែម្ដង»។
ចំណែកតំណាងពលរដ្ឋនៅតំបន់ក្រីក្រសហគមន៍ស្ទឹងកំបុតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ លោក ស មករា លើកឡើងថាសហគមន៍នេះមានជាង២រយគ្រួសារដែលអាជ្ញាធរនៅមិនទាន់ចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យនៅឡើយ ហើយពួកគាត់នៅតែបន្តស្នើឱ្យសាលារាជធានីភ្នំពេញដោះស្រាយរឿងនេះ។ លោក ស មករា បន្តថាការមិនទទួលបានប្លង់កម្មសិទ្ធិដីធ្លីនេះបានធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ក្នុងបំណុលដោយសារតែពួកគាត់មិនអាចខ្ចីលុយពីធនាគារបាន ហើយងាកទៅខ្ចីលុយពីបុគ្គលឯកជនដែលមានការប្រាក់ខ្ពស់។
លោក ស មករា បារម្ភថាប្រជាសហគមន៍របស់លោកនឹងអាចរងការបណ្ដេញចេញពីលំនៅឋានដូចជាសហគមន៍បឹងតាមោក ក្រោមលេសថាពួកគាត់រស់នៅខុសច្បាប់។
លោក ស មករា៖«យើងដាក់ទៅរដ្ឋសភាៗ រុញទៅសាលាក្រុង យើងដាក់ទៅខុទ្ទកាល័យសម្ដេចនៅទីស្ដីការក៏រុញទៅសាលាក្រុង អ៊ីចឹងកប់នៅសាលាក្រុងទាំងអស់ យើងចេញតែតាមនៅសាលាក្រុងថាពេលណាបានដោះស្រាយសំណើដែលក្រសួងដែនដីគាត់បញ្ជូនមក ថ្ងៃណាបានដោះស្រាយសំណើដែលពួកខ្ញុំដាក់រដ្ឋសភាដែលបញ្ជូនមកសាលាក្រុង អត់ដោះស្រាយឱ្យ»។
រីឯតំណាងពលរដ្ឋនៅបឹងតាមោក លោកស្រី ស៊ា ដាវី លើកឡើងថាពលរដ្ឋនៅបឹងតាមោកជាច្រើនគ្រួសារកំពុងធ្លាក់បំណុលវ័ណ្ឌកដោយសារអាជ្ញាធរនៅតែព្យាយាមបណ្ដេញពួកគាត់ចេញលំនៅឋានតាមរយៈការប្រើប្រាស់អំពើហិង្សា ការកាត់ដីឱ្យអ្នកមានលុយមានអំណាច និងការជីកប្រឡាយមកចំផ្ទះពលរដ្ឋជាដើម។ លោកស្រី ស៊ា ដាវី បន្តថាក្រៅពីបញ្ហានេះ ពលរដ្ឋមិនអាចរកចំណូលពីបឹងតាមោកតាមរយៈការនេសាទត្រី រកខ្យងខ្ចៅ និងបេះផ្កាឈូកដូចមុនទៀតនោះទេ ដោយសារតែផ្ទៃបឹងនេះត្រូវបានគេបន្តចាក់ដីបំពេញ។
លោកស្រី ស៊ា ដាវី៖«ប៉ុន្តែហេតុអ្វីបានជាអភិវឌ្ឍន៍ត្រូវតែឱ្យឧកញ៉ាត្រូវតែដេញប្រជាពលរដ្ឋចេញ វាអត់ស្មើភាពគ្នា ដោយយកលេសអភិវឌ្ឍន៍ប្រឡាយ អភិវឌ្ឍន៍ចុះតែដីពួកខ្ញុំនេះ ដែលមានបង្កាន់ដីភូមិឃុំហេតុអីបានជាអត់ស្របច្បាប់និរាករណ៍ចោល និរាករណ៍ចោលស្រួលៗម្ល៉េះអ៊ីចឹងបង្កើតភូមិឃុំមកធ្វើអី»។
