អ្នកនាំពាក្យក្រសួងធម្មការអះអាងថា នៅពេលនេះក្រសួងធម្មការកំពុងធ្វើការ ជាមួយអាជ្ញាធរខេត្តព្រះសីហនុដើម្បីស្រាវជ្រាវ និងពិនិត្យករណីឈ្មួញដីមានអំណាច ធ្វើរបបងបិទបរិវេណវត្តអូរដំរីនៅខេត្តព្រះសីហនុ។ ចំណាត់ការរបស់ក្រសួងធម្មការបែបនេះ ក្រោយពេលព្រះសង្ឃ និងពលរដ្ឋនៅសហគមន៍អូរដំរី ខេត្តព្រះសីហនុ ឲ្យដឹងថា ឈ្មួញដីធ្លីមានអំណាចម្នាក់បានធ្វើរបងលួសបិទជុំវិញបរិវេណវត្តអូរដំរី មិនឲ្យព្រះសង្ឃចេញចូលវត្ត និងពុទ្ធបរិស័ទចូលធ្វើបុណ្យនៅក្នុងវត្ត។
ករណីជម្លោះដីធ្លីនៅសហគមន៍អូរដំរី ដែលស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវឈ្មួញមានអំណាចឈ្មោះ អ្នកស្រី ហ៊ឹម សុវណ្ណារី និងបក្សពួកបានបិទច្រកចេញចូលសហគមន៍ និងធ្វើរបងព័ទ្ធជុំវិញវត្ត ចាប់តាំងពីចុងខែឧសភា។
ជាងពីរសប្ដាហ៍មកហើយដែលបរិវេណវត្តអូរដំរីត្រូវឈ្មួញមានអំណាចក្នុងខេត្តព្រះសីហនុ ធ្វើរបងលួសព័ទ្ធ។ សង្គមស៊ីវិលដែលតាមដានករណីជម្លោះដីធ្លីនៅសហគមន៍អូរដំរីយល់ថា ឈ្មួញដីធ្លីដ៏មានអំណាចនៅខេត្តព្រះសីហនុគឺអ្នកស្រី ហ៊ឹម សុវណ្ណារី ដែលមានងារជាជំទាវ និងហ៊ានធ្វើរបង លួសព័ទ្ធជុំវិញបរិវេណវត្តអូរដំរី គឺមានការឃុបឃិតប្រព្រឹត្តបទល្មើសជាប្រព័ន្ធ ព្រោះឈ្មួញរូបនេះបានធ្វើរបងព័ទ្ធជុំវិញវត្តជាងពីរសប្ដាហ៍មកហើយ ប៉ុន្តែគ្មានសមត្ថកិច្ចណាមកអន្តរាគមន៍ឡើយ។ ខណៈមានការធ្វើរបងព័ទ្ធជុំវិញវត្តដូច្នេះ ព្រះសង្ឃមួយចំនួនបានចាកចេញពីវត្តនេះ ហើយសព្វថ្ងៃនៅសល់ព្រះសង្ឃតែពីរអង្គប៉ុណ្ណោះគង់នៅ។
ព្រះចៅអធិការវត្តអូរដំរី ព្រះតេជព្រះគុណ ម៉ាន ភក្ត្រី មានថេរដីកាថា ការព័ទ្ធរបងជុំវិញវត្តបែបនេះ ធ្វើឲ្យព្រះសង្ឃជួបការលំបាក និងមានការព្រួយបារម្ភជាហេតុធ្វើឲ្យសង្ឃនិមន្តចាកចេញពីវត្ត នេះជាបន្តបន្ទាប់។ ព្រះតេជព្រះគុណយល់ថា ការដែលឈ្មួញដីធ្វើបាបព្រះសង្ឃគង់នៅវត្តអូរដំរី នៅពេលនេះ ព្រោះឈ្មួញដីខឹងសម្បានិងព្រះអង្គដែលមិនព្រមបណ្ដេញពលរដ្ឋមានជម្លោះដីធ្លី ចេញពីដីមានជម្លោះនៅក្នុងសហគមន៍នេះ។ «»
ព្រះចៅអធិការវត្តអូរដំរីឲ្យដឹងទៀតថា វត្តអូរដំរីដំបូងឡើយមានព្រះសង្ឃគង់ជាង១០អង្គ ក្នុងអំឡុងឆ្នាំ២០០៩ ដែលកាលនោះដីវត្តមានជាង៥ហិកតារ ប៉ុន្តែក្រោយពីការទន្ទ្រានពីក្រុមឈ្មួញ ពេលនេះដីវត្តនៅសល់តែជាងមួយហិកតារប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនា លោក សេង សុមុនី ឲ្យអាស៊ីសេរីដឹងថា ក្រសួងធម្មការទើបបានទទួលដំណឹងនេះ កាលពីថ្ងៃទី១១ ខែមិថុនា។ លោកបន្តថា ក្រោយទទួលបានដំណឹងនេះក្រសួងកំពុងសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុដើម្បីពិនិត្យនិងដោះស្រាយ។ «»
កាលពីថ្ងៃ០៧ ខែមិថុនា អភិបាលខេត្តព្រះសីហនុ លោក យន់ មីន បានបញ្ជាកងកម្លាំងឲ្យចុះទៅរុះរើរបងនោះចេញ។ ប៉ុន្តែក្រុមអាជ្ញាធរបានរុះរើតែរបង និងខ្លោងទ្វារដែលបិទផ្លូវសាធារណៈចេញចូលសហគមន៍ ប៉ុណ្ណោះ រីឯរបងលួសដែលព័ទ្ធជុំវិញបរិវេណវត្តមិនត្រូវបានអាជ្ញាធររុះរើចេញទេ។ អាស៊ីសេរីសុំការបំភ្លឺពីអភិបាលខេត្តព្រះសីហនុ លោក យន់ មីន ពីករណីឈ្មួញព័ទ្ធដីវត្តនេះ លោកថាកំពុងជាប់ប្រជុំ។
អ្នកសម្របសម្រួលនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាក្នុងខេត្តព្រះសីហនុ លោក ញិល ភាព ដែលចុះទៅអង្កេតករណីនេះឲ្យដឹងថា ផ្លូវខាងមុខវត្តឈ្មួញធ្វើរបងលួសព័ទ្ធជុំវិញ ចំណែកផ្លូវក្រោយវត្តពួកគេយកគ្រឿងចក្រជីកផ្តាច់ផ្លូវ។ លោកយល់ថា ករណីនេះមានការឃុបឃិតពីអាជ្ញាធរជាលក្ខណៈប្រព័ន្ធ បើគ្មានការបើកដៃដូច្នេះទេពួកឈ្មួញក៏មិនហ៊ានធ្វើរបង ព័ទ្ធជុំវិញវត្តនោះដែរ។ «»
សហគមន៍អូរដំរីស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅចំនួន១៤៩គ្រួសារក្នុងផ្ទៃដីចំនួន១៣៥ហិកតារ។ សហគមន៍មានទីអារាមមួយជាទីសក្ការបូជា និងសម្រាប់ពលរដ្ឋទៅធ្វើបុណ្យទាន។ ការធ្វើរបងព័ទ្ធជុំវិញវត្តពីសំណាក់ឈ្មួញ មានអំណាចនៅពេលនេះកំពុងធ្វើឲ្យព្រះសង្ឃគង់នៅក្នុងវត្តនេះប្រឈមនឹងការដាច់ចង្ហាន់ ព្រោះពុទ្ធបរិស័ទមិនអាចចេញចូលវត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។