អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ ធានា​មិន​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​លោក ស៊ុម ម៉ឺន ក្រោយ​ពី​រក​ឃើញ និង​ជូន​គាត់​ទៅ​ជួប​ក្រុម​គ្រួសារ​វិញ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ប្រកាស​ថា នឹង​មិន​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន លោក ស៊ុម ម៉ឺន ទេ ក្រោយ​ពី​បាន​ជូន​គាត់​ទៅ​ជួប​ក្រុម​គ្រួសារ​វិញ នៅ​ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។ សង្គម​ស៊ីវិល​ដែល​តាម​រឿង​នេះ សាទរ​ការ​រក​ឃើញ​សកម្មជន​ដីធ្លី​ ដែល​បាន​បាត់​ខ្លួន​ជិត ​២​ខែ​នេះ ប៉ុន្តែ​ស្នើ​​ដល់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ គួរ​ពន្លឿន​នីតិវិធី​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត។

អភិបាល​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ លោក ជា គឹមសេង ប្រាប់​អាស៊ី​សេរី​ថា លោក​ជូន​ដំណើរ​លោក ស៊ុម ម៉ឺន វិល​ទៅ​ជួប​ក្រុម​គ្រួសារ​គាត់​វិញ នៅ​ល្ងាច​ថ្ងៃ​ទី១ មេសា ដោយ​អះអាង​ថា ​នឹង​មិន​ធ្វើ​ការ​ចោទប្រកាន់​ ឬ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​រូប​នេះ​ឡើយ។ លោក ជា គឹមសេង បញ្ជាក់​ថា ​ដីកា​ចាប់ខ្លួន​ចំពោះ​លោក ស៊ុម ម៉ឺន ដែល​ត្រូវ​បាន​ចេញ​ភ្លាមៗ ក្រោយ​ពី​ការ​បាត់​ខ្លួន​របស់​លោក​ នឹង​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ៖ «បើ​យោង​ទៅ​តាម​ឯកឧត្ដម​ សួស​ យ៉ារ៉ា អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ក៏​ដូចជា​អភិបាល​ខេត្ត មុន​រក​ឃើញ​នេះ គាត់​បាន​ដាក់​បទ​បញ្ជា​ថា ឲ្យ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ ហើយ​នឹង​មាន​ការ​លើក​លែង​ទោស​ពី​គាត់។ អត់​មាន​ឲ្យ​ជាប់​ពិរុទ្ធ​អី​ទៀត​ទេ ហ្នឹង​ចំណុច​ទី​១។ ចំណុច​ទី​២ យើង​អប់​រំ​គាត់​ កុំ​ឲ្យទៅ​កាប់​រុករាន​ព្រៃ​អី​តទៅទៀត​អញ្ចឹង​ទៅ»។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​ នៃ​អង្គការ​ លីកាដូ លោក អំ សំអាត សាទរ​ការ​ដែល​ក្រុម​គ្រួសារ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សហការ​គ្នា​ស្វះ​ស្វែង​រក​ឃើញ​លោក ស៊ុម ម៉ឺន ឲ្យ​បាន​វិល​មក​ជួប​ក្រុម​គ្រួសារ​គាត់​វិញ​ដោយ​សុវត្ថិភាព។ ក្រៅ​ពី​នេះ លោក អំ សំអាត យល់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​គួរ​ប្រញាប់​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត តាម​រយៈ​វិធានការ​សំខាន់​មួយ​ចំនួន ដែល​បាន​ដាក់​ចេញ​នោះ៖ «ខ្ញុំ​គិត​ថា ដើម្បី​ឲ្យ​បញ្ចប់​រឿង​នៅ​ព្រះ​វិហារ​ហ្នឹង គួរ​តែ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ចំពោះ ១៤នាក់ ដែល​បាន​ចាប់​ឃុំ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​វិបត្តិ​ដីធ្លី​ឲ្យ​បាន​ចប់​សព្វ​គ្រប់។ កុំ​ឲ្យ​មាន​រឿង​កើត​ឡើង​ជា​បន្ត​ទៅ​ទៀត វា​មិន​សូវ​ជា​ល្អ​មើល​ បើ​សិន​ជា​មាន​រឿង​បញ្ហា​ដីធ្លី​នៅ​តែ​បន្ត​កើត​នោះ។ បាទ !»។