អង្គការសមាគមធាងត្នោតបានចេញ របាយការណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ រកឃើញថាមានពលរដ្ឋជិត២ម៉ឺន (១៩៥៣៩)គ្រួសារឬស្មើប្រមាណសរុបជិត១ សែននាក់ (៨៩៨៧៩នាក់) នៅទីតាំងចំនួន១៩១ ក្នុងរាជធានីភ្នំពេញកំពុងស្ថិតក្នុងភាពក្រីក្រដូចជាការគ្មានផ្ទះសម្បែងការធ្វើចំណាកស្រុកដោយបង្ខំការជាប់បំណុលនិងពលកម្មកុមារ។ របាយការណ៍ឱ្យដឹងថាមួយភាគបីនៃទីតាំងចំនួន១៩១នោះអាចស្ថិតនៅលើដីរដ្ឋខណៈដែលជិតពីរភាគបីនៃទីតាំងគឺជាលំនៅឋានក្រីក្រនៅរាជធានីភ្នំពេញមិនមានកម្មសិទ្ធិដីធ្លីស្របច្បាប់ដែលអាចធ្វើឱ្យពួកគាត់ប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងលោក កើត ឆែ បានទេ នៅថ្ងៃទី ២៤ ខែមីនា។
ទោះជាយ៉ាងណា ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត (STT) លោកស៊ាងមួយឡៃមានប្រសាសន៍ថាទោះបីជាសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិលបានស្នើទៅកាន់រដ្ឋាភិបាលជាច្រើនដងក្ដី ក៏រដ្ឋាភិបាល និងអាជ្ញាធរមិនទាន់ដោះស្រាយបញ្ហាទាំងនេះនៅឡើយ។ លោកស៊ាងមួយឡៃ បារម្ភថាបញ្ហាទាំងនេះនឹងកាន់ធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលមិនផ្ដល់ដំណោះដល់សហគមន៍ឱ្យទាន់ពេលវេលា។
លោកស៊ាងមួយឡៃ៖«អ្វីដែលយើងធ្លាប់បានសិក្សា ក៏ដូចធ្លាប់ផ្ដល់អនុសាសន៍កន្លងមកពាក់ព័ន្ធនឹងសហគមន៍ក្រីក្រពាក់ព័ន្ធនឹងសហគមន៍ក្រីក្រនេះ យើងឃើញថាគឺជារឿងមួយសំខាន់ ហើយជារឿងមួយដែលអាជ្ញាធរមូលដ្ឋានក៏ដូចជាអ្នកដឹកនាំផ្សេងៗ ត្រូវយកចិត្តទុកដាក់គិតគូរឱ្យបានប្រសើរឡើង ឱ្យបានដិតដល់ជាងប្រជាពលរដ្ឋទូទៅផ្សេងៗ ព្រោះពួកគាត់ជាជនដែលងាយរងគ្រោះ»។
ទីតាំងចំនួន១៩១ក្នុងរាជធានីភ្នំពេញដែលអង្គការសមាគមធាងត្នោតរកឃើញពលរដ្ឋកំពុងរស់នៅក្នុងភាពក្រីក្ររួមមានតំបន់ច្រាំងចំរះ តំបន់ស្ទឹងមានជ័យ តំបន់ផ្លូវរថភ្លើង និងតំបន់បុរីកីឡាជាដើម។
ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រអះអាងថាពួកគាត់នឹងមិនចាកចេញពីលំនៅឋានរបស់ខ្លួនទេ លើកលែងតែអាជ្ញាធរផ្ដល់សំណងសមរម្យដែលស្របតាមតម្លៃទីផ្សារជូនពួកគាត់។ ប្រជាសហគមន៍បញ្ជាក់ថាពួកគាត់នឹងបន្តដំណើរការផ្លូវច្បាប់ ដោយទទូចដល់រដ្ឋាភិបាលឱ្យចេញប្លង់កម្មសិទ្ធិជូនដល់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។