​សហគមន៍​​ប្រមេរ​​ខេត្តព្រះវិហាររកឃើញបទល្មើស​ព្រៃឈើ​​ចំនួន ​៩០ ​ករណី​​ថ្មី​ទៀត​ក្នុង​ដែនជម្រក​សត្វព្រៃ​​ព្រះរកា​

0:00 / 0:00

ប្រជា​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួយ​ភូមិ​ប្រមេរ​ ឃុំប្រមេរ​ ស្រុក​ត្បែង​មានជ័យ ​សោកស្ដាយ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ដើមឈើ ​ដែល​ជា​ប្រភព​ចំណូល​របស់​ពួក​គាត់​អាស្រ័យផល​តាំង​ពី​បុរាណ​កាល​មក​រួមមាន ​ការដងជ័រ​ រកឃ្មុំ ​បេះផ្លែឈើ ​បោចវល្លិ៍ ​និង​អនុផល​ព្រៃឈើ​ផ្សេងៗ​ទៀត​។ ​ពួកគាត់​បារម្ភ​ថា ​សកម្មភាព​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៅ​តែ​កើត​មាន​ច្រើន​ បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​មុខរបរ ​និង ​ជីវភាព​របស់​ជន​ជាតិ​ដើម​កួយ​។

ប្រជា​សហគមន៍​ថ្លែង​បែប​នេះ​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១​ ខែមិថុនា។ ពួកគាត់​រៀបរាប់​ថា ក្រុមល្បាតរបស់​ប្រជាសហគមន៍​មាន​គ្នា​ ៨​នាក់​ បាន​ស្នាក់​នៅ​ក្នុង​ព្រៃ ​២ ថ្ងៃ ​មួយយប់​ ដោយ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ ​៥០ ​គីឡូម៉ែត្រ​ ចាប់​ពី​ចំណុច​ភូមិ​បុស្សធំ​ ឃុំប្រមេរ​ រហូត​ដល់​ចុង​ភូមិ​បុស្ស​ធំ ​(ពង្រ) ឃុំប្រមេរ។ ពួកគាត់​បាន​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ ​ទាំង​ ៩០ ​ករណី​ដែល​ពួកគេ​រក​ឃើញភាគច្រើន​ ដើម​ឈើ​ទាល កកោះ ​គគីរ​ ស្ទៀង ​ផ្តៀក​ ពពេល ​ផ្ទឹក​ ត្រាច ​ត្រសេក ​សុក្រំ ​និង​ ខ្វាវ​ជាដើម​។

​ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​រស់​នៅ​ឃុំ​ប្រមេរលោក ​ស៊ុត ​សារុន​ ថ្លែងថា ​ពួក​លោក​បាន​ប្រថុយ​ប្រថាន ​ប្រឈម​ប៉ះទង្គិច​ជាមួយមន្ត្រី​បរិស្ថាន​ ព្រោះចង់​ដឹង​ពី​ស្ថានភាព​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​មួយ​នេះ​។ ​ពួកគាត់​បាន​ប្រទះ​ឃើញ​គល់​ឈើ ​និង​ចម្រៀក​ឈើ​ធំៗ​ ត្រូវ​គេ​កាប់​ផ្តួល ​យក​ឈើ​ធ្វើ​អាជីវកម្ម​ ឋិត​នៅ​ចំណុច​ អូរតា​មាក់ អូរក្រូច ​អូរតាដុក ​អូរតានុង​ និង ​អូរ​ស្អត​។ ​លោក​បន្ថែម​ថា​ ឈើ​ហ៊ុប​ដែល​គេ​កាប់​រំលំ ​មាន​មុខកាត់​ជាង ​៣តឹក ​ដល់​ ២ម៉ែត្រ ​គឺ​ជា​ឈើ​លេខ​ ១ ​បន្សល់​ចុងក្រោយ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​៖ «ដោយសារ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​គាត់ ​អត់​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់ ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ព្រះ​រកា​ទេ​។ ​បើ​សិន​ជា​គេ​មាន​វិធានការ​ណាមួយ​ហើយ​បញ្ឈប់​នៃ​ការ​បំផ្លាញ​ព្រៃឈើ​ ឬ​ក៏​បិទ​ច្រក​ចេញ​ចូល​កាប់​ព្រៃឈើ ​ប្រហែល​ជា​អត់មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ​ »។