លោក ស៊ុម ម៉ឺន ដែល​ស្នាក់​នៅ​ផ្ទះ​អភិបាល​ស្រុក​ជាំ​ក្សាន្ត រៀបរាប់​ថា លោក​មិន​មាន​បំណង​ចង់​រត់​គេច​ខ្លួន​ ក្នុង​ថ្ងៃ​ដែល​គាត់​ត្រូវ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា​នោះ​ទេ៖ «កាល​ហ្នឹង​ខាង​ដែន​ជម្រក​សត្វ​ គាត់​ដោះ​ដៃ​ខ្ញុំ​ឲ្យ​ហូប​បាយ។ ដល់​ទៅ​ហូប​បាយ​ទៅ ខ្ញុំ​ក៏​ឈឺ​ពោះ។ ចូល​ទៅ​ក្នុង​បន្ទប់​ទឹក ខ្ញុំ​មិន​បាន​ចូល​ទេ ក្រុម​ការងារ​គាត់​ចូល​ទៅ អត់​មាន​បន្ទប់​ចូល ខ្ញុំ​ក៏​ទៅ​បត់​ជើង​នៅ​ខាង​ក្រោយ។ ទៅ​ដល់​ក្នុង​ប្រឡាយ​ទៅ ខ្ញុំ​ក៏​រអិល​ដួល​សង្កត់​ដៃ​នៅ​ហ្នឹង​ទៅ ហើយ​ខ្ញុំ​ក៏​សន្លប់​ជិត​កន្លះ​ម៉ោង​ដែរ ព្រោះ​ត្រូវ​ដៃ​ឈឺ។ ក្រុម​ការងារ​គាត់​ស្មាន​ថា ខ្ញុំ​ទៅ​ណា​បាត់​ហើយ គាត់​ដើរ​រក​មិន​ឃើញ ខ្ញុំ​ចេះ​តែ​ដើរ​ទៅ​ព្រៃ​ឫស្សី​ខាង​ក្រោយ​ហ្នឹង ចេះ​តែ​ដើរៗ ទៅ​ដោយ​សារ​តែ​ភ័យ​ខ្លាច»។

ក្នុង​រយៈ​ពេល​ជាង​ ២ខែ​មក លោក ស៊ុម ម៉ឺន ឲ្យ​ដឹង​ថា លោក​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​ដោយ​គ្មាន​គោលដៅ ព្រោះ​មិន​ស្គាល់​តំបន់​ភូមិសាស្ត្រ​ រហូត​ដល់​ខេត្ត​ព្រះ​សីហនុ៖ «មាន​តើ​លោក​គ្រូ ពេល​ដែល​យើង​កង្វះ​ខាត យើង​គ្មាន​លុយ​កាក់​ យើង​ចេះ​តែ​ដើរ​ទៅ​ សុំ​បាយ​សុំ​ទឹក​អ្នក​ស្រុក និង​ដើរ​រើស​អេតចាយ ដើម្បី​ទិញ​ថ្នាំ​ និង​ទិញ​បាយ​ហូប។ ខ្ញុំ​អត់​ស្គាល់​ទេ​លោក ចេះ​តែ​សុំ​ឡាន​គេ​ផង​ ម៉ូតូ​គេ​ផង ខ្ញុំ​មិន​ដែល​មក​សោះ សូម្បី​តែ​ព្រះ​វិហារ​ខ្ញុំ​ដែល​មក​ផង»។

កាលពី​ថ្ងៃ​ទី២០ ខែ​មករា លោក ស៊ុម ម៉ឺន​ និង​កូន​ប្រុស​ឈ្មោះ ម៉ឺន មាន វ័យ ២៦ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ពេល​ពួក​គេ​បើក​គោយន្ត​ដឹក​ឥវ៉ាន់​លក់​ដូរ​សំដៅ​ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លង​កាត់​រនាំង​ក្រុមហ៊ុន​មេត្រី​ភាព។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ លោកស្រី ភឹម ម៉ៅ ​ប្រាប់​ថា អាជ្ញាធរ​ដែល​មាន​កម្លាំង​ទាហាន​ចូលរួម​ផង បាន​យក​ស្វាយ​កាំភ្លើង​វាយ​ធ្វើ​បាប​ប្ដី​ និង​កូន​ប្រុស​គាត់។

លោក ស៊ុម ម៉ឺន ត្រូវ​បាន​អ្នក​ស្គាល់ ប្រទះ​ឃើញ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ក្រោយ​ពី​បាត់​ខ្លួន​គាត់​ជាង ២ខែ​មក​នេះ។

