របបលោក ហ៊ុន សែន អះអាងថា នឹងមិនមានលទ្ធភាពណាមួយក្នុងការដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនស្ករសចិននៅខេត្តព្រះវិហារបានឡើយ ព្រោះភាគីទាំងពីរមានកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអះអាងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនចិនមិនបានអភិវឌ្ឍអ្វីសម្រាប់ពលរដ្ឋឡើយ ប៉ុន្តែបែរជានាំមកនូវទំនាស់ដីធ្លីរ៉ាំរ៉ៃ និងការវិនាសហិនហោចនៃធនធានធម្មជាតិក្នុងតំបន់នោះទៅវិញ ហេតុដូចនេះ របបដឹកនាំបច្ចុប្បន្នត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ ដោយត្រូវពិនិត្យមើលលក្ខខណ្ឌវិនិយោគដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។
មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ អះអាងថា គ្មានការចាំបាច់ណាមួយដែលត្រូវសើរើមើលឡើងវិញនូវកិច្ចសន្យាជាមួយក្រុមហ៊ុននោះឡើយ ពីព្រោះទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនស្ករសរបស់ចិនហេងហ្វូ នៅខេត្តព្រះវិហារនោះ ត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ទៅហើយ។ ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងការទាមទាមរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលចង់ឃើញរបបនេះមានការទទួលខុសត្រូវខ្ពស់ចំពោះគម្រោងវិនិយោគខ្នាតធំរបស់ក្រុមហ៊ុនចិន ដែលរបបនេះធ្លាប់បានបង្ហាញការរំពឹងទុកខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោះ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន អះអាងប្រាប់អាស៊ីសេរីថា ផ្ទៃដីដែលក្រុមហ៊ុនចិនទទួលបានពិតប្រាកដ គឺប្រមាណ ៥០ភាគរយនៃផ្ទៃដីដែលរដ្ឋបានផ្តល់សម្បទានឱ្យក្រុមហ៊ុនប៉ុណ្ណោះ ដោយផ្ទៃដីពាក់កណ្តាលទៀតនោះ អាជ្ញាធរជំនាញបានផ្តល់ឱ្យប្រជាពលរដ្ឋអស់ទៅហើយ។ លោកអះអាងថា មកទល់នឹងពេលនេះ លោកយល់ថា អ្នកដែលទាមទារឱ្យមានការពិនិត្យមើល ឬលុបចោលកិច្ចគម្រោងវិនិយោគនេះ គឺជាក្រុមមនុស្សដែលមាននិន្នាការប្រឆាំងនឹងចិន ឬក៏អាចបង្កប់នូវចេតនានយោបាយចង់ប្រឆាំងនឹងរបបរបស់លោកប៉ុណ្ណោះ ព្រោះក្រុមហ៊ុនហេងហ្វូ មិនបានប្រព្រឹត្តអំពើរំលោភបំពានច្បាប់ណាមួយឡើយ៖ «រឿងចិននៅព្រះវិហារហ្នឹង គេដោះស្រាយរួចហើយ អត់មានរឿងអ្វីពាក់ព័ន្ធតទៅទៀតទេ។ ទីមួយលក្ខខណ្ឌក្រុមហ៊ុនចិនហ្នឹងអត់ទទួលបានផ្ទៃដីដែលរាជរដ្ឋាភិបាលសន្យាឱ្យ គេទទួលបានតែពាក់កណ្តាលទេ តាមខ្ញុំដឹង។ ហើយពាក់កណ្តាលទៀតបែងចែកឱ្យប្រជាពលរដ្ឋនៅក្នុងកន្លែងហ្នឹង លើកលែងតែពួកមាននិន្នាការនយោបាយប្រឆាំងទេ ដែលនៅតែទាមទារនេះទាមទារនោះ។ ឬមួយក៏ការទាមទារគ្រាន់តែជារឿងនយោបាយដើម្បីឱ្យមានគំនិតមួយប្រឆាំងនឹងចិន ឬប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល»។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ប្រសិនបើពលរដ្ឋពិតជាចង់រកដំណោះស្រាយជុំវិញបញ្ហានេះមែន ពួកគាត់អាចរកតំណាងណាម្នាក់ឱ្យយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ដែលទើបនឹងបង្កើតឡើងនៅទីក្រុងភ្នំពេញ ឬនៅខេត្តកណ្តាលក៏បាន។