​ប្រធាន​សហគមន៍​រូប​នេះ​បារម្ភ​ថា ​ការ​បណ្តែត​បណ្តោយ​ឱ្យ​ជនល្មើស​បន្ត​កាប់​បំផ្លាញ​ដើមឈើ​ធំៗ ​ក្នុង​ព្រៃ​ការពារ គឺជា​ការ​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​របស់​ជន​ជាតិ​ដើម​កួយ​ ដែល​អាស្រ័យផល​ព្រៃឈើ​ដោយ​ផ្ទាល់ ​និង​ប្រយោល។ ​លោក​ថា ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​បេះ​ផ្លែ​គុយ ផ្លែរំដួល ​ផ្លែសេមាន់ ​និង​ ភ្ញាវ​ ជាដើម អ្នកភូមិ​អាច​រក​ប្រាក់​ចំណូល​បានចាប់​ពី​១០ ​ម៉ឺន ​ដល់​ ២០ ​ម៉ឺន​ក្នុង​មួយថ្ងៃ៖ « ខ្ញុំ​មានការ​ព្រួយបារម្ភ​នៅ​ពេល​មានការ​កាប់​ព្រៃឈើ​អ៊ីចឹង​ទៅ ​ទី១ ​ពលរដ្ឋ​គាត់​ធ្លាប់​អាស្រ័យផល​ និង​អនុផល​ព្រៃឈើ​ឈើ​អ៊ីចឹង​ទៅ ​គាត់​បាត់បង់​មុខ​របរ​ពួកគាត់​។​ ម្យ៉ាងទៀត​ ​បម្រែបម្រួល​អាកាសធាតុ​។ ​កាល​ខ្ញុំ​ចូល​ទៅ​មន្ត្រី​បរិស្ថាន​គាត់​អត់​ជួប​ទេ​ បើ​សិន​ជា​ជួប​គាត់​ហាមឃាត់​ ដូច​កន្លងទៅ ​មាន​ការ​ហាម​ឃាត់​ពី​មន្ត្រី​បរិស្ថាន​ »

​ប្រជា​សហគមន៍លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​ពុំ​បាន​លើក​ទឹក​ចិត្ត ​និង​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍ ​អង្គការ​សង្គម​ស៊ីវិល ​និង​ ក្រុម​យុវជន ​ចុះ​ល្បាត​ការពារ​ព្រៃឈើ​ដែល​ច្បាប់​បាន​ផ្តល់​សិទ្ធិ​ឱ្យ​នោះ​ទេ​ ដែល​ជា​មូលហេតុ​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ ​បន្ត​សកម្មភាព​ខុសច្បាប់​ស្របពេល​ដែល​​មន្ត្រី​ឧទ្យានុ​រក្ស​របស់​ក្រសួង​បរិស្ថាន​ មាន​គ្នា​តិច​នៅ​ឡើយ​។

​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកាលោក ​យ៉ាន់​ ប៊ុនសឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​លោក សុង ចាន់​សុជាតិ ​និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក ​នេត្រ ភក្ត្រា ​បាន​នៅ​ឡើយ​ទេ​ នៅថ្ងៃទី​១​ ខែមិថុនា ​ព្រោះ​ពួក​លោក ​មិន​លើក​ទូរសព្ទ​។

ជុំវិញរឿងនេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​តស៊ូ​មតិ​​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា​ ឆ្ងល់​ថា ​តើ​ក្រសួងបរិស្ថាន​កំពុង​ធ្វើ​អ្វី​ខ្លះ​? ហេតុអ្វី​បាន​ជា ​បទល្មើស​ព្រៃឈើ​នៅ​តែ​កើតមាន​ឥត​ឈប់ឈរ​ ក្នុង​ដែន​អភិរក្ស​ដែល​ខ្លួន​គ្រប់គ្រង​ ស្របពេល​ដែល​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​នេះ​ កំពុង​ឈរ​ជើង​ការពារ​ព្រៃនៅ​​តំបន់​នោះ​។ ​លោកថា​ ប្រការ​ដែល​ក្រសួង​បរិស្ថាន​នៅ​តែ​រឹតត្បិត​ ប្រជា​សហគមន៍​មិន​ឱ្យ​ចុះល្បាត​ការពារ​ព្រៃ ​ហាក់បី​ដូចជា​ វាយ​បំបែក​ឆ្នាំង​បាយ​របស់​ពលរដ្ឋ ​ដែល​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឈើ​ដូច្នោះ​ដែរ​៖ «យើង​ឆ្ងល់​មែន​ទែន​ថា ​តើ​ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​នេះ ​កំពុង​តែ​គិត​អី​ ឬ​ក៏​គាត់​មិន​មាន​យុទ្ធសាស្ត្រ ​ឬ​សកម្មភាព​ជាក់លាក់ ​ឬ​មាន​ចេតនា​បណ្តែត​បណ្តោយ​ បាន​ជា​ទោះបី​ជា​តំបន់​ព្រៃឈើ ​ដែល​មាន​មន្ត្រី​ឧទ្យានុរក្ស​របស់​ខ្លួន​ប្រចាំការ​ហើយ​ក្តី​ តែ​បទល្មើស​ នៅ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ​បែបនេះ ​ »។

​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចកួយ​ឃុំ​ប្រមេរ​ ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​ស៊ើប​អង្កេត​រក​អ្នក​ទទួល​ទិញ ​និង​អ្នក​នៅ​ពីក្រោយ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ហ៊ុប​ក្នុង​ព្រៃ​ព្រះ​រកា ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​។ ពួកគាត់​គិត​ថា ​ប្រសិនបើ​អាជ្ញាធរ​ព្រងើយ​កន្តើយ ​ពុំ​ស៊ើបអង្កេត​ទេ​ ក្រុម​ជនល្មើស​ នៅតែ​មាន​លទ្ធភាព​ចូល​ព្រៃ​កាប់​ឈើ​។

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួងបរិស្ថាន​ដាក់​បញ្ជូន​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប របស់​ខេត្តរ​ព្រះវិហារ ក៏​​ប៉ុន្តែ​ព្រៃ​នេះ​បាន​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រយៈពេល​​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ​ មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ដ៏​តិច​តួច​ បើ​ប្រៀប​ធៀប​នឹង​ទំហំ​​ព្រៃ​ដែល​ត្រូវ​ការពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។