ពលរដ្ឋ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​លេង​បង​ប្អូន​នៅ​ខេត្ត​ព្រះសីហនុ លោក វ៉ាន់ ឈាន ប្រាប់​អាស៊ី​សេរី​ថា ដំបូង​ឡើយ លោក​ឃើញ​ឈ្មោះ ស៊ុម ម៉ឺន ក្នុង​សំលៀក​បំពាក់​ចាស់​រហែក ដើរ​រើស​របស់​អេតចាយ ដើម្បី​បាន​ប្រាក់​ទុក​ទិញ​បាយ​ហូប។ ក្រោយ​មើល​ច្បាស់​ថា​ជា​លោក ស៊ុម ម៉ឺន ហើយ លោក វ៉ាន់ ឈាន ក៏​ប្រាប់​អំពី​ដំណឹង​នេះ​តាម​ទូរស័ព្ទ​ទៅ​លោកស្រី ភឹម ម៉ៅ​ ជា​ភរិយា​លោក ស៊ុម ម៉ឺន។ បន្ទាប់​ពី​និយាយ​លួង​លោម​លោក ស៊ុម ម៉ឺន ឲ្យ​វិល​ត្រឡប់​ទៅ​ជួប​ក្រុម​គ្រួសារ​វិញ លោក វ៉ាន់ ឈាន ក៏​បាន​នាំ​លោក ស៊ុម ម៉ឺន ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ មីនា តាម​ការ​ស្នើ​សុំ​ពី​លោកស្រី ភឹម ម៉ៅ៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​សួរ​គាត់​ច្រើន​ទេ ព្រោះ​ខ្លាច​គាត់​អត់​នៅ​ជិត​ខ្ញុំ។ ខ្ញុំ​ព្យាយាម​លួង​លោម​គាត់​ឲ្យ​វិល​មក​ជួប​ប្រពន្ធ​កូន​គាត់ បាន​គាត់​ព្រម​មក។ ខ្ញុំ​តេ​ឲ្យ​ប្រពន្ធ​គាត់​ប្រញាប់​មក។ បាន​ប្រពន្ធ​គាត់​មក​ពី​ម្សិល​មិញ ខ្ញុំ​ឲ្យ​ជួប​គ្នា​នៅ​ខាង​ហាង​បាយ គល់​ស្ពាន​ជ្រោយ​ចង្វារ។ ថ្ងៃ​នេះ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​បង»។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ លោកស្រី ភឹម ម៉ៅ​ បាន​ប្រាប់​អភិបាល​ស្រុក ជាំ​ក្សាន្ត លោក ជា គឹមសេង មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​អង្គការ​ លីកាដូ ពី​ការ​រក​ឃើញ​លោក ស៊ុម ម៉ឺន។ លោកស្រី ភឹម ម៉ៅ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ ដោយ​ដឹង​ថា ប្ដី​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ។ ស្ត្រី​វ័យ​ជាង ៥០ឆ្នាំ​ប្លាយ​រូប​នេះ​ឲ្យ​ដឹង​ថា ប្ដី​របស់​គាត់​មាន​រាងកាយ​ស្គាំងស្គម និង​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​ ដែល​ត្រូវ​ព្យាបាល៖ «ចាស ! មាន​អី​មាន​តែ​ឆ្អឹង។ គាត់​ឈឺ​រោគ​ក្រពះ​ និង​ឈឺ​ដៃ​មួយ​ចំហៀង​លើក​អត់​រួច។ គាត់​លើក​រួច ប៉ុន្តែ​បើ​ថា ​ធ្វើការ​ធ្ងន់​អី​ធ្វើ​មិន​កើត​ទេ។ កាន់​កែវ​អី​ហ្នឹង កាន់​កើត។ គាត់​បាន​ចៅហ្វាយ​ស្រុក​ហ្នឹង យក​ទៅ​ព្យាបាល​ យក​ទៅ​ចាក់ថ្នាំ»។

លោក ស៊ុម ម៉ឺន​ និង​ក្រុម​គ្រួសារ​ស្នើសុំ​អាជ្ញាធរ​ និង​តុលាការ ជួយ​ដោះ​លែង​កូន​ប្រុស​គាត់ និង​អ្នក​ភូមិ​ ១៣នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត។

ក្នុង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៣៣០​គ្រួសារ​ ជាមួយ​នឹង​ក្រុមហ៊ុន​ មេត្រីភាព ​របស់​ឧកញ៉ា អាន ម៉ារឌី មាន​ពលរដ្ឋ ១៤នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ ក្រៅ​ពី​នេះ​ពលរដ្ឋ​ថា យោធា​កង​វរ​អន្តរាគមន៍​លេខ២៦១ ឬ​ហៅ​ថា ក្រុម​ទាហាន​កងពល​លេខ៦ ដែល​ឈរ​ជើង​ការ​ពារ​ដី​ឲ្យ​ក្រុមហ៊ុន បាន​ឈូស​កម្ទេច​ផល​ដំណាំ និង​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង។

អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បាន​សម្រេច​ដាក់​ចេញ​វិធានការ​ ៥ចំណុច​ កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ដើម្បី​ដោះស្រាយ​វិវាទ​ដី​ធ្លី​នេះ។ វិធានការ​ទាំង​នោះ​រួមមាន បង្កើត​ក្រុម​ការងារ វាស់វែង និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជាក់​ស្ដែង ជំរុញ​ឱ្យ​មាន​ការ​ចុះ​បញ្ជី​ដី​ក្រុមហ៊ុន​ មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ នឹង​ពន្លឿន​ការ​ដោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​បាន​ឆាប់ ក្រោយ​ដាក់​ចេញ​វិធាន​ការណ៍​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។