សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ នឹងប្រកាសសាលដីកាបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីខេត្តកោះកុង នៅថ្ងៃទី១៩ ធ្នូខាងមុខនេះ។ សកម្មជនដីធ្លី ស្នើដល់តុលាការសម្រេចឲ្យពួកគាត់រួចពីការចោទប្រកាន់។ ចំណែកឯមន្ត្រីអង្គការសង្គមស៊ីវិល ដែលចុះអង្កេតសវនាការនេះថា អង្គសវនាការប្រព្រឹត្តទៅដោយរលូន និងអាចទទួលយកបាន។
សាលាឧទ្ធរណ៍ព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ធ្នូ បានបើកសវនាការបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីខេត្តកោះកុងចំនួន ២នាក់ គឺលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ដែលបានប្ដឹងជំទាស់ទៅនឹងសាលក្រមសាលាដំបូងខេត្តកោះកុង កាលពីខែសីហាកន្លងទៅ។
សាលក្រមនោះ បានសម្រេចឲ្យតំណាងសហគមន៍ ១០នាក់ ឱ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួន ១ឆ្នាំ និងពិន័យជាប្រាក់សរុបចូលគ្នាចំនួន ៤០លានរៀល ឬប្រមាណ ១ម៉ឺនដុល្លារអាមេរិក ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលអាជ្ញាធរចោទថា បានប្រព្រឹត្តទៅនៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគាត់ តវ៉ាទាមទាររកដំណោះស្រាយវិវាទដីធ្លី ។
សកម្មជនដីធ្លីខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ធ្នូថា សវនាការនៅព្រឹកថ្ងៃទី៦ ធ្នូ ចៅក្រម និងព្រះរាជអាជ្ញាបានសួរសំណួរមួយចំនួន ដូចគ្នាទៅនឹងចៅក្រម នៅសាលាដំបូងខេត្តកោះកុងដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតឲ្យលោកស្រី និយាយអំពីបញ្ហាវិវាទដីធ្លីផ្ទះសម្បែងនោះទេ ដោយអនុញ្ញាតត្រឹមតែការបកស្រាយពាក់ព័ន្ធនឹងការឡើងទៅដាក់ញត្តិ នៅមុខក្រសួងដែនដី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី ផាវ ញ៉ើង៖ «ទី១ សួរថា តើទៅភ្នំពេញទៅធ្វើអី?ខ្ញុំឆ្លើយថា ទៅដាក់ញត្តិ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិដី ហើយនិងទៅដាក់ញត្តិ ដើម្បីការពារដីរដ្ឋឲ្យរដ្ឋាភិបាល ដកហូតដីពី ឆៃ វី ដែលកំពុងប្រមូលប្រជាពលរដ្ឋទៅលក់ហ្នឹងផង។ គាត់សួរថា ចុះដូចម្ដេចបានដឹងថា ដីហ្នឹងជាដីរបស់រដ្ឋ?គាត់សួរដូចតុលាការខេត្តកោះកុង ដែរពេលហ្នឹង គាត់សួរថា ម៉េចបានយើងដឹងថាដីហ្នឹងដីរដ្ឋ?អីចឹងសាក្សីពូ មីន អាន់ ក៏គាត់បានលើកឡើងថា ដោយសារតែអាជ្ញាធរសុរិយោដីថ្នាក់ជាតិ អ្នកចុចផែនទីហ្នឹង គាត់ឲ្យផែនទីមកសល់ជាង ២០០ហិកតារ តែគាត់ថា គាត់អត់ចង់មើលផែនទីទេ»។