ការថ្លែងរបស់លោក ផៃ ស៊ីផាន នេះ ត្រូវបានច្រានចោលដោយអង្គការសង្គមស៊ីវិល និងពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ចិននេះ។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ លោកស្រី ទេព ទឹម អះអាងថា ដីដែលត្រូវបានកាត់ឆ្វៀលឱ្យពលរដ្ឋនោះមានចំនួនតិចតួចប៉ុណ្ណោះ ហើយការកាត់ឆ្វៀលនោះទៀតសោតធ្វើឡើងតាំងពីជំនាន់ក្រុមនិស្សិតចុះវាស់ដីមកម្ល៉េះ។ ចំណែកក្នុងរយៈពេលបច្ចុប្បន្ន លោកស្រីអះអាងថា អាជ្ញាធរតែងតែលើកឡើងថា បានដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរួចហើយ ប៉ុន្តែការពិតជាក់ស្ដែងនោះ គឺគ្មានការបែងចែកដីធ្លី ឬកាត់ឆ្វៀលឱ្យពលរដ្ឋដែលរងផលប៉ះពាល់នោះឡើយ។ លោកស្រីអះអាងថា សូម្បីតែពលរដ្ឋស្នើសុំចុះបញ្ជីដីជាសមូហភាពនោះ ក៏អាជ្ញាធរមិនចុះឱ្យដែរ ដោយអាជ្ញាធរលើកហេតុផលថា ប៉ះពាល់លើដីក្រុមហ៊ុន។ លោកស្រីចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យរបបក្រុងភ្នំពេញនោះថា ជារឿងមិនគ្រប់ជ្រុងជ្រោយ៖ «ប្រជាពលរដ្ឋមានដីដោយសារទាមទារតវ៉ាហ្នឹងទើបសល់ដី។ អ្នកដែលថា កាត់ឱ្យនោះ មានទាន់បានកាត់ឯណា ? ខាងក្រសួងដែនដីចុះមកកាលពីខែកញ្ញា ដល់ខែតុលាត្រឡប់ទៅវិញ ចុះមកមែន ចុះត្រួតពិនិត្យ។ ចុះវាស់វែងក្នុងដំណាំអំពៅ ថាកាត់ ( ដី ) ឱ្យប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះមិនទាន់ទទួលបានដីដែលកាត់ចេញពីចម្ការអំពៅរបស់ក្រុមហ៊ុននោះទេ»។
ទាក់ទងនឹងការជំរុញឱ្យពលរដ្ឋទៅដាក់ញត្តិនៅខុទ្ទកាល័យលោក ហ៊ុន សែន វិញ លោកស្រី ទេព ទឹម បញ្ជាក់ថា សហគមន៍លែងមានជំនឿលើយន្តការនេះតទៅទៀតហើយ ព្រោះជាច្រើនឆ្នាំមកនេះ ពួកគាត់បានស្វះស្វែងរកអន្តរាគមន៍ និងដាក់ញត្តិទៅស្ថាប័នជាច្រើន ដូចជា ខុទ្ទកាល័យលោក ហ៊ុន សែន ក្រសួងដែនដី និងស្ថានទូតចិនជាដើម ប៉ុន្តែនៅតែមិនមានដំណោះស្រាយសមស្របណាមួយឡើយ រហូតមកទល់នឹងពេលនេះ។ លោកស្រីជឿជាក់ថា មានតែលោក ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ ទើបអាចមានឥទ្ធិពលដោះស្រាយរឿងនេះបាន ព្រោះបើពឹងលើអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពួកគេសុទ្ធតែមិនអាចដោះស្រាយរឿងនេះបានឡើយ៖ «ការទាមទារដីធ្លីមិនមែនជាការប្រឆាំងជាមួយរដ្ឋាភិបាលនោះទេ គឺការទាមទារដើម្បីជីវភាពរស់នៅរបស់កសិករ ដែលធ្លាប់រស់នៅ និងប្រើប្រាស់ដីតាំងពីយូរលង់ណាស់មកហើយ។ ឱ្យមានដី មានស្រែធ្វើមុខរបរចិញ្ចឹមជីវិត មិនមែនដូចរដ្ឋាភិបាលចោទថា យើងប្រឆាំងរដ្ឋាភិបាល។ យើងបង្កើតអបគមន៍ បំបែករដ្ឋអីនោះ គឺគ្មានទេ។ បើការអភិវឌ្ឍធ្វើឱ្យយើងស្លាប់ យើងក៏ត្រូវតែតស៊ូដែរ។ បើការអភិវឌ្ឍធ្វើឱ្យយើងរីកមានភាពចម្រើន នោះយើងក៏មិនថាអ្វីដែរ។ ប៉ុន្តែការអភិវឌ្ឍនេះមកដល់ យើងមានស្រែ យកស្រែ មានចម្ការ យកចម្ការ។ មុខរបរប្រជាពលរដ្ឋធ្លាប់មាន គេដណ្ដើមយកអស់។ បើយើងមិនទាមទារ តើយើងបានអ្វីរស់ ?»។