លោកស្រីបន្ថែមថា ក្រោយពីបញ្ចប់ការសាកសួរ តំណាងអយ្យការបានស្នើចៅក្រមឱ្យទម្លាក់ចោលការចោទប្រកាន់លើសកម្មជនទាំងពីរនាក់ ដោយសារតែគ្មានអំណះអំណាងណាមួយបញ្ជាក់ថា ការឡើងទៅដាក់ញត្តិនោះ ធ្វើឲ្យមានភាគវឹកវរដល់សន្តិសុខសង្គមនោះទេ។ ប៉ុន្តែ ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ នៅទុកជាបានការដដែល ដោយសារគ្មានភស្តុតាងដោះបន្ទុក។
លោកស្រី ផាវ ញ៉ើង៖ «ដីនៅភូមិព្រែកជីក ឃុំជីខក្រោមឲ្យទៅលោក សុខ ហុង។ តែបច្ចុប្បន្ននេះលោក សុខ ហុង មិនបានចេញមុខមកយកដីពួកយើងទៀតទេ។ អ៊ីចឹង ដីពួកយើងគួរតែដោះស្រាយបញ្ចប់ចេញប័ណ្ណកម្មសិទ្ធិឲ្យហើយ ព្រោះអត់មានទំនាស់អ្វីទៀតទេ។ តែជាក់ស្ដែង តាំងពីថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ គឺមិនបានធ្វើប័ណ្ណកម្មសិទ្ធិឲ្យពួកខ្ញុំ តាមទីតាំងតាមកិច្ចសន្យារបស់ក្រសួងដែនដី ដែលបានសន្យាថា នឹងប្រគល់ដីមកឲ្យហើយធ្វើប័ណ្ណកម្មសិទ្ធិឲ្យនៅលើដី ដែលកំពុងរស់នៅនោះទេ គឺអត់ហ្មង។ អ៊ីចឹងហើយ បានពួកខ្ញុំនៅតែបន្តការទាមទារ ព្រោះពួកយើងរងាណាស់រាល់ថ្ងៃនេះ ដូចអត់សូវមានអ្នកការពារយើងទេ»។
លោកស្រីស្នើដល់តុលាការសម្រេចឲ្យលោកស្រី និងលោកស្រី សេង លីន រួចពីការចោទប្រកាន់ទាំងពីរនេះ និងស្នើដល់រដ្ឋាភិបាលឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លីឲ្យបានឆាប់។
សហគមន៍ជាច្រើននាក់ ក៏បានមកឃ្លាំមើលសវនាការ នៅខាងមុខសាលាឧទ្ធរណ៍ព្រះសីហនុផងដែរ។
មន្ត្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជ្រៀប សុធារី ដែលបានចូលរួមអង្កេតសវនាការនៅថ្ងៃទី៦ ធ្នូ ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីអាចទទួលយកសវនាការនៅព្រឹកនេះបាន ដោយសារតែអង្គសវនាការប្រព្រឹត្តទៅដោយរលូន ហើយចៅក្រម និងព្រះរាជអាជ្ញា បានទុកពេលវេលាសមរម្យឲ្យជនត្រូវចោទ និងដើមបណ្ដឹង ដើម្បីបកស្រាយ។
អ្នកស្រី ជ្រៀប សុធារី៖ «សម្រាប់ពួកខ្ញុំ គឺអាចទទួលយកដំណើរការ និងនីតិវិធីពីការសាកសួរដេញដោល និងការទុកពេលវេលាទៅឲ្យជនជាប់ចោទ រួមទាំងដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីផងដែរ លោកមានឱកាសក្នុងការលើកទឡ្ហីករណ៍ ដើម្បីបង្ហាញជូនអង្គសវនាការជ្រាបអំពីអង្គហេតុ នៃរឿងក្ដីហើយ និងអង្គច្បាប់ ព្រមទាំងចេតនារបស់អ្នក ដែលពាក់ព័ន្ធទាំងអស់ហ្នឹងដែរ?»។
សហគមន៍ដីធ្លីខេត្តកោះកុងអះអាងថា ក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ បានរំលោភយកដីធ្លីស្រែចម្ការរបស់ពួកគាត់ តាំងតែពីឆ្នាំ២០០៧ ហើយពលរដ្ឋបានដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតជាច្រើនលើក ប៉ុន្តែពួកគាត់ មិនត្រឹមតែមិនទទួលបានដំណោះស្រាយនោះទេ ថែមទាំងទទួលរងនូវការគំរាមកំហែង និងពាក្យបណ្ដឹងពីបទព្រហ្មទណ្ឌទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។