ចំណែកតំណាងសហគមន៍ឃុំសង្កែ ២ ស្រុកឆែប លោក ផាវ យ៉ន ក៏បានអះអាងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនមិនបាននាំមកនូវការអភិវឌ្ឍដល់សហគមន៍របស់លោកឡើយ ផ្ទុយទៅវិញមានតែធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រ ព្រោះព្រៃឈើ និងដីធ្លីដែលពួកគាត់ធ្លាប់ប្រើប្រាស់ និងអាស្រ័យផលនោះ ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយកស្ទើរអស់ទៅហើយ។ លោកថាក្រុមហ៊ុនក៏មិនបានផ្ដល់ការងារអ្វីដល់ពលរដ្ឋ ដូចការអះអាងរបស់លោក ហ៊ុន សែន នោះដែរ។ ទាក់ទងនឹងដំណោះស្រាយដីធ្លីនេះវិញ លោកបញ្ជាក់ថា អាជ្ញាធរបានត្រឹមតែការសន្យាប៉ុណ្ណោះ ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៖ «ព្រៃឈើក៏អស់ អនុផលព្រៃឈើក៏អស់ យើងក៏មិនសូវមានមុខរបរច្រើនដែរ។ មុខរបរក្នុងព្រៃ ដល់ពេលព្រៃអស់ទៅ នៅសល់ព្រៃតិចតួច ប្រជាពលរដ្ឋគាត់កំពុងជួបប្រទះការខ្វះខាតព្រៃឈើសម្រាប់ប្រើប្រាស់។ កន្លែងនៅជិតៗភូមិ ក៏អស់ហើយព្រៃ យើងប្រឈមនឹងការខ្វះខាត»។
ក្រុមហ៊ុនផលិតស្ករស ហេងហ្វូ (Hengfu Sugar Industry) របស់ចិន ដែលបានបំបែកខ្លួនជាក្រុមហ៊ុនបុត្រសម្ពន្ធចំនួន៥ ដើម្បីវិនិយោគដាំដំណាំអំពៅ និងផលិតស្ករសនៅខេត្តព្រះវិហារនោះ ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរបបក្រុងភ្នំពេញសរុបជាង ៤ ម៉ឺនហិកតារ កាលពីឆ្នាំ ២០១១កន្លងទៅ។
ដីសម្បទានសេដ្ឋកិច្ចដំធំល្វឹងល្វើយនេះ បានប៉ះពាល់លើដីព្រៃ និងដីស្រែចម្ការរបស់ពលរដ្ឋចំនួន ២៥ភូមិ ស្ថិតក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន និងបង្កើតបានជាទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងក្រុមហ៊ុននឹងប្រជាពលរដ្ឋ ក្រោយពេលក្រុមហ៊ុនចាប់ផ្ដើមឈូសឆាយដីទាំងនោះ។ អង្គការសង្គមស៊ីវិលរកឃើញថា មានពលរដ្ឋលើសពី ២ ម៉ឺន ៣ ពាន់នាក់ ត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីការវិនិយោគនេះ ហើយមកទល់សព្វថ្ងៃក្រុមហ៊ុននៅសល់ដីសម្បទានជាង ៣ ម៉ឺន ៥ ពាន់ហិកតារទៀត ក្រោយការកាត់ឆ្វៀល មិនដូចការអះអាងរបស់លោក ផៃ ស៊ីផាន ដែលថា ក្រុមហ៊ុនបានដីប្រហែល ៥០ ភាគរយនោះឡើយ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក អាង ជាតិឡោម អះអាងថា ដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋមានតិចតួច ហើយមានសម្រាប់តែអ្នកចំណូលថ្មីដែលទៅចាប់យកដីនៅតំបន់នោះប៉ុណ្ណោះ។ លោកអះអាងថា ពលរដ្ឋម្ចាស់ស្រុក ពិសេសជនជាតិដើមភាគតិចកួយ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ លោកកត់សម្គាល់ថា ក្រុមហ៊ុនមិនបាននាំមកនូវការអភិវឌ្ឍអ្វីដល់សហគមន៍មូលដ្ឋាននោះឡើយ ដូចនេះលោកថារបបដឹកនាំបច្ចុប្បន្នគួរតែពិនិត្យមើលឡើងវិញនូវកិច្ចសន្យាវិនិយោគជាមួយក្រុមហ៊ុនចិននេះ។ លោកក៏ស្នើឱ្យមន្ត្រី និងអាជ្ញាធររបបលោក ហ៊ុន សែន បញ្ឈប់ការលាបពណ៌ពលរដ្ឋរងគ្រោះ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើរឿងនេះថា ជាក្រុមប្រឆាំងតទៅទៀត ព្រោះសកម្មភាពរបស់ពួកគេកន្លងមក មិនមានបំណងប្រឆាំងនឹងក្រុមណាមួយឡើយ៖ «វាមិនមែនមកពីប្រជាជនជាអ្នកតវ៉ាទេ។ ប្រជាជនតវ៉ារាល់ថ្ងៃហ្នឹង គឺមិនបានលទ្ធផលអ្វីនោះទេ បានតែត្រឹមការពារដីដែលគាត់នៅសល់តិចតួចប៉ុណ្ណឹងទេ។ ដីដែលក្រុមហ៊ុនយកប្រហែលជាង ៣ ម៉ឺនហិកតារ ដែលគាត់ឈូសឆាយរួចហើយនោះ គឺគាត់ផលិតជាស្ករអត់បាន អ៊ីចឹងដំណើរការនៃការអភិវឌ្ឍហ្នឹង វាអត់បានទៅមុខទេ»។
បេសកកម្មស្វែងរកការពិតរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១៣ស្ថាប័ន រកឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនហេងហ្វូ បានបង្កផលប៉ះពាល់ យ៉ាងច្រើនសម្បើមដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ ដែលពួកគាត់ភាគច្រើន គឺជាជនជាតិដើមភាគតិចកួយ។ ផលប៉ះពាល់ទាំងនោះរួមមាន ការបាត់បង់សិទ្ធិប្រើប្រាស់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច ការបាត់បង់សាមគ្គីភាព និងឯកភាពគ្នាក្នុងសហគមន៍ បង្កើតឱ្យមានការធ្វើចំណាកស្រុក នាំមកនូវក្តីអន្តរាយដល់បរិស្ថាន និងប្រព័ន្ធជីវៈចម្រុះ ព្រមទាំងការរំលោភបំពានលើរូបរាងកាយ និងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
បេសកកម្មស្វែងរកការពិត រកឃើញទៀតថា ក្រុមហ៊ុនចិនបានឈូសឆាយ និងត្រួសត្រាយព្រៃ ដោយមិនស្របតាមគោលការណ៍នៃការផ្តល់សំណងសមរម្យ និងត្រឹមត្រូវនោះឡើយ ជាពិសេសវាបានរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចដែលរស់នៅតំបន់នោះ។ ហើយបើទោះជាក្រុមហ៊ុនធ្វើបែបនោះក្តី អាជ្ញាធរមិនបានហាមឃាត់ ឬរារាំងក្រុមហ៊ុនឡើយ ផ្ទុយទៅវិញមន្ត្រីរដ្ឋាភិបាល ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធដទៃទៀត បែរជាបានអនុញ្ញាត ឬចូលរួមក្នុងសកម្មភាពឈូសឆាយទាំងនោះទៀតផង។ ក្រុមហ៊ុនបានឈូសបំផ្លាញព្រៃ ចាក់ដីលុបត្រពាំង បឹងបួរ និងឈូសរានយកដីកសិកម្ម និងដីបម្រុងទុករបស់អ្នកភូមិថែមទៀត ដែលធនធានទាំងអស់នេះ សុទ្ធសឹងតែជាប្រភពចំណូល និងកន្លែងរកអាហារចិញ្ចឹមជីវិតរបស់ពួកគាត់ដែលបន្សល់ទុកតាំងពីដូនតាមក។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជំរុញឱ្យរបបលោក ហ៊ុន សែន នាំខ្លួនជនដែលរំលោភសិទ្ធិពលរដ្ឋ ទាំងសន្តិសុខក្រុមហ៊ុន និងកងកម្លាំងប្រដាប់អាវុធ ឱ្យមកទទួលខុសត្រូវចំពោះអំពើយាយី និងរំលោភបំពាន ដែលពួកគេបានប្រព្រឹត្តិលើអ្នកភូមិកាលពីពេលកន្លងទៅ។ ក្រៅពីនេះ ពួកគេក៏ជំរុញឱ្យរបបលោក ហ៊ុន សែន ស៊ើបអង្កេតទៅលើការរំលោភបំពានទាំងឡាយដែលប្រព្រឹត្តដោយក្រុមហ៊ុនហេងហ្វូ និងត្រូវឱ្យក្រុមហ៊ុននេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនផងដែរ៕